មន្ត្រី​បក្ស​ប្រឆាំង​ម្នាក់​នៅ​ខេត្ត​ស្វាយរៀង​រត់​គេច​ខ្លួន​រក​ទី​សុវត្ថិភាព​ក្រោយប៉ូលិស​ព័ទ្ធ​ផ្ទះ

ដោយ សេក បណ្ឌិត
2019-09-22
អាស៊ីសេរី

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ញ៉ែម វាន (រូប​ទី​ពីរ​ខាង​ស្ដាំ) សមាជិក​ប្រតិបត្តិ​​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ស្វាយរៀង។ រូប៖ គេផ្ដល់ឱ្យ
លោក ញ៉ែម វាន (រូប​ទី​ពីរ​ខាង​ស្ដាំ) សមាជិក​ប្រតិបត្តិ​​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ស្វាយរៀង។ រូប៖ គេផ្ដល់ឱ្យ


សកម្មជន​គណបក្ស​ប្រឆាំង​ម្នាក់​នៅ​ខេត្ត​ស្វាយរៀង​បាន​រត់គេច​ខ្លួន​រក​កន្លែង​សុវត្ថិភាព បន្ទាប់​ពី​មន្ត្រី​ប៉ូលិស​ជិត​១០០​នាក់ បាន​ដាក់​ពង្រាយ​តាម​ផ្លូវ​ក្នុង​ភូមិ​និង​ឡោមព័ទ្ធ​ផ្ទះ​របស់​លោក កាលពី​ថ្ងៃ​ទី​២០​កញ្ញា កន្លងទៅ។ ភរិយា​សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ​អះអាង​ថា ថ្វីត្បិតតែ​ស្វាមី​បាន​រត់​ភៀសខ្លួន​ហើយ​ក្ដី ក៏​មន្ត្រី​ប៉ូលិស​ជាច្រើន​នាក់​ត្រូវ​បាន​ដាក់​បង្កប់​ក្នុង​ភូមិ​តាម​ចាប់​ស្វាមី​របស់​លោក​ស្រី​ដដែល​។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ចាត់​ទុក​ទង្វើ​របស់​មន្ត្រី​ប៉ូលិស​នេះ​ថា ជា​ការ​អនុវត្ត​ខុសច្បាប់។

ភរិយា​សមាជិក​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ស្វាយរៀង លោក ញ៉ែម វាន គឺ​លោកស្រី ពៅ សារ៉ន ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​២២ កញ្ញា​ថា ស្វាមី​របស់​លោក​ស្រី​បាន​រត់​ចេញ​ពី​កន្លែង​លាក់ខ្លួន​ក្នុង​ផ្ទះ​អ្នកភូមិ​ក្បែរ​ខាង ហើយ​ដើរកាត់​ភក់​តាម​វាលស្រែ​ជាច្រើន​គីឡូម៉ែត្រ ទើប​មាន​ពលរដ្ឋ ៥​នាក់​យក​ម៉ូតូ​មក​ដឹក​លោក​បន្ត​ដំណើរ​ទៅ​មុខ​ទៀត ដើម្បី​រក​ទីកន្លែង​មាន​សុវត្ថិភាព កាលពី​យប់​ថ្ងៃ​២១​កញ្ញា ។ លោកស្រី​បន្ត​ថា ស្វាមី​បាន​ចេញ​ផុត​ពី​ខេត្ត​ស្វាយរៀង​ទៅដល់​កន្លែង​សុវត្ថិភាព​នៅ​យប់​ថ្ងៃ​ដដែល បន្ទាប់ពី​មន្ត្រី​ប៉ូលិស​ស្លៀកពាក់​ស៊ីវិល និង​ឯកសណ្ឋាន​ជិត ១០០​នាក់​បាន​ដាក់​ពង្រាយ​កម្លាំង​គ្រប់​ច្រក​ចេញ​ចូល​ក្នុង​ភូមិ​ជុំវិញ​ផ្ទះ​របស់​លោក នៅ​ភូមិ​ត្រកៀបក្តាម ឃុំ​ត្រពាំងស្តៅ ស្រុក​រមាសហែក តាំងពី​ម៉ោង ៦​ព្រឹក រហូតដល់​ម៉ោង ៣​រសៀល នៅ​ថ្ងៃ​ទី​២០ កញ្ញា ទើប​ដក​ថយ​ទៅវិញ។ លោកស្រី​បញ្ជាក់​ថា មន្ត្រី​ប៉ូលិស បាន​ចូល​ឆែក​ក្នុង​បន្ទប់ទឹក និង​បន្ទប់​ស្នាក់នៅ ជង្រុក​ស្រូវ និង​នៅ​ជុំវិញ​ផ្ទះ​របស់​លោកស្រី ទាំង​កម្រោល​ដោយ​ក្រុម​គ្រួសារ​មិន​បាន​អនុញ្ញាត​ឡើយ ។ លោកស្រី​បន្ត​ថា ការ​ឆែក​របស់​ក្រុម​សមត្ថកិច្ច​នេះ គឺ​ដើម្បី​តាម​រក​ស្វាមី​របស់​លោក​ស្រី៖ «បើ​និយាយ​និង​នីតិវិធី​ខុសច្បាប់​ទាំងអស់ ហើយ​ពាក់ព័ន្ធ​នឹង​ការ​ខ្លាចក្រែង​គាត់​ប្រមូល​គ្នា​ទៅ​ទទួល​លោក​សម រង្ស៊ី គ្រាន់តែ​ការ​ខ្លាច​របស់​សមត្ថកិច្ច តែ​បើ​គាត់​មិនបាន​ធ្វើ​ខុស​ផង គឺជា​ការរំលោភ​សិទ្ធិ​របស់​គាត់​ទាំងស្រុង​ហើយ​។​រាល់ថ្ងៃ​គឺ​កម្លាំង​នគរបាល​តាម​រាជធានី​ខេត្ត​កំពង់​ពង្រឹង​តាម​សហគមន៍​តាម​មូលដ្ឋាន​ខ្លាច​ប្រជាពលរដ្ឋ​ឡើង​ទៅ​ភ្នំពេញ​ទៅ​ទទួល​លោក សម រង្ស៊ី។ អីចឹង​សកម្មភាព​ទាំងនេះ​គេ​ផ្ដោត​ខ្លាំង​ទៅលើ​អតីត​សកម្មជន​គណបក្ស​ប្រឆាំង​នឹង​ហើយ​ដែល​យើង​ឃើញ​រាល់ថ្ងៃ»

ពលរដ្ឋ​ម្នាក់ ដែល​ស្ថិត​ក្នុង​ហេតុការណ៍​នេះ​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ ដើម្បី​សុវត្ថិភាព​ផ្ទាល់ខ្លួន​ឱ្យ​ដឹង​ថា មន្ត្រី​ប៉ូលិស​បាន​ប្រាប់​លោក​ថា មូលហេតុ​ដែល​សមត្ថកិច្ច ឡោមព័ទ្ធ​ផ្ទះ​មន្ត្រី​បក្ស​នេះ គឺ​ដើម្បី​តាម​ចាប់​លោក ញ៉ែម វាន បន្ទាប់ពី​សកម្មជន​រូប​នេះ បាន​ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី អំពី​គម្រោង​ការ​ទៅ​ការពារ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​នៅ​ពេល​ខាងមុខ។

អាស៊ីសេរី​មិន​អាច​ទាក់ទង​ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង លោក កឹង ឃន ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បានទេ​នៅ​ថ្ងៃ​ទី​២២ កញ្ញា ដោយ​លោក​ទទួល​ទូរស័ព្ទ ហើយ​ចុង​ផ្ដាច់​ទៅវិញ។

ប៉ុន្តែ​លោក កឹង ឃន បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​កាល​ពី​ថ្ងៃ​ទី​២០ កញ្ញា ថា មន្ត្រី​របស់​លោក​មិន​បាន​ឡោមព័ទ្ធ​ផ្ទះ លោក ញ៉ែម វាន ដូច​លើកឡើង​របស់​ភរិយា​សកម្មជន​បក្ស​ប្រឆាំង​នោះ​ទេ។លោក​បញ្ជាក់​ថា មន្ត្រី​ប៉ូលិស​ដែល​ពលរដ្ឋ​ឃើញ​ជាច្រើន​នាក់​នោះ គឺជា​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​រមាសហែក ចុះទៅ​សម្របសម្រួល​ករណី​សហគមន៍​សាមគ្គី​រមាសហែក ដែល​ជួប​ប្រជុំ​គ្នា​នៅ​ឃុំ​អំពិល ស្រុក​រមាសហែក ដោយ​ពុំបាន​សុំ​ការ​អនុញ្ញាត​ពី​សមត្ថកិច្ច កាលពី​ថ្ងៃ​ទី​១៧ កញ្ញា កន្លង​ទៅ។

មន្ត្រី​សម្របសម្រួល​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (Licadho) លោក នុត ប៊ូពិណ្ណារ័ត្ន ហៅ​ការអនុវត្ត​ច្បាប់​របស់​មន្ត្រី​ប៉ូលិស​នេះ​ថា ជា​ទង្វើ​ខុសច្បាប់​ធ្ងន់ធ្ងរ ដែល​រំលោភបំពាន​ដល់​សិទ្ធិ​រស់នៅ​របស់​ពលរដ្ឋ។ លោក​បញ្ជាក់​ថា មន្ត្រី​ប៉ូលិស​អាច​ឆែកឆេរ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ណា​ម្នាក់​បាន លុះ​ត្រា​តែ​មាន​ដីកា​ពី​តុលាការ ឬក៏​ស្ថិត​ក្នុង​បទល្មើស​ជាក់ស្ដែង ដែល​សមត្ថកិច្ច​កំពុង​ដេញ​ចាប់​ជនល្មើស ហើយ​ជន​នោះ​បាន​រត់​ចូល​ទៅ​លាក់ខ្លួន​នៅ​ក្នុង​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ទើប​អាច​ធ្វើ​ទៅ​បាន៖ «ខ្ញុំ​បារម្ភ​ភ័យ​ញាប់ញ័រ​ក្នុង​ខ្លួន ខ្ញុំ​នឹង​ភ័យខ្លាច​ដែល​គេ​មក​ឡោមព័ទ្ធ​ជុំវិញ​ផ្ទះ​ហើយ​ឡើង​រុករើ​លើ​ផ្ទះ។ ខ្ញុំ​ច្បាស់​ណាស់​គេ​មក​ចូល​ឆែកឆេរ​ពេញ​ក្នុង​ផ្ទះ គឺ​ឡើងលើ​ផ្ទះ​៣​នាក់​។ ខ្ញុំ​ឆ្ងល់​ដែរ ប្ដី​ខ្ញុំ​មិន​បាន​ធ្វើ​អី​ខុស​ផង បាន​ជា​ប៉ូលិស​មក​ឡើង​ឆែកឆេរ​ផ្ទះ​ខ្ញុំ»

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ កត់សំគាល់​ទៀត​ថា ចាប់​តាំង​ពី​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី ប្រកាស​វិញ​ចូល​ស្រុក​វិញ កាលពី​ខែ​សីហា​មក អាជ្ញាធរ​ខេត្ត​ស្វាយរៀង​បាន​ដាក់​កម្លាំង​តាម​ផ្លូវ​គ្រប់​មូលដ្ឋាន ការពារ​សន្តិសុខ​យ៉ាង​តឹងតែង ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ឡើយ។

លោកស្រី ពៅ សារ៉ន អំពាវនាវ​ឱ្យ​មន្ត្រី​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ពាក់ព័ន្ធ​ជួយ​អន្តរាគមន៍​ផ្នែក​ច្បាប់​ដល់​ស្វាមី​ជាបន្ទាន់ ពីព្រោះ​លោកស្រី​អះអាងថា​សព្វថ្ងៃ​សមត្ថកិច្ច​នៅតែ​បន្ត​ដាក់​កម្លាំង​ក្នុង​ភូមិ​តាម​ឃ្លាំមើល​ផ្ទះ​របស់​លោកស្រី​ជា​រៀងរាល់ថ្ងៃ​មិនទាន់​ឈប់​នៅឡើយ​ទេ​។​

គិត​ត្រឹម​រសៀល​ថ្ងៃ​ទី​២២ កញ្ញា មាន​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ចំនួន ២៧​នាក់​ហើយ ដែល​ត្រូវ​របប​លោក ហ៊ុន សែន ចាប់ខ្លួន និង​កំពុង​ស្ថិត​នៅ​ក្នុង​ពន្ធនាគារ និង​ច្រើន​នាក់​ទៀត​បាន​រត់​ភៀសខ្លួន​ទៅ​ក្រៅ​ប្រទេស ដោយសារតែ​ពួកគេ​ធ្វើ​សកម្មភាព​នយោបាយ​គាំទ្រ​នយោបាយ​របស់​គណបក្ស​ប្រឆាំង ដែល​ច្បាប់​កម្ពុជា​អនុញ្ញាត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

One Response to "មន្ត្រី​បក្ស​ប្រឆាំង​ម្នាក់​នៅ​ខេត្ត​ស្វាយរៀង​រត់​គេច​ខ្លួន​រក​ទី​សុវត្ថិភាព​ក្រោយប៉ូលិស​ព័ទ្ធ​ផ្ទះ"

  1. so socheath says:

    Send to facebook
    ដំណឹង សម្រាប់ ពួកអាកាកសំណល់ អតីតបក្សខ្មោចតៃហោងសង្គ្រោះជាតិ ដែលត្រូវយល់ឲ្យច្បាស់
    មុនបង្កររឿងហេតុ ដែលនាំគ្រោះដល់ខ្លួន ដែលនឹកស្មានមិនដល់ !
    កម្ពុជា ជារដ្ឋអធិបតេយ្យ !
    ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ
    ច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ត្រង់មាត្រា៦ គឺសំដៅដាច់ខាត
    ឲ្យមានការគោរពអនុវត្តន៍ ដោយចែងថា គ្រប់គណបក្សនយោបាយមិនត្រូវធ្វើសកម្មភាពណាមួយ
    ដូចខាងក្រោមជាដាច់ខាត៖
    ១. ធ្វើឱ្យមានអបគមន៍ ដែលនាំឱ្យអន្តរាយដល់ឯកភាពជាតិ និងបូរណភាពដែនដី។
    ២. ធ្វើវិទ្ធង្សនាប្រឆាំងនឹងរបបប្រជាធិបតេយ្យ សេរី ពហុបក្ស និងរបបរាជានិយមអាស្រ័យធម្មនុញ្ញ។
    ៣. ធ្វើប៉ះពាល់សន្តិសុខនៃរដ្ឋ។
    ៤. បង្កើតកម្លាំងប្រដាប់អាវុធ។
    ៥. ធ្វើការញុះញង់ដែលអាចនាំអោយមានការបែកបាក់ជាតិ។
    ដូច្នេះចលានាណាមួយដែលមានបំណងបំផ្លាញសន្តិភាពជាតិ ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់
    ដែលកើតចេញពីការបោះឆ្នោត តាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស សម្រាប់ឆន្ទះប្រជាពលរដ្ឋ ដែលជ្រើសរើសអ្នកដឹកនាំជាតិ ទោះក្នុងទម្រង់ណាមួយទម្រង់ណាមួយក៏ដោយ គឺដាច់ខាតកម្ទេចចោល ដោយគ្មានការអត់ឱនឡើយ ។
    ដូច្នេះ ! ត្រូវចាំឲ្យច្បាស់ពួកអាកាកសំណល់បក្សក្បត់ជាតិសង្គ្រោះជាតិ

    ច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ត្រង់មាត្រា៦ ចែងថា
    គ្រប់គណបក្សនយោបាយមិនត្រូវធ្វើសកម្មភាពណាមួយ ដូចខាងក្រោម៖
    ១. ធ្វើឱ្យមានអបគមន៍ ដែលនាំឱ្យអន្តរាយដល់ឯកភាពជាតិ និងបូរណភាពដែនដី។
    ២. ធ្វើវិទ្ធង្សនាប្រឆាំងនឹងរបបប្រជាធិបតេយ្យ សេរី ពហុបក្ស និងរបបរាជានិយមអាស្រ័យធម្មនុញ្ញ។
    ៣. ធ្វើប៉ះពាល់សន្តិសុខនៃរដ្ឋ។
    ៤. បង្កើតកម្លាំងប្រដាប់អាវុធ។
    ៥. ធ្វើការញុះញង់ដែលអាចនាំអោយមានការបែកបាក់ជាតិ។
    មិនអាចកាត់ផ្តាច់បានជាដាច់ខាតរបស់ចិន ហើយចលានាចង់បំបែករដ្ឋក្នុងទម្រង់ណាមួយ នឹងកម្ទេចចោលដោយគ្មានការអត់ឱនឡើយ៕