លោក សម រង្ស៊ី អំពាវនាវ​ឱ្យ​ UNHRC ជួយ​ធានា​ដល់​ដំណើរ​មាតុភូមិនិវត្តន៍​របស់​មន្ត្រី​បក្ស​ប្រឆាំង

ដោយ មួង ណារ៉េត
2019-09-22
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក សម រង្ស៊ី និង​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ នៅ​ប្រទេស​នូវែលហ្សេឡង់ កាល​ពី​ថ្ងៃ​ទី២២ ខែ​សីហា ឆ្នាំ​២០១៩។ រូប​ពី​ហ្វេសប៊ុក លោក សម រង្ស៊ី
លោក សម រង្ស៊ី និង​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ នៅ​ប្រទេស​នូវែលហ្សេឡង់ កាល​ពី​ថ្ងៃ​ទី២២ ខែ​សីហា ឆ្នាំ​២០១៩។ រូប​ពី​ហ្វេសប៊ុក លោក សម រង្ស៊ី


លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ បាន​អំពាវនាវ​ឱ្យ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ ជួយ​ធានា​យ៉ាងណា ឱ្យ​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​មន្ត្រី​បក្ស​ប្រឆាំង ចេញ​ផ្លែផ្កា​ជា​ការ​ចរចា ដើម្បី​ផ្សះផ្សា​ជាតិ។ សារ​អំពាវនាវ​នេះ ធ្វើឡើង​នៅ​ក្នុង​លិខិត​មួយ ចុះ​ថ្ងៃ​ទី១៧ ខែ​កញ្ញា ដែល​លោក សម រង្ស៊ី សរសេរ​ទៅកាន់​ប្រធាន​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​លោក ខូលី សេក (Coly Seck)

លោក សម រង្ស៊ី បញ្ជាក់​អំពី​ការប្រកាស​វិល​ទៅ​ប្រទេស​កម្ពុជា​វិញ របស់​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​និទ្ទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស ដើម្បី​វិល​ទៅ​​រក​ការចរចា និង​​​​​​​​​​​​​​​​​​ការផ្សះផ្សា​ជាតិ ដែល​ស្របតាម​អនុសាសន៍​របស់​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ដែល​នៅ​ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ ២០១៩ ទៅកាន់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ កាលពី​ថ្ងៃទី៩ ខែ​កញ្ញា ផ្ដល់​អនុសាសន៍​ដល់​របប​ក្រុងភ្នំពេញ ឱ្យ​បង្កើត​បរិយាកាស​សន្ទនា​គ្នា​ផ្នែក​នយោបាយ រវាង​រដ្ឋាភិបាល និង តួអង្គ​នយោបាយ​ក្នុង​ជួរ​គណបក្ស​ប្រឆាំង។

លោក សម រង្ស៊ី បញ្ជាក់​ថា វិធានការណ៍​សំខាន់​បំផុត ដែល​អាច​បង្ការ​ការ​គំរាម​ប្រើ​ហិង្សា និង​គ្រឿង​សព្វាវុធ​យោធា បង្ក្រាប​មក​លើ​ប្រជាពលរដ្ឋ​ស្លូតត្រង់ គឺ​មានតែ​ស្ថាប័ន​អន្តរជាតិ​ទាំងអស់ រួម​ទាំង​អង្គការ​សហប្រជាជាតិ អាស៊ាន សហភាព​អឺរ៉ុប និង សហភាព​អន្តរ​សភា​ជាដើម គាំទ្រ​ដល់​ការ​ប្តេជ្ញា​ចិត្ត​របស់​លោក និង​មេដឹកនាំ​ដទៃ​ទៀត​របស់​គណបក្ស​ប្រឆាំង ក្នុង​ការ​វិលត្រឡប់​ទៅ​មាតុភូមិ​វិញ និង គាំទ្រ​ការ​ទាមទារ​ឱ្យ​កម្ពុជា​ស្ដារ​សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ​ឡើង​វិញ។

ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ កំពុង​ជួប​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​ខ្លួន លើក​ទី៤២ នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស ចាប់​ពី​ថ្ងៃ​ទី៩ ដល់​ថ្ងៃ​ទី២៧ ខែ​កញ្ញា។

លោក សម រង្ស៊ី ក៏​បាន​ស្នើ​ឱ្យ​ស្ថាប័ន​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​នេះ គាំទ្រ​ពេញ​ទំហឹង​ចំពោះ​អនុសាសន៍​ទាំងអស់​របស់​អ្នកស្រី រ៉ូណា ស្មីត ជាពិសេស​ចំណុច​ដែល​ស្នើ​ឱ្យ​របប​លោក ហ៊ុន សែន ដោះលែង​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក កឹម សុខា ពី​ការ​ឃុំខ្លួន និង បិទ​បញ្ចប់​ការ​ស៊ើបសួរ​ឱ្យ​បាន​ឆាប់ ឬ​ទម្លាក់​ចោល​រាល់​ការចោទប្រកាន់​ទាំងអស់​មក​លើ​លោក កឹម សុខា និង​អ្នក​ជាប់ឃុំ ព្រមទាំង​អ្នក​ទោស​នយោបាយ​ទាំងអស់។

ជាង​នេះ​ទៅ​ទៀត លោក សម រង្ស៊ី ក៏បាន​ស្នើ​ឱ្យ​បន្ត​អាណត្តិ​របស់​អ្នកស្រី រ៉ូណា ស្មីត ពីរ​ឆ្នាំ​បន្ត​ទៀត ដើម្បី​បន្ត​ឃ្លាំមើល​ស្ថានភាព​សិទ្ធិមនុស្ស នៅ​កម្ពុជា ដែល​លោក​អះអាង​ថា នឹង​ប្រែប្រួល​ខ្លាំង​នៅ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ ជាពិសេស​ក្នុង​ដំណាក់កាល​នៃ​ការ​ត្រៀម​ធ្វើដំណើរ​ទៅ​កម្ពុជា​វិញ​របស់​មន្ត្រី​បក្ស​ប្រឆាំង និង​ព្រឹត្តិការណ៍​ដែល​អាច​កាន់តែ​អាក្រក់ នៅ​ក្រោយ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ដែល​ជា​ថ្ងៃ​កំណត់​មាតុភូមិ​និវត្តន៍​របស់​មន្ត្រី​បក្ស​ប្រឆាំង​នោះ។

សារ​អំពាវនាវ​របស់​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​របប​លោក ហ៊ុន សែន កំពុង​បង្កើន​ការ​ធ្វើទុក្ខបុកម្នេញ និង​បង្ក្រាប​សំឡេង​ប្រឆាំង​ដើម្បី​រារាំង​អ្នក​ទាំងនោះ មិន​ឱ្យ​ចូលរួម​គាំទ្រ​ដំណើរ​វិលត្រឡប់​របស់​លោក សម រង្ស៊ី និង​មន្ត្រី​បក្ស​ប្រឆាំង។

ក្នុង​សប្ដាហ៍​នេះ របប​ក្រុង​ភ្នំពេញ​ចេញ​សារ​ប្រកាស​ចាប់​ខ្លួន និង​ផ្ដន្ទាទោស​ប្រជាពលរដ្ឋ ទាំងអស់ ដែល​ហ៊ាន​គាំទ្រ​លោក សម រង្ស៊ី ក្នុង​ការ​វិល​ចូល​ស្រុក​វិញ។

ជាមួយ​គ្នា​នេះ នាយករដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល​ឯក​បក្ស​លោក ហ៊ុន សែន បាន​ព្រមាន កាលពី​ថ្ងៃ​ទី២១ ខែ​កញ្ញា ក្នុង​ទិវា​សន្តិភាព​អន្តរជាតិ សហគមន៍​អន្តរជាតិ ជាពិសេស​ប្រទេស​លោក​ខាងលិច កុំ​ឱ្យ​ជ្រៀតជ្រែក​ចូល​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា ព្រោះ​លោក​អះអាង​ថា របប​លោក​មិន​ចុះ​ញ៉ម ចំពោះ​សម្ពាធ​នៃ​ការ​គំរាម​កំហែង​​ដាក់​ទណ្ឌកម្ម​ណាមួយ​នោះ​ឡើយ។

គិត​មក​ត្រឹម​ថ្ងៃ​ទី២២ ខែ​កញ្ញា​នេះ គឺ​នៅ​សល់​តែ ៤៨​ថ្ងៃ​ទៀត​តែប៉ុណ្ណោះ ដល់​ថ្ងៃ​ដែល​លោក សម រង្ស៊ី និង​មន្ត្រី​បក្ស​ប្រឆាំង​ឯទៀត​សន្យា​ថា នឹង​វិលត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា​នោះ​។ ត្រឹម​ថ្ងៃ​នេះ​ដែរ គឺ​សល់​តែ ៥២ ថ្ងៃ​ទៀត​ប៉ុណ្ណោះ ដល់​ថ្ងៃ​ដែល​គណៈកម្មការ​អឺរ៉ុប ចេញ​របាយការណ៍​បឋម ជុំវិញ​ការ​ព្យួរ​ការ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា ដោយសារតែ​ស្ថានភាព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​មិន​ប្រសើរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

One Response to "លោក សម រង្ស៊ី អំពាវនាវ​ឱ្យ​ UNHRC ជួយ​ធានា​ដល់​ដំណើរ​មាតុភូមិនិវត្តន៍​របស់​មន្ត្រី​បក្ស​ប្រឆាំង"

  1. so socheath says:

    Send to facebook
    ដំណឹង សម្រាប់ ពួកអាកាកសំណល់ អតីតបក្សខ្មោចតៃហោងសង្គ្រោះជាតិ ដែលត្រូវយល់ឲ្យច្បាស់
    មុនបង្កររឿងហេតុ ដែលនាំគ្រោះដល់ខ្លួន ដែលនឹកស្មានមិនដល់ !
    កម្ពុជា ជារដ្ឋអធិបតេយ្យ !
    ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ
    ច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ត្រង់មាត្រា៦ គឺសំដៅដាច់ខាត
    ឲ្យមានការគោរពអនុវត្តន៍ ដោយចែងថា គ្រប់គណបក្សនយោបាយមិនត្រូវធ្វើសកម្មភាពណាមួយ
    ដូចខាងក្រោមជាដាច់ខាត៖
    ១. ធ្វើឱ្យមានអបគមន៍ ដែលនាំឱ្យអន្តរាយដល់ឯកភាពជាតិ និងបូរណភាពដែនដី។
    ២. ធ្វើវិទ្ធង្សនាប្រឆាំងនឹងរបបប្រជាធិបតេយ្យ សេរី ពហុបក្ស និងរបបរាជានិយមអាស្រ័យធម្មនុញ្ញ។
    ៣. ធ្វើប៉ះពាល់សន្តិសុខនៃរដ្ឋ។
    ៤. បង្កើតកម្លាំងប្រដាប់អាវុធ។
    ៥. ធ្វើការញុះញង់ដែលអាចនាំអោយមានការបែកបាក់ជាតិ។
    ដូច្នេះចលានាណាមួយដែលមានបំណងបំផ្លាញសន្តិភាពជាតិ ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់
    ដែលកើតចេញពីការបោះឆ្នោត តាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស សម្រាប់ឆន្ទះប្រជាពលរដ្ឋ ដែលជ្រើសរើសអ្នកដឹកនាំជាតិ ទោះក្នុងទម្រង់ណាមួយទម្រង់ណាមួយក៏ដោយ គឺដាច់ខាតកម្ទេចចោល ដោយគ្មានការអត់ឱនឡើយ ។
    ដូច្នេះ ! ត្រូវចាំឲ្យច្បាស់ពួកអាកាកសំណល់បក្សក្បត់ជាតិសង្គ្រោះជាតិ

    ច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ត្រង់មាត្រា៦ ចែងថា
    គ្រប់គណបក្សនយោបាយមិនត្រូវធ្វើសកម្មភាពណាមួយ ដូចខាងក្រោម៖
    ១. ធ្វើឱ្យមានអបគមន៍ ដែលនាំឱ្យអន្តរាយដល់ឯកភាពជាតិ និងបូរណភាពដែនដី។
    ២. ធ្វើវិទ្ធង្សនាប្រឆាំងនឹងរបបប្រជាធិបតេយ្យ សេរី ពហុបក្ស និងរបបរាជានិយមអាស្រ័យធម្មនុញ្ញ។
    ៣. ធ្វើប៉ះពាល់សន្តិសុខនៃរដ្ឋ។
    ៤. បង្កើតកម្លាំងប្រដាប់អាវុធ។
    ៥. ធ្វើការញុះញង់ដែលអាចនាំអោយមានការបែកបាក់ជាតិ។
    មិនអាចកាត់ផ្តាច់បានជាដាច់ខាតរបស់ចិន ហើយចលានាចង់បំបែករដ្ឋក្នុងទម្រង់ណាមួយ នឹងកម្ទេចចោលដោយគ្មានការអត់ឱនឡើយ៕

Leave a Reply

Submit Comment