តុលាការ​ជំនុំជម្រះ​សំណុំរឿង​ថ្មី​មួយ​ទៀត​របស់​លោក​ សម រង្ស៊ី ជាមួយ​មន្ត្រី​បក្ស​ប្រឆាំង​៣​នាក់

ដោយ ទីន ហ្សាការីយ៉ា
2019-10-02
អាស៊ីសេរី

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ហូរ វ៉ាន់ (ឆ្វេង) លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កាក់ កុម្ភារ និង​លោក​ គង់ ម៉ាស់ (ស្ដាំ​ទីមួយ)។ រូបពី៖ ហ្វេសប៊ុករូបពី៖ ហ្វេសប៊ុក
លោក ហូរ វ៉ាន់ (ឆ្វេង) លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កាក់ កុម្ភារ និង​លោក​ គង់ ម៉ាស់ (ស្ដាំ​ទីមួយ)។ រូបពី៖ ហ្វេសប៊ុករូបពី៖ ហ្វេសប៊ុក


តុលាការ​របប​ក្រុងភ្នំពេញ បើកសវនាការ​ជំនុំជម្រះ​សំណុំរឿង​ថ្មី​មួយទៀត​របស់​ប្រធាន​ស្ដីទី គណបក្ស​សង្គ្រោះ​ជាតិ ជាមួយ​នឹង​មន្ត្រី​បក្ស​ប្រឆាំង​៣​នាក់​ផ្សេងទៀត នៅ​ថ្ងៃ​ទី​២ ខែ​តុលា ពាក់ព័ន្ធ នឹង​ករណី​បង្ហោះ​សារ​ប្រមាថ​លោក ហ៊ុន សែន និង ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​។ តុលាការ គ្រោង​នឹង​ប្រកាស​សាលក្រម នៅ​ថ្ងៃ​ទី​១៨ ខែ​តុលា​។ មេធាវី និង​សង្គម​ស៊ីវិល ថា ប្រសិនបើ តុលាការ​កាត់​ក្តី​ដោយ​វិជ្ជាជីវៈ​ត្រឹមត្រូវ គឺ​តុលាការ​នឹង​ទម្លាក់​ចោល​សំណុំ​រឿង​នេះ។

បន្ទាប់ពី​បើកសវនាការ​សួរដេញដោល​ពេញ​មួយ​ព្រឹក ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី ភ្នំពេញ លោក ពេជ្រ វិជ្ជាធរ បានសម្រេច​លើក​ពេល​ប្រកាស​សាលក្រម​លើ​សំណុំរឿង​លោក សម រង្ស៊ី និង​មន្ត្រី​បក្ស​ប្រឆាំង​៣​នាក់​ទៀត ទៅ​ថ្ងៃ​ទី​១៨ ខែ​តុលា​វិញ​។ តុលាការ​បាន​ចោទ​​លោក សម រង្ស៊ី លោក ហូ វ៉ាន់ និង លោក កាក់ កុម្ភារ ពី​បទ​ផ្តើម​គំនិត​ក្នុង​អំពើ​ប្រមាថ និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ ឧក្រិដ្ឋ​ជាអាទិ៍ ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ ពី​ខែ​មេសា ដល់​ខែ​តុលា​ឆ្នាំ​២០១៨ ។ ចំណែក​សកម្មជន គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ខេត្ត​ស្វាយរៀង លោក គង់ ម៉ាស់ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ប្រមាថ និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​តាម​បញ្ជា​របស់​លោក សម រង្ស៊ី និង​លោក ហូរ វ៉ាន់។

ក្នុង​សំណុំ​រឿង​នេះ​មានតែ​លោក គង់ ម៉ាស់ ម្នាក់​ប៉ុណ្ណោះ​ដែល​សមត្ថកិច្ច​ចាប់ខ្លួន ហើយ​បង្ហាញ​វត្តមាន​ក្នុង​តុលាការ​ជាមួយ​មេធាវី ចំណែក​លោក សម រង្ស៊ី លោក ហូរ វ៉ាន់ និង​លោក កាក់ កុម្ភារ កំពុង​រស់នៅ​និរទេស​នៅ​ក្រៅ​ប្រទេស ហើយ​មិនបាន​ពឹង​ពាក់​មេធាវី​នោះ​ទេ។

ក្នុង​បន្ទប់​សវនាការ ចៅក្រម​ជំនុំជម្រះ លោក ពេជ្រ វិជ្ជាធរ និង​ព្រះរាជអាជ្ញា​រង លោក សេង ហៀ​ង បាន​ចោទសួរ​លោក គង់ ម៉ាស់ អំពី​ការ​បង្ហោះ​សា​រលើ​ហ្វេសប៊ុក​ដែល​មាន​ខ្លឹមសា​រិះគន់​រដ្ឋាភិបាល​លោក ហ៊ុន សែន រឿង​ព្រៃឈើ រឿង​បោះឆ្នោត និង​រឿង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ជាដើម​។ លោក គង់ ម៉ាស់ ឆ្លើយតប​ថា លោក គ្រាន់តែ​រិះគន់​ក្នុង​ន័យ​ស្ថាបនា​ប៉ុណ្ណោះ ហើយ​លោក ស្នើសុំ​ឱ្យ​តុលាការ​ទម្លាក់​ចោទ​ការចោទប្រកាន់​នេះ ព្រោះ​លោក មិនបាន​ទទួលបញ្ជា​ពី​ថ្នាក់ដឹកនាំ គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ការ​សរសេរ​រិះគន់​ឬ​ប្រមាថ​រដ្ឋាភិបាល​ឡើយ​។ បន្ទាប់មក​តុលាការ ក៏​បន្ត​ចោទសួរ​សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ ជុំវិញ​គម្រោង​បោះពុម្ភ​ខិត្តប័ណ្ណ​១០​ម៉ឺន​សន្លឹក ដើម្បី​យក​ទៅ​បាច​នៅ​ខេត្ត​ស្វាយរៀង កុំ​ឱ្យ​ពលរដ្ឋ​ចេញទៅ​បោះឆ្នោត កាលពី​ខែ​កក្កដា​ឆ្នាំ​២០១៨​។ លោក គង់ ម៉ាស់ អះអាង​ថា ខិត្តប័ណ្ណ​នេះ​មិនបាន​បោះ​នោះ​ទេ ដោយសារ​គ្មាន​ថវិកា​ផង និង​ដឹង​ថា វា​ជា​រឿង ខុសច្បាប់​ផង ទើប​លោក​រំលាយ​គម្រោង​នេះ​ចោល​វិញ​។

មេធាវី​ការពារ​ក្តី​ឱ្យ​លោក គង់ ម៉ាស់ គឺ​លោក សំ សុគង់ ប្រាប់​អាស៊ីសេរី​ក្រោយ​សវនាការ​ថា តុលាការ មិន​មាន​សាក្សី​និង​ភស្តុ​តាំង​គ្រប់គ្រាន់​ក្នុង​ការ​ចោទប្រកាន់​កូនក្តី​របស់​លោក​ឡើយ​។ លោក បន្ថែម​​​​​​​​​​​​​​ថា កូនក្តី​របស់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លោក​មិន​បាន​ទទួល​បញ្ជា​ពី​មេដឹកនាំ​ដឹកនាំ​គណបក្សប្រឆាំង​នោះ​ទេ​។ លោក​ថា សា​រដែ​លោក គង់ ម៉ាស់ បង្ហោះ​លើ​ហ្វេសប៊ុក គ្រាន់តែ​ជា​ការ​បញ្ចេញមតិ​ស្របតាម​ច្បាប់ មិនមែន ជា​ការ​ប្រមាថ​និង​ញុះញង់​ដូច​ការចោទប្រកាន់​នោះ​ឡើយ៖ «យើង​ឃើញ​ក្នុង​សវនាការ​មាន​ចៅក្រម​ជំនុំជម្រះ និង​តំណាង​អយ្យការ​ហាក់​ដូចជា​ដាក់​សំណួរ​ដើម្បី​ដាក់​បន្ទុក​ច្រើនជាង​ការ​ដោះ​បន្ទុក មិន​ដូចជា​គោល ការណ៍​ច្បាប់​ដែល​ថា ការ​សួរ​ដើម្បី​ស្វែងរក​ការពិត​។​ទាក​ទង​នឹង​សំណួរ​ក៏ដូចជា​សកម្មភាព​ក្នុងពេល ដេញដោល​និង​បង្ហាញ​ភស្តុ​តាំង​ផ្សេងៗ​នេះ ខ្ញុំ​សង្ឃឹមថា កូន​ក្តី​របស់​ខ្ញុំបាទ ប្រហែលជា​មិន​មាន លទ្ធផល​ល្អ​ឬក៏​មិន​អាច​រួចផុត​ពី​បទ​ចោទ ព្រោះ​រឿង​នេះ​វា​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ផង​ដែរ​។ មាន​ទិដ្ឋភាព​ពីរ​ទី​១ បើ​ផ្អែក​តាមច្បាប់ យើង​ឃើញ​ថា មិន​មាន​ភស្តុ​តាំង​ឬ​មិន​មាន​បទ​ញុះញង់ ឬ​ប្រមាថ​ទេ ប៉ុន្តែ បើ​ទិដ្ឋភាព​នយោបាយ​គឺ​មិន​អាច​រួចផុត​ពី​បទ​ចោទ​ទេ»

អ្នកនាំពាក្យ​សមាគម​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍ថា ដើមហេតុ​នៃ​រឿងរ៉ាវ​នេះ គឺ​ផ្តើម​ចេញ​ពី​រឿង​នយោបាយ ដូច្នេះ​ករណី​នេះ​មិនមែន​ជា​ការអនុវត្ត​ច្បាប់​នោះ​ទេ​។ លោក ស្នើសុំ​ឱ្យ គណបក្ស​កាន់អំណាច និង​គណបក្ស​ប្រឆាំង គួរតែ​ដោះស្រាយ​វិបត្តិ​នយោបាយ​ដើម្បី​កុំ​ឱ្យ​ប្រជា​ពលរដ្ឋ​រងគ្រោះ សេដ្ឋកិច្ច​ធ្លាក់​ចុះ និង​ខូច​មុខមាត់​ប្រទេសជាតិ​នៅ​លើ​ឆាក​អន្តរជាតិ៖ «ការចោទប្រកាន់​វា​មាន​រូបភាព​នយោបាយ​ទាំងអស់ ព្រោះ​បើ​យើង​មើល​ពិនិត្យមើល​សារ​របស់​អ្នក​ទាំងអស់​នោះ គឺ​ភាគច្រើន​គាត់​សម្ដែង​អំពី​មតិ​ដែល ពាក់ព័ន្ធ​នឹង​សកម្មភាព​ផ្នែក​នយោបាយ​ដែល​ជា​ទូទៅ​អ្នកនយោបាយ​មាន​សិទ្ធិ​ធ្វើការ​សម្ដែង​មតិ ដើម្បី​កៀរគរ​រក​ការ​គាំទ្រ​គណបក្ស ឬ​រៀងៗ​ខ្លួន​អ៊ីចឹង​ទៅ។ ដូច្នេះ​បើ​យើង​ប្រៀបធៀប​ទៅលើ​អំពើ ល្មើសច្បាប់​នេះ គឺ​គេ​គិត​ថា វា​ជា​ភាគរយ​មួយ​ដែល​ពិបាក​ឱ្យ​សហគមន៍​ជាតិ​និង​អន្តរជាតិ​គេ​ជឿជាក់​ថា វា​ជា​ការ​អនុវត្ត​ច្បាប់​ណាស់​។ ម្លោះ​ហើយ​ទើបបា​នជា​មានការ​រិះគន់​ទៅលើ​ចំណាត់ការ​ទាំង អស់នេះ»

របប​ក្រុងភ្នំពេញ បាន​ចាប់ខ្លួន​លោក គង់ ម៉ាស់ ដែល​ជា​អនុប្រធាន​នាយកដ្ឋាន​កិច្ចការ​បោះឆ្នោត និង​នីតិកម្ម និង​ជា​សមាជិក​ក្រុមការងារ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ស្វាយរៀង កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០១៩ ដែល​មកដល់ពេលនេះ​មាន​រយៈពេល​ជិត​១០ ខែ​ហើយ​។ ក្រៅពី​លោក គង់ ម៉ាស់ មាន​សកម្មជន​បក្ស​ប្រឆាំង​ចំនួន​២៩ នាក់​ផ្សេងទៀត​កំពុង​ជាប់ឃុំ និង​១៦៥ នាក់​ផ្សេងទៀត ត្រូវ​បាន​តុលាការ និង​សមត្ថកិច្ច​កោះហៅ​ទៅ​សាកសួរ​ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ថា ធ្វើ​សកម្មភាព​ប្រឆាំង និង​ប៉ុនប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល ស្រប​ពេល​សកម្មជន​សង្គ្រោះជាតិ​ជាច្រើន​នាក់​ផ្សេងទៀត​រត់​ភៀសខ្លួន​ទៅ​កន្លែង​មាន​សុវត្ថិភាព គេច​ចេញពី​ការ​តាម​យាយី​របស់​អាជ្ញាធរ​របប​ក្រុងភ្នំពេញ។

រីឯ​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី វិញ កំពុង​ជាប់​បណ្ដឹង​នៅ​តុលាការ​ចំនួន ១៥​ករណី​ហើយ ដោយ​ក្នុង​នោះ ៨​ករណី មាន​សាលក្រម​ស្ថាពរ​។ ទោះជា​យ៉ាងណា លោក សម រង្ស៊ី ធ្លាប់​បញ្ជាក់​រួចហើយ​ថា លោក​មិន​ខ្វល់​នឹង​ការ​ប្ដឹង​ផ្ដល់​ទាំង​នេះ​ឡើយ ព្រោះ​លោក​អះអាង​ថា តុលាការ​កម្ពុជា​បច្ចុប្បន្ន​ជា​តុលាការ​អាយ៉ង ដែល​រង់ចាំ​ស្ដាប់​តាមតែ​បញ្ជា​លោក ហ៊ុន សែន​ប៉ុណ្ណោះ។

អ្នកឃ្លាំមើល​បញ្ហា​នយោបាយ យល់ថា ចំណាត់ការ​របស់​តុលាការ​របប​ក្រុងភ្នំពេញ​លើ​ក្រុម​មេដឹកនាំ និង​សកម្ម​បក្ស​ប្រឆាំង​នា​ពេល​ថ្មីៗ​នេះ គឺជា​ការ​បន្ថែម​សម្ពាធ​កុំ​ឱ្យ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ខាងមុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

3 Responses to "តុលាការ​ជំនុំជម្រះ​សំណុំរឿង​ថ្មី​មួយ​ទៀត​របស់​លោក​ សម រង្ស៊ី ជាមួយ​មន្ត្រី​បក្ស​ប្រឆាំង​៣​នាក់"

  1. Anonymous says:

    please…. I bagging you that is more then enough . according to your file clerk said SAM RANSY was guilty for one million years . what else do you wanted him to be ?? tell me what you want . I do not think SAM RANSY can stay for another thirty years . can you wait till then please…please

  2. so socheath says:

    អាល្ងើ ឯម សុវណ្ណរ៉ា អញ្ចឹង អ្ហែងជួយរុញក្តឹត អាពូជឆ្កែ អាក្បត់ជាតិ សមរង្ស៊ី មកកុំខាន
    បើអ្ហែងគឹតថា វាគ្រាន់តែជាការគំរាម ។
    អ្ហែងកុំភ្លើដល់ថ្នាក់យកច្បាប់ជាតិមកលើងសើចឲ្យសោះ ។
    បើអ្ហែងចង់ដឹង អ្ហែងចូលរួមដង្ហែរអាក្បត់ជាតិសមរង្ស៊ី មកដែរមក ។ ចាំមើលចាប់ទាំងអ្ហែង
    ឬមិនចាប់ ។ កុំភ្លេចថាវាជាការចូលរួមប្រព្រឹត្តអំពើក្បត់ជាមួយជនក្បត់ជាតិ។
    ចាប់មិនចាប់ដឹងក្នុងពេលនោះហើយ ។
    អាពូជឆ្កែ ! បើថាភ្លើ គ្រាន់តែចេះត្រឹមព្រុសដូចឆ្កែទេ ដេកលិឍពងក្តទៅវាល្អជាង។
    កុំមកលេងសើចជាមួយច្បាប់ជាតិឲ្យសោះ !

  3. Anonymous says:

    SLEEP AND LICKING YOUR TWO BOLT.. that is HUN SEN ‘s word good expression Mr.

Leave a Reply

Submit Comment