ក្រសួង​ការងារ ពន្យារ​ពេល​ដោះ​ស្រាយ​វិវាទ​ការងារ​រវាង​សហជីព និង​កាស៊ីណូ ណាហ្គា វើលដ៍

ដោយ ជុន ច័ន្ទបុត្រ
2019-10-04
អាស៊ីសេរី

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង


ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ នៃ​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា វើលដ៍ កញ្ញា ឈឹម ស៊ីថរ (NAGA World)។ រូប៖ ហ្វេសប៊ុក Sithar Chhim
ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ នៃ​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា វើលដ៍ កញ្ញា ឈឹម ស៊ីថរ (NAGA World)។ រូប៖ ហ្វេសប៊ុក Sithar Chhim


ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ មិន​បាន​ជួបជុំ​ដោះ​ស្រាយ​វិវាទ​ការងារ​រវាង​តំណាង​សហជីព និង​ក្រុមហ៊ុន ណាហ្គា វើលដ៍ (Naga World) នៅ​ថ្ងៃ​ទី៤ ខែ​តុលា តាម​ការ​គ្រោង​ទុក​នោះ​ទេ។ ក្រសួង​ការងារ បាន​សម្រេច​លើក​ពេល​ដោះ​ស្រាយ​វិវាទ​ការងារ​នេះ ទៅ​ថ្ងៃ​ទី៧ ខែ​តុលា​វិញ តាម​សំណើ​របស់​ក្រុមហ៊ុន ដែល​ថា មិន​ទាន់​រៀបចំ​ខ្លួន​រួច​រាល់​ក្នុង​ការ​ចូល​ផ្សះផ្សា​រឿង​នេះ​នៅ​ឡើយ។

វិវាទ​ការងារ​នេះ​កើត​ឡើង បន្ទាប់​ពី​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា វើលដ៍ ព្យួរ​ការងារ​ប្រធាន​សហជីព ម្នាក់ គឺ​កញ្ញា ឈឹម ស៊ីថរ កាលពីថ្ងៃទី២០ កញ្ញា បន្ទាប់​ពី​ក្រុមហ៊ុន​ដឹង​ថា ប្រធាន​សហជីព​រូប​នេះ គ្រោង​ធ្វើ​យុទ្ធនាការ​ទាមទារ​លក្ខខណ្ឌ​ការងារ និង​ការ​ដំឡើង​ប្រាក់​ឈ្នួល​សមរម្យ​សម្រាប់​បុគ្គលិក កំពុង​បម្រើ​ការងារ​ឲ្យ​ក្រុមហ៊ុន ណាហ្គា វើលដ៍។

ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ នៃ​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា វើលដ៍ កញ្ញា ឈឹម ស៊ីថរ និយាយ​ថា ការ​ពន្យារ​ពេល​ដោះ​ស្រាយ​ម្ដង​ហើយ​ម្ដង​ទៀត​នេះ ធ្វើ​ឲ្យ​មាន​ការ​ព្រួយ បារម្ភ​រឿង​ក្រុម​ហ៊ុន​ចង់​ទាញ​ករណី​នេះ​ទៅ​ជា​វិវាទ​បុគ្គល​ ហើយ​ក្រុមហ៊ុន​មាន​លេស​ស្នើសុំ​ក្រសួង ការងារ​ឯកភាព​បញ្ឈប់​កញ្ញា​បាន​ ដូច្នេះ​ត្រូវ​រុញ​ករណី​នេះ​ទៅ​បន្ត​ត្រូវ​ដោះស្រាយ​នៅ​តុលាការ​វិញ។ ទោះ​យ៉ាង​ណា​ក្តី តំណាង​កម្មករ​រូប​នេះ ស្នើសុំ​ឲ្យ​ក្រសួង​ការងារ​ជួយ​ដោះ​ស្រាយ​ឲ្យ​បាន​ត្រឹមត្រូវ និង យុត្តិធម៌។

កាល​ពី​ថ្ងៃ​ទី២ ខែ​តុលា បុគ្គលិក​ក្រុមហ៊ុនកាស៊ីណូ ណាហ្គា វើលដ៍ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម មួយ​ស្នើសុំ​ឲ្យ​ក្រុមហ៊ុន​ទទួល​យក​តំណាង​របស់​ពួក​គេ​ចូល​ធ្វើ​ការ​វិញ​ដោយ​ឥត​លក្ខខណ្ឌ និង ឲ្យ​ក្រុមហ៊ុន​ពិចារណា​ឡើង​វិញ ក្នុង​ការ​ដំឡើង​ប្រាក់​ឈ្នួល​ជូន​បុគ្គលិក​តាម​ការ​ស្នើសុំ។ ពួក​គេ​លើក​ឡើង​ថា ប្រសិន​បើ​ក្រុមហ៊ុន​មិន​យល់​ព្រម​ទេ គឺ​នឹង​រក្សា​ជំហរ​បន្ត​ទាមទារ​ដោយ​ប្រើប្រាស់​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ខ្លួន​រហូត​ទាល់​តែ​មាន​ដំណោះ​ស្រាយ​សមរម្យ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment