លោក ថេត យូហូ ស្នើ​ឱ្យ​មាន​ដំណោះស្រាយ​សន្តិវិធី​ពេល​លោក សម រង្ស៊ី​ ធ្វើមាតុភូមិ​និវត្តន៍

នយោបាយ


រូបឯកសារ៖ សមាជិក​រដ្ឋសភា​អាមេរិក​ប្រចាំ​រដ្ឋ​ផ្លរីដា​មក​ពី​គណបក្ស​សាធារណរដ្ឋ ថ្លែង​នៅ​ក្នុង​សន្និសីទ​ស្តី​ពី «អាស៊ាន​មាន​សារៈសំខាន់​ដល់​អាមេរិក ហើយ​អាមេរិក​មាន​សារៈសំខាន់​ដល់​អាស៊ាន‍» នៅ​រដ្ឋ​សភា​អាមេរិក កាលពី​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ២០១៩។ (សុខ ខេមរា/VOA)


04 តុលា 2019
ម៉ែន គឹមសេង
វីអូអេខ្មែរ

លោក ថេត យូហូ ​បាន​បញ្ជាក់​ថា​ អនាគត​ប្រទេស​កម្ពុជា​​អាស្រ័យ​លើ​ការឆ្លើយតប​របស់​លោកហ៊ុនសែន​ចំពោះ​ស្ថានការណ៍​ដ៏​ផុយស្រួយនៅ​ពេល​ខាងមុខនេះ។

អ្នកតំណាងរាស្រ្ត​សហរដ្ឋ​អាមេរិក​ដ៏​មាន​ឥទ្ធិពលមួយ​រូប​បាន​ស្នើ​ឱ្យរដ្ឋាភិបាល​កម្ពុជា​ ​ជ្រើស​រើសផ្លូវ​ចរចា​ដោយ​សន្តិវិធី​ជាមួយ​នឹង​អតីត​គណបក្ស​ប្រឆាំង​ជាជាង​ការប្រើហិង្សា​។​

លោក ថេត យូហូ អ្នកតំណាងរាស្ត្រ​សហរដ្ឋ​អាមេរិក​នៃ​គណបក្ស​សាធារណរដ្ឋ​ប្រចាំ​រដ្ឋ​ផ្លរីដា​បាន​លើក​សំណើ​នេះ​ឡើង​ស្របពេល​ដែល​អាជ្ញាធរ​កម្ពុជា​បង្កើន​យុទ្ធនាការ​បង្ក្រាប​លើ​អ្នកគាំទ្រ​អតីតគណបក្ស​ប្រឆាំង​នៅ​មុនគម្រោង​ធ្វើ​មាតុភូមិនិវត្តន៍​របស់​លោក សម រង្ស៊ី ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ​នៅ​ថ្ងៃទី​៩​ខែ​វិច្ឆិកា។

នៅក្នុងលិខិត​អត្ថាធិប្បាយ​មួយ​ផ្ញើ​មក VOA ​សំឡេង​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះលោក​ ថេត យូហូ ​បាន​បញ្ជាក់ថា​ដំណើរ​មាតុភូមិនិវត្តន៍​របស់​លោក សម រង្ស៊ី​ និង​អ្នកដឹកនាំ​ដទៃ​ទៀត​នឹងត្រូវ​«​សហគមន៍​អន្តរជាតិ​ទាំងមូល​នឹង​តាមដានមើល​និង​វាយតម្លៃសភាពការណ៍‍»​ផងដែរ។

លោក ថេត យូហូ ​បាន​បញ្ជាក់​ថា​ អនាគត​ប្រទេស​កម្ពុជាអាស្រ័យ​លើ​ការឆ្លើយតប​របស់​លោកហ៊ុនសែន​ចំពោះ​ស្ថានការណ៍​ដ៏​ផុយស្រួយនៅ​ពេល​ខាងមុខនេះ៖

«ក្តីសង្ឃឹម​របស់​ខ្ញុំ​ក៏ដូចជា​អ្នកដទៃទៀត​ជាច្រើន​គឺ​ថា​លោកហ៊ុនសែន​នឹង​ជ្រើសរើស​យក​វិធី​ជៀស​វាងជម្លោះ​ហើយ​ងាកមក​ចរចា​ជាមួយ​នឹង​សមាជិកក្រុមប្រឆាំង​ដោយ​សន្តិវិធី‍»។

លោក ថេត យូហូ ​បាន​បន្ថែម​ថា៖

«លោកហ៊ុន​សែន​មាន​លទ្ធភាពក្នុងការ​គោរព​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១​ឬ​ក៏ធ្វើ​ព្រងើយ​កន្តើយ។ ជម្រើស​មួយ​នឹង​ធ្វើ​ឱ្យ​គេ​ចងចាំ​ថា​លោក​គឺ​ជា​មេដឹកនាំ​ដែល​អនុញ្ញាត​ឱ្យ​ស្តារលទ្ធិប្រជាធិបតេយ្យ​ឡើងវិញ​នៅ​កម្ពុជា​។ ជម្រើស​មួយ​ទៀត​គឺ​គេ​នឹង​ចងចាំគាត់​ថា​ជា​កូន​ជឹងដែល​គ្រប់​គ្រងដោយ​ចិន ដែល​បាន​រាំងខ្ទប់​លទ្ធិប្រជាធិបតេយ្យ​និង​សេរីភាព​ពី​ពលរដ្ឋ​កម្ពុជា។​ ចូរយើងសង្ឃឹម​ថា​លោកហ៊ុនសែន​នឹង​ជ្រើសរើស​លទ្ធិប្រជាធិបតេយ្យ​និង​សេរីភាពសម្រាប់​ពលរដ្ឋ​កម្ពុជា‍»។

អតីតអ្នកនយោបាយ​បក្ស​ប្រឆាំង​ជាច្រើន​បាន​រត់ភៀសខ្លួន​មកនៅក្រៅប្រទេស​នៅមុន​និង​ក្រោយពីតុលាការកំពូល​រំលាយ​គណបក្ស​របស់ពួកគេ​នៅ​ខែវិច្ឆិកាឆ្នាំ​២០១៧​និង​ចាប់​លោក កឹម សុខា​ ប្រធាន​គណបក្ស​ដាក់​ឃុំឃាំងនៅ​លំនៅដ្ឋាន។​ រដ្ឋាភិបាល​ក៏បាន​បើក​យុទ្ធនាការបង្រ្កាបបណ្តាញ​សារព័ត៌មាន​ឯករាជ្យ​និង​អង្គការ​សង្គមស៊ីវិល​ផងដែរ។

តាំងពីដើមឆ្នាំ​ ២០១៩ ​មក​ អាជ្ញាធរកម្ពុជា​បាន​ចោទ​ប្រកាន់​និង​ចាប់ដាក់ពន្ធនាគារ​អតីត​សកម្មជននិង​អ្នកមានសមានចិត្ត​នឹង​គណបក្ស​សង្គ្រោះជាតិ​ជាង​៣០នាក់​ហើយ។

កាលពីថ្ងៃ​ពុធ​ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​ដីការចាប់ខ្លួន​លោក​ សម រង្ស៊ី និងថ្នាក់​ដឹក​នាំមួយ​ចំនួន៨នាក់ទៀត​ដែលមានដូចជាអនុប្រធាន​គណបក្ស​ទាំងពីររូប​គឺលោកស្រី មូរ សុខ​ហួរ និង​លោក​ អេង ឆៃអ៊ាង ជាដើម។ អ្នកទាំងនេះ​ត្រូវបាន​ចោទ​ប្រកាន់​ថា​«ប៉ុនប៉ង​ធ្វើ​រដ្ឋ​ប្រហារ‍»ផ្តួលរំលំរដ្ឋាភិបាល​កម្ពុជា​តាមរយៈផែនការវិលត្រឡប់​របស់​លោក​ សម រង្ស៊ី។

លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន ​ក៏បាន​ព្រមាន​ជាសាធារណៈ​ទៅ​លើសកម្មជន​នៃគណបក្ស​សង្គ្រោះ​ជាតិថា​នឹង​ត្រូវចាប់ខ្លួននិងចោទ​ប្រកាន់បើ​ពួកគេ​ហ៊ាន​ចូលរួម​ក្នុងយុទ្ធនាការ​គាំទ្រ​ដំណើរ​និវត្តន៍​របស់​លោក​ សម រង្ស៊ី។

រដ្ឋាភិបាល​កម្ពុជា​នៅតែ​រក្សា​ជំហរ​មិន​ងាកថយ​ក្នុងការបង្ក្រាបអតីត​បក្ស​ប្រឆាំង​បើ​ទោះ​បី​ជា​មាន​ការអំពាវនាវ​ក៏ដោយ។

រូបឯកសារ៖ អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក​ ផៃ ស៊ីផាន​ អង្គុយ​នៅខាង​ស្តាំ​ដៃ​ក្នុង​សន្និសីទ​ព័ត៌មាន​ស្តីពី​មីក្រូ​ហិរញ្ញវត្ថុ​ និង​ផល​ប៉ះពាល់រៀប​ចំ​ដោយ​អង្គភាព​អ្នកនាំ​ពាក្យ​រាជរដ្ឋាភិបាល​នៅ​ទីក្រុង​ភ្នំពេញ​ថ្ងៃទី​២៩​ ខែ​សីហា​ ឆ្នាំ​២០១៩។ (ហ៊ុល រស្មី/VOA)​

រូបឯកសារ៖ អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក​ ផៃ ស៊ីផាន​ អង្គុយ​នៅខាង​ស្តាំ​ដៃ​ក្នុង​សន្និសីទ​ព័ត៌មាន​ស្តីពី​មីក្រូ​ហិរញ្ញវត្ថុ​ និង​ផល​ប៉ះពាល់រៀប​ចំ​ដោយ​អង្គភាព​អ្នកនាំ​ពាក្យ​រាជរដ្ឋាភិបាល​នៅ​ទីក្រុង​ភ្នំពេញ​ថ្ងៃទី​២៩​ ខែ​សីហា​ ឆ្នាំ​២០១៩។ (ហ៊ុល រស្មី/VOA)​


លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថាសហរដ្ឋ​អាមេរិក​គ្រាន់តែ​ជាដៃគូគឺមិនមែនជា«​ម្ចាស់​ជោគវាសនាកម្ពុជា​‍»ទេ៖

«ទីមួយ​ក្នុងនាមប្រជាជាតិ​ឯករាជ្យ​អធិបតេយ្យ​យើង​មិន​អាច​ទទួល​យក​បាន​ទេ​នូវភាសានេះដោយសារ​យើង​យល់​ឃើញ​ថា​សហរដ្ឋ​អាមេរិក​ជាភាគី​ដៃគូតែប៉ុណ្ណឹង​ហើយ​អ្វី​ដែល​ចរចា​ជាមួយ​នឹង​សមរង្ស៊ី​យើង​ដូច​ជា​រដ្ឋាភិបាល​គ្មាន​ជំហរ​ណា​ចរចា​ជាមួយ​នឹង​សមរង្ស៊ី​ទេដោយ​សារតែ​សមរង្ស៊ី​ជា​ឧក្រិដ្ឋ​ជន​មួយ​មានការវិនិច្ឆ័យ​ចំនួនករណី​ជាច្រើន​ក៏ដូចជា​ករណី​ថ្មីៗ​នេះ​ដែល​តាមការប្រកាស​នៃ ក្រសួងយុត្តិធម៌‍»។​

បើទោះជា​យ៉ាងនេះ​ក្តី​លោកស្រី​មូរសុខហួរ​អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​នៅ​តែ​ប្តេជ្ញាវិល​ត្រឡប់​ទៅ​ប្រទេស​កម្ពុជាវិញ​តាមកាលកំណត់។

«ការធ្វើមាតុភូមិនិវត្តន៍​របស់​យើង​ខ្ញុំ​គឺជាការធ្វើ​មាតុភូមិនិវត្តន៍​ដើម្បី​រកការផ្លាស់ប្តូរ​ជាវិជ្ជមាន​ដោយអហិង្សា​ ផ្តល់យុត្តិធម៌​ផ្តល់សេរីភាព​ផ្តល់ប្រជាធិបតេយ្យ​ រួមគ្នា​ជាមួយ​គ្នា​យក​ការផ្លាស់​ប្តូរ​នេះ​កសាង​នូវ​ប្រទេស​កម្ពុជា​មួយ​ដែលមានយុត្តិធម៌‍»។​

រូបឯកសារ៖ លោកស្រី មូរ សុខហួរ អនុប្រធាន​គណបក្ស​ប្រឆាំង​ដែល​ត្រូវបាន​តុលាការ​កំពូល​រំលាយ ចូលរួម​នៅក្នុង​ការ​ប្រមូល​ផ្តុំ​គ្នាមួយ​ នៅក្បែរ​រដ្ឋសភា​អាមេរិក រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩។ (ទែន សុខស្រីនិត/VOA)

រូបឯកសារ៖ លោកស្រី មូរ សុខហួរ អនុប្រធាន​គណបក្ស​ប្រឆាំង​ដែល​ត្រូវបាន​តុលាការ​កំពូល​រំលាយ ចូលរួម​នៅក្នុង​ការ​ប្រមូល​ផ្តុំ​គ្នាមួយ​ នៅក្បែរ​រដ្ឋសភា​អាមេរិក រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩។ (ទែន សុខស្រីនិត/VOA)


លោកស្រី ​មូរ សុខហួរ​ លើកទឹកចិត្តពលរដ្ឋកម្ពុជាឱ្យហ៊ាននិយាយការពិតពីសង្គមកម្ពុជានិង​ការចង់​បាន​ការផ្លាស់ប្តូរ។

ការប្តេជ្ញា​នេះ​ត្រូវបាន​លោកថេត យូហូ​ចាត់​ទុក​ថា​ជា​ ពួកគេ​នឹង​ទទួលការគោរព​ថា​ជា​មាតានិងបីតា​នៃ​សេរីភាព​នៅក្នុងប្រទេស​របស់​ពួកគេ។​

លោក ​ថេត យូហូ មើលឃើញ​ថា​បញ្ហា​កម្ពុជា​ធ្លាក់​មកដល់​ស្ថានភាព​ដូច​បច្ចុប្បន្ន​និង​ស្មុគស្មាញ​ដោយ​សារ​តែ​កម្ពុជា​ដើរតាមគោល​នយោបាយ​ប្រាក់​ដុល្លារ​របស់​ចិនដែល​ជាគំរូ​របប​ដឹកនាំ​ផ្តាច់ការ​ជាថ្នូរ​នឹង​ការវិនិយោគ​ដែល​បាន​សន្យា​ដល់​កម្ពុជា។​

លោក ថេត យូហូ​បាន​បន្ថែម​ថា៖

«ឥទ្ធិពល​ដែលមាន​បន្ត​លើ​ប្រទេស​កម្ពុជា​មិន​ត្រឹមតែ​គំរាម​កំហែងដល់​លទ្ធិប្រជាធិបតេយ្យ​ ឯករាជ្យ​ភាព និង​សន្តិសុខរបស់​ប្រទេស​កម្ពុជាទេ​ប៉ុន្តែ​មាន​លើ​ប្លុក​អាស៊ាន​ទាំងមូល ប្រទេស​ក្នុង​តំបន់​និង​ពិភពលោក‍»។​

លោក ថេត យូហូ ជាអ្នកដែល​បាន​ស្នើសេចក្តីព្រាងច្បាប់​ស្តីពីលទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ​HR526 ​ដែល​ត្រូវ​បាន​សភាតំណាងរាស្ត្រ​អនុម័ត​កាលពី​ដើម​ខែ​កក្កដា។ សេចក្តីព្រាងច្បាប់​នេះ​កំពុងស្ថិតនៅ​ព្រឹទ្ធសភាជាតិ​រង់ចាំការពិភាក្សា៕

What Next?

Recent Articles

2 Responses to "លោក ថេត យូហូ ស្នើ​ឱ្យ​មាន​ដំណោះស្រាយ​សន្តិវិធី​ពេល​លោក សម រង្ស៊ី​ ធ្វើមាតុភូមិ​និវត្តន៍"

  1. so socheath says:

    អាdog ថេត យូហូ ហ្នឹង អង្វរឬបញ្ជាខ្មែរ !
    អ្ហែងជាស្អី មកកំណត់ជោគវាសនាខ្មែរ !
    អ្ហែងត្រូវដឹងថា អាពូជឆ្កែ សមរង្ស៊ី គឺជាជនក្បត់ជាតិ !
    ជនក្បត់ជាតិត្រូវតែកម្ទេចចោល !
    ប្រទេសអ្ហែងមានច្បាប់ណាមួយចរចា ជាមួយជនក្បត់ជាតិ និយាយមកមើល ?

  2. NitiMartin says:

    សំណូមពរដល់គ្រប់សារព័ត៌មានថា រាល់ការបកប្រែឈ្មោះភាសាដទៃមកជាភាសាខ្មែរ សូមមេត្តា ទុករក្សាភាសាដើមជាអក្សរអង់គ្លេសផង ដើម្បីងាយស្រួលដល់ការស្គាល់ឈ្មោះដើម ងាយស្រួលសរសេរឬបកប្រែទៅជាភាសាទីបី និងងាយស្រួលដល់ការស្វែងរកសំរាប់ការស្រាវជ្រាវផ្សេងៗ ជៀសវាងការបញ្ចេញសំឡេងខុស ឬសរសេរខុសពីទំរង់ដើម ។
    ឧទាហរណ៍ Bánh tráng វៀតណាមបច្ចេញសំឡេង Tr ថា (ច) តែក្នុងភាសាអង់គ្លេស អានថា (ត្រ) ទៅជាខុសសំឡេងដើម Bánh tráng បាញ់ចាង ទៅជា បាញ់ត្រាង វិញ

    សូមអរគុណ

Leave a Reply

Submit Comment