អង្គការ​ព័ត៌មាន​គ្មាន​ព្រំដែន​អំពាវនាវ​ឱ្យ​បញ្ឈប់​ជាបន្ទាន់​រាល់​ដំណើរការ​ក្ដីក្ដាំ​ប្រឆាំង​អតីត​អ្នក​យកព័ត៌មាន​អាស៊ីសេរី

ដោយ មាន ឫទ្ធិ
2019-10-04
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក អ៊ួន ឈិន (ឆ្វេង) និង​លោក យាង សុធារិន អតីត​ជា​អ្នករាយការណ៍​ព័ត៌មាន​អាស៊ី​សេរី។ RFA
លោក អ៊ួន ឈិន (ឆ្វេង) និង​លោក យាង សុធារិន អតីត​ជា​អ្នករាយការណ៍​ព័ត៌មាន​អាស៊ី​សេរី។ RFA


អង្គការ​អ្នកយកព័ត៌មាន​គ្មាន​ព្រំដែន (Reporters Without Borders) អំពាវនាវ​ឱ្យ​បញ្ឈប់​ជាបន្ទាន់ រាល់​ដំណើរការ​ក្ដីក្ដាំ​ប្រឆាំង​អតីត​អ្នកយកព័ត៌មាន​អាស៊ីសេរី​ពីរ​រូប គឺ​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ។ ការ​អំពាវនាវ​ធ្វើ​ឡើង​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​នេះ ចេញផ្សាយ​កាលពី​ថ្ងៃ​ទី៣ តុលា ភ្លាមៗ ក្រោយពេល​ចៅក្រម​នៃ​តុលាការ​របប​ក្រុងភ្នំពេញ បានសម្រេច​មិន​ទម្លាក់​ចោល​សំណុំរឿង ឬ​បទ​ចោទ​ប្រឆាំង​អតីត​អ្នកយកព័ត៌មាន​អាស៊ីសេរី​ទាំងពីរ​រូប​នេះ ហើយ​តម្រូវ​ឱ្យ​មានការ​ស៊ើបអង្កេត​ឡើងវិញ​លើ​ភស្តុតាង​ក្នុង​សំណុំ​រឿង​នេះ។

នាយក​ប្រចាំ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក​នៃ​អង្គការ​អ្នកយកព័ត៌មាន​គ្មាន​ព្រំដែន លោក ដានីញ៉ែល បាស្តាត (Daniel Bastard) ថ្លែង​ក្នុង​សេចក្ដី​ថ្លែងការណ៍​ដដែល​ថា ចៅក្រម​ជំនុំជម្រះ​ខ្លួនឯង​បាន​ទទួល​ស្គាល់​ថា សំណុំរឿង​ក្ដីក្ដាំ​នេះ មាន​ភាព​ចន្លោះប្រហោង​ច្រើន​។ ក៏ប៉ុន្តែ ចៅក្រម​ជំនុំជម្រះ​នៅតែ​បដិសេធ ទម្លាក់​ចោល​បទ​ចោទ​ប្រឆាំង​នឹង​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ដដែល។

លោក​សង្កត់​ធ្ងន់ៗ​ថា ការណ៍​នេះ​ជា​ការ​បញ្ជាក់​យ៉ាង​ច្បាស់​ណាស់​ថា ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា កំពុងតែ​ស្តាប់​បង្គាប់​តាម​បញ្ជា​របស់​រដ្ឋាភិបាល។ លោក​បន្ត​ថា ការ​បន្ត​ធ្វើទុក្ខបុកម្នេញ​មក​លើ​អតីត​អ្នកកាសែត​ទាំងពីរ​រូប​នេះ និង​ការ​បន្ទច់បង្អាក់​ដល់​ជីវិត​រស់​នៅ​ប្រចាំថ្ងៃ​របស់​ពួកគេ គឺជា​ការ​បន្ត​បំភិតបំភ័យ​ដល់​អ្នកកាសែត​គ្រប់រូប​ទាំងអស់​នៅ​កម្ពុជា។ លោក​បន្ត​ថា ឆ្លើយតប​ទៅ​នឹង​អំពើ​រំលោភបំពាន​លើ​សេរីភាព​សារព័ត៌មាន​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នេះ យើង​ជំរុញ​ឱ្យ​ដៃគូ​ពាណិជ្ជកម្ម​របស់​កម្ពុជា ជាពិសេស​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក ធ្វើ​សេចក្ដី​សន្និដ្ឋាន​ចាំបាច់​នានា និង​ធ្វើការ​ពិនិត្យ​សើរើ​មើល​ឡើងវិញ នូវ​រាល់​កិច្ចព្រមព្រៀង​អនុគ្រោះ​ពាណិជ្ជកម្ម​ទាំងអស់​ជាមួយ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

Leave a Reply

Submit Comment