អ្នកស្រាវជ្រាវ៖ អ្នកលក់​ថ្នាំ​ដែល​គ្មាន​វិជ្ជាជីវៈ​បង្ក​បញ្ហា​កើន​ឡើង​នៃ​ភាពសុំា​នឹង​ថ្នាំ​ផ្សះ​នៅ​កម្ពុជា

សុខភាព


រូបឯកសារ៖ កញ្ចប់​ថ្នាំ​ដែលអ្នក​ជំងឺទូទៅ​ទទួលបានតាម​ឱសថស្ថាន​នានា​​ក្រោយ​ពេលគេ​រៀប​រាប់​អំពី​អាការៈ ជំងឺ​ផ្តាសាយ​​ដោយ​​ពុំភ្ជាប់​វេជ្ជបញ្ជា​​ ថ្នាំនេះ​សម្រាប់​ផឹក​៤ដង​ ឬ ១ថ្ងៃកន្លះ​ដែល​ផ្សំតាម​ការសុំរបស់អ្នកទិញ។


08 តុលា 2019
ទែន សុខស្រីនិត
វីអូអេខ្មែរ

ការស្រាវជ្រាវ​ថ្មី​មួយ​បាន​រក​ឃើញ​ថា អ្នក​លក់​ថ្នាំ​ដែល​គ្មាន​វិជ្ជាជីវៈ​នៅ​កម្ពុជា​ ​កំពុង​​​បង្ក​ជា​បញ្ហា​កើន​ឡើង​នៃ​ភាព​សុំា​នឹង​ថ្នាំ​ផ្សះ ឬ «អង់ទីប៊ីយ្យូទិច‍»។

ថ្នាំ​ផ្សះ ឬ​ត្រូវបាន​ស្គាល់​ជា​ទូទៅ​ដោយ​ប្រជាពលរដ្ឋ​ខ្មែរ​ថា អង់ទីប៊ីយ្យូទិច គឺជា​ឱសថ​ដ៏​សំខាន់​មួយ ក្នុង​ការ​សម្លាប់​បាក់តេរី និង​វីរូស​ជា​ច្រើន​ប្រភេទ ដោយ​បាន​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​រាប់​លាន​នាក់ ចាប់​តាំង​ពី​ថ្នាំ​ប្រភេទ​នេះ​ត្រូវបាន​បង្កើត​ឡើង​នៅ​ក្នុង​ទសវត្សវ៍​ឆ្នាំ ១៩៤០។

សព្វថ្ងៃនេះ ​បញ្ហា​កើន​ឡើង​នៃ​ភាព​ស៊ាំ​នឹង​ថ្នាំ​ផ្សះ​នៅ​ជុំ​វិញ​ពិភពលោក​ បាន​បង្ក​ជា​ក្តី​កង្វល់ និង​ផល​វិបាក​ធ្ងន់ធ្ងរ​ដល់​វិស័យ​សុខាភិបាល​សាធារណៈ មាន​ន័យ​ថា ជំងឺ​មួយ​ចំនួន​មិន​អាច​ព្យាបាល​បាន​ដោយ​ប្រសិទ្ធភាព ដោយ​ប្រើប្រាស់​ថ្នាំ​ផ្សះ​ក្នុង​កម្រិត​ដែល​ប្រើ​ជា​ទូទៅ។ ហើយ​ការណ៍​នេះ​នឹង​បង្កផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការ​ព្យាបាល​ជំងឺ​មហារីក និង​ការ​វះកាត់​ជា​ដើម។

យោង​តាម​អង្គការ​សុខភាព​ពិភព​លោក (WHO) ភាព​សុំា​នឹង​មីក្រូប (antimicrobial resistance) ឬ​ស្គាល់​ជា​ទូទៅ​ថា ភាព​សុំា​នឹង​ថ្នាំ​ផ្សះ មាន​ន័យ​ថា «បាក់តេរី វីរូស មេរោគ​ផ្សិត និង​ប៉ារ៉ាស៊ីត ​អាច​មាន​លទ្ធភាព​ទប់ទល់​នឹង​ថ្នាំ​ផ្សះ ដែល​ធ្លាប់​ត្រូវបាន​ប្រើ​ដើម្បី​សម្លាប់​មេរោគ​ទាំង​នេះ​ពី​មុន​បាន‍»។ ជា​លទ្ធផល បញ្ហា​នេះ​អាច​បង្ក​ឲ្យ​មាន​ជំងឺ​ឆ្លង និង​សម្លាប់​មនុស្ស​ជា​ច្រើន​នាក់​នៅ​ជុំ​វិញ​ពិភព​លោក។

រូបឯកសារ៖ កញ្ចប់​ថ្នាំ​ដែលអ្នក​ជំងឺទូទៅ​ទទួលបានតាម​ឱសថស្ថាន​នានាក្រោយ​ពេលគេ​រៀប​រាប់​អំពី​អាការៈ ជំងឺ​ផ្តាសាយដោយពុំភ្ជាប់​វេជ្ជបញ្ជា ថ្នាំនេះ​សម្រាប់​ផឹក​៤ដង​ ឬ ១ថ្ងៃកន្លះ​ដែល​ផ្សំតាម​ការសុំរបស់អ្នកទិញ​។

រូបឯកសារ៖ កញ្ចប់​ថ្នាំ​ដែលអ្នក​ជំងឺទូទៅ​ទទួលបានតាម​ឱសថស្ថាន​នានាក្រោយ​ពេលគេ​រៀប​រាប់​អំពី​អាការៈ ជំងឺ​ផ្តាសាយដោយពុំភ្ជាប់​វេជ្ជបញ្ជា ថ្នាំនេះ​សម្រាប់​ផឹក​៤ដង​ ឬ ១ថ្ងៃកន្លះ​ដែល​ផ្សំតាម​ការសុំរបស់អ្នកទិញ​។


ដោយ​ឡែក​ ភាពស៊ាំ​នឹង​ថ្នាំ​ផ្សះ​នៅ​កម្ពុជា​ក៏​កំពុង​តែ​កើន​ឡើង​គួរ​ឲ្យ​ព្រួយ​បារម្ភ។ ជាក់ស្តែង កាលពី​ឆ្នាំ​២០១៧ កម្ពុជា​បាន​ប្រឈម​នឹង​ការ​កើន​ឡើង​នៃ​ករណី​ជំងឺ​គ្រុនចាញ់ ដោយសារ​ការ​លេច​ឡើង​នៃ​ប្រភព​មេរោគ​គ្រុន​ចាញ់ ដែល​សុំា​នឹង​ថ្នាំដែល​ធ្លាប់​ត្រូវបាន​ដើម្បី​ព្យាបាល​ជំងឺ​នេះ​បាន​ពី​មុន។

កាលពី​ខែ​កញ្ញា​កន្លងទៅ​នេះ ក្រុម​អ្នក​ស្រាវជ្រាវ​កម្ពុជា​និង​អន្តរជាតិ​មួយ​ក្រុម បាន​រក​ពី​មូលហេតុ​ចម្បង​មួយ​ក្នុង​ចំណោម​មូលហេតុ​ផ្សេងៗ​ទៀត ​ដែល​ជំរុញ​ឲ្យ​មាន​ការ​កើន​ឡើង​នៃ​បញ្ហា​ភាពសុំា​នឹង​ថ្នាំ​ផ្សះ​នៅ​កម្ពុជា។ មូល​ហេតុ​មួយ​នោះ ​គឺបណ្តាល​មក​ពី​អ្នក​លក់​ថ្នាំ​ដែល​គ្មាន​វិជ្ជាជីវៈ​ត្រឹម​ត្រូវ ដែល​ក្នុង​នោះ​រួម​មាន​ អ្នក​ដែល​លក់​ថ្នាំ​ដែល​មាន​ផ្លាក​យីហោ​ លក់​ថ្នាំ​ជា​លក្ខណៈ​ឱសថស្ថាន និង​អ្នក​ដែល​ដើរ​លក់​ថ្នាំ​តាម​សហគមន៍។

អ្នកស្រី​ Mishal Khan សាស្ត្រាចារ្យ​ផ្នែក​គោលនយោបាយ​សុខាភិបាលប្រចាំ​សាកល​វិទ្យាល័យខាង​ឱសថ​និវន្ត​និង​សុខវិទ្យា​នៅទីក្រុង​ឡុងដ៍ (London School of Hygience and Tropical Medicine) ចក្រភព​អង់គ្លេស បាន​ប្រាប់ VOA ថា នេះ​គឺជា​ការ​ស្រាវជ្រាវ​លើក​ដំបូង​បង្អស់​អំពី​អ្នក​លក់​ថ្នាំ​ដែល​គ្មាន​វិជ្ជាជីវៈ​ត្រឹមត្រូវ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​អ្នក​ស្រាវជ្រាវ​បាន​សម្ភាស​ក្រុម​អ្នក​លក់​ថ្នាំ​ទាំង​នេះ​ដោយ​ផ្ទាល់។

នៅ​ក្នុង​បទ​សម្ភាសន៍​តាម​ទូរស័ព្ទ​ជាមួយ VOA អ្នក​ស្រី​សាស្រ្តាចារ្យ​ Khan បាន​លើក​ឡើង​ថា៖

«អ្វី​ដែល​ព្រួយ​បារម្ភ​នោះ​គឺ​ថា នៅ​ពេល​ដែល​យើង​បាន​សម្ភាស​អ្នក​លក់​ថ្នាំ​ដែល​គ្មាន​វិជ្ជា​ជីវៈ​ត្រឹមត្រូវ ពួកគេ​មាន​ការ​យល់​ឃើញ​ខុស​អំពី​ថ្នាំ​ផ្សះ។ មាន​ករណី​មួយ​ចំនួន ពួកគេ​បាន​ឲ្យ​អ្នក​ជំងឺ​លេប​ថ្នាំ​ផ្សះ នៅ​ពេល​ដែល​ពួក​គេ​មិន​ចាំបាច់​ត្រូវការ​ថ្នាំផ្សះ។ ហើយ​មាន​ករណី​មួយ​នោះ ពួកគេ​បាន​រៀបរាប់​ពី​វិធី​ដែល​ពួកគេ​ណែនាំ​ឲ្យ​អ្នក​ជំងឺ​កិន​បំបែក​ថ្នាំ​ផ្សះ ហើយ​យក​ទៅ​លាប​លើ​មុខ​របួស ហើយ​នេះ​មិន​មែន​ជា​របៀប​ត្រឹមត្រូវ​នៃ​ការ​ប្រើ​ថ្នាំ​ផ្សះ​នោះ​ទេ‍»។

ការស្រាវជ្រាវ​លក្ខណៈ​វិទ្យាសាស្ត្រ​ដោយ​ផ្អែក​លើ​ការ​ប្រមូល​ទិន្នន័យ ការ​ធ្វើ​បទ​សម្ភាសន៍ និង​ការ​ពិភាក្សា​ជា​ក្រុម​ជាមួយ​អ្នក​លក់​ថ្នាំ​ដែល​គ្មាន​វិជ្ជាជីវៈ​និង​ពលរដ្ឋ​ក្នុង​សហគមន៍ ដោយ​អ្នក​ស្រាវជ្រាវ​មក​ពី​សាកល​វិទ្យាល័យ​នៅ​ចក្រភព​អង់គ្លេស​និង​អ្នក​ស្រាវជ្រាវ​កម្ពុជា​ប្រចាំ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល បាន​ធ្វើ​ឡើង​នៅ​ក្នុង​ភូមិ​ចំនួន​៧ នៅ​ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ និង​ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ ជា​ទី​ដែល​ប្រជាពលរដ្ឋ​ភាគច្រើន​ជ្រើស​យក​សេវា​លក់​ថ្នាំ​ពី​ក្រុម​អ្នក​លក់​ថ្នាំ​ដែល​គ្មាន​វិជ្ជាជីវៈ​ត្រឹម​ត្រូវ។

ការ​សិក្សា​ស្រាវជ្រាវ​លើក​ដំបូង​លើ​ក្រុម​អ្នក​លក់​ថ្នាំ​ដែល​វិជ្ជាជីវៈ​ត្រឹមត្រូវ ឬ​ដែល​អ្នក​ស្រាវជ្រាវ​ចាត់​ទុក​ថា «​អ្នក​លក់​ថ្នាំ​លាក់​កំបាំង‍» ឬ "Invesible Medicine Sellers" ​ផ្តោត​សំខាន់​លើ៖ ១) កត្តា​នានា​ដែល​ជំរុញ​ឲ្យ​អ្នក​ជំងឺ​ជ្រើស​យក​សេវា​សុខភាព ដែល​ផ្តល់​ឲ្យ​ដោយ​អ្នក​លក់​ថ្នាំ​គ្មាន​វិជ្ជាជីវៈ​ និង​ ២) ផល​ប៉ះពាល់​នៃ​ការ​លក់​ថ្នាំ​ផ្សះ​ដោយ​ក្រុម​អ្នក​លក់​ថ្នាំ​ទាំង​នេះ។ ការ​ស្រាវជ្រាវ​នេះ​ ដែល​មាន​ចំណង​ជើង​ជា​ភាសា​ខ្មែរ​ថា «​ការ​ស្រាវជ្រាវ​នៅ​កម្ពុជា៖ អ្នក​លក់​ថ្នាំ​ដែល​គ្មាន​វិជ្ជាជីវៈ និង​ការ​ប្រើប្រាស់​ថ្នាំ​ផ្សះ‍» ឬ​ជា​ភាសា​អង់គ្លេស (Invisible medecine sellers and their use of antibiotics: A qualitative study in Cambodia) ត្រូវបាន​បោះ​ពុម្ព​ផ្សាយ​ដោយ​ក្រុម​អ្នក​និពន្ធ​និង​បោះពុម្ព BMJ Global Health ប្រចាំ​ចក្រភព​អង់គ្លេស កាលពី​ថ្ងៃទី២០ ខែ​កញ្ញា​កន្លង​ទៅ​នេះ។

អ្នក​ស្រី​សាស្ត្រាចារ្យ Khan ដែល​ជា​អ្នក​ដឹក​នាំ​ក្រុម​អ្នក​ស្រាវជ្រាវ​ជាង​១០នាក់​នេះ បាន​បញ្ជាក់​បន្ថែម​ថា អ្នក​លក់​ថ្នាំ​ដែល​គ្មាន​វិជ្ជាជីវៈ​ត្រឹមត្រូវ​ទាំង​នេះ និយម​ផ្តល់​ថ្នាំ​ផ្សះ​ក្នុង​កម្រិត​ខ្លាំង​និង​ក្នុង​ករណី​មិន​ចាំបាច់ ដើម្បីទទួល​បាន​ប្រាក់​ចំណេញ​ខ្ពស់ និង​ដើម្បី​ធ្វើ​ឲ្យ​អតិថិជន​របស់​ពួកគេ​ឆាប់​ជា​សះ​ស្បើយ​ពី​ជំងឺ ហើយ​ផ្តល់​ថ្នាំ​ផ្សះ​តាម​តម្រូវ​ការ​ចង់​បាន​របស់​អ្នក​ទិញ​ថ្នាំ ដែល​ចង់​ជា​សះស្បើយ​ឆាប់។

ក្នុង​ករណី​មិន​ចាំ​បាច់ ពួក​គេ​ក៏​បាន​ផ្តល់​ថ្នាំ​ផ្សះ​ដើម្បី​ព្យាបាល​ជំងឺ​ដែល​មិន​ត្រូវការ​ថ្នាំ​ផ្សះ ដូចជា​ផ្តាសសាយ ក្អក និង​ការ​រាគរុស​ជា​ដើម។ លើសពីនេះ ការ​ស្រាវជ្រាវ​នេះ​ក៏​បាន​បង្ហាញ​ថា ក្រុម​អ្នក​លក់​ថ្នាំ​ដែល​គ្មាន​វិជ្ជាជីវៈ​ត្រឹមត្រូវ ក៏​លក់​ថ្នាំ​ផ្សះ ដែល​ប្រើ​សម្រាប់​ព្យាបាល​មនុស្ស ទៅ​ឲ្យ​អ្នក​ទិញ​ថ្នាំ​ដើម្បី​យក​ទៅ​ព្យាបាល​សត្វ​ចិញ្ចឹម​របស់​ពួកគេ រួម​មាន​សត្វ​មាន់ គោ និង​ក្របី​ជាដើម។

អ្នក​ស្រី​ Khan បាន​ថ្លែង​ថា៖ «ពួក​គេ​គឺជា​អ្នក​ដែល​មិន​មាន​វិជ្ជាជីវៈ​ត្រឹម​ត្រូវ​ទាល់​តែ​សោះ ហើយ​ពួកគេ​គឺជា​លក់​ថ្នាំ​ផ្សះ និង​ផ្តល់​ការ​ណែនាំ​ដែល​មិន​ត្រឹមត្រូវ​ដល់​អ្នក​ជំងឺ។ អាកប្បកិរិយា​របស់​ពួកគេ​អាច​បង្ក​ជា​គ្រោះថ្នាក់​ខ្លាំង‍»។

យោង​តាម​អង្គការ​សុខភាព​ពិភពលោក (WHO) បញ្ហា​កើន​ឡើង​នៃ ​ភាពសុំា​នឹង​ថ្នាំ​ផ្សះ ដែល​បង្ក​ឡើង​ដោយ​សារ​«ការ​ប្រើប្រាស់​ខុស​និង​ប្រើប្រាស់​ថ្នាំ​ផ្សះ​ហួស​កម្រិត​ជា​លក្ខណៈ​ប្រព័ន្ធ នៅ​ក្នុង​វិស័យ​ថ្នាំ​ពេទ្យ​ និង​វិស័យ​ផលិតកម្ម​អាហារ បាន​បណ្តាល​ឲ្យ​ប្រទេស​នីមួយៗ​[ក្នុង​ពិភពលោក]​ប្រឈម​នឹង​គ្រោះ​ថា្នក់។ ហើយ​បើ​សិន​ជា​គ្មាន​ការ​ចាត់​វិធានការ​ជា​បន្ទាន់​និង​រួម​គ្នា​ទេ មនុស្ស​នៅ​ទូទាំង​ពិភព​លោក​អាច​នឹង​ប្រឈម​នឹង​បញ្ហា​សុខាភិបាល​ដ៏​ធំ​មួយ ដែល​«មេរោគ​មុនៗ​ដែល​ត្រូវបាន​បំបាត់ អាច​នឹង​សម្លាប់​មនុស្ស​បាន​ម្តង​ទៀត‍»។

ការ​ស្រាវជ្រាវ​នេះ​ក៏​បាន​រក​ឃើញ​ថា បើ​ទោះ​បី​ជា​ដឹង​ថា​អ្នក​លក់​ថ្នាំ​ទាំង​នោះ​មិន​មាន​វិជ្ជាជីវៈ​ត្រឹមត្រូវ​ក្តី ក៏​ពលរដ្ឋ​ក្នុង​សហគមន៍​នៅ​តែ​បន្ត​ជ្រើស​យក​សេវាកម្ម​លក់​ថ្នាំ​ពី​ក្រុម​អ្នក​លក់​ថ្នាំ​ទាំង​អស់​នេះ។ មូលហេតុ​គឺ​ដោយសារ​តែ​ពលរដ្ឋ​ទាំង​នោះ​ទទួល​បានការ​ណែនាំ​ពី​បងប្អូន​ ឬ​សាច់ញាតិ​ ឬ​ពួកគេ​ស្គាល់​អ្នក​លក់​ថ្នាំ​ដោយ​ផ្ទាល់ និង​ដោយ​សារ​តែ​បទពិសោធន៍​ដែល​អាការៈ​ជំងឺ​របស់​ពួកគេ​ឆាប់​ធូរ​ស្បើយ នៅ​ពេល​បាន​លេប​ថ្នាំ​ពី​អ្នក​លក់​ថ្នាំ​ទាំង​នោះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នកស្រី​សាស្ត្រាចារ្យ Mishal Khan។

អ្នកស្រី​សាស្ត្រាចារ្យ Khan ​ដែល​មាន​បទពិសោធន៍​ស៊ី​ជម្រៅ​លើ​ការ​ស្រាវជ្រាវ​អំពី​វិធីសាស្ត្រ​ទប់​ស្កាត់​ការ​រាលដាល​ជំងឺ​នៅ​តំបន់​អាស៊ី​អាគេ្នយ៍ និង​អាស៊ី​ខាង​ត្បូង បាន​ពន្យល់​ថា ​នៅ​ពេល​ដែល​អ្នក​ជំងឺ​ទទួល​យក និង​ជឿ​ទុក​ចិត្ត​លើ​ក្រុម​អ្នក​លក់​ថ្នាំ​ដែល​គ្មាន​វិជ្ជាជីវៈបែប​នេះ វា​នឹង​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដែល​អាច​កើត​មាន​ក្នុង​ការ​ទប់ស្កាត់​ការ​រីករាល​ដាល​ជំងឺ​ ជាពិសេស​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ​ដូច​ជា​ប្រទេស​កម្ពុជា ដែល​មាន​ប្រព័ន្ធ​សុខាភិបាល​ទន់ខ្សោយ។

អ្នកស្រី Khan បាន​ថ្លែង​ថា៖ «ទី១ វា​ស៊ី​ពេល​ក្នុង​ការ​កំណត់​ពី​ប្រភព​មេរោគ​នៃ​ជំងឺ។ ហើយ​បើ​សិន​ជា​ជំងឺ​នេះ​មិន​ត្រូវបាន​ធ្វើ​រោគ​វិនិច្ឆ័យ​ឲ្យ​បាន​ត្រឹមត្រូវ​ទេ នោះ​ជំងឺ​នេះ​នឹង​អាច​រីក​រាល​ដាល​ដល់​មនុស្ស​ដទៃ​ទៀត។ គ្រោះ​ថ្នាក់​ទីពីរ​នោះ​គឺ​ថា នៅ​ពេល​អ្នក​លក់​ថ្នាំ​ដែល​គ្មាន​វិជ្ជាជីវៈ​ទាំង​នេះ​ព្យាបាល​អ្នក​ជំងឺ ពួកគេ​អាច​ផ្តល់​ថ្នាំ​ខុស ឬ​ក៏​ថ្នាំ​មិន​គ្រប់​ចំនួន​និង​កម្រិត ជាពិសេស​ក្នុង​ករណី​រោគ​របេង ដែល​ការ​ព្យាបាល​ត្រូវការ​រយៈពេល​យូរ។ ក្នុង​ករណី​ដែល​អ្នក​ជំងឺ​មិន​បាន​ទទួល​ថ្នាំ​គ្រប់​ចំនួន​និង​កម្រិត នោះ​វា​នឹង​បង្ក​ឲ្យ​មាន​បញ្ហា​ភាព​សុំា​នឹង​ថ្នាំ‍។ ទី​បី គឺ​ថា អ្នក​លក់​ថ្នាំ​ដែល​គ្មាន​វិជ្ជាជីវៈ​អាច​ធ្វើ​ឲ្យ​អ្នក​ជំងឺ​ចំណាយ​ប្រាក់កាស​ច្រើន​ក្នុង​ការ​ព្យាបាល​ជំងឺ ដែលពួកគេ​មិន​ត្រូវការ​ការ​ព្យាបាល​នោះ»។

យ៉ាងណាមិញ ការ​ស្រាវជ្រាវ​នេះ​ក៏​បង្ហាញ​ឲ្យ​ឃើញ​ថា ការ​ជ្រើស​យក​និង​ការ​ជឿ​ទុក​ចិត្ត​របស់​ពលរដ្ឋ​ក្នុង​សហគមន៍​លើ​ក្រុម​អ្នក​លក់​ថ្នាំ​ដែល​គ្មាន​វិជ្ជាជីវៈ​ត្រឹមត្រូវ​នេះ ក៏​បណ្តាល​មក​ពី​កត្តា​បន្ទាប់​បន្សំ​ផ្សេងៗ​ទៀត រួម​មាន​ការ​លំបាក​ក្នុង​ការ​ស្វែង​រក​គ្រូពេទ្យ ក្នុង​ករណី​ឈឺថ្កាត់​នៅ​ពេល​យប់ មន្ទីរពេទ្យ​ស្ថិត​នៅ​ឆ្ងាយ​ពី​ផ្ទះ និង​ការ​ចំណាយ​ខ្ពស់​លើ​សេវា​សុខភាព​នៅ​តាម​មន្ទីរពេទ្យ ឬ ​គ្លីនិក​ជាដើម។

លើស​ពី​នេះ ការ​ស្រាវជ្រាវ​នេះ​ក៏​កត់​សម្គាល់​ពី​ការ​ប្រកួត​ប្រជែង​រវាង​អ្នក​លក់​ថ្នាំ​ដែល​គ្មាន​វិជ្ជាជីវៈ ដែល​ពួកគេ​ខ្លះ​«និយម​ផ្តល់​ថ្នាំ​ផ្សះ​កម្រិត​ខ្លាំង​និង​ជា​លក្ខណៈ​ចម្រុះ‍»​ដល់​អ្នក​ទិញ ដើម្បី​ប្រាក់​ចំណេញ។ រីឯ​អ្នក​ជំងឺ ឬ​អ្នក​ទិញ​ថ្នាំ​វិញ​ ពួកគេ​ភាគច្រើន​តម្រូវ​ឲ្យ​អ្នក​លក់​ថ្នាំ​ផ្តល់​ថ្នាំ​ផ្សះ​ដល់​ពួកគេ បើ​ទោះ​បី​ជា​ពួកគេ​មិន​ដឹង​ថា ខ្លួន​មាន​ជំងឺ​ដែល​ត្រូវការ​ថ្នាំ​ផ្សះ​ក៏ដោយ។ បន្ថែម​លើ​នេះ ​បើ​សិន​ជា​ថ្នាំ​ដែល​ពួកគេ​ទិញ​ពី​អ្នក​លក់​ថ្នាំ​មួយ​កន្លែង​មិន​ផ្តល់​ប្រសិទ្ធភាព​ភ្លាមៗ​ទេ នោះ​ពួកគេ​ក៏​មិន​រារែក​ក្នុង​ការ​ទៅ​ទិញ​ថ្នាំ​ពី​អ្នក​លក់​ថ្នាំ​នៅ​កន្លែង​ផ្សេង​ទៀត​ដែរ។

យ៉ាង​ណាមិញ អ្នកស្រី​សាស្ត្រាចារ្យ Mishal Khan ក៏​បាន​បញ្ជាក់​ថា លទ្ធផល​ទាំង​អស់នេះ​ដែល​ទាញ​ចេញ​ពី​ការ​ស្រាវជ្រាវ​នៅ​កម្ពុជា​ ក៏​មាន​លក្ខណៈ​ស្រដៀង​គ្នា​ទៅ​នឹង​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ​ផ្សេងៗ​ទៀត​ ដែល​មាន​ប្រព័ន្ធ​សុខាភិបាល​ទន់ខ្សោយ។ ហើយ​ការ​អនុវត្ត​សេវា​សុខភាព​បែប​នេះ ​នឹង​បន្ត​បង្ក​ឲ្យ​មាន​ការ​កើន​ឡើង​នៃ​ភាព​សុំា​នឹង​ថ្នាំ​ផ្សះ​ដោយ​ក្រុម​បាក់តេរី ឬ​ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា «superbug‍» ដែល​អាច​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់ ១០លាន​នាក់​នៅ​ជុំ​វិញ​ពិភព​លោក ត្រឹម​ឆ្នាំ​២០៥០ បើ​សិន​ជា​មិន​មាន​ការ​ចាត់​វិធានការ​ត្រឹមត្រូវ។

នៅ​កម្ពុជា គោល​នយោបាយ​ស្តី​ពី​ថ្នាំ​ពេទ្យ​របស់​ក្រសួង​សុខាភិបាល បាន​ចែង​ថា ថ្នាក់​ពេទ្យ​ត្រូវបាន​អនុញ្ញាត​ឲ្យ​លក់​នៅ​តាម​ឱសថស្ថាន​ដែល​មាន​ឱសថ​ការី​ដែល​មាន​វិជ្ជាជីវៈ​និង​អាជ្ញាបណ្ឌ​លក់​ដូរ​ថ្នាំ​ត្រឹមត្រូវ។ បន្ថែម​លើ​នេះ អ្នក​ជំងឺ​មិន​អាច​សុំ​ទិញ​ថ្នាំ​ដែល​ត្រូវបាន​ហាម​ឃាត់ ដូច​ជា​ថ្នាំ​ផ្សះ ដោយ​គ្មាន​វេជ្ជបញ្ជា​ពី​គ្រូពេទ្យ​ជា​ដាច់​ខាត។

យ៉ាងណាមិញ ការ​ស្រាវជ្រាវ​នេះ​ក៏​បាន​កត់​សម្គាល់​ពី​តួនាទី​សំខាន់​មួយ​របស់​ក្រុម​អ្នក​លក់​ថ្នាំ​ដែល​គ្មាន​វិជ្ជា​ជីវៈ​ទាំង​នេះ ក្នុង​ការ​ផ្តល់​ថ្នាំ​មួយ​ចំនួន​ដែល​សមាជិក​នៃ​សហគមន៍​នៅ​តាម​តំបន់​ដាច់​ស្រយាល និង​ជនបទ​ត្រូវការ និង​មិន​មាន​លទ្ធភាព​ធ្វើ​ដំណើរ​ទៅ​កាន់​មន្ទីរពេទ្យ​ដោយ​សារ​ជីវភាព​ខ្សត់​ខ្សោយ។ ទោះ​ជា​យ៉ាងណា​ក៏​ដោយ អ្នកស្រី​ Mishal Khan បាន​សង្កត់​ធ្ងន់​ថា ផ្អែក​លើ​លទ្ធផល​ដែល​រក​ឃើញ​ទាំង​អស់​នេះ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ណែនាំ​ឲ្យ​ក្រសួង​សុខាភិបាល​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ក្រុម​អ្នក​លក់​ថ្នាំ​ដែល​គ្មាន​វិជ្ជា​ជីវៈ​ទាំង​អស់​នេះ។

អ្នកស្រី​បាន​ថ្លែង​ថា៖ «ការ​ស្រាវជ្រាវ​របស់​យើង​បង្ហាញ​ថា នៅពេល​ដែល​យើង​បង្កើត​យុទ្ធសាស្ត្រ​ដើម្បី​ជួយ​ឲ្យ​អ្នក​ជំងឺ​ទទួល​ថ្នាំ​ផ្សះ​ពី​ក្រុម​អ្នក​ផ្តល់​សេវា​សុខភាព​ដែល​មាន​វិជ្ជាជីវៈ​ត្រឹមត្រូវ វា​ក៏​សំខាន់​ណាស់​ដែរ​ ដែល​យើង​ត្រូវ​ដឹង​ថា អ្នក​ជំងឺ​ទទួល​បាន​ថ្នាំ​ផ្សះ​មិន​ត្រឹម​តែ​ពី​គ្រូពេទ្យ ឬ​ឱសថការី​ទេ តាម​ពិត​ពួកគេ​ក៏​ទទួល​បាន​ថ្នាំផ្សះ​ពី​ក្រុម​អ្នក​លក់​ថ្នាំ​ដែល​គ្មាន​វិជ្ជាជីវៈ​ដែរ‍»។

អាស្រ័យ​ហេតុនេះ អ្នក​តាក់តែង​គោលនយោបាយ​សុខាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​តែទទួល​ស្គាល់​ពី​តួនាទី​និង​ផល​ប៉ះពាល់​ដែល​បង្ក​ឡើង​ដោយ​ក្រុម​អ្នក​លក់​ថ្នាំ​ដែល​គ្មាន​វិជ្ជាជីវៈ ពាក់ព័ន្ធ​នឹង​បញ្ហា​កើន​ឡើង​នៃ​ភាព​សុំា​នឹង​ថ្នាំ​ផ្សះ​នៅ​កម្ពុជា​នេះ។

អ្នកស្រី​សាស្ត្រាចារ្យ Mishal Khan បាន​បន្ថែម​ទៀត​ថា៖ «វា​ប្រសើរ​ដែល​យើង​ត្រូវ​ដឹង​ពី​អ្វី​ដែល​អ្នក​លក់​ថ្នាំ​ទាំង​នេះ​បាន​ធ្វើ ហើយ​យើង​ត្រូវ​ពិចារណា​ស្វែង​រក​វិធីសាស្ត្រ​ដើម្បី​ធ្វើការ​ជាមួយ​ក្រុម​អ្នក​លក់​ថ្នាំ​ទាំង​នេះ។ ប៉ុន្តែ ពួកគេ​ត្រូវ​តែ​ទទួល​បាន​វគ្គបណ្តុះ​បណ្តាល​ត្រឹមត្រូវ ពី​រដ្ឋាភិបាល ឬ​អង្គការ​ក្រៅ​រដ្ឋាភិបាល ដើម្បី​ធ្វើ​ឲ្យ​ណា​ឲ្យ​ពួកគេ​ទទួលបាន​វិជ្ជាជីវៈ​ក្នុង​កម្រិត​មួយ​ដែល​អាច​ធានា​ថា​ពួកគេ​ផ្តល់​សេវា​សុខភាព​ទៅ​តាម​ស្តង់ដា​ត្រឹមត្រូវ។ ទាំង​នេះ​គឺជា​វិធីសាស្ត្រ​ខ្លះៗ ដែល​អាច​ធានា​ថា ​ពលរដ្ឋ​ក្នុង​សហគមន៍​អាច​ទទួល​សេវា​សុខភាព​ដែល​មាន​គុណភាព​ដែល​អាច​ទទួល​យក​បាន‍»។

អ្នកស្រី​សាស្ត្រាចារ្យ​រូប​នេះ​បញ្ជាក់​ទៀត​ថា ដើម្បី​កាត់​បន្ថយ​និង​លុប​បំបាត់​ការ​លក់​ថ្នាំ​ផ្សះ​មិន​ត្រឹមត្រូវ​តាម​ក្បួន​វេជ្ជសាស្ត្រ «ស្ថាប័ន​សុខាភិបាល​រដ្ឋ​ត្រូវ​តែ​បំពេញ​ចន្លោះ​ប្រហោង ដែល​ក្រុម​អ្នក​លក់​ថ្នាំ​មិន​មាន​វិជ្ជាជីវៈ​កំពុង​តែ​បំពេញ ក្នុង​នោះ​រួម​មាន ការ​ធានា​ថា ពលរដ្ឋ​អាច​ទទួល​បាន​ថ្នាំ​ព្យាបាល​ជំងឺ​នៅ​ពេល​យប់​បាន‍»។ ហើយ​បន្ថែម​លើ​នេះ ដើម្បី​លុប​បំបាត់​ផ្នត់​គំនិត​សាធារណជន​ដែល​យល់​ខុស​ពី​ថ្នាំ​ផ្សះ វា​ចាំបាច់​ក្នុង​ការ​បង្កើត​ឲ្យ​មាន​យុទ្ធនាការ​អប់រំ​និង​ផ្សព្វផ្សាយ​ពី​ផល​វិបាក​នៃ​ការ​លេប​ថ្នាំ​ផ្សះ ឬ​អង់ទីប៊ីយ្យូ​ទិច ដោយ​មិន​មាន​ការ​ធ្វើ​រោគវិនិច្ឆ័យ​ត្រឹមត្រូវ៕

What Next?

Recent Articles

Leave a Reply

Submit Comment