ស្ថាប័ន​ជំនាញ​អន្តរជាតិ​វាយតម្លៃ​ស្របគ្នា​ថា សេដ្ឋកិច្ច​កម្ពុជា​នឹង​ធ្លាក់​ចុះ​ដោយសារ​ការ​ព្យួរ EBA

ដោយ មាន ឫទ្ធិ
2019-10-12
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ទង់ជាតិ សហគមន៍អឹរ៉ុប។ Facebook
ទង់ជាតិ សហគមន៍អឹរ៉ុប។ Facebook


ស្ថាប័ន​ជំនាញ​អន្តរជាតិ​ធំៗ ក្នុង​នោះ​រួមមាន​ធនាគារ​ពិភពលោក (World Bank) ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) និង​អ្នក​ជំនាញ​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) វាយតម្លៃ​ស្របគ្នា​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំ​២០២០​ខាងមុខនេះ នឹង​រង​ផល​ប៉ះពាល់​ជា​អវិជ្ជមាន និង​ធ្លាក់​ចុះ ដោយសារ​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «​គ្រប់​មុខទំនិញ​ទាំងអស់​លើកលែងតែ​អាវុធ​» EBA របស់​សហភាព​អឺរ៉ុប​។ អ្នក​ជំនាញ​យល់ស្រប​ទៅ​នឹង​ការវាយតម្លៃ​នេះ និង​ថា របប​ក្រុងភ្នំពេញ អាច​នឹង​សុខចិត្ត ចាក់​បញ្ចូល​លុយ​ជាង ៧០០ លាន​ដុល្លារ​អាមេរិក ស្មើនឹង​ជាង ១២% នៃ​ថវិកាជាតិ​ឆ្នាំ​២០១៩ ដើម្បី​ស្រោចស្រង់​សេដ្ឋកិច្ច​ជាតិ​ពី​ផល​ប៉ះពាល់​ដោយ​បញ្ហា​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ចៀសវាង​ការ​ស្ដារ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស។

ទន្ទឹម​ពេល​ដែល​ធនាគារ​ពិភពលោក (World Bank) និង​ធនាគារ​អភិវឌ្ឍ​អាស៊ី (ADB) បាន​ចេញ​ផ្សាយ​របាយការណ៍​បច្ចុប្បន្ន​ភាពជា​បន្តបន្ទាប់ ព្យាករណ៍​កំណើន​សេដ្ឋកិច្ច​កម្ពុជា​សម្រាប់​ឆ្នាំ​២០២០​ខាងមុខនេះ ដែល​ថា​សេដ្ឋកិច្ច​កម្ពុជា​នឹង​ធ្លាក់​ចុះ​ពី​៧% ក្នុង​ឆ្នាំ​២០១៩ មក​នៅ​ត្រឹម​៦,%​នោះ ឥឡូវនេះ​ដល់​វេន​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ដែល​ចេញមុខ​មក​វាយតម្លៃ​វិញ​ម្ដង​។ បើ​ទោះ​បី​ជា​ការវាយតម្លៃ​នេះ​នៅ​មិនទាន់​ផ្លូវការ​នៅឡើយ ខណៈ​ស្ថាប័ន​នេះ​ត្រៀម​នឹង​ចេញផ្សាយ​របាយការណ៍​ផ្លូវការ​នៅ​ដំណាច់​ឆ្នាំនេះ អ្នក​ជំនាញ​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ដែល​ទើប​បិទ​បញ្ចប់​បេសកកម្ម​វាយតម្លៃ​ស្ថានភាព​សេដ្ឋកិច្ច​នៅ​កម្ពុជា កាលពី​ថ្ងៃ​ទី​១១ ខែ​តុលា បាន​ចេញ​ផ្សាយ​នូវ​របក​គំហើញ​បឋម​របស់​ខ្លួន​ថា ការ​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប កំពុង​បង្ក​ជា​ហានិភ័យ​មួយ​ដែល​អាច​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​កម្ពុជា​ធ្លាក់​ចុះ​បាន​គួរ​ឱ្យ​កត់សម្គាល់។

អ្នក​ជំនាញ​របស់ IMF ផ្ដល់​អំណះអំណាង​ថា ការ​បន្ត​ដំណើរ​ការ​សើរើ​ប្រព័ន្ធ EBA របស់​សហភាព​អឺរ៉ុប ដែល​គឺជា​ដៃគូ​នាំចេញ​ចម្បង​របស់​កម្ពុជា​នោះ អាច​នឹង​ឈាន​ទៅ​ដល់​ការសម្រេច​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​តែម្ដង​នៅ​ឆ្នាំ​ក្រោយនេះ ហើយ​ហេតុការណ៍​នេះ អាច​បង្ក​ឱ្យ​មាន​នូវ​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​ធំធេង​ទៅដល់​សកម្មភាព​សេដ្ឋកិច្ច​របស់​កម្ពុជា​ក្នុង​រយៈពេល​ខ្លី​បាន​។ បើ​តាម​អ្នក​ជំនាញ​របស់ IMF ដដែល​នេះ ក្រៅពី​បញ្ហា EBA នេះ សេដ្ឋកិច្ច​កម្ពុជា​ក៏​នឹង​ត្រូវ​ប្រឈម​នឹង​ហានិភ័យ​បី​ផ្សេងទៀត ក្នុង​នោះ​មាន​ដូចជា ការ​កើនឡើង​អំពើ​គាំពារ​និយម​នៃ​ពាណិជ្ជកម្ម​សាកល ដែល​អាច​ប៉ះពាល់​ដល់​ការនាំចេញ និង​ទំនុក​ចិត្ត​របស់​អ្នក​វិនិយោគ ភាព​ទន់ខ្សោយ​ជាង​ការ​រំពឹងទុក​នៃ​កំណើន​សេដ្ឋកិច្ច​សាកល​ដោយសារ​កំណើន​រាង​យឺតយ៉ាវ​របស់​សេដ្ឋកិច្ច​ប្រទេស​ចិន និង​ហានិភ័យ​បណ្ដាល​មក​ពី​ភាព​ងាយ​រងគ្រោះ​នៃ​វិស័យ​ហិរញ្ញវត្ថុ​ដែល​ចេះតែ​កើន​ឡើង​។ អ្នក​ជំនាញ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ដដែល​នេះ ផ្ដល់​អនុសាសន៍​ថា ក្នុង​ករណី​ដែល​កម្ពុជា​ពិតជា​ត្រូវ​បាន​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA មែន​នោះ នោះ​ចាំបាច់​តម្រូវ​ឱ្យ​រដ្ឋ​មាន​ផែនការ​ជាក់លាក់​ពី​សំណាក់​រដ្ឋាភិបាល ក្នុង​ការ​បន្ថែម​ចំណាយ​ប្រចាំ​ឆ្នាំ រួមផ្សំ​ជាមួយ​នឹង​ការអនុវត្ត​កំណែទម្រង់​ជា​ប្រព័ន្ធ ក្នុង​គោលដៅ​តម្រង់​ទិស និង​ជួយ​កាត់បន្ថយ​ផល​ប៉ះពាល់​អវិជ្ជមាន​ក្នុង​រយៈពេល​ខ្លី​បណ្តាល​មក​ពី​បញ្ហា​នេះ។

ការវាយតម្លៃ និង​អនុសាសន៍​របស់​អ្នក​ជំនាញ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMF នេះ គឺ​មិនសូវ​ជា​ខុសគ្នា​ប៉ុន្មាន​ទេពី​អនុសាសន៍​ទើបនឹង​ដាក់​ចេញ​ដោយ​ធនាគារ​ពិភពលោក (World Bank)​។ របាយការណ៍​បច្ចុប្បន្ន​ភាព​ស្ថានភាព​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក របស់​ធនាគារ​ពិភពលោក ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១០ ខែ​តុលា រក្សា​ជំហរ​ព្យាករណ៍​ដដែល​ថា សេដ្ឋកិច្ច​កម្ពុជា​ធ្លាក់​ចុះ​ពី ៧% ក្នុង​ឆ្នាំ​២០១៩ មក​នៅ​ត្រឹម ៦,% ក្នុង​ឆ្នាំ​២០២០​ខាងមុខនេះ​។ ធនាគារ​ពិភពលោក ផ្ដល់​អំណះអំណាង​នៃ​ការ​ធ្លាក់​ចុះ​កំណើន​សេដ្ឋកិច្ច​នេះ​ថា កម្ពុជា​ប្រឈមមុខ​នឹង​ហានិភ័យ​ធំៗ​ពីរ ដែល​អាច​បង្ក​ផលប៉ះពាល់​អវិជ្ជមាន​ដល់​កំណើនសេដ្ឋកិច្ច​។ ហានិភ័យ​ធំៗ​ទាំងពីរ​នោះ គឺ​គ្មាន​អ្វី​ក្រៅពី​ភាព​មិន​ប្រាកដ​ប្រជា​នៃ​ការ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «​គ្រប់​មុខទំនិញ​ទាំងអស់​លើកលែងតែ​អាវុធ​» EBA របស់​សហភាព​អឺរ៉ុប និង​ការ​ស្រុត​ចុះ​ដោយ​គំហុក​នៃ​សេដ្ឋកិច្ច​ចិន ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក។

ធនាគារ​ពិភពលោក​ពន្យល់​ក្នុង​របាយការណ៍​បច្ចុប្បន្ន​ភាព​របស់​ខ្លួន​ថា នៅ​ចំពោះ​មុខ កម្ពុជា​ប្រឈម​នឹង​ហានិភ័យ​មួយ​ចំនួន ដែល​ក្នុង​នោះ រួមមាន​ទាំង​ភាព​មិន​ប្រាកដ​ប្រជា​ជុំវិញ​លទ្ធភាព​ក្នុង​ការ​នាំ​ទំនិញ​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «​គ្រប់​មុខទំនិញ​ទាំងអស់​លើកលែងតែ​អាវុធ​» EBA ចូល​ទៅ​ទីផ្សារ​សហភាព​អឺរ៉ុប ដែល​ស្រូប​យក ៤០​ភាគរយ នៃ​ផលិតផល​នាំ​ចេញពី​កម្ពុជា​។ ក្រៅ​ពី​នេះ ធនាគារ​ពិភពលោក បន្ត​ប្រមើល​មើល​ឃើញ​ថា ការ​ស្រុត​ចុះ​ដោយ​គំហុក​ណាមួយ​នូវ​សេដ្ឋកិច្ច​របស់​ចិន ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក នឹង​ធ្វើ​ឱ្យ​លទ្ធភាព​នៃ​កំណើន​សេដ្ឋកិច្ច​កម្ពុជា ត្រូវ​ស្រុត​ចុះ​ទៅវិញ នៅ​ពេល​ដែល​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ ពឹងផ្អែក​ខ្លាំង​លើ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស ឬ FDI និង​ភ្ញៀវ​ទេសចរណ៍​ពី​ប្រទេស​ចិន។

ឆ្លើយតប​នឹង​ហានិភ័យ​ចម្បង​នេះ ជា​លើកដំបូង​ហើយ​ដែល​ធនាគារ​ពិភពលោក ផ្ដល់​អនុសាសន៍​ជាក់លាក់​ថា ប្រសិនបើ​កម្ពុជា​មិន​ចង់​ឃើញ​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​ដោយសារ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប​ក្នុង​ឆ្នាំ​២០២០​ខាងមុខនេះ​ទេ នោះ​រដ្ឋាភិបាល​ត្រូវ​ចាត់វិធានការ​អន្តរាគមន៍​ផ្នែក​ហិរញ្ញវត្ថុ​មួយ ឬ​ជា​ការ​ចាក់​លុយ​បញ្ចូល​ទៅ​ក្នុង​សេដ្ឋកិច្ច ក្នុង​ទំហំ​សាច់ប្រាក់​ច្រើន​គួរ​ឱ្យ​កត់សម្គាល់ គឺ​ជាង ៧៣៥ លាន​ដុល្លារ​អាមេរិក ស្មើនឹង​ជាង ៣% នៃ​ផលិតផល​ក្នុងស្រុក​សរុប (​ផ​.​ស​.​ស​) GDP​។ ផ្អែក​តាម​ទិន្នន័យ​របស់​ធនាគារ​ពិភពលោក ផលិតផល​ក្នុងស្រុក​សរុប​របស់​កម្ពុជា​ក្នុង​ឆ្នាំ​២០១៨ មាន​តម្លៃ ២៤,៥ ប៊ី​លាន​ដុល្លារ​អាមេរិក ក្នុង​ចំណោម​ប្រជាជន​សរុប​ជាង ១៦,៣ លាន​នាក់ ខណៈ​ផលិតផល​ក្នុងស្រុក​សរុប​សម្រាប់​ពលរដ្ឋ​ម្នាក់ៗ​ស្មើនឹង ១​ពាន់​៥​រយ (.៥០០) ដុល្លារ​អាមេរិក ក្នុង​មួយ​ឆ្នាំ​។ ទឹកប្រាក់ ៧៣៥​លាន​ដុល្លារ​អាមេរិក​នេះ គឺ​ស្មើនឹង​ជាង ១២% បើ​ធៀប​នឹង​ថវិកាជាតិ​ប្រចាំ​ឆ្នាំ​២០១៩ ដែល​មាន​តម្លៃ​សរុប​ជាង ៦​ប៊ី​លាន​ដុល្លារ​អាមេរិក (US$6,018,543,704)

ឆ្លើយតប​ចំពោះ​ការ​ដាក់​ចេញ​អនុសាសន៍​នេះ លោក ផៃ ស៊ីផាន មន្ត្រី​នាំ​ពាក្យ​នៃ​របប​ក្រុងភ្នំពេញ ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១០ តុលា ថា ជា​ការ​ឆាប់រហ័ស​ពេក​ហើយ​ដែល​ធនាគារ​ពិភពលោក ធ្វើ​ការ​ផ្តល់​អនុសាសន៍​ឱ្យ​រដ្ឋាភិបាល ត្រៀម​ចាក់​លុយ​ចូល​ជួយ​ទប់​សេដ្ឋកិច្ច​កម្ពុជា​នេះ ព្រោះ​លោក​ថា ពេលនេះ​កម្ពុជា​កំពុង​ចរចា​ជាមួយ​សហភាព​អឺរ៉ុប​នៅឡើយ ដើម្បី​កុំ​ឱ្យ​មានការ​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​៖ «​វា​លឿន​ពេក​ហើយ​ចំពោះ​ចម្លើយ​នេះ អាស្រ័យ​ដោយ​រាជរដ្ឋាភិបាល​កំពុងតែ​និយាយ​គ្នា កំពុងតែ​ដោះស្រាយ​ជាមួយ​នឹង​គណៈកម្មការ​អឺរ៉ុប។ សហភាព​អឺរ៉ុប កំពុង​ពិគ្រោះ​ជាមួយ​សមាសភាព​របស់​គេ​។ អ៊ីចឹង យើង​ពិបាក​នឹង​ឆ្លើយ ពិបាក​នឹង​និយាយ​ថា​ម៉េច​។ ប៉ុន្តែ ទោះជា​យ៉ាងណា រាជរដ្ឋាភិបាល យើង​មាន​គម្រោង មាន​ថវិកា ដើម្បី​ដោះស្រាយ​ពី​អ្វី​ដែល​ជា​យថាហេតុ​ដែល​យើង​ជួប​នេះឯង»

បើ​តាម​ការ​អះអាង​របស់​លោក ផៃ ស៊ីផាន ថវិកា​ដែល​កម្ពុជា​មាន​សម្រាប់​ត្រៀម​បម្រុង​នោះ បាន​មក​ពី​ទឹកប្រាក់​សន្សំ​របស់​រដ្ឋាភិបាល ហើយ​ទន្ទឹម​នឹង​នោះ រដ្ឋាភិបាល​ក៏​កំពុង​កាត់បន្ថយ​ប្រព័ន្ធ​ការិយាធិបតេយ្យ​ដែល​មាន​ទម្ងន់​លើ​ពាណិជ្ជករ ព្រមទាំង​ការពង្រឹង ឬ​បង្កើត​ដៃគូ​ទីផ្សារ​ពាណិជ្ជកម្ម​ផ្សេងទៀត​។​

ជុំវិញ​អនុសាសន៍​ជាក់លាក់​របស់​ធនាគារ​ពិភពលោក​នា​ពេល​នេះ មន្ត្រី​សង្គម​ស៊ីវិល​ផ្នែក​ការងារ លោក មឿន តុលា ចោទ​ជា​សំណួរ​ថា កម្ពុជា​ពិបាក​រកលុយ​ពី​វិស័យ​ដទៃ ដើម្បី​យក​ទៅ​ត្រៀម​ចាក់​បញ្ជូល​ជួយសង្គ្រោះ​សេដ្ឋកិច្ច នៅ​ពេល​ដែល​សហភាព​អឺរ៉ុប​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នេះ ខណៈ​ចំណូល​បាន​មកពី​វិស័យ​ប្រេងកាត នៅ​មិន​ទាន់​មាន​ភាព​ប្រាកដប្រជា​នៅឡើយ​៖ «​បើ EBA នឹង​បាត់ វា​ធ្វើ​ឱ្យ​ភាព​ប្រកួតប្រជែង (National Competitiveness) វា​ចុះ​ខ្សោយ​ដែរ​។ បើ​ចុះ​ខ្សោយ វា​ធ្វើ​ឱ្យ​អ្នកវិនិយោគទុន គេ​មានការ​ស្ទាក់ស្ទើរ​។ ដូច្នេះ រដ្ឋ​ពិបាក​នឹង​រក​វិស័យ​ណា​មក​ជំនួស​វិស័យ​ហ្នឹង ដើម្បី​បង្គ្រប់ ដើម្បី​រកលុយ​ឱ្យ​បាន ៣% នៃ GDP ទៅ​បង្គ្រប់​។ មើល​ទៅ​ឃើញ​រឿង​ប្រេង​សព្វថ្ងៃ​នេះ ដែល​រដ្ឋ​កំពុង​សំឡឹង​មើល ក៏​មិន​ប្រាកដប្រជា​ដែរ​។ ខ្ញុំ​មើល​ទៅ​ឃើញ​ថា សមត្ថភាព​នៃ​ប្រទេស​កម្ពុជា ក៏​នៅតែ​មិន​ទាន់​មាន​ភាព​ច្បាស់លាស់​នៅឡើយ​ក្នុង​ការ​ទទួល​យក​ប្រេង ហើយ​ស្តាប់​ទៅ​ដូចជា​ឱ្យ​ទៅ​ក្រុមហ៊ុន​ចិន​ទៀត។ ដូច្នេះ ចំណូល​របស់​ជាតិ [​ពី​វិស័យ​នេះ​] ហាក់​ដូចជា​នៅ​ក្នុង​ភាព​មិន​ច្បាស់លាស់​នៅឡើយ»

លោក មឿន តុលា បន្ត​ថា ពេលវេលា គឺ​ខិត​កាន់តែ​កៀក​ហើយ សម្រាប់​សហភាព​អឺរ៉ុប​ធ្វើការ​សម្រេច​ចិត្តជា​ផ្លូវការ​ក្នុង​ការ​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​ខ្លួន​។ លោក​នៅតែ​ទទូច​ឱ្យ​រដ្ឋាភិបាល ធ្វើ​យ៉ាងណា​បញ្ចៀស​សហភាព​អឺរ៉ុប ពី​ការ​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ដោយ​ងាក​មក​ស្តារ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ឡើងវិញ ដូច​តាម​ការ​ចង់បាន​របស់​សហគមន៍​អន្តរជាតិ៖ «ខ្ញុំ​នៅតែ​ទទូច​អីចឹង ខ្ញុំ​ថា វា​ពិត​ជា​មាន​ភាព​​ចាំបាច់​សម្រាប់​កម្ពុជា។ ខ្ញុំ​តែងតែ​ថា អ៊ីចឹង គឺ​ថា​កម្ពុជា​អត់​មាន​ទាន់​បាន​ត្រៀមខ្លួន​ក្នុង​ការ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នៅឡើយ​ទេ។ ទាំង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​សម្រាប់​ទៅ​អឺរ៉ុប គឺ​ប្រព័ន្ធ EBA ហ្នឹង ហើយ​នឹង​ទាំង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទៅ​សហរដ្ឋអាមេរិក គឺ​ប្រព័ន្ធ GSP។ ដូច្នេះ រឿង​ដែល​សំខាន់​បំផុត​សម្រាប់​កម្ពុជា គឺ​គួរតែ​ព្យាយាម​ធ្វើ​យ៉ាងណា​រក្សា​ប្រព័ន្ធ​ទាំងពីរ​នេះ​ឱ្យ​បាន»

សម្រាប់​អ្នក​ជំនាញ និង​ជា​សាស្ត្រាចារ្យ​ផ្នែក​ការទូត និង​កិច្ចការ​ពិភពលោក នៃ​មហាវិទ្យាល័យ Occidental College នៃ​រដ្ឋ​កាលីហ្វ័រញ៉ា (California) សហរដ្ឋអាមេរិក បណ្ឌិត អៀ សុផល ពន្យល់​ប្រាប់​អាស៊ីសេរី​តាម​សារ​អេឡិចត្រូនិក​កាលពី​ថ្ងៃ​ទី​១០ ខែ​​តុលា ថា ទឹកប្រាក់​ចាក់​បញ្ជូល​ជាង ៧០០ លាន​ដុល្លារ​អាមេរិក​នេះ គឺជា​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​។ តែ​លោក​ថា យ៉ាងណាក៏ដោយ របប​លោក ហ៊ុន សែន ធ្លាប់​អួតអាង​ថា ខ្លួន​មាន​តម្កល់​មាស​សុទ្ធ ៣០​តោន​នៅ​ប្រទេស​ស្វីស ទីក្រុង​ឡុងដ៍ នៃ​ចក្រភព​អង់គ្លេស និង​នៅ​ធនាគារ​កណ្តាល ក្រុងភ្នំពេញ ហើយ​ថា កម្ពុជា​ក៏​មាន​ទុន​បម្រុង​អន្តរជាតិ ១៥​ប៊ី​លាន​ដុល្លារ​អាមេរិក និង​មាន​សាច់ប្រាក់​សុទ្ធ​ក្នុង​ដៃ​ជាង ៤​ប៊ី​លាន​ដុល្លារ​អាមេរិក។ ដូច្នេះ​ហើយ បណ្ឌិត អៀ សុផល វិភាគ​ថា ដោយសារ​របប​ក្រុងភ្នំពេញ ស្រឡាញ់​លុយ​ជាង​ស្រឡាញ់​សេរីភាព និង​ប្រជាធិបតេយ្យ ឬក៏​អ្វីមួយ​ដែល​របប​នេះ​ថា​ដើម្បី​ជា​ការ​ការពារ​អធិបតេយ្យ​របស់​ខ្លួន​នោះ របប​នេះ​ទំនងជា​នឹង​អាច​សុខចិត្ត​បង់ខាត តាមរយៈ​ការ​ចាក់​បញ្ចូល​លុយ​ជាង ៧០០​លាន​ដុល្លារ​អាមេរិក ចូល​ទៅ​ក្នុង​សេដ្ឋកិច្ច ដើម្បី​បញ្ចៀស​ពី​ផល​ប៉ះពាល់​អវិជ្ជមាន​នៃ​ការ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នេះ។

យ៉ាងណាក៏ដោយ អ្នក​ជំនាញ​កិច្ចការ​អន្តរជាតិ​រូប​នេះ ព្រមាន​ថា គ្មាន​នរណា​ម្នាក់​ដឹង​ឱ្យ​ប្រាកដ​ឡើយ ថា​តើ​មាស​សុទ្ធ​ដែល​កម្ពុជា​តម្កល់ទុក​នេះ ជា​របស់​ពលរដ្ឋ​កម្ពុ​ជាទូទៅ​ដែល​ជា​អ្នក​បង់ពន្ធ​រដ្ឋ ឬ​ជា​របស់​ឯកជន និង​ថា តើ​របប​ក្រុងភ្នំពេញ​អាច​ដក​យក​ទុន​បម្រុង​អន្តរជាតិ​មក​ចំណាយ​ក្នុង​កម្រិត​ណា សម្រាប់​ចាក់​បញ្ចូល​ទៅ​ក្នុង​សេដ្ឋកិច្ច​ជាតិ​នោះ? បណ្ឌិត អៀ សុផល បន្ត​ថា មាន​ពេល​ខ្លះ ទុន​បម្រុង​អន្តរជាតិ​ទាំងនេះ អាច​នឹង​បាត់បង់​ទៅវិញ​ដោយ​គ្មាន​ការ​ពន្យល់​ជាក់លាក់ ដោយសារតែ​មេដឹកនាំ​របប​ក្រុងភ្នំពេញ អាច​នឹង​ដក​យក​ទៅ​ចាយវាយ​ក្នុង​ប្រតិបត្តិការ​សាច់ប្រាក់​ជា​លក្ខណៈ​បុគ្គល​ឯកជន ហើយ​ដែល​គ្មាន​នរណា​អាច​ដឹង​បាន​ឡើយ។ លោក​ថា វា​មិន​ត្រូវការ​ពេលវេលា​យូរ​ពេក​ទេ​ក្នុង​ការ​ធ្វើ​ឱ្យ​បាត់បង់​ទុន​បម្រុង​អន្តរជាតិ​នេះ ព្រោះ​រឿងរ៉ាវ​ទាំងអស់​នេះ សុទ្ធតែ​ធ្លាប់​កើត​មានឡើង​នៅ​ប្រទេស​ថៃ និង​ម៉ាឡេស៊ី​ជា​ឧទាហរណ៍​ស្រាប់។

សហភាព​អឺរ៉ុប​បាន​បិទ​បញ្ចប់​ដំណាក់កាល ៦​ខែ​ដំបូង​នៃ​ការ​តាមដាន និង​វាយតម្លៃ​របស់​ខ្លួន កាលពី​សីហា​កន្លងទៅ ហើយ​បច្ចុប្បន្ន​គណៈកម្មការ​សហភាព​អឺរ៉ុប កំពុង​បន្ត​សរសេរ​របាយការណ៍​អំពី​ការ​រក​ឃើញ និង​ការវាយតម្លៃ​របស់​ខ្លួន​ទៅលើ​ស្ថានភាព​សិទ្ធិមនុស្ស សិទ្ធិ​នយោបាយ និង​សិទ្ធិ​ការងារ​នៅ​កម្ពុជា ដែល​ខ្លួន​ត្រៀម​នឹង​ចេញផ្សាយ​នៅ​ខែ​វិច្ឆិកា​ខាងមុខនេះ មុន​នឹង​ឈាន​ទៅ​សម្រេច​ថា តើ​ត្រូវ​ដក ឬ​មិន​ដកហូត ទាំងស្រុង ឬ​ដោយ​ផ្នែក​ណាមួយ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ យ៉ាង​យូរ​បំផុត​នៅ​ត្រឹម​ពាក់​កណ្ដាល​ខែ​កុម្ភៈ​ឆ្នាំ​២០២០​ខាងមុខ។ ប្រសិន​បើ​សហភាព​សម្រេច​ថា ត្រូវ​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​មែន នោះ​ការ​យកពន្ធ​ពី​សហភាព​អឺរ៉ុប​មក​លើ​ទំនិញ​កម្ពុជា នឹង​ត្រូវ​ធ្វើ​ឡើងជា​ផ្លូវការ​ចាប់ពី​ខែ​សីហា ឆ្នាំ​២០២០ ត​ទៅ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

2 Responses to "ស្ថាប័ន​ជំនាញ​អន្តរជាតិ​វាយតម្លៃ​ស្របគ្នា​ថា សេដ្ឋកិច្ច​កម្ពុជា​នឹង​ធ្លាក់​ចុះ​ដោយសារ​ការ​ព្យួរ EBA"

  1. so socheath says:

    ​មើលឲ្យច្បាស់ ពួកអាឡប់ !
    ល្បែងនយោបាយប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ដែលអ្ហែងចេះត្រឹមព្រុសដូចឆ្កែ វាគ្មានបានប្រយោជន៍ស្អីទេ
    អា មឿង តុលា !
    IMFថា សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០១៩ នៅតែសម្រេចបាននូវកំណើនរឹងមាំ ក្នុងរង្វង់អត្រា៧%, រាជរដ្ឋាភិបាលកម្ពុជា កំពុងស្ថិតនៅលើមាគ៌ាត្រឹមត្រូវ ក្នុងការធ្វើកំណែទម្រង់សេដ្ឋកិច្ច ។
    ​មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានវាយតម្លៃអំពីស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជាថា នៅតែរក្សាបាននូវកំណើនដ៏រឹងមាំ ក្នុងរង្វង់អត្រា៧% ក្នុងឆ្នាំ២០១៩នេះ បើទោះបីជាកំណើនសេដ្ឋកិច្ច សកលមានការថមថយក្តី។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែល ទទួលបាននៅថ្ងៃទី១២ ខែតុលា។
    ការវាយតម្លៃរបស់ IMF យ៉ាងដូច្នេះធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ វាយតម្លៃបឋមលើស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា របស់ក្រុមការងារបេសកកម្មអាទីខល ៤ ( Article IV )
    នៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ក្រោមអធិបតីភាពអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩។
    ក្រសួងសេដ្ឋកិច្ចបានឲ្យដឹងថា «តាមការវាយតម្លៃរបស់ IMF, ទោះបីជាកំណើនសេដ្ឋកិច្ចសកលមានការថមថយក្តី, សេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០១៩ នៅតែសម្រេចបាននូវកំណើនរឹងមាំក្នុងរង្វង់អត្រា៧ភាគរយ ដែលត្រូវបានគាំទ្រដោយការបន្តកំណើនខ្ពស់នៃការនាំចេញ និងវិស័យសំណង់ ខណៈដែលអតិផរណាត្រូវបានរក្សាឱ្យស្ថិតក្នុងកម្រិតទាបប្រមាណ២.៥ ភាគរយ ។ ទន្ទឹមនេះ, ស្ថានភាពហិរញ្ញវត្ថុសាធារណៈ នៅបន្តស្ថិតក្នុងភាពល្អប្រសើរ ស្របពេលដែលបំណុលសាធារណៈ ស្ថិតក្នុងកម្រិតហានិភ័យទាប ដែលអាចគ្រប់គ្រងបាន»។
    ជាមួយគ្នានេះ, ក្រុមការងារបេសកកម្ម Article IV នៃ IMF ក៏បានជម្រាបជូនអង្គប្រជុំអំពីនិន្នាការថមថយ នៃកំណើនសេដ្ឋកិច្ចសកល និងតំបន់ ក្នុងរយៈពេលខ្លី និងមធ្យមខាងមុខ ដោយសារការកើនឡើងភាពតានតឹងនៃសង្រ្គាមពាណិជ្ជកម្ម និងការកើនឡើងគោលនយោបាយគាំពារនិយម (Protectionism) ។ ប៉ុន្តែ, ក្រុមការងារ IMF ក៏បានគូសរំលេចផងដែរថាសង្រ្គាមពាណិជ្ជកម្ម បានផ្តល់ផលវិជ្ជមានមួយចំនួនដល់សេដ្ឋកិច្ចកម្ពុជា ដែលបានឆ្លុះបញ្ជាំងតាមរយៈការកើនឡើង នៃការនាំចេញ ជាពិសេស ទៅសហរដ្ឋអាមេរិក និងលំហូរទុនវិនិយោគពីបរទេស ។ ក្នុងឆ្នាំ២០២០, សេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងថានឹងថមថយបន្តិច ដោយសារការថយចុះកំណើន នៃសេដ្ឋកិច្ចសកល ។
    បន្ថែមលើនេះ, ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច រួមជាមួយកំណើនសេដ្ឋកិច្ចខ្ពស់ និងការបន្តធ្វើកំណែទម្រង់រចនាសម្ព័ន្ធរបស់កម្ពុជា បានចូលរួមចំណែកយ៉ាងសំខាន់ ដល់វឌ្ឍនភាពឆ្ពោះទៅកាន់គោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព (SDGs) ។ ទោះជាយ៉ាងនេះក្តី, សេដ្ឋកិច្ចកម្ពុជា ក៏កំពុងប្រឈមនឹងហានិភ័យខ្ពស់ជាងមុន ដែលបណ្តាលមកពីការកើនឡើងភាពតានតឹង នៃសង្រ្គាមពាណិជ្ជកម្ម និងលទ្ធភាពនៃការដកប្រព័ន្ធអនុគ្រោះពន្ធ (EBA) ដែលអាចជះឥទ្ធិពលអវិជ្ជមាន ដល់សេដ្ឋកិច្ចកម្ពុជា ។
    យ៉ាងណាមិញ, IMF បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កំពុងស្ថិតនៅលើមាគ៌ាត្រឹមត្រូវ ក្នុងការធ្វើកំណែទម្រង់រចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ខ្លួន រួមទាំង ការគ្រប់គ្រងប្រមូលចំណូល ជាពិសេស កិច្ចខិតខំប្រឹងប្រែងផ្នែករដ្ឋបាលសារពើពន្ធ និងការកែទម្រង់ផ្អែកតាមយុទ្ធសាស្ត្រកៀរគរចំណូល ២០១៩-២០២៣ សំដៅដោះស្រាយបញ្ហាប្រឈម និងបញ្ចៀសរាល់ហានិភ័យ ដែលអាចកើតឡើងជាយថាហេតុ តាមរយៈការដាក់ចេញនូវកញ្ចប់ថវិកាចំណាយបន្ថែមក្នុងឆ្នាំ ២០២០ ដើម្បីគាំទ្រដល់ការបង្កើតការងារ, ការអភិវឌ្ឍធនធានមនុស្ស និងបង្កើនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ។
    ទន្ទឹមនេះ, វិធានការទាំងនេះ ក៏បានផ្តោតលើការលើកកម្ពស់ការប្រកួតប្រជែង និងជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជាផងដែរ ។ ស្របពេលជាមួយគ្នានេះដែរ, IMF ក៏បានលើកទឹកចិត្ត និងជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជាពន្លឿ នការអនុវត្តវិធានការកំណែទម្រង់ទាំងនេះ សំដៅសម្រេចបានសមិទ្ធផលប្រកប ដោយប្រសិទ្ធភាព និងទាន់ពេលវេលា។
    អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារបេសកកម្ម Article IV នៃ IMF ក្នុងការវាយតម្លៃសេដ្ឋកិច្ចកម្ពុជា ព្រមទាំងដាក់ចេញនូវអនុសាសន៏គោលនយោបាយ និងការបន្តផ្តល់ជំនួយបច្ចេកទេស ក្នុងការកសាងសមត្ថភាពមន្រ្តីកម្ពុជា ឱ្យកាន់តែមានជំនាញ និងចំណេះដឹងប្រសើរជាងមុន ជាពិសេស ការផ្តល់ជំនួយបច្ចេកទេសលើការចងក្រង ស្ថិតិជារួមរបស់រាជរដ្ឋាភិបាល ដែលមានសារៈសំខាន់សម្រាប់ការវិភាគ, វាយតម្លៃ និងរៀបចំគោលនយោបាយប្រកបដោយប្រសិទ្ធភាព៕

  2. so socheath says:

    socheat So,
    Event summary Today 14.10.19 10:23
    សង្ខេបព្រឹត្តិការថ្ងៃនេះ ១៤/១០/២០១៩
    Send to facebook
    មេចលនាដែលវាអួតថាជាឧទ្ទាម
    ប្រដាប់អាវុធ ក្នុងរណសិរ្សរំដោះជាតិស្អីណានោះ
    ក្រោយពីត្រូវប៉ុន្មានទំពក់របស់ខ្ញុំតាមរយៈmessage
    sam sereyបាននិយាយស្នើមកខ្ញុំថា:
    (បងអោយខាងបងលើកលែងទោសខ្ញុំ ដោះលែងសមាជិក និងសងជំងឺចិត្តប្អូនខ្ញុំ
    ដែលស្លាប់ទៅ ចបរឿងហើយ ខ្ញុំទៅបង្កើតគណបក្សនយោបាយ ហើយអន្តរជាតិ
    ក៏គេទទួលស្គាល់ដែរបើមានខ្ញុំ)
    អត់យល់ ?
    មិនដឹងពួកវា នាំគ្នាចាត់ទុកខ្ញុំជាអ្នកណាឲ្យប្រាកដ ?
    តែថា ដើម្បីសម្រេចគោលជំហរsam serey
    ទី១ sam serey ត្រូវទំនាក់ទំនង ទៅសម្តេចសខេង ឬសម្តេច ទា បាញ់ ឬទៅដោយផ្ទាល់
    ជាមួយសម្តេចតេជោ ដម្បីទទួលបានការណែនាំ ស្តីពីនិតិវិធី សម្រាប់ការចូលសារភាព
    ជាមួយការណែនាំ ដើម្បីរំលាយចោល អង្គការចាត់តាំង ខុសច្បាប់ ដែលsam serey បង្កើតឡើង ។
    ផ្អែលលើការដឹងកំហុស ហ៊ានចូលសារភាព ព្រមជាមួយសមត្ថភាពដែលអ្នកមាន
    រាជរដ្ឋភិបាលមិនទុកអ្នកចោលទេ ។
    នេះជាការណែនាំបឋម របស់ខ្ញុំ ។
    ការសម្រេចយ៉ាងណានោះ គឺរាជរដ្ឋាភិបាល !

    so socheath
    October 14, 2019 at 9:57 am
    Send to facebook
    sam serey ក្រោយការផ្តល់យោបល់
    របស់ខ្ញុំ ឲ្យមានការដាក់ពាក្យស្នើសុំ លើក
    លែងទោស តាមរយះសម្តេច ស ខេង ឬតាមរយះ
    សម្តេចទា បាញ់ ឬទៅដោយផ្ទាល់ចំពោះសម្តេចតេជោ
    ហ៊ុន សែននាយករដ្ឋមន្ត្រី គាត់បានបញ្ជាក់ថា គាត់
    មិនដឹងជាទំនាក់ទំនងយាងម៉េចបាន(អត់មានច្រកទាក់ទង)
    តែsam Serey បានបញ្ជាក់ប្រាប់ខ្ញុំតាមរយះmessenger
    ថា:
    (ខ្ញុំសុំគេបង្កើតគណបក្សរំដោះជាតិខ្មែរម្តងហើយ តែគេមិនអោយបង្កើត)
    ដូចនេះខ្ញុំមិនដឹងថាពេលមុន គាត់ទំនាក់ទំនង តាមវិធីណា
    ឬតាមរយះអ្នកណានោះទេ។
    ខ្ញុំបានប្រាប់គាត់ថា សម្តេចតេជោនាយករដ្ឋមន្ត្រី លោកជាអ្នក
    នាំមកនូវសន្តិភាពជូនជាតិ តាមរយះនយោបាយបង្រួប
    បង្រួមជាតិ ។ ដូចនេះ លោកមិនទុកខ្មែរណាម្នាក់ចោលនោះទេ។
    ដូចនេះ តាមរយះfacebookនេះ សម្តេច ស ខេង សម្តេច
    ទា បាញ់ និងសម្តេចនាយករដ្ឋមន្ត្រីនិងឃើញ ដោយសុំ
    ឲ្យគាត់ sam Serey កុំអាលតក់ក្រហល់ ។
    sam sereyលោក អាចសរសេរ សុំការលើកលែងទោស ទៅ
    កាន់ប្រមុខរដ្ឋាភិបាលតាមរយៈfacebook នោះលទ្ធផល
    និងបង្ហាញតាមរយៈ ការឆ្លើយតប ពីសំណាក់ប្រមុខដឹកនាំជាតិ
    តាមរយះការឲ្យចូលមកជួបដោយ
    ផ្ទាល់មុខ ជាក់ជាមិនខាន។

Leave a Reply

Submit Comment