អតីតមន្ត្រីគណបក្សសង្គ្រោះជាតិ ៤៥នាក់ ត្រូវបានចាប់ខ្លួនដាក់​ពន្ធនាគារ​


| ៥:១៥ ល្ងាច
https://vodkhmer.news

អតីតទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ នៅ​រាជ​ធានី​ភ្នំពេញ​ នៅ​មុន​ពេល​គណបក្ស​នេះ ត្រូវ​បាន​រំលាយ​ចោល​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា

អតីតមន្ត្រីគណបក្សសង្គ្រោះជាតិ ៤៥នាក់ ត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារ​គិតត្រឹមថ្ងៃទី១៤ ខែតុលា។ នេះបើតាមទិន្នន័យនៃចំនួនមនុស្សត្រូវសមត្ថកិច្ចចាប់ខ្លួនក្នុងសំណុំរឿងនយោបាយដែលចែកផ្សាយដោយអនុប្រធានគណបក្សប្រឆាំង អ្នកស្រី មួរ សុខហួរ។

ទិន្នន័យដែលចេញផ្សាយនេះចងក្រងជាភាសាអង់គ្លេសដែលបញ្ជាក់ពីឈ្មោះ ភេទ អាយុ ទីកន្លែងរស់នៅ  ទីកន្លែងដែលត្រូវចាប់ខ្លួន និងស្ថានភាពសុខភាពរបស់អ្នកដែលត្រូវគេចាប់ខ្លួន។ ទិន្នន័យនេះក៏រួមបញ្ចូលទាំងយុវជន២នាក់គឺគង់ រ៉ៃយ៉ា និង សួងនាគព័ន្ធ ដែលត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលខួបបីឆ្នាំនៃព្រឹត្តិការបាញ់សម្លាប់ លោក កែម ឡី កាលពីខែកក្កដាដែរ។

អតីតប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិរាជធានីភ្នំពេញដែលកំពុងនិរទេសខ្លួនទៅក្រៅប្រទេស  លោក ម៉ន ផល្លា បានថ្លែងប្រាប់វីអូឌី តាមរយៈ សារអេឡិចត្រូនិកថា ការប្រកាសតាមចាប់ខ្លួនរូបលោក និង ការចាប់ខ្លួនសកម្មជនដ៏ទៃទៀត ធ្វើឡើងដោយរំលោភសិទ្ធិមនុស្សនិងបំពានច្បាប់។ លោកបញ្ជាក់ថា លោកនឹងមិននៅតែមិនប្ដូរជំហរឡើយបើទោះជាប្រឈមនឹងការជាប់ពន្ធនាគារ​ដ៏ដោយ។

លោក ម៉ន ផល្លា បញ្ជាក់​ថា៖ «ខ្ញុំមិនមានការភ្ញាក់ផ្អើលទេចំពោះរបបផ្ដាច់ការដែលតែងតែធ្វើបាបសកម្មជន ស្នេហាប្រជាធិបតេយ្យ។ខ្ញុំនៅតែប្ដេជ្ញាចិត្តត្រឡប់មកវិញតាមលោកសមរង្ស៊ីនៅថ្ងៃទី០៩វិច្ឆកា»។

លោក ម៉ន ផល្លា ត្រូវបានតុលាការចេញដីការចាប់ខ្លួនបន្ទាប់ពីអតីតមន្ត្រីមូលដ្ឋានរបស់បក្សប្រឆាំង២រូបឆ្លើយដាក់ក្នុងវីដេអូសារភាពនៅមុខកាម៉េរ៉ារបស់សមត្ថកិច្ចកាលពីថ្ងៃទី១១តុលា។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន មានប្រសាសន៍ថា ការចេញដីកាចាប់ខ្លួនអតីតសមាជិកបក្សសង្គ្រោះជាតិទាំងនេះ គឺដោយសារតែតុលាការរកឃើញភស្ដុតាងល្មើសច្បាប់របស់អ្នកទាំងនោះ។

លោក ជិន ម៉ាលីន មានប្រសាសន៍​ថា​៖ «យើងមិនអាចកំណត់ថាឈប់ចាប់ខ្លួនត្រឹមណាទេ ឱ្យតែតុលាការរកឃើញថាល្មើសច្បាប់តុលាការនឹងអនុវត្តនិតិវិធីច្បាប់។ ចំណែកឯកិច្ចសហប្រតិបត្តិការចំពោះការនាំយកជនល្មើសមកផ្ដន្ទាទោសហ្នឹងប្រទេសណាក៏ត្រូវតែមានកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាមិត្តផ្អែកលើទំនាក់ទំនងការទូតនិងកិច្ចព្រមព្រៀងរវាងគ្នា      »។

ទោះជាយ៉ាងណាលោក ជិន ម៉ាលីន មិនបានបញ្ជាក់ទេថាកម្ពុជានឹងសហការកម្រិតណាជាមួយប្រទេសជិតខាងដើម្បីចាប់ខ្លួនអ្នកទាំងនោះឡើយ។

អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមឃឿន នៅថ្ងៃទី១៥ តុលា មានប្រសាសន៍ប្រាប់វីអូឌីថា សមត្ថកិច្ចកំពុងបន្តនិតិវីធី ស្រាវជ្រាវរកចាប់ខ្លួនអ្នកដែលពាក់ព័ន្ធនឹងផែនការរបស់លោក សម រង្ស៊ី។ ប៉ុន្ដែលោកមិនបញ្ជាក់លម្អិតឡើយ។

លោក ឆាយ គឹមឃឿន ប្រាប់ថា​៖ «ដំណើរការដល់កម្រិតណាពូអត់ជម្រាបជូនឱ្យក្មួយបានទេ ដោយឡែកយើងត្រូវពង្រឹងការអនុវត្តច្បាប់ ចំពោះថាអនុវត្តន៍យ៉ាងម៉េចបើពូប្រាប់គឺដូចជាប្រាប់ផ្លូវឱ្យពួកហ្នឹងរត់អ៊ីចឹង»។

កាលពីថ្ងៃទី១៤ខែតុលា តុលាការសាលាដំបូងខេត្តសៀមរាប​ ក៏បានចេញដីកាចាប់ខ្លួនអតីតចៅសង្កាត់វ័យក្មេង សង្កាត់សាលាកម្រើកក្រុងសៀមរាប ជិន សុខង៉េង និង សកម្មជន២នាក់ទៀតនៅខេត្តបាត់ដំបងក្នុងបទចោទរួមគំនិតក្បត់។ តុលាការតាមសាលាដំបូងនៅខេត្តនានា បានចេញដីកាចាប់ខ្លួនអតីតសកម្មជនគណបក្សសង្គ្រោះជាតិជាបន្តបន្ទាប់រាប់សិបករណីគិតត្រឹមថ្ងៃទី១៥តុលានេះ។

អ្នកវិភាគនយោបាយ លោកបណ្ឌិត ឡៅ ម៉ុងហៃ ប្រាប់វិអូឌីថា ការចាប់ខ្លួនសកម្មជនបក្សប្រឆាំងជាបន្តបន្ទាប់នេះបាននឹងបង្ករភាពភ័យខ្លាចដល់ប្រជាពលរដ្ឋ។ លោកព្រមានថាទង្វើបក្សកាន់អំណាចពេលនេះអាចនឹងនាំ ប្រទេសឱ្យប្រាស់ចាកពីគោលការណ៍ប្រជាធិបតេយ្យ។

លោក ឡៅ ម៉ុងហៃ មានប្រសាសន៍ថា៖ «យើងអាចនិយាយដល់ប្រព័ន្ធផ្តាច់ការ ដើម្បីគាបសង្កាត់ បង្ក្រាបប្រជាពលរដ្ឋនៅក្នុងរបបកុម្មុនីសផ្ដាច់ការឬមូលធនផ្ដាច់ការ របបហ្នឹងកាន់តែលែងទុកចិត្តប្រជាពលរដ្ឋនិងធ្វើឱ្យពលរដ្ឋលែងទុកចិត្តដូចមុន»។

កាលពីខែកញ្ញា ប្រមុខការទូតកម្ពុជាលោកប្រាក់ សុខុនធ្លាប់ប្រកាសប្រាប់អ្នកកាសែតថា កម្ពុជាបានស្នើឱ្យប្រទេសក្នុងតំបន់អាស៊ានចាប់លោក សមរង្ស៊ីនិងអ្នកពាក់ព័ន្ធទៀតផង។ ប៉ុន្តែស្របពេល​ជាមួយគ្នា​នោះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោកមហាធៀមហាម៉េត បានប្រាប់វិទ្យុផ្សាយសំឡេងសហរដ្ឋអាមេរិកថាលោកមិនលូកដៃចូលកិច្ចការផ្ទៃក្នុងកម្ពុជាទេហើយក៏មិនបានទទួលលិខិតសុំឱ្យចាប់ខ្លួនលោកសមរង្ស៊ីដែរ។

សមត្ថកិច្ច  បានចាប់ខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិចាប់តាំង​ពីការ​ប្រកាស​វិលចូល​ស្រុកវិញនៅថ្ងៃទី០៩ ខែវិច្ឆកានៅឆ្នាំនេះ។ ​ភាគច្រើនអ្នកដែលត្រូវចាប់​ខ្លួន​ត្រូវជាប់​ចោទពី​បទរួមគំនិតក្បត់ហើយត្រូវដាក់ពន្ធនាគារ​  ខណៈដែលអ្នកសារភាពនិងលាតត្រដាងពីផែនការនៃការ​វិល​ត្រលប់​របស់លោក សម រង្ស៊ី​ ​ចំនួន៥នាក់ត្រូវ​បាន​រួចខ្លួន៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

One Response to "អតីតមន្ត្រីគណបក្សសង្គ្រោះជាតិ ៤៥នាក់ ត្រូវបានចាប់ខ្លួនដាក់​ពន្ធនាគារ​"

  1. so socheath says:

    មន្ទិល !
    ***
    រយះពេលជាងមួយឆ្នាំមកនេះ យឹម សុវណ្ណដែលរាប់ថាជា
    មនុស្សពិសេសនិងប្តូរផ្តាច់ ការពារសមរង្សុី ដែលឥឡូវនេះ
    បានក្លាយាាទៅជាទណ្ឌឹត ដោយសារការប្រព្រឹត្តអំពេីក្បត់ជាតិ
    យឹម សុវណ្ណ ឥឡូវនេះ ហាក់ត្រូវបានធ្វេីឲ្យខ្លួនឯងបាត់ខ្លួន
    ពីពិភពគុននយោបាយ ដែលក្នុងនោះ សូម្បីក្នុងmessenger
    ត្រូវបានបិទ ដែលមិនសមនិងសកម្មភាពកន្លងដែល
    យឹមសុវណ្ណ បានបញ្ចេញគ្រប់សកម្មភាព ប្រឆាំរដ្ឋាភិបាល
    កម្ពុជាគ្រប់រូបភាព ទោះទាំងរូបភាពភូតភរបោកប្រាសក្តី។
    បែបនេះវាត្រូវបានបង្កេីតនូវក្តីមន្ទិលសង្ស័យ ពីមនុស្សភាគ
    ច្រេីនក្នុងសង្គម ហេីយក៏មានមនុស្សខ្លះដែលមានគំនឹត សន្តិភាពនិយមចេះតែមេីលឃេីញ
    ក្នុងការវាយតម្លៃថា ទឹកថ្លាបែបនេះពិតជាគ្មានត្រីនោះទេ។
    សន្តិភាពនិយមក្នុងការវាយតម្លៃបែបនេះ វាច្បាស់ជាមិនត្រឹម
    ត្រូវជាមួយសកម្មភាពរបស់យឹម សុវណ្ណកន្លងមកទេ។
    យឹម សុវណ្ណ អាចត្រូវបានកំណត់ ថាជាអ្នកចាត់ចែងកិច្ច
    ការងារយ៉ាងសកម្មឲ្យជនក្បត់ជាតិសមរង្សុី នាពេលបច្ចុប្បន្ន
    នោះប្រហែលជាត្រឹមត្រូវជាង ។
    ជាមួយការបញ្ឈប់ក្តីមន្ទិលចំពោះយឹម សុវណ្ណ មិនអាចប្រព្រឹត្ត
    ទៅតាមរយះភាពស្ងប់ស្ងាត់ របស់យឹម សុវណ្ណនោះឡេីយ។
    ព្រោះថាសុទ្ធចិត្តជាមួយសត្រូវ វាមិនខុសអីពីការធ្វេីបាប
    ខ្លួនឯង សម្លាប់ខ្លួនឯងនោះទេ។ ព្រោះសកម្មភាពស្ងៀមស្ងាត់
    របស់យឹមសុវណ្ណ វាមិនសមនឹងសាច់រឿងសោះ៕

Leave a Reply

Submit Comment