អ្នក​ឃ្លាំមើល​សិទ្ធិ​ដីធ្លី​ស្នើ​ត្រួត​ពិនិត្យ​ឡើង​វិញ និង​មាន​វិធានការ​លើ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ដើម្បី​ដោះស្រាយ​បញ្ហា

ដោយ ខែ សុណង
2019-10-20
RFA

អ្នក​មាន​ជម្លោះ​ដីធ្លី​ក្នុង​សហគមន៍​បឹកកក់ ដាក់​ញត្តិ​សុំ​អន្តរាគមន៍​​ដើម្បី​ឲ្យ​មាន​ការ​ដោះលែង​អ្នកស្រី ទេព វន្នី នៅ​មុខ​ការិយាល័យ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី១៤ ខែ​សីហា ឆ្នាំ​២០១៧។

អ្នក​មាន​ជម្លោះ​ដីធ្លី​ក្នុង​សហគមន៍​បឹកកក់ ដាក់​ញត្តិ​សុំ​អន្តរាគមន៍​​ដើម្បី​ឲ្យ​មាន​ការ​ដោះលែង​អ្នកស្រី ទេព វន្នី នៅ​មុខ​ការិយាល័យ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី១៤ ខែ​សីហា ឆ្នាំ​២០១៧។

Photo: RFA


មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ហៅ​កាត់​ថា ស៊ី.ស៊ី.អេច្ឆ.អ (CCHR) ធ្វើ​រំលឹក​ឡើងវិញ​នូវ របាយការណ៍​ឆ្នាំ​២០១៦ ស្ដីពី ស្ថានភាព​របស់​ជន​ងាយ​រង​គ្រោះជា​ស្ត្រី​នៅ​ក្នុង​ជម្លោះដីធ្លី ដើម្បី​ចូលរួម​ក្នុង ទិវា​ស្ត្រី​ជនបទ​អន្តរជាតិ ដែល​អង្គការសហប្រជាជាតិ​បាន​កំណត់​យក​ថ្ងៃ​ទី​១៥ ខែ​តុលា ក្រោម​ប្រធានបទ​ស្ត្រី និង​ក្មេង​ស្រី​នៅ​តាម​ជនបទ​បង្កើត​ភាព​ធន់​នឹង​អាកាសធាតុ​។ មន្ត្រី​មជ្ឈមណ្ឌល CCHR ថា ស្ត្រី​ជួប​វិបត្តិ​ដីធ្លី​បាន​កើន​ឡើង​នៅ​ឆ្នាំ ២០១៩​នេះ​។ ប៉ុន្តែ​មន្ត្រី​របប​ក្រុង​ភ្នំពេញ អះអាង​ថា រដ្ឋាភិបាល​បាន​បន្ត​ដោះស្រាយ​បញ្ហា​ដីធ្លី ស្ទើរតែ​បញ្ចប់​ទាំងស្រុង​ទៅ​ហើយ។

អ្នកឃ្លាំមើល​សិទ្ធិ​ដីធ្លី​រក​ឃើញ​ថា ស្ត្រី​តវ៉ា​ដីធ្លី បន្ត​ប្រឈម​បញ្ហា​សំខាន់ៗ​មួយ​ចំនួន ដែល​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ត្រូវ​ត្រួត​ពិនិត្យមើល​ឡើងវិញ ដោយ​ចាត់វិធានការ​លើ​ក្រុមហ៊ុន​ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍន៍​ដើម្បី​ដោះស្រាយ​ជាបន្ទាន់។

អ្នក​សម្របសម្រួល​គម្រោង ធុរកិច្ច និង​សិទិ្ធ​មនុស្ស របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក វណ្ណ សុផាត មាន​ប្រសាសន៍ថា ស្ត្រី​នៅតែ​រង​សម្ពាធ​ពី​ផល​ប៉ះពាល់​ការ​អភិវឌ្ឍន៍​ដីធ្លី​ដែល​ថា​បាន​អូស​បន្លាយ​មកដល់​បច្ចុប្បន្ន​នេះ មាន​ដូចជា​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ ការ​ធ្វើទុក្ខបុកម្នេញ​តាម​ផ្លូវ​តុលាការ ការ​ចាប់​ខ្លួន​តាម​អំពើ​ចិត្ត ការ​ឃុំ​ឃាំង​ខ្លួន​ដោយ​ខុសច្បាប់ អំពើ​ហិង្សា បញ្ហា​ផ្លូវចិត្ត ការ​ផ្តន្ទាទោស​ដោយ​គ្មាន​ហេតុផល បាត់បង់​ប្រាក់ចំណូល ការ​ចំណាកស្រុក និង​ការ​ជំពាក់​បំណុល​ធនាគារ​ជាដើម។ លោក វណ្ណ សុផាត បន្ត​ថា បញ្ហា​នេះ​នៅ​មិនទាន់​ធូរស្រាល​សម្រាប់​ឱ្យ​ស្ត្រី​មាន​ស្ថិរភាព​ក្នុង​ការ​រស់នៅ​នោះ​ទេ៖ «រដ្ឋ​យើង​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​គឺ​មាន​ការទទួលខុសត្រូវ ក្នុង​ការ​ការពារ​ចំពោះ​ការ​រង​ផល​ប៉ះពាល់​ជាពិសេស​ក្រុមហ៊ុន​ឯកជន​ត្រូវ​មាន​ការទទួលខុសត្រូវ​ផង​ដែរ មិនមែន​តែ​រដ្ឋ​ទេ គឺ​ត្រូវ​មាន​តួនាទី​ដើម្បី​ចាត់វិធានការ​ការពារ ឬ​ចាត់វិធានការ​ទៅលើ​ក្រុមហ៊ុន​ទាំងឡាយ​ណា​ដែល​រំលោភ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ ផ្ទុយទៅវិញ​យើង​ឃើញ​ថា នៅ​កម្ពុជា​បច្ចុប្បន្ន​នេះ​មិន​ទាន់​មាន​ភាព​ច្បាស់លាស់​ក្នុង​ការ​ចាត់វិធានការ​ទាំងអស់​នេះ​ទេ។ ហេតុដូច្នេះ​ហើយ​ទើប​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​បាន​ផ្ដោត​ស្ថានភាព​ស្ត្រី​ក្នុង​ជម្លោះដីធ្លី ដើម្បី​ឱ្យ​រាជរដ្ឋាភិបាល​ចាប់​អារម្មណ៍​ជួយ​ដោះស្រាយ​បញ្ហា​របស់​ពួកគាត់ ហើយ​សុំ​ឱ្យ​មាន​ការ​អនុវត្ត​ទៅតាម​បទដ្ឋាន​សិទ្ធិមនុស្ស​អន្តរជាតិ​ដែល​រដ្ឋាភិបាល​បាន​ផ្ដល់​សច្ចាប័ន​មក​ដល់​បច្ចុប្បន្ន​នេះ»។

របាយការណ៍​ស្តី​អំពី «​ស្ត្រី​ក្នុង​ជម្លោះដីធ្លី​នៅ​កម្ពុជា​» ដែល​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ធ្វើការ​ស្រាវជ្រាវ ឆ្នាំ​២០១៦ ហើយ​បាន​ធ្វើ​បច្ចុប្បន្នភាព​ផ្សព្វផ្សាយ​នៅ​ពេល​នេះ បង្ហាញ​ថា កាល​ពី​ឆ្នាំ​២០១៦ ៧៩%​នៃ​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ជនបទ​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ទៅ​នឹង​ដីធ្លី​និង​ធនធានធម្មជាតិ។ ប្រជាពលរដ្ឋ​ប្រមាណ ៧​សែន​នាក់ បាន​រង​ផល​ប៉ះពាល់​ដោយសារ​ជម្លោះដីធ្លី​ក្នុង​រយៈពេល​ពីរ​បី ទសវត្ស​ចុងក្រោយ​នេះ​។ ស្ត្រី​នៅ​តាម​ជនបទ​គឺជា​ជន​ងាយ​រងគ្រោះ​ជាពិសេស​ដោយ​សារ​ជម្លោះដីធ្លី​និង​ការ​បណ្ដេញ​ចេញ​ពី​លំនៅឋាន។

របាយការណ៍​បង្ហាញ​ទៀត​ថា ៩៨%​នៃ​ការ​បណ្ដេញ​ចេញ​គឺជា​ការ​បង្ខិតបង្ខំ ឬ​ប្រើ​អំពើ​​ហិង្សា (​ជិត​៨៣%) មិន​ទទួល​​​​​បាន​ការ​ជូនដំណឹង​ជាមុន​ពី​ការ​បណ្ដេញ​ចេញ​ឡើយ ជាង​នេះ​ទៅ​ទៀត (ជិត​៩០%) ពួកគេ​មិន​ទទួល​បាន​ផ្ដល់​សំណង​ទេ។ ការស្រាវជ្រាវ​នេះ រក​ឃើញ​ថា បញ្ហា​ប្រឈម​នានា​បាន​កើត​ឡើង​មក​លើ​ស្ត្រី​ជា​បន្តបន្ទាប់ ជារឿយៗ​ស្ត្រី​បាន​ទទួល​រង​នូវ​ការ​ធ្វើទុក្ខបុកម្នេញ​ពី​ប្រព័ន្ធ​តុលាការ ការ​គំរាមកំហែង​ផ្សេងៗ កន្លែង​តាំងទី​លំនៅ​ថ្មី​ច្រើនតែ​ខ្វះ​ហេដ្ឋារចនាសម្ព័ន្ធ និង​ការ​ទទួល​បាន​សេវាកម្ម​សំខាន់ៗ​ចំ​បាច់​ដូចជា ទឹក អនាម័យ និង​ថែទាំ​សុខភាព​មូលដ្ឋាន​។ ជា​លទ្ធផល​នៃ​ជម្លោះដីធ្លី ជាង​៩១%​នៃ​គ្រួសារ​បាន​ជួបប្រទះ​នូវ​ការ​ធ្លាក់​ចុះ​នៃ​ចំណូល​គ្រួសារ (​ជាង​៥%) ស្ត្រី​បាន​ធ្វើ​ចំណាកស្រុក​ដើម្បី​រក​ការងារ​ធ្វើ​នៅ​កន្លែង​ផ្សេង (ជិត​៤៥%) ស្ត្រី​បាន​យក​ប្រាក់​កម្ចី​ធនាគារ​ដើម្បី​សម្រាល​បញ្ហា​លំបាក​ផ្នែក​ហិរញ្ញវត្ថុ​ដោយសារ​ជម្លោះ​ដីធ្លី​។ ក្រៅ​ពី​នេះ ជាង​៩៨%​នៃ​ស្ត្រី​បាន​រាយការណ៍​ថា ខ្លួន​ទទួលរង​នូវ​បញ្ហា​ផ្លូវចិត្ត ដោយ​គិត​ចង់​បញ្ចប់​ជីវិត​របស់​ខ្លួន មានគំនិត​ធ្វើ​អត្តឃាត និង​បាន​ប៉ុនប៉ង​ធ្វើ​អត្តឃាត​។ ជម្លោះដីធ្លី​នេះ ក៏បាន​បង្ក​ឱ្យ​មាន​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ផង​ដែរ ដោយ​ស្ត្រី​បាន​បោះបង់ចោល​ការ​ផ្គត់ផ្គង់​ម្ហូបអាហារ និង​តួនាទី​ជា​មេផ្ទះ​ដើម្បី​ចាប់​យក​ការ​ធ្វើ​យុទ្ធនាការ​ទាមទារ​ឱ្យ​មាន​សុវត្ថិភាព​សិទ្ធិ​កាន់កាប់​ដីធ្លី។

អតីត​ស្ត្រី​តវ៉ា​នៅ​តំបន់​បឹងកក់ អ្នកស្រី ទេព វន្នី ដែល​និរទេស​ខ្លួន​ទៅ​រស់នៅ​ក្រៅ​ប្រទេស ថ្លែង​ថា ក្រៅពី​រូបភាព​រងគ្រោះ​ទាំងនេះ លោកស្រី​ក៏​រង​នូវ​ការ​លាប​ពណ៌ និង​ស្ថិត​ក្នុង​បញ្ជី​ខ្មៅ ពី​សំណាក់​អ្នក​មានអំណាច អាជ្ញាធរ​រដ្ឋាភិបាល​។ អ្នកស្រី​ថា ការរស់នៅ​ក្នុង​ពន្ធនាគារ​ដោយ​ឈឺចាប់​និង​រង​ភាព​អយុត្តិធម៌​គឺជា​បទពិសោធន៍​ជីវិត​ដែល​អ្នកស្រី​មិន​អាច​បំភ្លេច​បាន៖ «ជាក់ស្ដែង​គឺ​ករណី​នេះ​បាន​ធ្លាក់​មក​លើ​រូប​នាង​ខ្ញុំ​ផ្ទាល់​តែម្ដង នៅ​ពេល​ដែល​នាង​ខ្ញុំ​បាន​ចេញពី​ពន្ធនាគារ មាន​តំណាង​មន្ត្រី​រដ្ឋាភិបាល ៣​នាក់ គេ​បាន​មក​ជួប​នាង​ខ្ញុំ​នឹង​ម្ដាយ គេ​បាន​ប្រើ​ពាក្យសំដី​លួងលោម​ផង​គំរាម​ផង គេ​ថា ប្រសិនជា​នាង​ខ្ញុំ​មិន​ធ្វើ​លិខិត​ចុះចូល​ជាមួយ​នឹង​រដ្ឋាភិបាល ហើយ​ផ្ញើ​ទៅ​នាយករដ្ឋមន្ត្រី លោក​មិន​សប្បាយចិត្ត​ទេ នោះ​គ្រួសារ​ខ្ញុំ​និង​នាង​ខ្ញុំ​មិន​អាច​មានជីវិត​រស់នៅ​បាន​សុខ​ទេ ពីព្រោះ​គេ​ចាត់ទុកថា នាង​ខ្ញុំ​ជា​អ្នកធ្វើ​ការ​បម្រើ​ឱ្យ​អាមេរិក និង​អង្គការ​ដែល​មាន​បំណង​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល មិនមែន​ជា​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​បឹងកក់ ឬ​សកម្មជន​ដីធ្លី​តំបន់​បឹងកក់​ទេ។ គេ​ថាបើ​ខ្ញុំ​ធ្វើតាម​សំណូមពរ​គេ គឺ​ខ្ញុំ​នឹង​រស់នៅ​បាន​សុខ​ទាំង​គ្រួសារ»។

ទោះបីជា​របាយការណ៍​បាន​លើកឡើង​យ៉ាង​នេះ​ក្ដី អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក សេង ឡូត ឆ្លើយ​តប​ថា ក្នុង​បណ្ដឹង​ដែល​ទទួល​បាន​ទូទាំង​ប្រទេស​ប្រមាណ​១​ម៉ឺន​៦​ពាន់​ករណី ក្រសួង​កំពុង​បន្ត​ដោះស្រាយ​នៅសល់​ប្រមាណ​ប្រហែល​១​ពាន់​ករណី​ទៀត​ប៉ុណ្ណោះ។ លោក​ថា គោលដៅ​នៃ​ការ​ដោះស្រាយ​នេះ​ទៀតសោត ដើម្បី​ឱ្យ​មាន​សុខុមាលភាព​នៅ​ក្នុង​សង្គម ផ្អែកលើ​គោលការណ៍​ច្បាប់​ជា​មូលដ្ឋាន​ដែល​ផ្ដល់​យុត្តិធម៌​ដល់​គូរ​ភាគី​។ ទន្ទឹម​នឹង​ការ​ដោះស្រាយ​នេះ ក្រសួង​ក៏បាន​ពន្លឿន​ការចុះបញ្ជី​ដី​ថែម​ទៀត៖ «យើង​ធ្វើការ​ដោះស្រាយ​គ្រប់​វិវាទ​ទាំងអស់ ដែល​មាន​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា វិវាទ​ជាមួយ​ក្រុមហ៊ុន​ជាមួយ​ប្រជាពលរដ្ឋ រវាង​ប្រជាពលរដ្ឋ ជាមួយ​ប្រជា​ពលរដ្ឋ យើង​ដោះស្រាយ​ទាំងអស់​អត់​មាន​យក​វិវាទ​ណា​ទៅ​ទុកចោល​មិន​ដោះស្រាយ​ទេ គ្រប់​ករណី​ទាំងអស់​ដែល​មាន​សំណើ​ពី​ប្រជាពលរដ្ឋ​។ ចំនួន​នេះ​នឹង​ថយ​ទៅ​ទៀត ដោយសារ​ការ​ពន្លឿន​ការ​ចុះ​បញ្ជី​ដី រួម​ជាមួយ​វិធានការ​ក្រសួង ស្នើ​ទៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​បញ្ឈប់​ការ​ចុះ​ហត្ថលេខា​លើ​លិខិត​ផ្ទេរសិទ្ធិ ដែល​ហៅថា​ប្លង់​ទន់​ដែល​មិន​មាន​ការ​បញ្ជាក់​និយាម​ការ​ច្បាស់​លាស់​ពី​រដ្ឋបាល​សុរិយោដី ដើម្បី​ឱ្យ​មាន​ភាព​ច្បាស់លាស់ កុំ​ដី​ហ្នឹង​ជាន់គ្នា កុំ​ដី​ហ្នឹង​នៅ​លើ​តែ​ក្រដាស ហើយ​ទីតាំង​ជាក់ស្ដែង​គ្មាន​អ្វី​ជា​សំអាង»។

អតីត​ស្ត្រី​តវ៉ា​នៅ​តំបន់​បឹងកក់ អ្នកស្រី ទេព វន្នី ក្នុងនាម​ជា​ស្ត្រី​ដែល​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា ក្រោម​ផ្លាក​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល អំពាវនាវ​ដល់​អង្គការ​ជាតិ អន្តរជាតិ​បង្កើន​ការ​យក​ចិត្តទុក​ដាក់ តាម​ដាន​ឃ្លាំមើល​បញ្ហា​ស្ត្រី ដែល​កំពុង​ជួប​នូវ​ទុក្ខ​លំបាក​ធ្ងន់ធ្ងរ​ដែល​ត្រូវ​ភៀសខ្លួន​បែកបាក់​ក្រុម​គ្រួសារ​។ អ្នកស្រី​ថា សូម​កុំ​ទុក​ពួកគាត់​ចោល​ឱ្យ​រស់នៅ​ឯកោ និង​ជាពិសេស​សូម​បញ្ឈប់​នូវ​ទង្វើ​របស់​រដ្ឋាភិបាល​ដែល​យក​ស្ត្រី​ជា​ទាសករ​សិទ្ធិមនុស្ស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

Leave a Reply

Submit Comment