សហគមន៍​ព្រៃ​ឡង់​ខេត្ត​ព្រះវិហារ​ថា សកម្មភាព​កាប់​ឈើ​ក្នុង​ព្រៃ​អភិរក្ស​បាន​កម្រើក​ឡើងវិញ

ដោយ សេក បណ្ឌិត
2019-10-21
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សហគមន៍​ព្រៃឡង់​ឃាត់​ចាប់​បទល្មើស ក្នុង​ព្រៃឡង់ នៅ​ក្នុង​ស្រុក​ជ័យសែន ខេត្ត​ព្រះវិហារ កាល​ពី​ថ្ងៃ​ទី១៦ ខែ​តុលា ឆ្នាំ​២០១៩។

សហគមន៍​ព្រៃឡង់​ឃាត់​ចាប់​បទល្មើស ក្នុង​ព្រៃឡង់ នៅ​ក្នុង​ស្រុក​ជ័យសែន ខេត្ត​ព្រះវិហារ កាល​ពី​ថ្ងៃ​ទី១៦ ខែ​តុលា ឆ្នាំ​២០១៩។ Photo Provided


សហគមន៍​ព្រៃ​ឡង់​ខេត្ត​ព្រះវិហារ​អះអាង​ថា សកម្មភាព​កាប់ និង​ដឹកជញ្ជូន​ឈើ ក្នុង​ដែន​ជម្រក​សត្វព្រៃ​ឡង់ នៅតែ​កើតមាន​ជា​ហូរហែ ដោយមាន​ថៅកែ​ចាំ​ទទួល​ទិញ​ឈើ ពី​ក្រុម​កម្មករ​នៅ​មូលដ្ឋាន​។ ចំណែក សកម្មភាព​បរបាញ់​សត្វព្រៃ និង​ការ​ដាក់​អន្ទាក់​ចាប់​សត្វព្រៃ​ខុសច្បាប់ ក្នុង​តំបន់​ព្រៃ​ការពារ​ធម្មជាតិ​មួយ​នេះ ក៏​កំពុង​កើតមាន​ច្រើន​ដែរ។

សហគមន៍​ការពារ​ព្រៃ​ឡង់​ខេត្ត​ព្រះវិហារ ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី២០ ខែ​តុលា ថា ឈើ​មូល​ធំៗ​ប្រភេទ គគីរ ផ្ចឹក និង ឈើទាល មានមុខ​កាត់ ៥ តឹក​ឡើង​ទៅ ឋិត​នៅ​ចំណុច​អូរ​ធ្នង់ ឃុំ​ធ្មា ស្រុក​ជ័យសែន ក្នុង​ដែន​ជម្រក​សត្វព្រៃឡង់ កំពុង​ទទួល​រង​ការ​កាប់​រំលំ​ធ្វើ​អាជីវកម្ម​អស់​ជា​បន្តបន្ទាប់ កម្រ​មាន​ការ​អនុវត្ត​ច្បាប់។ សហគមន៍​ត្អូញ​ថា ពួកគេ​ជួប​ការ​លំបាក​ក្នុង​ការ​ចុះ​ល្បាត​ព្រៃ ស្រប​ពេល​ដែល​ក្រុម​ជនល្មើស មាន​អាវុធ​ច្នៃ បាន​ធ្វើ​សកម្មភាព បរបាញ់​សត្វព្រៃ និង​លួច​កាប់​ឈើ។

ក្រុម​ស្នូល​ព្រៃ​ឡង់ ខេត្ត​ព្រះវិហារ លោក ខេម សុខី ប្រាប់​អាស៊ីសេរី​ថា ក្រុម​កម្មករ​ប្រដាប់​ដោយ​រណារ​យន្ត និង​កាំភ្លើង​ច្នៃ លួច​ចូល​អារ​ឈើ​នៅ​ពេល​យប់ នៅ​ចំណុច​អូរ​ធ្នង់ រួច​ដឹក​តាម​គោយន្ត​ឆ្លងកាត់​ស្នាក់​ការ​មន្ត្រី​បរិស្ថាន នៅ​ចំណុច​ស្រែ​វាល។ លោក​ថា ក្រុម​ជនល្មើស បាន​អារ​ឈើ​ជា​បន្ទះ​ក្តារ និង​ច្រៀក​ជា​សន្លឹក​ៗ​ក្នុង​ព្រៃ រួច​ដឹក​លក់​ឱ្យ​ថៅកែ​ចាំ​ទទួល​ទិញ​នៅ​មូលដ្ឋាន​។ ចំណែក​មន្ត្រី​បរិស្ថាន​ដែល​ឈរជើង​នៅ​ទីនោះ មិនបាន​រារាំង​ក្រុម​អ្នក​ដឹក​ឈើ​ខុសច្បាប់​ទាំងនេះ​ទេ៖ «នៅតែ​កាប់​នៅឡើយ​ទេ​ឈើ ដោយសារ​មាន​ថៅកែ​គេ​ដាក់​ជួល​នៅ​ហ្នឹង​។ ច្រើន​ដើម​ណាស់ តែ​កំពុងតែ​អារ​មុនៗ​វា​ច្រើន​ដើម​។ ឈើ​នៅសល់​តាម​គល់​ទៀត​។ ដេក​យប់​ឡើង​នៅតែ​ឮ​សំឡេង​ម៉ាស៊ីន គេ​អារ​តែ​ពេលយប់​ទេ»។

បុរស​ដដែល​បន្ថែម​ថា កាល​ពី​ប៉ុន្មាន​ថ្ងៃមុន ក្រុម​ល្បាត​បាន​ប្រទះឃើញ ឈើ​គគីរ ផ្ដៀក និង ឈើទាល​ជាច្រើន​ដើម ត្រូវ​បាន​គេ​កាប់​ផ្ដួល នៅ​សល់​គល់ និង​មាន​ឈើ​ខ្លះ​ទៀត​ត្រូវ​គេ​អារ​ច្រៀក​ជា​បន្ទះ​ក្តារ មិន​ទាន់​ដឹក​ចេញ​ក្រៅ។ លើស​ពី​នេះ ក្រុម​ល្បាត​បាន​ឃាត់​ចាប់​រណារ​យន្ត ១​គ្រឿង និង​អាវុធ​ច្នៃ ២​ដើម និង​បាន​ផ្តល់​ព័ត៌មាន​ទាំងនេះ ទៅ​ឆ្មាំ​អភិរក្ស ដើម្បី​អនុវត្ត​ច្បាប់​៖ «ពួក​ខ្ញុំ​ព្រួយបារម្ភ​ការអនុវត្ត​ច្បាប់​មាន​ចន្លោះប្រហោង​ច្រើន​។ ចេះ​តែ​មាន​កើតឡើង ដោយសារ​ជួប​បទល្មើស​ជាក់ស្ដែង​ហើយ យើង​អត់​យក​បទល្មើស​ទៅ​ផ្ដន្ទាទោស​តាមច្បាប់​។ គ្រាន់តែ​ដក​វត្ថុ​តាង​ហើយ ឱ្យ​ជនល្មើស​ទៅវិញ»។

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​ប្រធាន​ស្នាក់​ការ​ស្រែ​វាល នៃ​ក្រសួង​បរិស្ថាន លោក លឹម វណ្ណៈ ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ តែ​ទូរស័ព្ទ​របស់​លោក​មិន​អាច​ទាក់ទង​បាន។

ចំណែក​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភត្ត្រា ក៏​មិន​លើក​ទូរស័ព្ទ​ដែរ​នៅ​ថ្ងៃ​នេះ​។​

​ប្រធាន​សហគមន៍​ព្រៃ​ឡង់ ខេត្ត​ព្រះវិហារ លោក ស្រី ថី បារម្ភ​ថា សហគមន៍​ជួប​កា​លំបាក​ចុះ​ល្បាត​ព្រៃ ដោយសារ​ក្រុម​ជនល្មើស​មាន​កាំភ្លើង​ច្នៃ គំរាមកំហែង​អាយុជីវិត​របស់​ពួកគេ​នៅ​គ្រា​ចុះ​ល្បាត​ព្រៃ​ម្ដងៗ​។ លោក​ថា ការ​បរបាញ់​សត្វព្រៃ ការ​ដាក់​អន្ទាក់ និង​សកម្មភាព​កាប់​ឈើ​នៅតែ​កើតមាន​ជា​ហូរហែ​។ ហេតុនេះ​លោក​អំពាវនាវ​ឱ្យ​ក្រសួងបរិស្ថាន រក​មធ្យោបាយ​ដោះស្រាយ​រឿង​នេះ​ជាបន្ទាន់ បើ​ពុំ​ដូច្នេះ​ទេ សត្វព្រៃ​ក្នុង​តំបន់​ព្រៃ​ការពារ​ធម្មជាតិ​មួយ​នេះ នឹង​ប្រឈម​ហានិភ័យ​ខ្ពស់៖ «មានការ​ព្រួយបារម្ភ​ច្រើន​ទាំង​សត្វព្រៃ និង​ព្រៃឈើ​ដែល​មាន រដ្ឋាភិបាល​ថា ការពារ​ព្រៃឈើ ក៏ប៉ុន្តែ​ឈើ​ដឹក​ចេញ​ជា​ហូរហែ នៅ​តំបន់​ព្រៃ​ឡង់​យើង​ហ្នឹង​។ ខ្ញុំ​មើល​ទៅ​យប់​ៗ​ដឹក​ចេញ​រាល់​យប់​តាម​គោយន្ត អា គោយន្ត​កន្ទ្រៃ​យើង ដឹក​តាម​មុខ​ទីស្នាក់ការ​បរិស្ថាន​។ ប្រហែល​ត្រូវ​គ្នា​ដឹង បាន​ដឹក​បាន»។

មន្ត្រី​តស៊ូ​មតិ​នៃ​អង្គការ​ពន្លក​ខ្មែរ លោក ប៉ិក សោភ័ណ ចាត់​ទុក​បញ្ហា​ទាំងនេះ ជា​ការ​ទទួលខុសត្រូវ​ខ្ពស់​របស់​អាជ្ញាធរ​មូលដ្ឋាន ដែល​មាន​ភារកិច្ច​អនុវត្ត​ច្បាប់​លើ​ក្រុម​ជនល្មើស​កាប់​ឈើ និង​ប្រើ​កាំភ្លើង​ច្នៃ​ខុសច្បាប់​៖ «មុនៗ​មក​ធ្លាប់​មាន​អាជ្ញាធរ​លោក​ចាត់ការ​រឿង​ហ្នឹង​ដែរ ក៏ប៉ុន្តែ​ហាក់​ដូចជា​អត់​មាន​ប្រសិទ្ធភាព​វែងឆ្ងាយ បាន​តែមួយ​ភ្លែតៗ​។ ស្នើសុំ​យ៉ាង​ទទូច​ដែរ ប្រសិនបើ​បណ្ដែតបណ្ដោយ​របៀប​ហ្នឹង នាំ​ឱ្យ​គ្រោះថ្នាក់​សត្វព្រៃ​កាន់​តែ​ច្រើន និង​ជីវិត​មនុស្ស​ផង​ដែរ ដែល​មាន​ឆន្ទៈ​ការពារ​ព្រៃឈើ និង​សត្វព្រៃ​បរិស្ថាន»។

កាលពី​សប្ដាហ៍​មុន សត្វ​ប្រើស​ឈ្មោល ១ ក្បាល ទម្ងន់ ២០០ គីឡូក្រាម ត្រូវ​បាន​ព្រានព្រៃ​បាញ់​សម្លាប់​ដោយ​ប្រើ កាំភ្លើង​កែច្នៃ ឋិត​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រះ​រកា នៃ​បុស្ស​ធំ ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ​។ ចំណែក​ក្រសួង​បរិស្ថាន បាន​រុញ​ឱ្យ​សមត្ថកិច្ច​ស៊ើបអង្កេត​រកមុខ​ជន​សង្ស័យ។

មន្ត្រី​ជាន់ខ្ពស់​ក្រសួងបរិស្ថាន លោក នេត្រ ភត្ត្រា បាន​ប្រាប់​កាសែត​ក្នុងស្រុក (​ភ្នំពេញ​ប៉ុស្ដិ៍) ថា សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ប្រឆាំង ជនល្មើស និង​អ្នក​ប្រើ​អាវុធ​កែច្នៃ​ខុសច្បាប់​។ លោក​ទទួលស្គាល់​ថា មាន​ពលរដ្ឋ​មួយ​ចំនួន​រស់នៅ​ជុំវិញ​តំបន់​ព្រៃ​ការពារ​ធម្មជាតិ បាន​លួច​ប្រើ​អាវុធ​កែច្នៃ​ខុសច្បាប់​។ ពួកគេ​បាន​លួច​ចូល​ព្រៃ​បរបាញ់​សត្វព្រៃ និង​ដាក់​អន្ទាក់​ចាប់​សត្វ ត្រូវតែ​ប្រឈមមុខ​នឹង​ច្បាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles