ខ្មែរ​នៅ​អូស្ត្រាលី​​ធ្វើ​បាតុកម្ម​ប្រាប់​ទៅ​សហគមន៍​អន្តរជាតិ​ថា របប​ក្រុង​ភ្នំពេញ​សព្វថ្ងៃ​មិន​បាន​គោរព​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ទេ

ដោយ អាស៊ីសេរី
2019-10-22
អាស៊ីសេរី

សហគមន៍​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ទីក្រុង​កង់បេរ៉ា កាល​ពី​ថ្ងៃ​អង្គារ ទី​៥ ខែ​ធ្នូ ឆ្នាំ​២០១៧។

សហគមន៍​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ទីក្រុង​កង់បេរ៉ា កាល​ពី​ថ្ងៃ​អង្គារ ទី​៥ ខែ​ធ្នូ ឆ្នាំ​២០១៧។ RFA/Chun Chanboth


សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី​នឹង​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​ទី២៣ ខែ​តុលា ក្នុង​ទីក្រុង កង់បេរ៉ា (Canberra) ដើម្បី​ជំរុញ​ទៅ​សហគមន៍​អន្តរជាតិ ជាពិសេស​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឱ្យ​ជួយ​រក​ដំណោះ​ស្រាយ​​ជម្លោះ​​នយោបាយ​​នៅ​​កម្ពុជា។ សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី​ក៏​ស្នើ​ទៅ​សហគមន៍​អន្តរជាតិ​ធ្វើ​ជា​សាក្សី​នៃ​ការ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី ចូល​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា​ខាង​មុខ​ផង​ដែរ។ អ្នកវិភាគ​ថា របប​ក្រុង​ភ្នំពេញ​កំពុង​ព្យាយាម​សម្លាប់​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ដើម្បី​ផ្គាប់​ចិត្ត​ចៅហ្វាយ​នាយ​របស់​ខ្លួន។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ប្រទេស​អូស្ត្រាលី​អះអាង​ថា បាតុកម្ម​​នេះ​នឹង​មាន​អ្នក​ចូលរួម​ប្រមាណ ៣០០នាក់​មក​ពី​បណ្ដា​រដ្ឋ​នានា នៅ​ក្នុង​ប្រទេស​អូស្ត្រាលី ហើយ​ក្នុង​នោះ​ក៏​មាន​តំណាង​រាស្ត្រ​អូស្ត្រាលី​មួយ​ចំនួន​នឹង​ចូលរួម​ស្ដាប់​ការ​ទាមទារ​នេះ​ដោយ​ផ្ទាល់​ដែរ។

ប្រធាន​សាខា​គណបក្ស​សង្គ្រោះ​ជាតិ​ទីក្រុង​ម៉ែលប៊ន (Melbourne) លោក អ៊ិន ហេមារា ឱ្យ​អាស៊ី​សេរី​ដឹង​នៅ​ថ្ងៃ​ទី២២ ខែ​តុលា​ថា គម្រោង​នៃ​ទាមទារ​នេះ ចាប់​ផ្តើម​ពី​ម៉ោង ៨កន្លះ​ព្រឹក ម៉ោង​នៅ​ប្រទេស​អូស្ត្រាលី។ លោក​ឱ្យ​ដឹង​ទៀត​ថា ក្រុម​បាតុករ​នឹង​ដើរ​ដង្ហែ​ក្បួន ដាក់​លិខិត និង​ថ្លែង​សារ​នយោបាយ​នៅ​មុខ​ស្ថានទូត​ចិន ស្ថានទូត​សហភាព​អឺរ៉ុប ស្ថានទូត​សហរដ្ឋ​អាមេរិក និង​ចុង​ក្រោយ គឺ​ក្រុម​បាតុករ​នឹង​នាំ​គ្នា​ប្រមូល​ផ្តុំ​នៅ​មុខ​វិមាន​រដ្ឋសភា​នៃ​ប្រទេស​អូស្ត្រាលី៖ «មក​ដល់​ពេល​នេះ គឺ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស គឺ​ត្រូវ​បាន​រំលោភ​បំពាន​ដោយ​របប ហ៊ុន សែន ធ្ងន់ធ្ងរ​មែន​ទែន​ហើយ​ចុង​បញ្ចប់​នេះ រហូត​ដល់​គាត់​គំរាម​បាញ់​សម្លាញ់​អ្នក​ទៅ​អម​ដំណើរ​លោក សម រង្ស៊ី ដែល​នេះ​ជា​ការ​រំលោភ​បំពាន​ធ្ងន់ធ្ងរ​ណាស់»

លោក អ៊ិន ហេមារា ឱ្យ​ដឹង​ទៀត​ថា ការ​ទាមទារ​នេះ​មាន​គោលបំណង​រម្លឹក​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​ប្រាប់​ទៅ​សហគមន៍​អន្តរជាតិ​ថា របប​ក្រុង​ភ្នំពេញ​កំពុង​រំលោភ​កិច្ច​ព្រមព្រៀង​នេះ​យ៉ាង​ធ្ងន់ធ្ងរ។ ក្រៅ​ពី​នេះ សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី​មាន​បំណង​ជំរុញ​ឱ្យ​អន្តរជាតិ​ដាក់​សម្ពាធ​ឱ្យ​របប​ក្រុ​ង​ភ្នំពេញ​គោរព​កិច្ច​ព្រមព្រៀង​នេះ​ឡើង​វិញ ហើយ​និង​ធ្វើ​ជា​សាក្សី​នៃ​ដំណើរ​មាតុភូមិនិវត្តន៍​​របស់​លោក សម រង្ស៊ី នៅ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា​ខាង​មុខ។

អ្នក​ផ្ដួចផ្ដើម​បាតុកម្ម​​ម្នាក់​ទៀត គឺ​អតីត​ចៅហ្វាយក្រុង​ដែនឌឺណុង (Dandenong) និង​សព្វថ្ងៃ​ជា​មេឃុំ​ប្រចាំ​តំបន់​ស្រ្ពីងវេល (Springvale) លោក ជា យូហន ឱ្យ​ដឹង​ដែរ​ថា ​សហគមន៍​ខ្មែរ​ចង់​ឱ្យ​សភា​សហព័ន្ធ និង​រដ្ឋាភិបាល​​អូស្ត្រាលី​ជួយ​ខិតខំ​រក​ដំណោះ​ស្រាយ​​វិបត្តិនយោបាយ​នៅ​កម្ពុជា​ឡើង​វិញ ដូច​អ្វី​​ដែល​អូស្ត្រាលី​បាន​ធ្វើ​នា​ពេល​កន្លង​មក៖ «យើង​នឹង​ប្រាប់​ទៅ​សភា និង​រដ្ឋាភិបាល​អូស្ត្រាលី​ឱ្យ​បាន​យល់​ប្រហែលជា​ដល់ពេល​ដែល​អូស្ត្រាលី​ត្រូវ​ចាប់​ធ្វើ​ការ​ឡើងវិញ ធ្វើ​យ៉ាង​ម៉េច​ឱ្យ​មាន​ការ​គោរព​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ឡើងវិញ បើ​មិន​អ៊ីចឹង​ទេ គឺ​អត់​បានការ​ទាំងអស់»

ពលរដ្ឋ​ខ្មែ​រស់​នៅ​ប្រទេស​អូស្ត្រាលី កញ្ញា សារាណាវី រាម ប្រាប់​អាស៊ី​សេរី​ថា កញ្ញា​នឹង​ចូល​រួម​ក្នុង​បាតុកម្ម​នេះ ដើម្បី​បង្ហាញ​ដល់​សហគមន៍​អន្តរជាតិ​ថា ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី​គាំទ្រ​ការ​វិល​ចូល​ស្រុក​របស់​លោក សម រង្ស៊ី។ ខ្មែរ​នៅ​ក្រៅ​ស្រុក​រូប​នេះ រម្លឹក​ទៅ​របប​ក្រុង​ភ្នំពេញ​ឱ្យ​មើល​ប្រទេស​រីក​ចម្រើន​នានា ដែល​គេ​ខំ​ប្រឹង​ដឹក​នាំ​ឲ្យ​មាន​ការ​អភិវឌ្ឍ ផ្ទុយ​ពី​របប​ក្រុង​ភ្នំពេញ​សព្វថ្ងៃ​ដែល​តែងតែ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​ពលរដ្ឋ​ខ្លួន​ឯង៖ «របប​ក្រុង​ភ្នំពេញ​គួរ​មើល​ប្រទេស​ជិត​ខាង ដែល​គេ​ជឿនលឿន ដែល​គេ​មាន​ការ​ផ្លាស់​ប្តូរ ដែល​គេ​ឱ្យ​អ្នក​មាន​សមត្ថភាព​ដឹក​នាំ​ប្រទេស​ជាតិ ដូច​ថា កុំ​ឱ្យ​មាន​តែ​អញ ក្រៅ​ពី​អញ​គ្មាន​អ្នក​ណា​អ៊ីចឹង​ណា»

ទាក់ទង​ការ​ទាមទារ​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ស្រុក​នេះ អាស៊ី​សេរី​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នកនាំពាក្យ​របប​ក្រុងភ្នំពេញ​លោក ផៃ ស៊ីផាន និង​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន បានទេ នៅ​ថ្ងៃ​ទី២២ ខែ​តុលា ដោយ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​ទទួល។

ទោះ​ជា​យ៉ាង​ណា មេដឹកនាំ​របប​ឯក​បក្ស លោក ហ៊ុន សែន និយាយនៅថ្ងៃទី២២ ខែ​តុលា​ថា កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា បាន​ដាក់​បញ្ចូល​ក្នុង​រដ្ឋធម្មនុញ្ញ​ ឆ្នាំ​១៩៩៣ អស់​ហើយ ដូច្នេះ​កិច្ច​ព្រមព្រៀង​នេះ​លែង​មាន​សុពលភាព​ទៀត​ហើយ។

អ្នក​វិភាគ​បញ្ហា​នយោបាយ​លោក គឹម សុខ ដែល​ហ៊ាន​រិះគន់​លោក ហ៊ុន សែន ឥត​សំចៃ​មាត់ និង​បច្ចុប្បន្ន​កំពុង​រស់​នៅ​និរទេស​ខ្លួន​នៅ​ប្រទេស​ហ្វាំងឡង់ និយាយ​ថា លោក ហ៊ុន សែន តែង​ព្យាយាម​សម្លាប់​កិច្ច​ព្រមព្រៀង​នេះ ដើម្បី​បម្រើ​ចៅហ្វាយ​នាយ​របស់​ខ្លួន ដែល​លើក​តម្កើង​ឲ្យ​ខ្លួន​បាន​ដឹក​នាំ​ប្រទេស​សព្វថ្ងៃ។​ អ្នក​វិភាគ​រូប​នេះ​យល់​ថា មាន​តែ​ពលរដ្ឋ​ជា​ម្ចាស់​ប្រទេស​ទេ ដែល​អាច​ទប់​ស្កាត់​ទង្វើ​លោក ហ៊ុន សែន ក្នុង​ការ​សម្លាប់​កិច្ច​ព្រមព្រៀង​នេះ តាម​រយៈ​ការ​សាមគ្គី​ជា​កម្លាំង​រួម​គ្នា​ស្នើ​ទៅ​អង្គការ​សហប្រជាជាតិ ឬ​ប្រទេស​ជា​សហ​ប្រធាន​នៃ​កិច្ច​ព្រមព្រៀង​នេះ ជំរុញ​ឲ្យ​មាន​អនុវត្ត​កិច្ច​ព្រមព្រៀង​នេះ​ឡើង​វិញ៖ «រឿង​នេះ​បើ​លោក ហ៊ុន សែន មិន​ព្យាយាម​សម្លាប់​ខ្លឹមសារ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីសហើយ​អនុវត្ត​ឲ្យ​បាន​វិញ​ណា​វា​បំផ្លាញ​ប្រយោជន៍​ចៅហ្វាយ​នាយ​របស់​គាត់ ហេតុ​ដូច្នេះ​ហើយ គាត់​ព្យាយាម​បង្វិល​បង្វែរ​បំផ្លៃ​គ្រប់​បែប​យ៉ាង»

កាលពី​ឆ្នាំ​១៩៩១ កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​បាន​ផ្ដល់​កំណើត​ថ្មី​ដល់​ប្រទេស​កម្ពុជា ដោយ​គ្រប់​ភាគី​សន្យា​ថា នាំ​មក​នូវ​លទ្ធិប្រជាធិបតេយ្យ​ក្រោយពី​គ្រាំគ្រា​ដោយ​សង្គ្រាមស៊ីវិល​​ជាច្រើន​ទសវត្ស។ ប្រទេស​ហត្ថលេខី​ទាំង​១៩រួម​ទាំង​កម្ពុជា​ផង​នោះ បាន​ប្ដេជ្ញា​ពី​ការអនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ឱ្យ​បាន​ពេញលេញ។

ក្នុង​អំឡុង​ទសវត្ស​ទី៩០ ប្រទេស​អូស្ត្រាលី​ធ្លាប់​ដើរតួ​សំខាន់ ក្នុង​ការ​ផ្ដួចផ្ដើម​ឱ្យ​មាន​ដំណោះស្រាយ​នយោបាយ​នៅ​កម្ពុជា​។ អតីត​រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី នា​សម័យ​នោះ គឺ​លោក ហ្គារ៉េត អេវាន គឺជា​ស្ថាបនិក​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

Leave a Reply

Submit Comment