តុលាការ​ចាប់​ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ទៀត​នៅ​ក្នុង​ខេត្ត​មណ្ឌលគីរី​ ពី​បទ​រួម​គំនិត​ក្បត់

ដោយ ហេង រស្មី
2019-10-22
RFA

សាលាដំបូងខេត្ត​មណ្ឌលគិរី។

សាលាដំបូងខេត្ត​មណ្ឌលគិរី។

 រូប៖ RFA


អាជ្ញាធរ​ចាប់​ខ្លួន​សកម្មជន​គណបក្ស​ប្រឆាំង​ម្នាក់​ទៀត​នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី​ ខណៈ​​តុលាការ​ខេត្ត​ព្រះសីហនុ​បាន​ចេញ​ដីកា​ចោទ​ប្រកាន់​សកម្មជន​​គណបក្ស​សង្គ្រោះ​ជាតិ ៣នាក់​ទៀត​ពី​បទ​រួម​គំនិត​ក្បត់​ក្នុង​ការ​កៀរគរ​កម្លាំង​មហាជន​ត្រៀម​ទទួល​លោក​ សម រង្ស៊ី​ ដែល​គ្រោង​នឹង​វិល​មក​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី៩ វិច្ឆិកា​ខាង​មុខ​នេះ។​

តុលាការ​ខេត្ត​មណ្ឌលគិរី​កាល​ពី​ថ្ងៃ​ទី​២១​ តុលា ​បាន​ចេញ​ដីកា​ចោទ​ប្រកាន់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ទៀត​ឈ្មោះ ភួង កំសាន្ត​ ពី​បទ​«​រួម​គំនិត​ក្បត់»​ បន្ទាប់ពី​​អាជ្ញាធរ​បាន​ចាប់​ខ្លួន​លោក​រួច​ហើយ។ ​

នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​តុលាការ​បាន​ចោទ​ប្រកាន់​ថា​ លោក​ ភួង កំសាន្ត​ និង​បក្ស​ពួក​បាន​កៀរគរ​បំផុស​ប្រជាជន​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ដើម្បី​ធ្វើ​សកម្មភាព​ផ្ដួល​រំលំ​រដ្ឋាភិបាល។​​

​នៅ​ខេត្ត​ព្រះសីហនុ​ឯណោះ​វិញ តុលាការ​ក៏​បាន​ចេញ​ដីកា​ចោទ​ប្រកាន់​មន្ត្រី​ជាន់​ខ្ពស់​ និង​សកម្មជន​គណបក្ស​ប្រឆាំង​ចំនួន ៣នាក់​ផ្សេង​ទៀត​ពី​បទ «រួម​គំនិត​ក្បត់» ដូចគ្នា​នេះ​ដែរ គឺ​កៀរគរ​កម្លាំង​មហាជន​ត្រៀម​ទទួល​លោក​ សម រង្ស៊ី​ ដែល​គ្រោង​នឹង​វិល​មក​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី៩ វិច្ឆិកា​ខាង​មុខ​នេះ។

សកម្មជន​គណបក្ស​ប្រឆាំង​ទាំង​បី​នាក់​នោះ​រួម​មាន សមាជិក​គណៈកម្មាធិការ​នាយក​និង​ជា​អនុប្រធាន​ក្រុម​ការងារ​ខេត្ត​ព្រះសីហនុ​ លោក ញឹម គឹមញ៉ុល កញ្ញា ងឹម គាថា និង​កញ្ញា សៅ ឧសភា ឬ​ហៅ​ថា សភា មយូរ៉ា ។ បច្ចុប្បន្ន​អ្នក​ទាំង​បី​កំពុង​រស់​នៅ​ភៀស​ខ្លួន​នៅ​ទី​កន្លែង​មាន​សុវត្ថិភាព។

សមាជិក​គណៈកម្មាធិការ​នាយក​ និង​ជា​អនុប្រធាន​ក្រុម​ការងារ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ​ខេត្ត​ព្រះសីហនុ​ លោក ញឹម គឹមញ៉ុល​ ប្រាប់​អាស៊ី​សេរី​ថា លោក​មិន​ឈឺ​ក្បាល​នឹង​តុលាការ​តេឡេ​នេះ​ទេ ពី​ព្រោះ​លោក​មិន​ដែល​កាប់​បំផ្លាញ​ព្រៃឈើ​ លក់​ធនធាន​ធម្មជាតិ​ និង​​កាត់​ទឹក​ដី​ទៅ​ឲ្យ​ប្រទេស​ជិត​ខាង​ ដូច​របប​ក្រុង​ភ្នំពេញ​ទេ។​

លោក​បញ្ជាក់​ថា​ បើ​ទោះ​បី​មាន​ការ​ចោទ​ប្រកាន់​លោក​ថា​ រួម​គំនិត​ក្បត់​ក៏​ដោយ ​ក៏​មិន​អាច​ដូរ​ឆន្ទៈ​របស់​លោក​មិន​ឲ្យ​គាំទ្រ​លោក​ សម រង្ស៊ី​ ដែរ៖«គំនិត​មនសិការ​ស្នេហាជាតិ​របស់​ខ្ញុំ​នៅ​តែ​មាន។ ខ្ញុំ​អត់​មាន​ខ្លាច​រអា​នឹង​របប​នេះ ចំពោះ​ការ​ចេញ​ដីកា​មក​រក​ចាប់​ចង​ខ្ញុំ​ទេ ពីព្រោះ​ខ្ញុំ​អត់​មាន​ធ្វើ​អ្វី​ខុស​ទេ»

នៅ​សល់​តែ ២០ថ្ងៃ​ទៀត​តែ​ប៉ុណ្ណោះ​គិត​ត្រឹម​ថ្ងៃ​ទី២២ តុលា​នេះ​ដល់​ពេល​កំណត់​នៃ​ការ​វិល​ត្រឡប់​របស់​លោក​ សម រង្ស៊ី​វិល​ចូល​មាតុប្រទេស​វិញ​ដើម្បី​ស្ដារ​សិទ្ធិមនុស្ស​ និង​ លទ្ធិប្រជាធិបតេយ្យ​ នៅ​កម្ពុជា​ឡើង​វិញ។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ​តុលាការ​របប​ក្រុង​ភ្នំពេញ​បាន​បង្កើន​ការ​ចោទ​ប្រកាន់​ និង​ចាប់​ខ្លួន​សកម្មជន​គាំទ្រ​គណបក្ស​ប្រឆាំង​ជា​បន្ត​បន្ទាប់។

សម្រាប់​ប្រធាន​ចលនា​យុវជន CNRPស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ និង​ជា​សកម្មជន​បរិស្ថាន​មាតា​ធម្មជាតិ កញ្ញា សៅ ឧសភា នេះ​ជា​ដីកា​តាម​ចាប់​ខ្លួន​លើក​ទី២ ហើយ។ របប​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី ២៨កញ្ញា​កន្លង​ទៅ បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់​ខ្លួន​កញ្ញា សៅ ឧសភា ​ម្ដង​កាល​រួច​ទៅ​ហើយ​ដោយ ​

កញ្ញា​ សៅ ឧសភា​ ប្រាប់​អាស៊ី​សេរី​ពី​កន្លែង​លាក់ខ្លួន​មក​ថា នេះ​ជា​រឿង​អយុត្តិធម៌​សម្រាប់​កញ្ញា​ជា​ពលរដ្ឋ​ធម្មតា​ ហើយ​បាន​ឈឺ​ឆ្អាល​ចំពោះ​សង្គម​ជាតិ។ កញ្ញា​បញ្ជាក់​ថា ដីកា​របស់​តុលាការ​នេះ​គ្មាន​ឥទ្ធិពល​ដល់​ការ​គាំទ្រ​របស់​កញ្ញា​ចំពោះ​លោក សម រង្សី ទេ៖ «ទាំង​ខ្ញុំ​នឹង​អ្នក​ដទៃ​ផ្សេង​ទៀត​គិត​ថា​ ហ៊ុន សែន ធ្វើ​បែប​ហ្នឹង​គឺ​ជា​សកម្មភាព​មួយ ដែល​កំសាក​ញី។ សូម្បីតែ​ខ្ញុំ​ជា​កម្មករ​រោងចក្រ​​សោះ​បែរ​ជា​ចោទ​ខ្ញុំ​ថា ​ធ្វើ​រដ្ឋ​ប្រហារ។​ តើ​ខ្ញុំ​មាន​សមត្ថភាព​បែប​ណា​ទៅ​ធ្វើ​រដ្ឋប្រហារ​គាត់​បាន​ ទាំង​ខ្ញុំ​មិន​មាន​ទាហាន​ កងទ័ព​ អាវុធ​អ្វី​ផ្សេងៗ ​ផង​ហ្នឹង។ អញ្ចឹង​សម្រាប់​ខ្ញុំ​សូម​ថ្កោល​ទោស​នៅ​រាល់​ទង្វើ​ និង​សកម្មភាព​របស់​មន្ត្រី​របប​ក្រុង​ភ្នំពេញ»

កញ្ញា សៅ ឧសភា ក៏​ធ្លាប់​ត្រូវ​សមត្ថកិច្ច​ប៉ូលិស​ខេត្ត​ព្រះសីហនុ​ ឃាត់​ខ្លួន​ម្ដង​រួច​ហើយ កាល​ថ្ងៃ​ទី២៣ សីហា​កន្លង​ទៅ ទាក់ទង​ករណី​ចោទ​ប្រកាន់​ថា កញ្ញា​ប្រើ​ហ្វេសប៊ុក (facebook) បង្ហោះ​សារ​ជេរប្រមាថ​មេដឹកនាំ​របប​ក្រុង​ភ្នំពេញ។ ប៉ុន្តែ​ក្រោយ​ការ​សាកសួរ និង​ស្រាវជ្រាវ​សមត្ថកិច្ច ក៏​បាន​អនុញ្ញាត​ឲ្យ​កញ្ញា​ត្រឡប់​មក​ផ្ទះ​វិញ។

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​លោក​ ផៃ ស៊ីផាន​ បញ្ជាក់​ថា​ រាល់​សកម្មភាព​ណា​ដែល​រៀបចំ​ជា​ក្រុម​ ឬ​បក្ស​ពួក ដើម្បី​ចូល​រួម​ក្នុង​សកម្មភាព​រដ្ឋប្រហារ​ ចំពោះ​រដ្ឋាភិបាល​ចាំបាច់​ត្រូវ​មាន​វិធាន​ការ​ចាប់​ខ្លួន​ដោយ​គ្មាន​ការ​លើក​លែង៖ «សកម្មភាព​របស់​ រង្ស៊ី​ មិន​មែន​ជា​សកម្មភាព​នយោបាយ​ទេ ដែល​ជា​អង្គភាព​មួយ​ច្បាស់​ និង​ចង្អុល​បង្ហាញ​ពី​អង្គហេតុ​ច្បាស់​ថា​ក្រុម​នោះ​ជា​ក្រុម​រដ្ឋប្រហារ។​អ្នក​ចូលរួម​នៅ​ក្នុង​សកម្មភាព​រដ្ឋប្រហារ​ត្រូវ​តែ​ទទួល​បាន​ការ​បង្ក្រាប ពី​ព្រោះ​ភារកិច្ច​របស់​រាជ​រដ្ឋាភិបាល​នៅ​ក្នុង​ការ​ថែ​រក្សា​សន្តិភាព​ ស្ថិរភាព​ ហើយ​នឹង​សណ្ដាប់​ធ្នាប់​សាធារណៈ»

គិត​ត្រឹម​រសៀល​ថ្ងៃ​ទី​២២ តុលា មាន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ៥១​នាក់​ហើយ ដែល​ត្រូវ​របប​លោក ហ៊ុន សែន ចាប់​ និង​ឃុំខ្លួន​ក្នុង​ពន្ធនាគារ ហើយ​មាន​សកម្មជន​ចំនួន​ ១៨៦​នាក់​ផ្សេង​ទៀត ត្រូវ​បាន​កោះហៅ​​ និង​តាម​​ចាប់​ខ្លួន​របស់​សមត្ថកិច្ច ពី​បទ​ចូលរួម​ក្នុង​សកម្មភាព​កៀរគរ​កម្លាំង​គាំទ្រ​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​លោក សម រង្សី។

អ្នកវិភាគ​នយោបាយ អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ ​យល់​ឃើញ​ថា ​ការ​ចាប់​ខ្លួន​និង​ការ​ចោទ​ប្រកាន់​ទាំង​នេះ​ គឺ​គ្មាន​មូលដ្ឋាន​ច្បាប់ និង​ជា​ការ​គាប​សង្កត់​បិទ​សិទ្ធិ​ចូលរួម​ធ្វើ​នយោបាយ​របស់​ប្រជា​ពលរដ្ឋ​ដែល​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​អន្តរជាតិ ដែល​កម្ពុជា​ទទួល​ស្គាល់​ជា​ធរមាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

Leave a Reply

Submit Comment