តុលាការ​កំពូល​​នឹង​ប្រកាស​សាលដីកា​សុំ​នៅ​ក្រៅ​ឃុំ​របស់ លោក រ៉ាត់ រត្នមុនី នៅ​សប្ដាហ៍​ក្រោយ

ដោយ អាស៊ីសេរី
2019-10-22
អាស៊ីសេរី

លោក រ៉ាត់ រត្នមុនី សកម្មជន​សិទ្ធិ​ការងារ

លោក រ៉ាត់ រត្នមុនី សកម្មជន​សិទ្ធិ​ការងារ (រូបពី៖ ហ្វេសប៊ុក​លោក រ៉ាត់ រត្នមុនី)


តុលាការ​កំពូល​គ្រោង​ប្រកាស​សាល​ដីកា​សុំ​នៅ​ក្រៅ​ឃុំ​របស់​សកម្មជន​សិទ្ធិ​ការងារ លោក រ៉ាត់ រត្នមុនី នៅ​ថ្ងៃ​ទី២៨ តុលា សប្ដាហ៍​ក្រោយ​នេះ បន្ទាប់​ពី​បាន​បើក​សវនាការ​កាល​ពី​ថ្ងៃ​ទី២១ តុលា។

មេធាវី​​ការពារ​ក្តី​ឱ្យ​លោក រ៉ាត់ រត្នមុនី លោក សំ ទិត្យ​​សីហា សង្ឃឹម​​ថា​ តុលាការ​នឹង​អនុញ្ញាត​ឱ្យ​កូន​ក្ដី​របស់​លោក​បាន​នៅ​ក្រៅ​ឃុំ​តាម​ការ​ស្នើសុំ​ ដោយ​សារ​កូន​ក្តី​របស់​លោក​បាន​សន្យា​ថា នឹង​ចូល​រួម​គ្រប់​នីតិវិធី​របស់​តុលាការ។ ម្យ៉ាង​វិញ​ទៀត លោក​​ថា ផ្អែក​​តាម​នីតិវិធី​ក្នុង​សំណុំ​រឿង​ព្រហ្មទណ្ឌ តុលាការ​មិន​គួរ​ឃុំ​ខ្លួន​​​កូន​ក្តី​​របស់​លោក​​បន្ត​ទៀត​នោះ​ទេ ពីព្រោះ​គាត់​គ្មាន​លទ្ធភាព​បង្ក​ភាព​វឹកវរ​ក្នុង​សង្គម និង​ធ្វើ​សកម្មភាព​​ផល​​ប៉ះពាល់​ដល់​សណ្តាប់​ធ្នាប់​សាធារណៈ​នោះ​ឡើយ។

សាលាដំបូង​រាជធានី​ភ្នំពេញ និង​សាលាឧទ្ធរណ៍​បាន​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក រ៉ាត់ រត្នមុនី ជា​បន្ត​បន្ទាប់ ក្រោម​ហេតុ​ផល​ថា ដើម្បី​រារាំង​កុំ​ឱ្យ​មាន​​ការ​គាបសង្កត់​លើ​សាក្សី​ ឬ​ជន​រងគ្រោះ រារាំង​កុំ​ឱ្យ​មាន​ការ​ត្រូវ​រ៉ូវ​គ្នា​រវាង​ជន​ត្រូវ​ចោទ​ និង​អ្នក​សម​គំនិត និង​ដើម្បី​រក្សា​ភស្តុតាង​ ឬ​តម្រុយ​ជា​សម្ភារៈ ព្រម​ទាំង​ដើម្បី​ធានា​រក្សា​សណ្ដាប់ធ្នាប់​សាធារណៈ​កុំ​ឱ្យ​មានការ​ច្របូក​ច្របល់​ដែល​បណ្ដាល​មក​ពី​បទល្មើស។

តុលាការ​ក្រុង​ភ្នំពេញ​បាន​ផ្ដន្ទាទោស​ លោក​ រ៉ាត់ រត្នមុនី ឱ្យ​ជាប់​ពន្ធនាគារ ២ឆ្នាំ ពី​បទ “ញុះញង់​​ឱ្យ​មាន​​ការ​រើសអើង” និង​បង់​​សំណង​​ឱ្យ​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ចំនួន ៧០លាន​រៀល ឬ​ស្មើ​នឹង​ជិត ២ម៉ឺន​ដុល្លារ​អាមេរិក។

គិត​ត្រឹម​ពេល​នេះ ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់​កម្ពុជា លោក រ៉ាត់ រត្នមុនី បាន​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃ​ស​​អស់​រយៈ​ជាង ១០ខែ​មក​ហើយ។ សហគមន៍​​អន្តរជាតិ​បាន​ទាម​ទារ​ឱ្យ​របប​ក្រុង​​ភ្នំពេញ​ដោះ​លែង​សកម្មជន​សិទ្ធិ​ការងារ​រូប​នេះ​វិញ​ជា​បន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ បន្ទាប់​ពី​ពិនិត្យ​ឃើញ​ថា រឿង​ក្តី​នេះ​​មាន​លក្ខណៈ​បាយឡុក​បាយឡ គួរ​ឱ្យ​​អាម៉ាស់ និង​គួរ​ឱ្យ​ស្អប់​ខ្ពើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles