មេដឹកនាំ​បាតុករ​នៅ​ហុង​កុង​គាំទ្រ​ដំណើរ​វិល​ចូល​កម្ពុជា​របស់​មេ​បក្ស​ប្រឆាំង ដើម្បី​ស្ដារ​ប្រជាធិបតេយ្យ​ឲ្យ​រស់​ឡើង​វិញ

ដោយ ថន ថារ៉ូ
2019-11-01
អាស៊ីសេរី

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ហ៉ង់ ជីហ្វុង (Wong Joshua) ប្រធាន​ក្រុម​បាតុករ​នៅ​ទីក្រុង​ហុងកុង សរសេរ​លើ​បណ្ដាញ​ធ្វីតធឺរ (Twitter) របស់​ខ្លួន​ថា លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​គ្រោង​វិល​ទៅ​ប្រទេស​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា ដើម្បី​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ ​និង​ការ​គោរព​សិទ្ធិមនុស្ស​ឡើង​វិញ។

លោក ហ៉ង់ ជីហ្វុង (Wong Joshua) ប្រធាន​ក្រុម​បាតុករ​នៅ​ទីក្រុង​ហុងកុង សរសេរ​លើ​បណ្ដាញ​ធ្វីតធឺរ (Twitter) របស់​ខ្លួន​ថា លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​គ្រោង​វិល​ទៅ​ប្រទេស​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា ដើម្បី​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ ​និង​ការ​គោរព​សិទ្ធិមនុស្ស​ឡើង​វិញ។

 រូប៖ ហ្វេសប៊ុក Joshua wong


មេដឹកនាំ​បាតុករ​វ័យ​ក្មេង​នៅ​ក្រុង​ហុងកុង ចេញ​សារ​ស្នើ​សហគមន៍​អន្តរជាតិ​ឃ្លាំមើល​ដំណើរ​វិល​ចូល​ស្រុក​ខ្មែរ​កម្ពុជា របស់​មេដឹកនាំ​គណបក្ស​ប្រឆាំង នៅ​ថ្ងៃ​៩ វិច្ឆិកា​ខាង​មុខ។ ឆ្លើយ​តប​ទៅ​នឹង​ការ​គាំទ្រ​នេះ មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​អះអាង​ថា រដ្ឋាភិបាល ​មិន​ចាប់​អារម្មណ៍​ទៅ​នឹង​សារ​របស់​មេដឹកនាំ​បាតុករ​នេះ ព្រោះ​ការ​ប្រកាស​វិល​ចូល​ស្រុក​របស់​​ក្រុម​បក្ស​ប្រឆាំង ខុស​ពី​ការ​ទាមទារ​របស់​បាតុករ​នៅ​ហុងកុង។

ប្រធាន​ក្រុម​បាតុករ​ដ៏​មាន​ប្រជាប្រិយ​ភាព​នៅ​ទីក្រុង​ហុងកុង វ័យ​២៣​ឆ្នាំ លោក ហ៉ង់ ជីហ្វុង (Wong Joshua) សរសេរ​លើ​បណ្ដាញ​ធ្វីតធឺរ(Twitter) របស់​ខ្លួន​ថា លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ ជាតិ​ ដែល​គ្រោង​វិលត្រឡប់​ទៅ​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា ដើម្បី​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ ​និង​ការ​គោរព​សិទ្ធិមនុស្ស​ឡើង​វិញ។ មេ​ដឹក​នាំ​បាតុករ​វ័យ​ក្មេង​រូប​នេះ ក៏​អំពាវ​ដល់​សហគមន៍​អន្តរជាតិ​ ឲ្យ​ជួយ​តាម​ឃ្លាំមើល​ព្រឹត្តិការណ៍​នេះ​ផង។

អ្នកស្រី មូរ សុខហួរ  អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​យល់ថា​ សារ​របស់​មេដឹកនាំ​បាតុករ​នៅ​ហុងកុង​ នៅ​ពេល​នេះ​ ពិត​ជា​មាន​តម្លៃ​ ព្រោះ​ពួកគេ​យល់​ច្បាស់​អំពី​ការ​គោរព​សិទ្ធិមនុស្ស​ នៅ​សង្គម​មួយ​ដែល​ប្រកាន់​ប្រជាធិបតេយ្យ​ពិត​ប្រាកដ។ អ្នកស្រី អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​យល់​គំរូ ​តាម​ពលរដ្ឋ​នៅ​ហុងកុង ដើម្បី​ទាមទារ​សិទ្ធិ​សេរីភាព៖ «ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ប្រទេស​កម្ពុជា ធ្វើ​ដូច​ជា​ប្រជាពលរដ្ឋ​នៅ​ហុងកុង ធ្វើ​ជា​គំរូ​ លុះ​ត្រា​តែ​ប្រជាពលរដ្ឋ​ងើប​ឈរ​គ្រប់ៗ គ្នា​ដូច​ប្រទេស​ហុងកុង ទើប​មាន​ការ​ផ្លាស់ប្ដូរ ពីព្រោះ​លទ្ធិប្រជាធិបតេយ្យ​ និង​សេរីភាព​ គ្មាន​អ្នក​ណា​គេ​ឲ្យ​យើង​ ដោយ​មិន​ងើបឈរ​ មិន​ទៅ​ទាមទារ​ដោយ​ខ្លួន​ឯង ដោយ​សកម្ម ដោយ​អហិង្សា​ ដោយ​សន្តិវិធី​នោះ​ទេ»។

អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក ផៃ ស៊ីផាន ថា ​សារ​នេះ​របស់​មេដឹកនាំ​បាតុករ​នៅ​ហុង លោក​ ​ហ៉ង់ ជីហ្វុង (Wong Joshua) ​នេះ គឺ​គ្មាន​តម្លៃ​អ្វី​នោះ​ទេ។ លោក បញ្ជាក់​ថា រដ្ឋាភិបាល​នឹង​បង្ក្រាប​ក្រុម​មេដឹកនាំ​បក្សប្រឆាំង​និង​អ្នក​គាំទ្រ​ទាំង​អស់ ដែល​មាន​បំណង​ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល​ស្រប​នៅ​ថ្ងៃ​ទី៩ វិច្ឆិកា៖ «ខ្ញុំ​មិន​ឲ្យ​តម្លៃ​ព្រោះ​គាត់​អត់​ដឹង​សាច់​រឿង​របស់​ រង្ស៊ី។ រង្ស៊ី​ ជា​មេ​រដ្ឋប្រហារ អំពាវនាវ​ឲ្យ​ស្ដេច​ចុះ​ចេញ ហើយ​ធ្វើ​រដ្ឋប្រហារ​ ចាប់​កម្លាំង​ដើម្បី​ទម្លាក់​នាយករដ្ឋមន្ត្រី​ស្រប​ច្បាប់។ វា​ខុស​គ្នា​ពី​អ្នក​បាតុករ​នោះ។ ខុស​គ្នា​ដូច​មេឃ និង​ដី»។

នាយក​រង​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson)ថ្លែង​ថា​ លោក សម រង្ស៊ី គឺ​ជា​ពលរដ្ឋ​ខ្មែរ​ ដូច្នេះ​គាត់​មាន​សិទ្ធ​ពេញលេញ​ក្នុងការត្រឡប់​វិល​ចូល​​ប្រទេស​កម្ពុជា​វិញ។ លោក​បន្ត​ថា ផ្អែក​តាម​គោលការណ៍​សិទ្ធិមនុស្ស​អន្តរជាតិ​ មនុស្ស​គ្រប់​គ្នា​ គឺ​មាន​សិទ្ធ​ជា​មូលដ្ឋាន​របស់​ពួកគេ​ក្នុង​ការ​រស់​នៅ​ និង​ត្រឡប់​ទៅ​ប្រទេស​កំណើត​របស់​ពូក​គេ។

លោក បញ្ជាក់​ថា រាល់​វិធានការ​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​ហាមប្រាម​លោក សម រង្ស៊ី មិន​ឲ្យ​ចូល​កម្ពុជា​នៅ​ពេល​ខាង​នោះ គឺ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​អន្តរជាតិ​យ៉ាង​ច្បាស់​ក្រឡែត ហើយ​ការ​លើក​ឡើង​របស់​រដ្ឋាភិបាល​ថា​ប្រជាពលរដ្ឋ​គ្មាន​សិទ្ធិ​ប្រមូល​ផ្ដុំ និង​សិទ្ធិ​ធ្វើ​បាតុកម្ម​ តវ៉ា​ដោយ​សន្តិវិធី ក៏​ជា​រំលោភ​សិទ្ធិ​មនុស្ស​ដែរ។

មន្ត្រី​ឃ្លាំ​មើល​សិទ្ធិមនុស្ស​អន្តរ​ជាតិ​រូប​នេះ យល់​ថា អាជ្ញាធរ​កម្ពុជា​គួរ​តែ​អនុញ្ញាត​ឲ្យ​លោក សម រង្ស៊ី​ ​វិល​ត្រឡប់​ទៅ​មាតុភូមិវិញ​ តាម​បំណង​របស់​គាត់៖ «ក្រែង​រដ្ឋាភិបាល​កម្ពុជា អួត​ថា​ចង់​ចាប់​លោក សម រង្ស៊ី ដើម្បី​ឲ្យ​ចូល​ទៅ​ទទួល​ទោស តាម​អ្វី​ដែល​រដ្ឋាភិបាល​នេះ​ ចោទ​ថា​លោក​ថា​បាន​ប្រព្រឹត្ត​នោះ​អីមើល​ទៅ​រដ្ឋាភិបាល​កម្ពុជា ហាក់​ដូច​ជា​ហំហាន​ណាស់ រឿង​ចង់​ចាប់​លោក សម រង្ស៊ីចុះ​ហេតុអ្វី បាន​ជា​មិន​អនុញ្ញាត​ឲ្យ​លោក សម រង្ស៊ី វិល​ចូល​ប្រទេស​កម្ពុជា​វិញ តាម​សម្រួល​ទៅ​ហេតុអ្វី​មិន​ជ្រើសរើស​យក​វិធី​នេះ ជា​ជាង​ជ្រើសរើស​យក​វិធី​ទប់ស្កាត់ មិន​ឲ្យ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​បាន ដូច​ជា​ទៅ​ប្រាប់​ក្រុមហ៊ុន​អាកាសចរណ៍ និង​រដ្ឋាភិបាល​បរទេស​មួយ​ចំនួន ឲ្យ​ជួយ​ទប់​កុំ​ឲ្យ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​បែប​នេះ​ទៅ​វិញ»។

កាល​ពី​ថ្ងៃ​ទី៣១ តុលា លោក សម រង្ស៊ី បាន​ចេញ​វីដេអូ​ឃ្លីប​ជា​ភាសា​អង់គ្លេស​ដ៏​កម្រ​មួយ ដោយ​ អំពាវនាវ​ទៅ​កាន់​សហគមន៍​អន្តរជាតិ និង​មនុស្ស​ទាំង​អស់​លើ​ពិភព​លោក មុន​ពេល​លោក​ត្រឡប់​ទៅ​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី៩ វិច្ឆិកា​ថា “លោក​បាន​ត្រៀម​ខ្លួន​រួចរាល់ វិល​ត្រលប់​ទៅ​កម្ពុជា​វិញ ទោះ​បី​ជា​ត្រូវ​លះ​បង់​ជីវិត​ក៏​ដោយ គឺ​ដើម្បី​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ”។

លោក​បញ្ជាក់​ថា មេ​ដឹក​នាំ​ផ្ដាច់ការ​លោក ហ៊ុន សែន បាន​ត្រៀម​ខ្លួន​ចាប់​ខ្លួន​លោក ឬ​សម្លាប់​លោក តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី នៅ​ថ្ងៃ​ទី៩ វិច្ឆិកា​ខាង​មុខ​នេះ លោក​មិន​រា​ថយ​ឡើយ លោក​នឹង​នៅ​តែ​ដឹក​នាំ​ពលរដ្ឋ កម្មករ ពលករ និង​សកម្មជន​បក្ស​ប្រឆាំង​ទាំង​អស់​វិល​ទៅ​កម្ពុជា​វិញ ដូច​ផែនការ​កំណត់។

គិត​មកដល់​ពេល​នេះ​នៅ​សល់​តែ​៩​ថ្ងៃ​ទៀត ដែល​លោក សម រង្ស៊ី ថា នឹង​វិល​ទៅ​​កម្ពុជា​វិញ ដោយ​មាន​មន្ត្រី​​បក្ស​ប្រឆាំង​ សមាជិក​សភា​អឺរ៉ុប​មួយ​ចំនួន​ និង​ពលករ​ខ្មែរ​​ពី​​ក្រៅ​ស្រុក​​អម​ដំណើរ​ផង គឺ​នៅ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា ឆ្នាំ២០១៩ ចំ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ។

ទោះ​បីជា​យ៉ាង​ណា​ក៏​ដោយ លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) ថា មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ និង​ក្រុម​អ្នក​គាំទ្រ មិន​បាន​ប្រព្រឹត្ត​កំហុស ​ដូច​ការ​ចោទ​ប្រកាន់​ថា​ជា​ក្រុម​ផ្ដួល​រំលំ​រដ្ឋាភិបាល​ ឬ​ជា​ក្រុម​បដិវត្តន៍​ពណ៌​នោះ​ទេ។ ហេតុនេះ​ រដ្ឋាភិបាល​កម្ពុជា​គួរ​តែ​បញ្ឈប់​សកម្មភាព ​តាម​យាយី​អ្នក​ទាំង​អស់​នោះ​។ លោក​ស្នើ​ដល់​រដ្ឋាភិបាល​ គួរ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​របស់​ខ្លួន​អនុវត្ត​នូវ​សិទ្ធិ​ផ្នែក​ធ្វើ​នយោបាយ​របស់​ពួកគេ​ ដោយ​សេរី និង​សន្តិវិធី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "មេដឹកនាំ​បាតុករ​នៅ​ហុង​កុង​គាំទ្រ​ដំណើរ​វិល​ចូល​កម្ពុជា​របស់​មេ​បក្ស​ប្រឆាំង ដើម្បី​ស្ដារ​ប្រជាធិបតេយ្យ​ឲ្យ​រស់​ឡើង​វិញ"

  1. Anonymous says:

    Bravo young leader of hong kong ‘ we are proud to support you too’ we live in this world ‘we need freedom ,free speak ,justice,equality ‘

Leave a Reply

Submit Comment