រដ្ឋ​សភា​ផ្តល់​សច្ចា​ប័ន​ដល់​សន្ធិ​សញ្ញា​ព្រំ​ដែន​បន្ថែម ក្រោម​ការ​រិះ​គន់​ពី​បក្ស​នយោបាយ​ខ្លះ​

ដោយ ញឹម សុផល
04/11/2019
RFI

media

 ផែនទីផ្ទៃដីភាគខាងលើនៃប្រទេសកម្ពុជា (@Internet)


គណបក្ស​ប្រជា​ធិបតេយ្យ​មូល​ដ្ឋាន នៅ​តែ​បង្ហាញ​ពី​ការ​សោក​ស្តាយ​របស់​ខ្លួន ដែល​មិន​អាច​ទប់​ស្កាត់​ដំណើរ​ឆ្ពោះ​ទៅ​មុខ​របស់​រដ្ឋ​សភា​ក្នុង​ការ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី ការ​អនុម័ត​យល់​ព្រម​លើ​សន្ធិ​សញ្ញា​បំពេញ​បន្ថែម លើ​សន្ធិ​សញ្ញា​កំណត់​ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥ និង​សន្ធិ​សញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ រវាង​កម្ពុជា​និង​វៀត​ណាម ដែល​រដ្ឋ​សភា​បាន​អនុម័ត​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​។ ជាមួយ​គ្នា​នេះ ក៏​មាន​គណ​បក្ស​ក្រៅ​រដ្ឋា​ភិបាល​ផ្សេង​ទៀត មិន​ជំទាស់​ដែរ តែ​ត្រូវ​មាន​ការ​ទទួល​ខុស​ត្រូវ​ជា​ប្រវត្តិ​សាស្ត្រ ប្រសិន​បើ​ការ​សម្រេច​នេះ មាន​បញ្ហា​ទៅ​ថ្ងៃ​ក្រោយ​។ 

ភ្លាមៗ​បន្ទាប់​ពី​រដ្ឋ​សភា​ជាតិ បាន​អនុម័ត​ដោយ​សម្លេង​គាំទ្រ​ពី​សមាជិក​សភា​វត្ត​មាន​ចំនួន​១១០​ទៅ​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់​ព្រម​លើ​សន្ធិ​សញ្ញា​បំពេញ​បន្ថែម​ លើ​សន្ធិ​សញ្ញា​កំណត់​ព្រំ​ដែន​រដ្ឋ​ឆ្នាំ​១៩៨៥ និង​សន្ធិ​សញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ រវាង​ប្រទេស​កម្ពុជា និង​វៀត​ណាម គណ​បក្ស​ប្រជា​ធិបតេយ្យ​មូល​ដ្ឋាន បាន​សម្តែង​ការ​សោក​ស្តាយ ដែល​រដ្ឋ​សភា​បាន​ប្រញ៉ាប់​ប្រញ៉ាល់​ផ្តល់​សច្ចាប័ន​យ៉ាង​រួស​រាន់​ដល់​សន្ធិ​សញ្ញា​នេះ​។

លោក ឡឹក សុធា អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជា​ធិប​តេយ្យ​មូល​ដ្ឋាន បញ្ជាក់​ថា​ការ​ផ្តល់​សច្ចា​ប័ន​ដល់​សន្ធិ​សញ្ញា​ព្រំ​ដែន នៅ​ក្នុង​ស្ថាន​ភាព​នេះ បង្កើត​ឲ្យ​មាន​ភាព​សង្ស័យ​កាន់​តែ​ខ្លាំង ដោយ​សារ ប្រទេស​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​មិន​ទាន់​សាមគ្គី​គ្នា​នៅ​ឡើយ ដែល​ដឹក​នាំ​ដោយ​គណបក្ស​តែ​មួយ​។ ទោះ​យ៉ាង​ណា គណបក្ស​ប្រជា​ធិប​តេយ្យ​មូល​ដ្ឋាន នឹង​បន្ត​ការ​តស៊ូ​មតិ​បន្ថែម​ទៀត​តាម​រយៈ​ការ​ដាក់​ញត្តិ​ថ្វាយ​ព្រះ​មហាក្សត្រ​សុំ​កិច្ច​អន្តរាគមន៍​។

ជាមួយ​គ្នា​នេះ លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា បាន​បង្ហាញ​ពី​ជំនឿ​ជឿ​ជាក់​ចាប់​តាំង​ពី​បាន​ចោទ​សួរ​រយៈ​ពេល​៦ម៉ោង កាល​ពី​ពេល​ថ្មីៗ​ទៅ​លើ ប្រធាន​គណៈ​កម្មការ​ព្រំ​ដែន​កម្ពុជា លោក វ៉ា គឺមហុង ដោយ​លោក​អះអាង​ថា​តាម​រយៈ​សន្ធិ​សញ្ញា​ព្រំដែន​បំពេញ​បន្ថែម​នេះ នឹង​មិន​ធ្វើ​ឲ្យ​បាត់​ដី​កម្ពុជា​ទេ​។ តាម​លោក ពេជ្រ ស្រស់ ប្រសិន​បើ​ថ្ងៃ​ក្រោយ​គណបក្ស​របស់​លោក​ស្រាវ​ជ្រាវ​ទៅ​ឃើញ​ថា​សន្ធិ​សញ្ញា​ទាំង​នេះ ជា​សន្ធិ​សញ្ញា​ក្រោម​គំនាប ឬ​សន្ធិ​សញ្ញា​ខាត​បង់​ទឹក​ដី​កម្ពុជា នោះ​អ្នក​រាជ​ការ​ជំនាន់​នេះ នឹង​ទទួល​ខុស​ត្រូវ​ចំពោះ​ប្រវត្តិ​សាស្ត្រ និង​ប្រជា​ជាតិ​ខ្មែរ​ទាំង​មូល​។

សូម​បញ្ជាក់​ថា សេចក្តី​ថ្លែង​ហេតុ​របស់​រដ្ឋ​សភា​បាន​ឲ្យ​ដឹង​ថា រដ្ឋា​ភិបាល​កម្ពុជា​និង​វៀត​ណាម បាន​ចុះ​ហត្ថ​លេខា​លើ​សន្ធិ​សញ្ញា បំពេញ​បន្ថែម​ប្រទេស​ទាំង​២ ទៅ​លើ​សន្ធិ​សញ្ញា​កំណត់​ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀត​ណាម កាល​ពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០០៥​។ ឈរ​លើ​មូល​ដ្ឋាន​នៃ​សន្ធិ​សញ្ញា​បំពេញ​បន្ថែម​ខាង​លើ​ប្រទេស​ទាំង​ពីរ កម្ពុជា និង​វៀត​ណាម ​បាន​ដំណើរ​ការ​ចុះ​បោះ​បង្គោល និង​ខណ្ឌ​សីមា​ព្រំ​ដែន​គោក នៅ​លើ​ដី​ជាក់​ស្តែង​ពី​ខេត្ត​រតន​គិរី ដល់​ខេត្ត​កំពត ចាប់​ពី​ខែ​មិថុនា ឆ្នាំ​២០០៦ ដល់​ខែ​កក្កដា ឆ្នាំ​២០១៩ សម្រេច​បាន​លទ្ធ​ផល​៨៤% លើ​ដី​ជាក់​ស្តែង​តាម​បណ្តោយ​ខ្សែ​ព្រំដែន​រួម​រវាង​ប្រទេស​ទាំង​ពីរ ប្រវែង​ប្រមាណ​ជាង​១២៧០ គីឡូ​ម៉ែត្រ​។

សន្ធិ​សញ្ញា​បំពេញ​បន្ថែម​ព្រំ​ដែន​នេះ បាន​ផ្ទុះ​ការ​តវ៉ា​យ៉ាង​ខ្លាំង​ពី​សំណាក់ ក្រុម​អ្នក​នយោ​បាយ​ប្រឆាំង ថា​សន្ធិ​សញ្ញា​នេះ ធ្វើ​ឲ្យ​កម្ពុជា​ខាត​បង់​ទឹក​ដី។ ក៏​ប៉ុន្តែ​ជា​ញឹក​ញយ​រដ្ឋា​ភិបាល​កម្ពុជា​តែង​ការពារ​ខ្លួន​ថា សន្ធិ​សញ្ញា​ព្រំ​ដែន​បន្ថែម​នេះ មិន​មាន​ភាគី​ណា​មួយ​បាត់​បង់​ទឹក​ដី​ឡើយ​៕

What Next?

Recent Articles

Leave a Reply

Submit Comment