គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋានស្នើ​ព្រឹទ្ធសភា​ពន្យារពេល​អនុម័ត​សន្ធិសញ្ញាបំពេញ​បន្ថែម​ឆ្នាំ២០១៩

ដោយ មួង ណារ៉េត
2019-11-06
RFA

(ឆ្វេង) រូប​សញ្ញា​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន និង (ស្ដាំ) ​​រូបសញ្ញា​ព្រឹទ្ធសភា

(ឆ្វេង) រូប​សញ្ញា​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន និង (ស្ដាំ) ​​រូបសញ្ញា​ព្រឹទ្ធសភា

 រូប៖ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន និង​​ព្រឹទ្ធសភា


គណបក្ស​ប្រជា​ធិបតេយ្យមូលដ្ឋាន (GDP) ទាម​ទារ​ឱ្យ​ព្រឹទ្ធសភារបបក្រុង​ភ្នំពេញ ពន្យារពេល​អនុម័ត​សេចក្តីព្រាង​ច្បាប់​ស្តីពី​សន្ធិសញ្ញាបំពេញ​បន្ថែម​ឆ្នាំ២០១៩ ទាក់ទង​នឹង​រឿង​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម។ ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​រដ្ឋសភាទើប​តែ​​បានសម្រេច​​ផ្តល់​សច្ចាប័ន​លើ​សន្ធិសញ្ញា​ថ្មីនេះ ហើយ​រដ្ឋសភា​នឹង​​បញ្ជូន​បន្ត​មក​ព្រឹទ្ធសភា​ដើម្បី​អនុម័ត។

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​លើក​ឡើង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​នៅ​ថ្ងៃ​ទី៥ វិច្ឆិកា​ថា គណបក្ស​នេះ​សោក​ស្តាយ​ជា​ខ្លាំង​ដែល​រដ្ឋសភា​បាន​អនុម័ត​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ២០១៩ នៅ​ក្នុង​ពេល​ដែល​កម្ពុជា​មិន​ទាន់​មាន​ឯកភាព​ជាតិ​ពិត​ប្រាកដ។ គណបក្ស​នេះ​អំពាវនាវ​ដល់​ព្រឹទ្ធសភា កុំ​ទាន់​អាល​អនុម័ត​សេចក្តីព្រាង​ច្បាប់​នេះ។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​លោក ឡឹក សុធារ បញ្ជាក់​បន្ថែម​ប្រាប់​អាស៊ី​សេរី​ថា គណបក្ស​ប្រជាជន​កម្ពុជា​គឺ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង ចំពោះ​មុខ​ប្រវត្តិសាស្ត្រ និង​ការ​ស្តី​បន្ទោស​ពី​ពលរដ្ឋ​ខ្មែរ​ជំនាន់​ក្រោយ ប្រសិនបើ​សន្ធិសញ្ញា​បំពេញ​បន្ថែម​នេះត្រូវ​បាន​ផ្តល់​សច្ចាប័ន និង​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​មែន​នោះ។ លោក​បញ្ជាក់​ថា ការ​ទទួល​ស្គាល់​សន្ធិសញ្ញា​ព្រំដែន​ដែល​ប៉ះពាល់​ដល់​បូរណភាព​ទឹក​ដី និង​អធិបតេយ្យ​ជាតិ នឹង​បង្កើត​ការ​ឈឺ​ចាប់​ដក់​ជាប់​ក្នុង​ដូង​ចិត្ត​ពលរដ្ឋ​ខ្មែរ​ម្ចាស់​ប្រទេស៖ «យើង​មិន​មែន​រាំង​ខ្ទប់​សន្ធិសញ្ញា​នេះ​មិន​ឱ្យ​ចេញ​​នោះ​ទេ វាមិន​មែន​ជា​អ្វី​ដែល​យើង​ចង់​បាន​ទេ។ អ្វី​ដែល​យើង​ចង់​បាន​ គឺ​សន្ធិសញ្ញា​មួយ​ដែល​កម្ពុជា​មិន​បាត់​បង់​អធិបតេយ្យភាព មិន​បាត់​បង់​ដែន​ដី រួម​ទាំង​មាន​ការ​បង្រួប​បង្រួម​ សន្តិភាព​ជាក់​លាក់​នៅ​ផ្ទៃ​ក្នុងផង​ដែរ»

រដ្ឋសភាឯកបក្ស​​បាន​អនុម័ត​ទាំង​ស្រុង​លើ​សេចក្តីព្រាង​ច្បាប់​ស្តីពី​ការ​អនុម័ត​យល់​ព្រម​លើ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ២០១៩ កាល​ពី​ថ្ងៃ​ទី៤ វិច្ឆិកា បន្ទាប់​ពី​គណៈរដ្ឋ​មន្ត្រី​របប​ក្រុង​ភ្នំពេញ​បាន​អនុម័ត​យល់​ព្រម​កាល​ពីថ្ងៃ​ទី១១ តុលា​កន្លង​ទៅ។ គណៈរដ្ឋ​មន្ត្រី​របប​ក្រុង​ភ្នំពេញ​បាន​អនុម័ត​សេចក្តី​ព្រាង​​ច្បាប់​នេះ ត្រឹម​រយៈ​ពេល ១សប្តាហ៍​ បន្ទាប់​ពី​លោក ហ៊ុន សែន បាន​ចុះ​ហត្ថលេខា​ជាមួយ​ភាគី​វៀតណាម នៅ​ទីក្រុង​ហាណូយ។

អ្នក​នាំ​ពាក្យ និង​ជា​សមាជិក​ព្រឹទ្ធសភា លោក ម៉ម ប៊ុននាង ថ្លែង​ថា ព្រឹទ្ធសភា​មិន​ទាន់​ទទួល​បាន​សេចក្តី​ព្រាង​ច្បាប់​នេះ​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី៥ វិច្ឆិកា ក៏​ប៉ុន្តែ​លោក​ថា ព្រឹទ្ធសភា​នឹង​អនុវត្ត​តាម​នីតិវិធី​នៅ​ពេល​ទទួល​បាន​សេចក្តីព្រាង​ច្បាប់​នេះ។ លោក​អះអាង​ថា ព្រឹទ្ធសភា​ផ្អែក​លើ​មូលដ្ឋាន​រដ្ឋធម្មនុញ្ញ​ក្នុង​ការ​ពិនិត្យ​សេចក្តី​ព្រាង​ច្បាប់​ទាំង​ឡាយ ដូច្នេះ​លោក​ថា ប្រសិន​បើ​សេចក្តី​ព្រាង​ច្បាប់​នេះ​មិន​ស្រប​នឹង​រដ្ឋធម្មនុញ្ញ នោះ​ព្រឹទ្ធសភា​នឹង​បង្វែរ​ច្បាប់​នេះ​ជូន​រដ្ឋសភា ឬ​រដ្ឋាភិបាល​ឱ្យ​កែប្រែ​វិញ៖ «យើង​នឹង​បង្វែរ​ច្បាប់​ហ្នឹងជូន​​ទៅ​រដ្ឋសភា​ ក្រសួង​ ឬ​រាជ​រដ្ឋាភិបាល​ដែល​ស្នើ​ច្បាប់​ហ្នឹង យើង​បង្វិល​ឱ្យ​កែ​ឡើង​វិញនៅលើ​ចំណុច​ណាមួយ​ដែល​មិន​ស្រប តែ​បើ​ស្រប អាហ្នឹង​គឺយើង​អនុវត្ត​តាម​នីតិវិធី»

ទោះជាមាន​ការ​អះអាង​បែប​នេះ​ក្តី ប្រធាន​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ប្រចាំ​ប្រទេស​ន័រវេស (Norway) លោក ម៉ែន ណាត ជឿ​ជាក់​ថា សេចក្តីព្រាង​ច្បាប់​ស្តីពី​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ២០១៩ នេះ នឹង​ត្រូវ​បាន​អនុម័ត​ និង​ចូល​ជា​ធរមាន​ដោយ​គ្មាន​ឧបសគ្គ​ឡើយ ព្រោះ​អំណាច​រដ្ឋ​ទាំង​អស់​ស្ថិត​ក្នុង​ដៃ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន។ លោក​ថ្កោល​ទោស​របប​លោក ហ៊ុន សែន ដែល​ផ្តល់​សច្ចាប័ន​លើ​សន្ធិសញ្ញា​ព្រំដែន​ថ្មី​នេះ ព្រោះ​លោក​ថា សន្ធិសញ្ញា​នេះក៏​​ដូចជា​សន្ធិសញ្ញា​ព្រំដែន​មុនៗ ដែរ គឺ​ធ្វើឱ្យ​កម្ពុជា​បាត់​បង់​ទឹក​ដី​ទៅ​ប្រទេស​វៀតណាម៖«សន្ធិសញ្ញា ឬ​ឯកសារ​ទាំង​អស់​ហ្នឹង យើង​អត់​ទទួល​ស្គាល់​ទេ ព្រោះ​អាហ្នឹង​វា​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​​មាត្រា២ មាត្រា៥៥ របស់​កម្ពុជា ហើយ​វា​ផ្ទុយ​ទៅ​នឹង​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ចំណុច ២ឃ។ អ៊ីចឹង​បាន​នៅ​លើ​មូលដ្ឋាន​ច្បាប់ យើង​ប្រឆាំង​ជំទាស់​រហូត​មក​ហ្នឹង»

សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ២០១៩ គឺ​ជាការ​រួម​បញ្ចូល​គ្នា​នៃ​​​សន្ធិសញ្ញាកំណត់​ព្រំដែន​រដ្ឋ​ឆ្នាំ១៩៨៥ និង​សន្ធិសញ្ញាបំពេញ​បន្ថែម​ឆ្នាំ២០០៥។

របបលោក ហ៊ុន សែន អះអាងថា សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ២០១៩ នេះ គឺ​ជា​ឯកសារ​ផ្លូវ​ច្បាប់​ដែល​ទទួល​ស្គាល់​ការ​បោះបង្គោល​ព្រំដែន៨៤% ​ជាមួយ​ប្រទេស​វៀតណាម។ របបនេះ​អះអាង​ទៀត​ថា សន្ធិសញ្ញា​នេះ គឺជា​ឯកសារ​គ្រឹះ​ការពារ​បូរណភាព​ទឹក​ដី​កម្ពុជា ដែល​មាន​ខ្សែ​ព្រំដែន​មិន​ប្រែប្រួល  ថែរក្សា​បាន​នូវ​ព្រំដែន​សុខ​សន្តិភាព មិត្តភាព សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍលើ​គ្រប់​វិស័យ ដើម្បីភាពសុខសាន្ត​របស់​ពលរដ្ឋ​កម្ពុជា។

ទោះ​ជា​យ៉ាង​ណា តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ដែល​ត្រូវ​របប​ក្រុង​ភ្នំពេញ​ចាប់​ដាក់​ពន្ធនាគារ​ដោយសារ​រិះគន់​រឿង​ព្រំដែន​ អះអាង​ថា សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋ​ឆ្នាំ១៩៨៥ ធ្វើ​ឡើង​ក្នុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​វៀតណាម ដូច្នេះ​សន្ធិសញ្ញានេះ និង​​សន្ធិសញ្ញាបំពេញ​បន្ថែម​ផ្សេង​ទៀត ដែល​របបក្រុង​ភ្នំពេញ​បាន​ចុះ​ហត្ថលេខា​ជាមួយ​ភាគី​វៀត​ណាមរហូត​មក​ដល់​ពេល​នេះ សុទ្ធសឹង​តែ​ជា​សន្ធិសញ្ញាខុស​​ច្បាប់ ប្រាស​ចាក​រដ្ឋធម្មនុញ្ញ និង​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។ លោក​សង្កត់​ធ្ងន់ថា ការ​ផ្តល់​សច្ចាប័នលើ​សន្ធិសញ្ញា​នេះ គឺ​ជាការ​កាត់​ទឹកដីខ្មែរ​ឱ្យ​វៀតណាមតាមសំណើ​លោក ហ៊ុន សែន ដែល​ត្រូវ​វៀត​ណាម​លើក​បន្តុប​ឱ្យ​កាន់​អំណាច​ចាប់​ពី​ដើម​ទស្សវត្សរ៍ទី៨០ មក៖ «ខ្មែរ​យើង​ជា​អ្នក​ខាត ហើយ​យួន​ជា​អ្នក​ចំណេញ ហើយ​យើង​ឃើញ​ថា បោះ​បង្គោល​កន្លង​មក​ធ្លាប់​ឃើញ​ប្រជាពលរដ្ឋ​យួន​ស្រែក​យំ​បាត់​ដី​ស្រែ​ចម្ការ​ទេអត់​ទេមាន​តែ​ពលរដ្ឋ​ខ្មែរ​ទេ ដែល​ស្រែក​យំ​បាត់​ដី​ស្រែ​ចម្ការ​នៅ​ពេល​បោះ​បង្គោល ដូច្នេះ​មាន​ន័យ​ថា ការ​បោះ​បង្គោល​ហ្នឹង គឺ​ដើម្បី​កាត់​ដី​ឱ្យ​យួន​ទេ មិន​មាន​ការ​បោះបង្គោល​ឱ្យ​បាន​ត្រឹម​ត្រូវ​អ្វី​ទេ»

របប​លោក ហ៊ុន សែន បាន​យក​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ២០០៥ ជា​មូលដ្ឋាន​ក្នុង​ការ​បោះ​បង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម។ គិត​ត្រឹម​ខែ​កក្កដា ឆ្នាំ២០១៩ របប​ក្រុង​ភ្នំពេញ​សម្រេច​បាន​ការ​បោះ​បង្គោល​ព្រំដែន​គោក​ជាមួយ​ភាគី​វៀតណាម បាន ៣១៥បង្គោល​ ស្មើនឹង​៨៤% នៃ​បង្គោល​ព្រំដែន​សរុប ៣៧៥បង្គោល។

ទោះ​ជា​យ៉ាង​ណា លទ្ធផល​នេះ​មិន​ទទួល​បាន​ការ​សាទរ​ពី​អ្នក​ឃ្លាំ​មើល​បញ្ហា​ព្រំដែន និង​ប្រជា​ពលរដ្ឋ​នៅ​មូលដ្ឋាន​នោះ​ឡើយ ដោយ​ពួក​គេ​អះអាងថា ការ​បោះ​បង្គោល​ព្រំដែន​នេះ បាន​ធ្វើ​ឱ្យ​កម្ពុជា​បាត់​បង់​ទឹកដី​នៅ​តាម​ព្រំដែន​​​ទៅ​ប្រទេស​វៀតណាម។

គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បញ្ជាក់​ជំហរ​ប្រហាក់​ប្រហែល​គ្នាថា ប្រសិន​បើ​គណបក្ស​ទាំង​ពីរ​ជាប់​ឆ្នោត​ដឹក​នាំ​រដ្ឋាភិបាល ពួក​គេ​នឹង​សើរើ​មើល​ឡើង​វិញ​រាល់​សន្ធិសញ្ញា​ព្រំដែន​ជាមួយ​ប្រទេស​ជិត​ខាង​ ដែល​ប៉ះពាល់​ដល់​បូរណភាព​ទឹក​ដី និង​អធិបតេយ្យ​ជាតិ​ខ្មែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋានស្នើ​ព្រឹទ្ធសភា​ពន្យារពេល​អនុម័ត​សន្ធិសញ្ញាបំពេញ​បន្ថែម​ឆ្នាំ២០១៩"

  1. so socheath says:

    ហាស ! ហាស
    ចង់បោក វាទាល់តែយូរបានជឿអ្ហែង !
    អត់ទិញសំបុត្រផង ចង់ជិះយន្តហោះ ?
    អាចុយម៉្រាយ អាក្បត់ជាតិ សមរង្ស៊ី បែបគឹតថាវា ចេះភាសាបារាំង តែម្នាក់វាដឹង ?
    ដឹងថាប៉ូលីសបារាំងនិយាយថាម៉េច ដាក់អាពូជឆ្កែ សមរង្ស៊ីទេ ?
    អត់ទិញសំបុត្រ លោកឯងចង់ជិះយន្តហោះ !
    លោកឯងចង់បង្ករចលាចលមែនទេ ?
    លោកឯងត្រូវចាកចេញពីទីនេះភ្លាម !
    ហាស! ហាស
    ស្ទីលល្ខោនអត់រោង បោកយកលុយចាយ គឺបែបនេះ !

Leave a Reply

Submit Comment