ថ្នាក់ដឹកនាំ​បក្ស​ប្រឆាំង​ស្នើ​អន្តរជាតិ​តាមដាន​ដំណើរ​មាតុភូមិនិវត្តន៍​របស់​លោក សម រង្ស៊ី

ដោយ អាស៊ីសេរី
2019-11-06
អាស៊ីសេរី

អ្នកស្រី មូរ សុខហួរ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ។

អ្នកស្រី មូរ សុខហួរ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ។ RFA/Jeevita


មន្ត្រី​ទូត​ខ្មែរ​អុកឡុក​សន្និសីទ​សារព័ត៌មាន​របស់​អ្នកស្រី មូរ សុខហួរ នៅ​ទី​ក្រុង JAKARTA


ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​បញ្ជាក់​ជំហរ​វិល​ចូល​កម្ពុជា​វិញ​តាម​កាលកំណត់ បើ​ទោះ​ជា​មានការ​គំរាមកំហែង និង​ការ​ត្រៀម​បង្ក្រាប​ពី​អាជ្ញាធរ​របប​ក្រុងភ្នំពេញ​បែបណា​ក្តី។ ជំហរ​ចុងក្រោយ​របស់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​នេះ ធ្វើឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​របស់​អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ នៅ​ថ្ងៃ​ទី៦ វិច្ឆិកា នាទី​ក្រុង​ហ្សាកាតា (Jakarta) ប្រទេស​ឥណ្ឌូណេស៊ី។

អ្នកស្រី មូរ សុខហួរ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​សង្គ្រោះ​ជាតិ អះអាង​ប្រាប់​អាស៊ីសេរី​ថា ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​នៅតែ​រក្សា​ជំហរ​វិលត្រឡប់​ទៅ​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី៩ វិច្ឆិកា ចុង​សប្ដាហ៍​នេះ​។ អ្នកស្រី​បញ្ជាក់​ថា មាតុភូមិនិវត្តន៍​នេះ មិនមែន​ដើម្បី​ទៅ​ធ្វើ​សង្គ្រាម ឬ​ធ្វើ​បដិវត្តន៍​ពណ៌​នោះ​ឡើយ ប៉ុន្តែ​គឺ​ដើម្បី​សា្តរ​លទ្ធិប្រជាធិបតេយ្យ និង​ដោះស្រាយ​វិបត្តិ​ការ​អនុគ្រោះ​ពន្ធ EBA ដែល​កម្ពុជា​កំពុង​ប្រឈមមុខ​នឹង​ការបាត់បង់​។ អ្នកស្រី​ស្នើ​ឱ្យ​សហគមន៍​អន្តរជាតិ​ជួយ​តាមដាន​ដំណើរ​មាតុភូមិនិវត្តន៍​របស់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ ព្រោះតែ​របប​ក្រុងភ្នំពេញ​កំពុង​ប្រព្រឹត្ត​ផ្ទុយ​នឹង​ច្បាប់​កំពូល​របស់​ជាតិ ដោយ​បិទ​សិទ្ធិ​ពលរដ្ឋ​របស់​ខ្លួន​មិន​ឱ្យ​ត្រឡប់​ទៅ​ប្រទេស​កំណើត និង​ប្រើ​កម្លាំង​ទ័ព​ត្រៀម​បង្ក្រាប​ពលរដ្ឋ​របស់​ខ្លួន។

អ្នកស្រី មូរ សុខហួរ អះអាង​ទៀត​ថា អ្នកកាសែត​បរទេស​ដែល​ចូលរួម​ក្នុង​សន្និសីទ​សារព័ត៌មាន​នោះ ចាប់អារម្មណ៍ និង​មាន​សំណួរ​ជាច្រើន​អំពី​ដំណើរ​មាតុភូមិនិវត្តន៍​នេះ ក៏ប៉ុន្តែ​ពួកគេ រួម​ទាំង​អ្នក​រៀបចំ​កម្មវិធី​ផង បាន​ស្រឡាំងកាំង​នៅ​ពេល​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី លោក ហោ ណាំបូរ៉ា ដែល​ត្រូវជា​កូនប្រុស​អតីត​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក ហោ ណាំហុង បាន​ចេញ​មក​រំខាន​ដល់​ដំណើរការ​កម្មវិធី និង​ហាម​មិន​ឱ្យ​អ្នកស្រី​ថ្លែង​ទៅកាន់​ក្រុម​អ្នកកាសែត។

ក្នុង​វីដេអូ​ខ្លី​ដែល​បណ្តាញសារព័ត៌មាន​បរទេស​បាន​បង្ហោះ បង្ហាញឱ្យឃើញ​ពី​សកម្មភាព លោក ហោ ណាំ​បូរ៉ា ចេញមក​ម​រារាំង​អ្នកស្រី មូរ សុខហួរ មិន​ឱ្យ​មាន​មតិ និង​ថា សន្និសីទកាសែត​នេះ​ជា​រឿង​ខុសច្បាប់។ មន្ត្រី​ទូត​ខ្មែរ​រូប​នេះ​បាន​ប្រាប់​ឱ្យ​អ្នកកាសែត​បិទមាត់ នៅ​ពេល​ពួកគេ​ព្យាយាម​សួរ​លោក​អំពី​ថា តើ​សន្និសីទកាសែត​នេះ​ខុសច្បាប់​យ៉ាង​ដូចម្ដេច​។ អ្នក​រៀបចំ​កម្មវិធី​បាន​ប្រគល់​សិទ្ធិ​ឱ្យ​លោក លោក ហោ ណាំបូរ៉ា បកស្រាយ​ចំពោះ​សំណួរ​របស់​អ្នកកាសែត​វិញ ក៏ប៉ុន្តែ​មន្ត្រី​ការទូត​រូប​នេះ​បាន​បដិសេធ​មិន​ឆ្លើយ​សំណួរ​អ្វី​ទាំងអស់។

អាស៊ីសេរី​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ​ពី​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​ប្រទេស​ឥណ្ឌូណេស៊ី លោក ហោ ណាំបូរ៉ា បាន​ទេ នៅ​ថ្ងៃ​ទី​០៦ វិច្ឆិកា ក៏ប៉ុន្តែ​នៅ​មុន​នេះ​មួយ​ថ្ងៃ លោក​បាន​ចេញ​លិខិត​ស្តី​បន្ទោស​សកម្មជន​ឥណ្ឌូណេស៊ី​ថា ពួកគេ​កំពុង​ធ្វើការ​ជាមួយ​ជន​ដែល​រត់គេច​ខ្លួន​ពី​ការ​តាម​ចាប់​របស់​អាជ្ញាធរ​កម្ពុ​ជា​។ លោក​ថ្លែង​ទៀត​ថា នេះ​ជា​រឿង​មិន​សមរម្យ​ទេ ដែល​សកម្មជន​ឥណ្ឌូណេស៊ី​រៀបចំ​សន្និសីទកាសែត​ឱ្យ​អ្នកស្រី មូរ សុខ​ហួរ និង​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​អំពី​កម្ពុជា​ទាក់ទង​នឹង​ការបោះឆ្នោត​ឆ្នាំ​២០១៨។

ទោះជា​សន្និសីទកាសែត​អាច​ដំណើរការ​បាន​ដោយ​ចប់​ចុង​ចប់​ដើម​ក្ដី ក៏​អ្នកស្រី មូរ សុខហួរ យល់ថា ជា​រឿង​ដ៏​អាម៉ាស់​បំផុត​ដែល​មន្ត្រី​ការទូត​របប​ក្រុងភ្នំពេញ​បញ្ចេញ​ឥរិយាបថ និង​ឫកពា​មិន​សមរម្យ​បែបនេះ​នៅ​ចំពោះ​មុខ​អ្នកកាសែត ជាពិសេស​នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី ដែល​មាន​ប្រជាធិបតេយ្យ​ពិតប្រាកដ។

នាយករង​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) លោក ហ្វីល រ៉ូបឺតសុន បញ្ចេញ​ប្រតិកម្ម​នៅ​លើ​បណ្ដាញ​សង្គម​ធ្វីតធ័រ (Twitter) ថា នេះ​ជា​ទង្វើ​ប្រមាថ​ធ្ងន់ធ្ងរ និង​គ្មាន​លក្ខណៈ​ការទូត​អ្វី​បន្តិច​សោះឡើយ នៃ​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​ប្រទេស​ឥណ្ឌូណេស៊ី​។ លោក​បន្ត​ថា ករណី​នេះ​បង្ហាញ​ពី​ការប្រើប្រាស់​សិទ្ធិ​អំណាច​ដោយ​រំលោភបំពាន និង​ការ​ព្យាយាម​រំខាន​ដល់​សេរីភាព​នៃ​ការ​បញ្ចេញមតិ និង​ការ​ជួបប្រជុំ​នៅ​ឯ​ក្រៅ​ប្រទេស ពី​សំណាក់​មន្ត្រី​របប​លោក ហ៊ុន សែន។

ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ស្វះ​ស្វែងរក​ការ​គាំទ្រ​ពី​សហគមន៍​អន្តរជាតិ​ដើម្បី​បើក​ច្រក​ឱ្យ​មាន​ការ​ចចារ​ដោះស្រាយ​វិបត្តិ​នយោបាយ​កម្ពុជា ប៉ុន្តែ​របប​ក្រុងភ្នំពេញ​ដែល​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​រំលាយ​បក្ស​ប្រឆាំង​នោះ ហាក់ដូចជា​គ្មាន​បំណង​ណាមួយ​ក្នុង​ការ​វិល​រក​តុ​ចរចា​នោះ​ឡើយ បើ​ទោះ​ជា​ត្រូវ​ប្រឈម​នឹង​សម្ពាធ​ទណ្ឌកម្ម​ពី​អន្តរជាតិ​ក្ដី។ ជាពិសេស​នៅ​ដំណាក់កាល​ចុងក្រោយ​នេះ របប​លោក ហ៊ុន សែន បាន​បង្កើន​ការ​ចាប់​ចង និង​ត្រៀម​កម្លាំង​ទ័ព​ច្រើន​សន្ធឹកសន្ធាប់​ដើម្បី​កម្ចាត់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​គ្រោង​វិលត្រឡប់​ចូល​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី​០៩ វិច្ឆិកា ខាងមុខ។

ទោះជា​យ៉ាងណា គណបក្ស​សង្គ្រោះ​ជាតិ និង​ពលរដ្ឋ​ដែល​គាំទ្រ​គណបក្ស​នេះ អះអាង​ថា ពួកគេ​នៅតែ​ប្ដេជ្ញា​ចិត្ត​វិល​មក​កម្ពុជា​វិញ​ដដែល ព្រោះ​ពួកគេ​មាន​ជំនឿ​ថា ដំណើរ​មាតុភូមិនិវត្តន៍​នេះ​អាច​នឹង​ជួយ​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឱ្យ​រស់​ឡើងវិញ​បាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "ថ្នាក់ដឹកនាំ​បក្ស​ប្រឆាំង​ស្នើ​អន្តរជាតិ​តាមដាន​ដំណើរ​មាតុភូមិនិវត្តន៍​របស់​លោក សម រង្ស៊ី"

  1. so socheath says:

    ហាស ! ហាស
    ចង់បោក វាទាល់តែយូរបានជឿអ្ហែង !
    អត់ទិញសំបុត្រផង ចង់ជិះយន្តហោះ ?
    អាចុយម៉្រាយ អាក្បត់ជាតិ សមរង្ស៊ី បែបគឹតថាវា ចេះភាសាបារាំង តែម្នាក់វាដឹង ?
    ដឹងថាប៉ូលីសបារាំងនិយាយថាម៉េច ដាក់អាពូជឆ្កែ សមរង្ស៊ីទេ ?
    អត់ទិញសំបុត្រ លោកឯងចង់ជិះយន្តហោះ !
    លោកឯងចង់បង្ករចលាចលមែនទេ ?
    លោកឯងត្រូវចាកចេញពីទីនេះភ្លាម !
    ហាស! ហាស
    ស្ទីលល្ខោនអត់រោង បោកយកលុយចាយ គឺបែបនេះ !

Leave a Reply

Submit Comment