អាជ្ញាធរ​តាម​ព្រំដែន​ថៃ​បង្ហាញ​កងកម្លាំង​​ជា​ថ្មី​ត្រៀម​ទប់ស្កាត់​លោក សម រង្ស៊ី វិល​ចូល​ស្រុក

ដោយ វ៉ែន សុមេធ
2019-11-06
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

កងកម្លាំង​ចម្រុះ​ប្រមូល​ផ្ដុំ​នៅ​ទី​រួម​ខេត្ត​ឧត្ដរមានជ័យ ត្រៀម​ចេញ​ទៅ​ព្រំដែន​ទប់ស្កាត់​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ។ រូប​ថត​ថ្ងៃទី​៦ វិច្ឆិកា ឆ្នាំ២០១៩។

កងកម្លាំង​ចម្រុះ​ប្រមូល​ផ្ដុំ​នៅ​ទី​រួម​ខេត្ត​ឧត្ដរមានជ័យ ត្រៀម​ចេញ​ទៅ​ព្រំដែន​ទប់ស្កាត់​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ។ រូប​ថត​ថ្ងៃទី​៦ វិច្ឆិកា ឆ្នាំ២០១៩។ Photo Provided


អាជ្ញាធរ​ពង្រាយ​កង​ទ័ព​តាម​​ព្រំដែន​ ក្នុងបំណង​រា​រាំង​លោក ​សម រង្សី​ វិល​ចូល​ស្រុក


អាជ្ញាធរ​ខេត្ត​នៅ​តំបន់​ភូមិភាគ​ពាយ័ព្យ​ជាប់​ព្រំដែន​ប្រទេស​ថៃ បង្ហាញ​កងកម្លាំងប្រដាប់អាវុធ​រាប់​រយ​នាក់​ជា​ថ្មី​ទៀត ដើម្បី​ត្រៀម​ទប់ស្កាត់​ដំណើរ​មាតុភូមិនិវត្តន៍​របស់​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា ចុង​សប្ដាហ៍​នេះ​។ ប្រជាពលរដ្ឋ​តំបន់​ព្រំដែន​ថៃ​ចាត់​ទុក​សកម្មភាព​របស់​អាជ្ញាធរ​នេះ​ថា ជា​ការ​ចំណាយ​ថវិកាជាតិ​ឥតប្រយោជន៍ ដើម្បី​បំពេញ​មហិច្ឆតា​នយោបាយ​របស់​គណបក្ស​កាន់អំណាច។

ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ខេត្ត​បន្ទាយមានជ័យ លើកឡើង​ស្រដៀង​គ្នា​ថា ស្ថានការណ៍​ស្រុកទេស​កាន់តែ​យ៉ាប់យ៉ឺន​ខ្លាំង​ហើយ បាន​ជា​អាជ្ញាធរ​បញ្ចេញ​កងកម្លាំង ដែល​មាន​កាន់​កាំភ្លើង​ជាប់ដៃ​ស្អេកស្កះ​បង្អួត​គេឯង​តាម​ផ្លូវ​ម្ដង​ហើយ​ម្ដងទៀត​បែបនេះ។

ប្រជាពលរដ្ឋ​ម្នាក់​រស់នៅ​ខេត្ត​បន្ទាយមានជ័យ​សុំ​មិន​ឱ្យ​បញ្ចេញ​ឈ្មោះ ដើម្បី​សុវត្ថិភាព​ផ្ទាល់ខ្លួន​ថ្លែង​ថា ពលរដ្ឋ​នៅ​ក្នុង​ខេត្ត​នេះ​ភ្ញាក់ផ្អើល​ស្ទើរ​គ្រប់គ្នា នៅ​ពេល​ឃើញ​អាជ្ញាធរ​បង្ហាញ​កងទ័ព ដែល​មាន​កាំភ្លើង​ជាប់ដៃ​ជា​បន្តបន្ទាប់​នោះ។ ពលរដ្ឋ​រូប​នេះ​បន្ត​ថា អ្នក​រស់នៅ​តំបន់​ព្រំដែន​ភាគច្រើន​មិន​គាំទ្រ​នឹង​ការ​បញ្ចេញ​កងកម្លាំង​បែបនេះ​ទេ ពីព្រោះ​ពួកគាត់​យល់ថា ការ​ធ្វើ​បែបនេះ​ជា​ការ​បំផ្លាញ​ថវិកាជាតិ​ដោយ​គ្មាន​ប្រយោជន៍ ដើម្បី​ធ្វើសង្គ្រាម​សម្លាប់​ខ្មែរ​គ្នាឯង​។ លោក​ចាត់​ទុក សកម្មភាព​របស់​អាជ្ញាធរ​នេះ​ថា ជា​ការ​ទប់ទល់​ស្ថានការណ៍ ដើម្បី​ការពារ​អំណាច​របស់​ក្រុម​មេដឹកនាំ​ប្រទេស​បច្ចុប្បន្ន ឱ្យ​បាន​គ្រប់គ្រង​ប្រទេស​បន្ត​ទៀត​ប៉ុណ្ណោះ៖ «បើ​សិន​ជា​មាន​ជម្លោះ​ជាមួយ​ប្រទេសជិតខាង ដែល​គេ​ឈ្លានពាន​ទឹកដី​យើង​រំលោភច្បាប់​អន្តរជាតិ ជា​ការ​ត្រឹមត្រូវ តែ​ប្រសិនបើ​បញ្ជូន​កងទ័ព​ដើម្បី​ការ​គំរាមកំហែង​ប្រជាពលរដ្ឋ​វា​មិន​ត្រឹមត្រូវ​ទេ។ ខ្ញុំ​ព្រួយបារម្ភ​ថា ប្រសិនបើ​ការ​ដាក់​កម្លាំង​នៅ​ច្រើន​បន្ត​ដល់​ថ្ងៃ​ទី​៩ វិច្ឆិកា អាច​នឹង​មាន​ការ​បង្ហូរ​ឈាម​ដាក់គ្នា​ដែល​បង្ក​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​ជា​មិនខាន​ទេ»។

រីឯ​ប្រជាពលរដ្ឋ​នៅ​តំបន់​ព្រំដែន​សុំ​មិន​ឱ្យ​បញ្ចេញ​ឈ្មោះ​ម្នាក់ទៀត ថ្លែង​ថា ស្ថានការណ៍​នយោបាយ​នៅ​តំបន់​ពួកគាត់​រស់នៅ​កាន់តែ​អាក្រក់​ទៅ ហើយ​មាន​ប្រជាពលរដ្ឋ​ខ្លះ​ភ័យខ្លាច​មាន​សង្គ្រាម​បង្ហូរ​ឈាម​ខ្មែរ​គ្នាឯង​ជា​ថ្មី​ទៀត ពីព្រោះ​អាជ្ញាធរ​បាន​ដាក់​កម្លាំង​ប្រដាប់​អាវុធ​រាប់​រយ​នាក់​ប្រចាំការ​នៅតាម​ព្រំដែន ដែល​មិន​ធ្លាប់មាន​បែបនេះ​ឡើយ​។ ប៉ុន្តែ​ពលរដ្ឋ​រួប​នេះ​បញ្ជាក់​ដែរ​ថា ថ្វីត្បិតតែ​អាជ្ញាធរ​បង្ហាញ​កងទ័ព​ស្អេកស្កះ​យ៉ាង​នេះ​ក្ដី ក៏​ពលរដ្ឋ​មួយ​ចំនួន​នៅតែ​ខ្សឹបខ្សៀវ​គ្នា ត្រៀមខ្លួន​ទៅ​ទទួល​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​នៅ​ពេល​ដ៏​ខ្លី​ខាងមុខ​ដដែល៖ «ខ្ញុំ​មិន​អាច​គាំទ្រ​របប​ដឹកនាំ​សព្វថ្ងៃ​បន្ត​ទៅ​ទៀត​បាន​ទេ ព្រោះ​ការ​ដឹកនាំ​របស់​គាត់​មិន​មាន​ការ​រីកចម្រើន​ទៅមុខ​ទេ គឺ​មានតែ​ថយក្រោយ។ ដូច្នេះ​បើទោះបីជា​ថ្ងៃ​៩ រយៈពេល​ខ្លី​ក៏ដោយ​គឺ​យើង​ត្រូវតែ​ទៅ​ទទួល​លោក សម រង្ស៊ី ទាំងអស់គ្នា​ឱ្យ​បាន​ច្រើន ហើយ​នៅ​តំបន់​ខ្ញុំ​ប្រជាពលរដ្ឋ​ត្រៀម​រង់ចាំ​ថ្នាក់ដឹកនាំ​គណបក្ស​ប្រឆាំង​មក​ដល់​ដើម្បី​ចេញទៅ​អម​ដំណើរ​ទាំងអស់​គ្នា​ដោយ​មិន​ខ្លាច​ការ​គំរាមកំហែង​ពី​អាជ្ញាធរ​ឡើយ»។

ប្រតិកម្ម​របស់​ប្រជាពលរដ្ឋ​នេះ គឺ​ដោយសារតែ​អាជ្ញាធរ​ខេត្ត​បាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន និង​ខេត្ត​ឧត្ដរមានជ័យ ដែល​នៅ​ជាប់​បណ្ដោយ​ព្រំដែន​ប្រទេស​ថៃ បាន​បង្ហាញ​កងទ័ព​រាប់​រយ​នាក់ ដើម្បី​ត្រៀម​ទប់ស្កាត់​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ។

នៅ​ខេត្ត​បន្ទាយមានជ័យ​មាន​កងកម្លាំង​ប្រមាណ ៥០០​នាក់ ឈរជើង​នៅ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​នេះ ហើយ​បាន​ហ្វឹកហ្វឺន​រួមគ្នា​ជាថ្មី នៅ​ព្រឹក​ថ្ងៃ​ទី​៦ វិច្ឆិកា។ គេហទំព័រ​រដ្ឋបាល​សាលាខេត្ត​នេះ បញ្ជាក់​ថា កម្លាំង​ដែល​ចូលរួម​មាន ទាហាន​ភូមិភាគ​ទិស​ទី​១ របស់​ខេត្ត កម្លាំង​នគរបាល​ខេត្ត និង​ទាហាន​នៅ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត។

រីឯ​នៅ​ខេត្ត​បាត់ដំបង​ក៏​មាន​កងទ័ព​ប្រមាណ​៥០០​នាក់ ហែ​ក្បួន​តាម​ផ្លូវ​ជាតិ​លេខ​៥ ក្នុង​ក្រុង​បាត់ដំបង ត្រៀម​ចេញទៅ​ប្រចាំការ​នៅ​តំបន់​ព្រំដែន​ដែរ។

ចំណែក​ខេត្ត​ឧត្ដរមានជ័យ​ណោះ​វិញ ក៏​មាន​កងកម្លាំង​ប្រមាណ ១​ពាន់​នាក់ មាន​អាវុធ​គ្រប់​ដៃ​ប្រមូលផ្ដុំ​គ្នា​នៅ​ទី​រួម​ខេត្ត​ឧត្ដរមានជ័យ​នៅ​ព្រឹក​ថ្ងៃ​ទី​៦ វិច្ឆិកា​។ គេហទំព័រ​ស្នងការ​នគរបាល​ខេត្ត​ឧត្ដរមានជ័យ បញ្ជាក់​ថា កងទ័ព​ទាំងអស់​នេះ​ត្រៀម​កម្ទេច​លោក សម រង្ស៊ី និង​អ្នក​ហែហម​ឱ្យ​ទៅ​ជា​ផេះ ប្រសិនបើ​ពួកគេ​វិល​ចូល​ស្រុក​នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា នោះ។

អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ខេត្ត​លោក ឆាយ គឹមខឿន ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​៦ វិច្ឆិកា​ថា អាជ្ញាធរ​បាន​បន្ថែម​កង​កម្លាំង​ប្រចាំការ​នៅ​គ្រប់​ច្រក​ព្រំដែន​កម្ពុជា​-​ថៃ ដើម​ទប់ស្កាត់​លោក សម រង្ស៊ី និង​អ្នក​ហែហម​វិល​ចូល​ស្រុក​វិញ​នៅ​ពេល​ខាងមុខ​។ លោក​បញ្ជាក់​ថា ការ​ដាក់​កម្លាំង​ដោយសារ​ក្រុម​បក្ស​ប្រឆាំង​មាន​គម្រោង​ផ្ដួល​រំលំ​រដ្ឋាភិបាល​លោក។ ទោះជា​យ៉ាងណា​លោក​ថា ប្រជាពលរដ្ឋ​ដែល​មិន​ពាក់​មាន​ពាក់ព័ន្ធ​នឹង​ការ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី អាច​ឆ្លងដែន​ចេញចូល​តាម​ព្រំដែន​បាន​ជា​ធម្មតា៖ «អីចឹង​យើង​ត្រូវ​ត្រៀម​កម្លាំង​ទប់ស្កាត់​កុំ​ឱ្យ​មនុស្ស​បង្ក​ចលាចល​នៅ​ក្នុង​ប្រទេស​បាន។ ចំពោះ​ប្រជាពលរដ្ឋ​មិន​មាន​អ្នកណា​ហាមឃាត់​មិន​ឱ្យ​ចេញចូល​ព្រំដែន​ទេ ប៉ុន្តែ​កុំ​ឱ្យ​ពាក់ព័ន្ធ​ការ​គាំទ្រ​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​សមត្ថកិច្ច​ទៅ​បាន​ហើយ»។

អ្នកវិភាគ​នយោបាយ លោក បណ្ឌិត ឡៅ ម៉ុងហៃ យល់​ឃើញ​ថា ការ​ពង្រាយ​កម្លាំង​ប្រដាប់​អាវុធ និង​យោធា​តាម​ព្រំដែន​ទាំងនេះ គឺ​ផ្ទុយ​ពី​ច្បាប់រដ្ឋធម្មនុញ្ញ។ លោក​ពន្យល់​ថា កងទ័ព​ជាតិ​អាច​ប្រើប្រាស់​បាន លុះ​ត្រា​មាន​សេចក្តី​សម្រេច​ពី​ឧត្ដមក្រុមប្រឹក្សា​ការពារ​ជាតិ ដែល​មាន​ព្រះមហាក្សត្រ​ជា​ព្រះប្រធាន និង​ជា​មេបញ្ជាការ​កំពូល​នៃ​កង​យោធពល​ខេមរភូមិន្ទ​។ លោក​បន្ត​អាជ្ញាធរ​ដាក់​ពង្រាយ​កង​កម្លាំង​ច្រើន​ស្អេកស្កះ តាម​បណ្ដោយ​ព្រំដែន​បែបនេះ ឆ្លុះបញ្ចាំង​ពី​អំណាច​ផ្ដាច់មុខ របស់​លោកនាយ​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​បញ្ជា​កងទ័ព​ជាតិ​តាម​អំពើ​ចិត្ត ដោយ​មើល​រំលង​ឧត្ដមក្រុមប្រឹក្សា​ការពារ​ជាតិ ដែល​មាន​ព្រះមហាក្សត្រ​ជា​ព្រះប្រធាន៖ «សិទ្ធិ​អំណាច​ការពារ​កង​ទ័ព​ហ្នឹង គេ​ត្រូវ​ធ្វើតាម​ឧត្តមក្រុមប្រឹក្សា​ការពារ​ជាតិ អាហ្នឹង​វា​ត្រឹមត្រូវ​តាមច្បាប់​។ បើ​សម្រេច​អត្តនោម័តិ​ដោយ​នាយករដ្ឋមន្ត្រី ឬ​អគ្គ​មេបញ្ជាការ ឬ​មេទ័ព ហ្នឹង​ដូចជា​មិន​សមស្រប​នឹង​ច្បាប់​ទេ។ ច្បាប់រដ្ឋធម្មនុញ្ញ គឺ​ព្រះមហាក្សត្រ ជា​មេបញ្ជាការ​កំពូល​ហើយ​លោក​ជា ព្រះប្រធាន​នៃ​ឧត្តមក្រុមប្រឹក្សា​ការពារ​ជាតិ»។

អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​បាន​ដាក់​ពង្រាយ​កងកម្លាំង​ចម្រុះ​ប្រមាណ​៥០០​នាក់ ប្រចាំការ​នៅ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ដើម្បី​ទប់ស្កាត់​ថ្នាក់ដឹកនាំ​បក្ស​ប្រឆាំង​ធ្វើ​មាតុភូមិនិវត្តន៍។

ប្រជាពលរដ្ឋ​នៅ​ព្រំដែន​ទទូច​ដល់​របប​លោក ហ៊ុន សែន ឱ្យ​ដក​កម្លាំង​ប្រដាប់​អាវុធ​ចេញពី​ព្រំដែន​ឱ្យ​បាន​នៅ​ដូចដើម​ឡើងវិញ ដើម្បី​កុំឱ្យ​មានការ​ប៉ះទង្គិច​គ្នា​ណាមួយ​កើត​ឡើង​ដល់​អ្នកគាំទ្រ​គណបក្សប្រឆាំង ដែល​គ្រោង​ទៅ​ចូលរួម​អម​ដំណើរ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​ដោយ​សន្តិវិធី និង​គ្មាន​អាវុធ តាម​ព្រំដែន​កម្ពុជា​-​ថៃ​នោះ​។ ពួកគាត់​ព្រួយបារម្ភ​ថា ប្រសិនបើ​អាជ្ញាធរ​មិន​ដក​កងទ័ព​ចេញពី​ព្រំដែន​ទេ នោះ​អាច​នឹង​មាន​ការ​បង្ហូរ​ឈាម​គ្នា ដែល​នាំ​ឱ្យ​ប្រទេស​ធ្លាក់​ក្នុង​ស្ថានការណ៍​កាន់តែ​ធ្ងន់ធ្ងរ​។ ពួកគាត់​មាន​ជំនឿ​ថា ប្រជាពលរដ្ឋ​គ្រប់ទិសទី​នាំគ្នា​ទៅ​ទទួល​លោក សម រង្ស៊ី ភ្លូក​ទឹក​ភ្លូក​ដី ដោយសារ​ពួកគាត់​ស្អប់ខ្ពើម​របប​ដឹកនាំ​សព្វថ្ងៃ ពុករលួយ​ដល់​ឆ្អឹង បំផ្លាញ​ធនធានធម្មជាតិ និង​សង្គម​គ្មាន​យុត្តិធម៌​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "អាជ្ញាធរ​តាម​ព្រំដែន​ថៃ​បង្ហាញ​កងកម្លាំង​​ជា​ថ្មី​ត្រៀម​ទប់ស្កាត់​លោក សម រង្ស៊ី វិល​ចូល​ស្រុក"

  1. so socheath says:

    ហាស ! ហាស
    ចង់បោក វាទាល់តែយូរបានជឿអ្ហែង !
    អត់ទិញសំបុត្រផង ចង់ជិះយន្តហោះ ?
    អាចុយម៉្រាយ អាក្បត់ជាតិ សមរង្ស៊ី បែបគឹតថាវា ចេះភាសាបារាំង តែម្នាក់វាដឹង ?
    ដឹងថាប៉ូលីសបារាំងនិយាយថាម៉េច ដាក់អាពូជឆ្កែ សមរង្ស៊ីទេ ?
    អត់ទិញសំបុត្រ លោកឯងចង់ជិះយន្តហោះ !
    លោកឯងចង់បង្ករចលាចលមែនទេ ?
    លោកឯងត្រូវចាកចេញពីទីនេះភ្លាម !
    ហាស! ហាស
    ស្ទីលល្ខោនអត់រោង បោកយកលុយចាយ គឺបែបនេះ !

Leave a Reply

Submit Comment