អាជ្ញាធរ​របប​ភ្នំពេញ​ចាប់ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ ៤​នាក់​បន្ថែម​ទៀត

ដោយ ហេង រស្មី
2019-11-06
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ហ៊ុំ ស្រ៊ា សកម្មជន​គណបក្សប្រឆាំង​ខេត្ត​កោះកុង​ ត្រូវ​ចាប់ខ្លួន​ នៅ​ថ្ងៃ​ទី៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៩។

លោក ហ៊ុំ ស្រ៊ា សកម្មជន​គណបក្សប្រឆាំង​ខេត្ត​កោះកុង​ ត្រូវ​ចាប់ខ្លួន​ នៅ​ថ្ងៃ​ទី៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៩។ Photo courtesy


អាជ្ញាធរ​របប​ក្រុងភ្នំពេញ សម្រុក​ចាប់ខ្លួន​សកម្មជន​គណ​បក្ស​សង្គ្រោះ ជាតិ​ចំនួន​៤​នាក់​បន្ថែម​ទៀត​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ បាត់ដំបង និង ខេត្ត​កោះកុង ។ ការ​ឃាត់ខ្លួន​នេះ ធ្វើឡើង​មុន​ពេល ៣​ថ្ងៃ​នៃ​ការ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី ទៅ​កម្ពុជា​វិញ។

សកម្មជន​គណបក្ស​ស​ង្គ្រោះជាតិ​ទាំង​បួន​នាក់​ដែល​របប​ក្រុងភ្នំពេញ​ចាប់ខ្លួន​រួមមាន​លោក ជា ជីវ ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះជាតិ ខេត្ត​បាត់ដំបង លោក ស្រី ច័ន្ទតារា សកម្មជន​គណបក្សប្រឆាំង​នៅ​សង្កាត់​ទឹកថ្លា លោក ហេង ច័ន្ទសុទ្ធី ប្រធាន​ស្តីទី​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​នៅ​ខណ្ឌ​ពោធិ៍សែនជ័យ និង លោក ហ៊ុំ ស្រ៊ា សកម្មជន​គណបក្ស​នៅ​ក្នុង​ខេត្ត​កោះកុង។

លោក ហ៊ុំ ស្រ៊ុន ប្អូនប្រុស​លោក ហ៊ុំ ស្រ៊ា សកម្មជន​គណបក្សប្រឆាំង​ខេត្ត​កោះកុង​ប្រាប់​អាស៊ីសេរី​ថា សមត្ថកិច្ច​បាន​មក​ចាប់ខ្លួន​បងប្រុស​របស់​លោក ពេល​កំពុង​រៀបចំ​ទទួលទាន​បាយល្ងាច​ក្រោយពី​មក​ធ្វើ​ការងារ​ជា​កម្មករ​សំណង់។ លោក​និយាយ​ថា ក្រុម​គ្រួសារ​បាន​អង្វរ​សមត្ថកិច្ច​ឱ្យ​បងប្រុស​របស់​លោក​ទទួល​ទាន​បាយ​សិន តែ​សមត្ថកិច្ច​មិន​ព្រម​ហើយ​បាន​ចាប់ខ្លួន​លោក ហ៊ុំ ស្រ៊ា ដោយ​មិនបាន​ទទួលទាន​បាយ​សូម្បី​តែមួយ​មាត់។

លោក​បញ្ជាក់​ថា ការ​ចាប់ខ្លួន​នេះ​គឺជា​រឿង​អយុត្តិធម៌​ដែល​លោក​មិន​អាច​ទទួល​យក​បាន​ដោយសារ​បងប្រុស​របស់​លោក បាន​លាឈប់​ពី​គណបក្សប្រឆាំង ហើយ​មក​ធ្វើជា​កម្មករ​សំណង់៖ «បាទ​ខ្ញុំ​គិត​ថា វា​អយុត្តិធម៌​ណាស់​បង។ បាទ​គាត់​ឈប់​ហើយ គាត់​ឈប់ យូរហើយ​តាំងពី​បក្ស​រំលា​យមក​នេះ​បើ​តាម​គាត់​ប្រាប់​មក។ គាត់​ឈប់​ហើយ​គេ​អត់​ស្ដាប់​យើង គេ​យក​រូប​តាំងពី​ចាស់ៗ​មក​ធ្វើជា​ភស្តុតាង»។

អនុប្រធាន​គណបក្ស​ស​ង្គ្រោះជាតិ​អ្នកស្រី មូរ សុខហួរ ប្រាប់​អាស៊ីសេរី​ថា ការ​ចាប់ខ្លួន​ជា​បន្តបន្ទាប់​នេះ​កាន់តែ​ធ្វើ​អោយ​ប្រជាពលរដ្ឋ​កាន់តែ​មាន​ការ​ឈឺចាប់​មក​ចូលរួម​ជាមួយ​លោក សម រង្ស៊ី​កាន់តែ​ច្រើន៖ «នេះ​គឺជា​ការ​ប៉ះពាល់​ធ្ងន់​ណាស់​ទៅលើ​លទ្ធិប្រជាធិបតេយ្យ​ហើយ​នឹង​ច្បាស់​ជា​របាយការណ៍​របស់​សហគមន៍​អឺរ៉ុប​ដែល​នឹង​ត្រូវ​ចេញ​នៅ​ថ្ងៃ​ទី​១១​ខែ​វិច្ឆិកា ខាងមុខ​របាយការណ៍​ពាក់ព័ន្ធ​នឹង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​របាយការណ៍​នេះ​ពាក់ព័ន្ធ​EBA​ទៀត​នឹង​ធ្វើ​ឲ្យ​បាត់បង់​EBA​ជាមិនខាន​ទេ»។

អ្នកនាំពាក្យ​សមាគម​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក សឹង សែនករុណា បញ្ជាក់​ថា​ការ​ចាប់ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​រយៈ​ចុងក្រោយ​នេះ​ហាក់​បីដូច​ជា​មាន​សកម្មភាព​កាន់​តែ​ខ្លាំង​ឡើង ហើយ​រាល់​ការ​ចាប់ខ្លួន​នេះ​សមត្ថកិច្ច​មិនបាន​អនុវត្តន៍​នីតិវិធី​របស់​ខ្លួន​នោះ​ទេ​គឺ​ហាក់​បី​ដូច​ជា​ការ​ធ្វើឡើង​តាម​អំពើ​ចិត្ត។ លោក​បញ្ជាក់​ថា ទង្វើ​នេះ​ជា​ការ​បង្ហាញ​ដើម្បី​ឲ្យ​អ្នកគាំទ្រ​គណបក្សប្រឆាំង​ភ័យខ្លាច​៖ «ជាការ​បង្ហាញ​ថា បាន​ធ្វើ​ឲ្យ​បំបាក់​ស្មារតី​របស់​ប្រជាពលរដ្ឋ​ឬក៏​អ្នកគាំទ្រ​ឬ​សកម្មជន​ទាំងអស់​ហ្នឹង​មានការ​ភ័យខ្លាច​និង​មានការ​ហាក់បីដូចជា​លែង​ចង់​មានការ​ពាក់ព័ន្ធ​ទៅ​នឹង​រឿង​នយោបាយ​តទៅទៀត​រហូតដល់​អ្នក​ខ្លះ​មានការ​ភ័យខ្លាច​បាន​ចូល​សារភាព​ចុះចូល​ជាមួយ​នឹង​គណបក្ស​កាន់អំណាច​ដើម្បី​ឲ្យ​ដូរ​មកវិញ​ទៅ​នឹង​ការ​រួចខ្លួន​កុំ​ឲ្យ​ចាប់​យក​ទៅ​ឃុំឃាំង​អ្វី​ជាដើម»។

ចំពោះ​ករណី​សន្តិសុខ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១០​នាក់ ដែល​ត្រូវ​របប​ក្រុងភ្នំពេញ​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​០៥​វិច្ឆិកា​វិញ សមត្ថកិច្ច​បាន​បញ្ជូន​ពួកគេ​ទៅ​តុលាការ​ហើយ ប៉ុន្តែ​មិន​ទាន់​មាន​ព័ត៌មាន​ថា​តើ​តុលាការ​សម្រេច​ឃុំខ្លួន​ពួកគេ​ជា​បណ្ដោះអាសន្ន​នៅឡើយ​ទេ។

ស្នងការ​ប៉ូលិស​ក្រុងភ្នំពេញ​លោក ស ថេត បញ្ជាក់​ថា សកម្មជន​គណបក្ស​ប្រឆាំង​ទាំង​១០​នាក់​សមត្ថកិច្ច​ចោទប្រកាន់​ពី​បទ​ទទួល​ផែនការ​ពី​លោក សម រង្ស៊ី ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល៖ «រៀបចំ​ទាំងអស់​គាត់​ហ្នឹង​អោយ​អ្នកណា​ទទួលខុស​ត្រូវ បង្កើត​គណៈកម្មការ​ទទួល​ការងារ​សន្តិសុខ​ទទួល​ពី​កន្លែង​ណា​ទៅ​កន្លែង​ណា មាន​អស់ហើយ​តើស។ យើង​បញ្ជូន​ឲ្យ​តុលាការ​អស់ហើយ។ ទុក​ឲ្យ​សមត្ថកិច្ច​តុលាការ​គេ​ធ្វើការ​ស្រាវជ្រាវ​បន្ថែម​ទៀត​តែ​អត់​មាន​អាវុធ​ទេ»។

មក​ទល់​ថ្ងៃទី៦ វិច្ឆិកា​នេះ សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​ចំនួន ៧៩​នាក់​ហើយ​ត្រូវ​បាន​របប​ក្រុងភ្នំពេញ​ចាប់ខ្លួន និង​ចំនួន​១៩៩​នាក់​ផ្សេងទៀត​បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ពី​បទ​សង្ស័យ ថា បាន​ចូលរួម​អម​ដំណើរ​ជាមួយ​លោក សម រង្ស៊ី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "អាជ្ញាធរ​របប​ភ្នំពេញ​ចាប់ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ ៤​នាក់​បន្ថែម​ទៀត"

  1. so socheath says:

    ហាស ! ហាស
    ចង់បោក វាទាល់តែយូរបានជឿអ្ហែង !
    អត់ទិញសំបុត្រផង ចង់ជិះយន្តហោះ ?
    អាចុយម៉្រាយ អាក្បត់ជាតិ សមរង្ស៊ី បែបគឹតថាវា ចេះភាសាបារាំង តែម្នាក់វាដឹង ?
    ដឹងថាប៉ូលីសបារាំងនិយាយថាម៉េច ដាក់អាពូជឆ្កែ សមរង្ស៊ីទេ ?
    អត់ទិញសំបុត្រ លោកឯងចង់ជិះយន្តហោះ !
    លោកឯងចង់បង្ករចលាចលមែនទេ ?
    លោកឯងត្រូវចាកចេញពីទីនេះភ្លាម !
    ហាស! ហាស
    ស្ទីលល្ខោនអត់រោង បោកយកលុយចាយ គឺបែបនេះ !

Leave a Reply

Submit Comment