អ្នក​គាំទ្រ​បក្ស​ប្រឆាំង​ ដែល​មក​ដល់​នៅ​ទីក្រុង​បាងកក​ រៀបចំ​ឡាន​ឲ្យ​ពលករ​ជិះ​ទៅ​ព្រំដែន​រួចរាល់​ហើយ

ដោយ ខែ សុណង
2019-11-05
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​​ពី​ក្រៅ​ប្រទេស ទៅ​ដល់​ក្រុង​បាងកក ប្រទេស​ថៃ នៅ​ថ្ងៃ​ទី៥ ខែ​វិច្ឆិកា ឆ្នាំ២០១៩។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​​ពី​ក្រៅ​ប្រទេស ទៅ​ដល់​ក្រុង​បាងកក ប្រទេស​ថៃ នៅ​ថ្ងៃ​ទី៥ ខែ​វិច្ឆិកា ឆ្នាំ២០១៩។

 រូប៖ សកម្មជន​ផ្ដល់​ឱ្យ


ពលករ និង​ខ្មែរ​នៅ​ក្រៅ​ប្រទេស ដែល​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ​ប្រាប់​ថា ពលរដ្ឋ​ខ្មែរ​ទាំង​អស់ ចង់​អម​ដំណើរ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ចូល​កម្ពុជា នៅ​ថ្ងៃ​ទី​៩​ វិច្ឆិកា ដើម្បី​​បង្ហាញ​ពី​កម្លាំង​ពលរដ្ឋ មិន​មែន​ចង់​ប្រឈម​មុខ​ដាក់​គ្នា ជាមួយ​កង​កម្លាំង​ប្រដាប់​អាវុធ​ទេ។ ពួកគេ​ប្រាប់​ថា បាន​រៀបចំ​ឡាន​សម្រាប់​ដឹក​ពលករ ទៅ​ព្រំដែន​​ រួច​រាល់​ហើយ។​

ពលករ ប្រាប់​ថា បច្ចុប្បន្ន​ក្រុម​អ្នក​គាំទ្រ​បក្ស​ប្រឆាំង ដែល​មាន​ទាំង​សកម្មជន​ ពលករ ពលរដ្ឋ​ខ្មែរ​​រស់​នៅ​ក្រៅ​ប្រទេស និង​ជន​ភៀស​ខ្លួន​នយោបាយ កំពុង​ធ្វើ​សកម្មភាព​ចុះ​ជួប​ពលករ និង​រក​ឡាន​ឲ្យ​កម្មករ​​ជិះ ទៅ​តាម​ច្រក​ព្រំដែន​ថៃ ខ្មែរ នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា។

តំណាង​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ លោក ព្រុំ រ័ត្ន ប្រាប់​អាស៊ី​សេរី​ថា លោក និង​តំណាង​ចលនា​យុវជន​នៅ​ប្រទេស​កូរ៉េ​ច្រើន​នាក់ ​បាន​ទៅ​ដល់​ទីក្រុង​បាងកក​ច្រើន​ថ្ងៃ​ហើយ និង​កំពុង​ចុះ​ជួប​ពលករ​តាម​តំបន់​ ដែល​ពលករ​រស់​នៅ។ លោក​ថា ទឹក​ចិត្ត​ពលករ នៅ​ប្រទេស​ថៃ ដូច​ពលករ​នៅ​ប្រទេស​កូរ៉េ​ដែរ គឺ​អន្ទះសា​ចង់​ឲ្យ​ដល់​ថ្ងៃ​ទី ០៩ វិច្ឆិកា ឲ្យ​ឆាប់ៗ។ ទោះ​យ៉ាង​ណា លោក​ថា ពលករ ដែល​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ទាំង​អស់ គឺ​នឹង​រក្សា​គោលការណ៍​អហិង្សា​របស់​បក្ស ហើយ​មិន​ប្រឈម​មុខ​ ជាមួយ​កង​កម្លាំង​ប្រដាប់​អាវុធ​ទេ គ្រាន់​តែ​ចង់​បង្ហាញ​​ពី​កម្លាំង​គាំទ្រ​លោក សម រង្ស៊ី ប៉ុណ្ណោះ។ លោក​សង្ឃឹម​ថា កង​កម្លាំង​ប្រដាប់​អាវុធ ក៏​មិន​ធ្វើ​បាប​ពលករ រួម​ឈាម​តែ​មួយ​ដែរ៖ «យើង​មិន​បាន​ត្រៀម​​ជា​​អ្វី ក្នុង​ការ​តបត ជា​កម្លាំង​អ្វី​ទេ។ យើង​គ្រាន់​តែ​បង្ហាញ​នូវ​ចំនួន​ដ៏​ច្រើន​លើស​លុប របស់​ពលករ​ហ្នឹង ដើម្បី​ចូល​មាតុភូមិ​របស់​ខ្លួន​វិញ ព្រោះ​គ្មាន​ច្បាប់​ណា ​ចែង​នៅ​ក្នុង​ការ​ហាម​ឃាត់​ពលរដ្ឋ​មិន​ឲ្យ​វិល​ចូល​មាតុប្រទេស​របស់​ខ្លួន​នោះ​ទេ។ អ៊ីចឹង យើង​ក្នុង​នាម​ជា​ពលរដ្ឋ ដែល​មាន​តែ​បាត​ដៃ​ទទេ ព្រោះ​យើង​មាន​តែ​ប្រើ​កម្លាំង​មហាជន​ដ៏​ច្រើន​ហ្នឹង​ដើម្បី​ចូល​ទៅ​ក្នុង​មាតុប្រទេស​របស់​យើង​វិញ។ អ៊ីចឹង នៅ​ពេល​នេះ គឺ​តំណាង​នៅ​តាម​តំបន់​​​នីមួយៗ ហ្នឹង​រៀបចំ​ឡាន សម្រាប់​បងប្អូន​យើង​ធ្វើ​ដំណើរ​ទៅ​តាម​ច្រក​ព្រំដែន សម្រាប់​បង​ប្អូន​យើង​ធ្វើ​ដំណើរ​ជាមួយ​លោក​ប្រធាន សម រង្ស៊ី»

គិត​ត្រឹម​ថ្ងៃ​ទី៦ វិច្ឆិកា​ នៅ​សល់​រយៈ​ពេល ៣ថ្ងៃ​ទៀត ដល់​ថ្ងៃ​កំណត់​លោក សម រង្ស៊ី និង​ថ្នាក់​ដឹក​នាំ​បក្ស​ប្រឆាំង សន្យា​វិល​ចូល​ប្រទេស​កម្ពុជា​វិញ។ អ្នក​គាំទ្រ​បក្ស​ប្រឆាំង​ខ្លះ ត្រូវ​បាន​អះអាង​ថា ចូល​ដល់​ទឹកដី​ប្រទេស​ថៃ​ជា​បណ្ដើរៗ ខណៈ​មេដឹកនាំ​ពលករ​នៅ​ប្រទេស​ថៃ​សន្យា​ថា នៅ​ថ្ងៃ​ទី៦ វិច្ឆិកា នឹង​ប្រកាស​​ពី​តួ​លេខ​ពលករ ​ត្រូវ​អម​ដំណើរ​លោក សម រង្ស៊ី។

សកម្មជន​បក្ស​ប្រឆាំង និង​ជា​ជន​ភៀស​ខ្លួន​នយោបាយ​នៅ​ប្រទេស​ហ្វីលីពីន ​អ្នកស្រី មាស លក្ខិណា ប្រាប់​ថា ក្រុម​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​នៅ​ប្រទេស​ហ្វីលីពីន ក៏​បាន​ធ្វើ​ដំណើរ​ចូល​ដល់​ទីក្រុង​បាងកក​ ប្រទេស​ថៃ​ដែរ គឺ​ចូល​​ទៅ​ជាមួយ​ពលរដ្ឋ​នៅ​តាម​បណ្ដា​​ប្រទេស​ផ្សេង​ទៀត។ អ្នកស្រី​ឲ្យ​ដឹង​ថា ប៉ុន្មាន​ថ្ងៃ ដែល​សកម្មជន​បក្ស​ប្រឆាំង​ចូល​ដល់​ប្រទេស​ថៃ​ គឺ​ពួកគេ​បាន​ដើរ​ប្រមូល​ពលករ​បន្ថែម និង​រៀបចំ​ជា​ផ្នែក ជា​ក្រុម រួច​រាល់​អស់​ហើយ។

អ្នកស្រី​អះអាង​ថា អ្នក​គាំទ្រ​បក្ស​ប្រឆាំង​ក្រៅ​ប្រទេស​ផ្សេង​ទៀត កំពុង​ធ្វើ​ដំណើរ​ចូល​ប្រទេស​ថៃ ជា​បន្ត​បន្ទាប់។ ចំពោះ​យុទ្ធសាស្ត្រ​ទប់​ទល់​នឹង​ផែនការ​បង្ក្រាប​របស់​របប​ក្រុង​ភ្នំពេញ នៅ​តាម​ព្រំដែន​វិញ អ្នកស្រី មាស លក្ខិណា ប្រាប់​ថា អ្នក​គាំទ្រ​បក្ស​ប្រឆាំង​ទាំង​អស់ មិន​មាន​អាវុធ មិន​មាន​ការ​តបត​ណា​មួយ​ឡើយ គឺ​គ្រាន់​តែ​ដើរ​ចូល​ប្រទេស​​កំណើត​វិញ ដើម្បី​បង្ហាញ​ការ​គាំទ្រ លោក សម រង្ស៊ី ប៉ុណ្ណឹង៖ «សម្រាប់​នៅ​ពេល​នេះ មាន​​ច្រើន​ដែរ តែ​បង​មិន​ទាន់​អាច​ប្រាប់​តួលេខ​បាន​ ព្រោះ​នៅ​ទៅ​ទទួល​បន្ត​ៗ​បន្ទាប់​ អ៊ីចឹង​ទៅ​ណា។ ឥឡូវ​នេះ ត្រូវ​រៀបចំ​ខ្លួន​ទៅ​ទទួល​ពួកគាត់​ទៀត។ អ្នក​ខ្លះ ត្រូវ​មក​ដល់​ម៉ោង​៣យប់ អ្នក​ខ្លះ​មក​ដល់​ហើយ ត្រូវ​ចែក​កន្លែង​គេង អ៊ីចឹង​ ទៅ​ណា»

ស្រប​ពេល​សកម្មជន​បក្ស​ប្រឆាំង​កំពុង​ធ្វើ​សកម្មភាព​ជួបជុំ​គ្នា នៅ​​ប្រទេស​ថៃ នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​ថៃ​វិញ របប​ក្រុង​ភ្នំពេញ​កំពុង​ប្រុង​ជើងការ​រាល់​ថ្ងៃ ដើម្បី​ត្រៀម​ទប់ទល់​នឹង​ផែនការ​វិល​ចូល​ស្រុក​របស់​លោក សម រង្ស៊ី។ កង​កម្លាំង​គ្រប់​ប្រភេទ និង​អាវុធ គ្រប់​ធុន ដែល​មាន​តាំង​រថពាស​ដែក ត្រូវ​បាន​ចល័ត​ពាសពេញ​ផ្លូវ​ក្បែរ​ព្រំដែន ដើម្បី​បង្ហាញ​ពលរដ្ឋ។

យ៉ាង​ណា ក្រុម​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​ដែល​កំពុង​ប្រមូល​ផ្ដុំ​គ្នា​ នៅ​ប្រទេស​ថៃ​អះអាង​ថា ពួក​គេ​មិន​ខ្លាច​ នឹង​​រូប​ភាព​គំរាម​​ទាំង​អស់​នោះ​ទេ ហើយ​ក៏​មិន​ជឿ​ថា កង​កម្លាំង​​ប្រដាប់​អាវុធ លើក​ដៃ​វាយ​បង្ក្រាប​ បាញ់​ប្រហារ លើ​ជន​រួម​ជាតិ​ខ្មែរ ដែល​ត្រលប់​​ចូល​ប្រទេស ដើម្បី​​ទាមទារ​សិទ្ធិ សេរីភាព សេចក្ដី​ថ្លៃថ្នូរ ឲ្យ​ពលរដ្ឋ​ខ្មែរ​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

Leave a Reply

Submit Comment