ពលរដ្ឋ​បារម្ភ​ពី​សមត្ថកិច្ច​ពង្រាយ​កម្លាំង និង​ត្អូញត្អែរ​ពី​ការ​រឹតត្បិត​តាម​ដង​ផ្លូវ​ជាតិ

ដោយ សុ ជីវី
2019-11-07
RFA

កងកម្លាំង​ចម្រុះ​ប្រមូល​ផ្ដុំ​នៅ​ទីរួម​ខេត្ត​ឧត្ដរមានជ័យ​ត្រៀម​ចេញ​ទៅ​ព្រំដែន កាល​ពី​ថ្ងៃទី៦ វិច្ឆិកា  ឆ្នាំ​២០១៩ ដើម្បី​ទប់ស្កាត់​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ។

កងកម្លាំង​ចម្រុះ​ប្រមូល​ផ្ដុំ​នៅ​ទីរួម​ខេត្ត​ឧត្ដរមានជ័យ​ត្រៀម​ចេញ​ទៅ​ព្រំដែន កាល​ពី​ថ្ងៃទី៦ វិច្ឆិកា ឆ្នាំ​២០១៩ ដើម្បី​ទប់ស្កាត់​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ។ រូប​ពី​ហ្វេសប៊ុក​ប៉ូលិស​ខេត្ត​បន្ទាយមានជ័យ


ពលរដ្ឋ​រស់នៅ​ខេត្ត​មួយ​ចំនួន និង​ពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ ភ័យខ្លាច​មិន​ហ៊ាន​ធ្វើដំណើរ​ឆ្ងាយ ដោយសារ​អាជ្ញាធរ​បាន​ពង្រាយ​កងកម្លាំងប្រដាប់អាវុធ​ចម្រុះ​ច្រើន​ស្អេកស្កះ នៅ​តាម​ផ្លូវជាតិ​មួយ​ចំនួន និង​មាន​សមត្ថកិច្ច​ខ្លះ​សួរនាំ​ពលរដ្ឋ នៅ​ពេល​ដែល​ពួកគាត់​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាដើម​។ អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​អះអាង​ថា ការ​ពង្រាយ​កងកម្លាំង​បែបនេះ ដើម្បី​ការពារ​សន្តិសុខ សុវត្ថិភាព ពុំ​មែន​គំរាមកំហែង​ពលរដ្ឋ​នោះ​ទេ។

ពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ ខេត្ត​ស្វាយរៀង ខេត្ត​ស្ទឹងត្រែង និង​ពលរដ្ឋ​រស់នៅ​ក្រុង​ប៉ោយប៉ែត អះអាង​ស្រដៀង​គ្នា​ថា អាជ្ញាធរ​បាន​ពង្រាយ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​យ៉ាង​ច្រើន​ស្អេកស្កះ តាម​ផ្លូវ​ជាតិ​លេខ​១ និង​ផ្លូវជាតិ​លេខ ៦​ជាដើម ទំនង​ដើម្បី​ទប់ទល់​ក្រុម​ពលរដ្ឋ និង​ពលករ​ចំណាកស្រុក មិន​ឱ្យ​បង្ហាញខ្លួន​ទៅ​ទទួល​លោក សម រង្ស៊ី នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ខាងមុខនេះ​។​

ពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ​ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ បង្ហាញ​អារម្មណ៍​មិន​សប្បាយ​ចិត្ត នៅ​គ្រា​ដែល​អាជ្ញាធរ​ពង្រាយ​កងកម្លាំង​ប្រដាប់​អាវុធ តាម​ដង​ផ្លូវ​ជាតិ និង​តាម​ព្រំដែន ដែល​លោក​ចាត់ទុកថា គំរាមកំហែង​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ក្នុង​ការ​ដើរហើរ​។ លោក​ថា មួយរយៈ​ពេល​ចុង​ក្រោយនេះ លោក​មិន​ហ៊ាន​ធ្វើដំណើរ​ឆ្ងាយ​នោះ​ទេ ព្រោះ​បារម្ភ​ពី​សុវត្ថិភាព ស្រប​ពេលដែល​សមត្ថកិច្ច​ចម្រុះ​បង្ហាញ​អាវុធ​គ្រប់​ធុន៖«តាម​ខេត្ត​ឆ្ងាយៗ​មាន​អាជ្ញាធរ និង​ប៉ូលិស​ឆែក​មើល តាមដាន មាន​សាក​សួរ​ថា ទៅ​ណា​ទៅ​ណី​ទៀត​។ ឆែក និង​ត្រួតពិនិត្យ​ហ្នឹង រឹតត្បិត ទៅណា​ទៅ​ណី ចេះតែ​មាន​ភ័យ​ឃើញ​អាជ្ញាធរ និង​មន្ត្រី​ប៉ូលិស ។ ទោះ​ថា មិន​ចាប់​ក៏ដោយ​ក៏​វា​បង្ហាញ​ពី​ភាព អំណាច​ដាក់​ពួកគាត់​ដែល​ឆែក​តាម​ផ្លូវ​អ៊ីចឹង​។ វា​មិន​ដែល​មាន»។

អ្នក​រត់ម៉ូតូ​ឌុប​នៅ​ក្រុង​ប៉ោយប៉ែត ថ្លែង​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​៦ វិច្ឆិកា​ថា សមត្ថកិច្ច​ចម្រុះ ៣​ប្រភេទ បាន​ដាក់​ពង្រាយ​ជាច្រើន​ទីតាំង​ផ្សេងៗ គ្នា នៅ​ច្រក​ព្រំដែន​ក្រុង​ប៉ោយប៉ែត និង​តាម​ដង​ផ្លូវ​ជាតិ​សំខាន់ៗ នាំ​ឱ្យ​ពលរដ្ឋ​មួយ​ចំនួន និង​កម្មករ​ស៊ី​ឈ្នួល​ជញ្ជូន​អីវ៉ាន់ ភ័យ​ព្រួយ​ពី​សុវត្ថិភាព​។ លោក​ថា សមត្ថកិច្ច​ខ្លះ​បាន​សួរនាំ​ពលរដ្ឋ នៅ​ពេល​ដែល​ពួកគេ​ធ្វើដំណើរ​ទៅ​ប្រទេស​ថៃ តាម​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត និង​ច្រក​ព្រំដែន​មួយ​ចំនួន​ទៀត​៖ «រាប់មិនអស់​ទេ ច្រើន​កន្លែង​មួយ​កន្លែង ២០​ទៅ ៣០​នាក់​។ មាន​កាំភ្លើង​គ្រប់​ដៃ តាម​ច្រក​ព្រំដែន មាន​ប៉ូលិស និង​ទាហាន មាន​ប៉េអិម នៅ​តាម​ច្រក​ព្រំដែន​ហ្នឹង គេ​ឆែក​ត្រួត​ពិនិត្យ»។

​ឆ្លើយតប​រឿង​នេះ អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹមខឿន ថ្លែង​ថា ការ​ដាក់​ពង្រាយ​នគរបាល​បែបនេះ ដើម្បី​ពង្រឹង​សន្តិសុខ សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​-​ថៃ ជាពិសេស ដើម្បី​ត្រៀម​កម្លាំង​ទប់ទល់ និង​ហាម​មិន​ឱ្យ​បង្ក​ចលាចល។ លោក​ថា ពលរដ្ឋ​អាច​ចេញ​ចូល​ប្រទេស​ថៃ បាន​ដូច​ធម្មតា ក៏ប៉ុន្តែ​ហាម​មិន​ឱ្យ​ធ្វើ​សកម្មភាព​ណាមួយ​ប្រឆាំង​ការអនុវត្ត​ច្បាប់​របស់​សមត្ថកិច្ច​នោះ​ទេ។ លោក ឆាយ គឹមខឿន មិន​បញ្ជាក់​លម្អិត​ថា មាន​នគរបាល​ប៉ុន្មាន​នាក់​ទេ ដែល​ឈរជើង​តាម​ច្រក​ព្រំដែន​កម្ពុជា​-​ថៃ ក៏ប៉ុន្តែ​លោក​អះអាង​ថា សមត្ថកិច្ច​បាន​យាមល្បាត​គ្រប់​ច្រក​ទាំង​អស់យ៉ាង​ប្រុងប្រយ័ត្ន៖ «ច្រក​ព្រំដែន​កម្ពុជា និង​ថៃ គ្រប់​ច្រក​ដាក់​តឹងតែង​ទាំងអស់​។ អត់​មាន​ពី​ណា​ហាមឃាត់ ពលរដ្ឋ​ខ្លួនឯង​មិន​ចេញចូល​ទេ តែ​គ្រាន់តែ​ថា មិន​ឱ្យ​ពាក់ព័ន្ធ ការ​គាំទ្រ​ធ្វើ​សកម្មភាព ប្រឆាំង​ការអនុវត្ត​ច្បាប់​របស់​សមត្ថកិច្ច»។

អ្នកនាំពាក្យ​សមាគម​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា មើល​ឃើញ​ថា សិទ្ធិ​សេរីភាព​ពលរដ្ឋ​ហាក់​ឋិត​ក្នុង​ភាព​ផុយស្រួយ និង​ទទួលរង​ការ​គំរាមកំហែង ជាពិសេស ពលរដ្ឋ​មួយ​ចំនួន​ហាក់​ភ័យខ្លាច អាជ្ញាធរ​ចោទប្រកាន់​ពួកគេ​ថា ជា​ក្រុម​បក្ស​ប្រឆាំង​ជាដើម​។ លោក​ចង់​ឃើញ អ្នក​នយោបាយ​ភ្ញាក់ខ្លួន​ឡើង ហើយ​ងាក​រក​តុ​ចរចា ដោយ​សន្តិវិធី ចៀសវាង​ប្រើ​អំពើ​ហិង្សា​ដើម្បី​ដោះស្រាយ​បញ្ហា​។ លោក​ផ្តល់​យោបល់​ថា អ្នកនយោបាយ​គួរតែ​ដោះស្រាយ​វិបត្តិ​នយោបាយ តម្កល់​ប្រយោជន៍​ជាតិ​ជាធំ ចៀសវាង​ប្រើ​កងកម្លាំងប្រដាប់អាវុធ គំរាមកំហែង និង​ធ្វើទុក្ខបុកម្នេញ​អ្នកគាំទ្រ​គណបក្សប្រឆាំង ដែលជា​ហេតុ​នាំ​ឱ្យ​ប្រទេសជិតខាង​សើចចំអក និង​មើលងាយ៖ «ភាគី​ទាំងពីរ គឺជា​បញ្ហា​ជម្លោះ​នយោបាយ​។ យើង​តែងតែ​ស្នើ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ហ្នឹង ធ្វើ​យ៉ាងណា អត់ធ្មត់ រក​ដោះស្រាយ​បញ្ហា​ជាតិ ជា​បញ្ហា​រួម យក​គោលការណ៍​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​មក​អនុវត្ត​វិញ​។ កុំ​ឱ្យ​ប្រើ​កម្លាំង​រៀងៗ​ខ្លួន​បែបនេះ វា​ធ្វើ​ឱ្យ​ប៉ះពាល់​ទង្គិច​គ្នា​ទៅវិញទៅមក ធ្វើ​ឱ្យ​ប៉ះពាល់​ហិង្សា និង​អាយុជីវិត​ពលរដ្ឋ​ជាដើម»។

ពលករ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ អ្នកនាង ជួយ សុភាព នៅតែ​ប្រកាស​ជំហរ​ថា នឹង​វិល​ទៅ​ស្រុកកំណើត​វិញ នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា​ខាងមុខនេះ ដើម្បី​ទទួល​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ។ លើស​ពី​នេះ មូលហេតុ​សំខាន់​ដែល​អ្នកនាង​ចង់​វិល​ទៅ​ស្រុកកំណើត ដើម្បី​ទាមទារ​សិទ្ធិសេរីភាព យុត្តិធម៌​សង្គម និង​ចង់ឃើញ​ប្រទេស​កម្ពុជា អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​បាន​ពេល​លេញ​យូរ​អង្វែង។ អ្នកនាង​មើល​ឃើញថា ការដឹកនាំ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន កំពុង​ឋិត​ក្នុង​ភាព​ហានិភ័យ​ធ្ងន់ធ្ងរ ទាំង​សេដ្ឋកិច្ច សិទ្ធិមនុស្ស អំពើពុករលួយ​ដុះ​ស្លែ បក្ខពួក និង​គ្រួសារនិយម ជាពិសេស ភាព​អយុត្តិធម៌​សង្គម​បាន​រីកសាយ​គ្រប់កន្លែង ដែល​ជា​មូលហេតុ នាំ​ឱ្យ​ពលរដ្ឋ​ភាគច្រើន​ធ្វើ​ចំណាកស្រុក ដើម្បី​ក្រពះ និង​ដោះ​បំណុល​ធនាគារ​៖ «រាប់​រយ​រាប់​ពាន់​នាក់ ពុំ​មែន​មានតែ​ខ្ញុំ​ម្នាក់​ទេ គេ​ចង់​ទាមទារ​សិទ្ធិ​សេរីភាព​មកវិញ​។ រាល់ថ្ងៃ​នេះ សិទ្ធិ​សេរីភាព​មានតែ​ក្នុង​មាត់​ហ៊ុន សែន ទេ។ សម្រាប់​ប្រជារាស្ត្រ មិន​ដែល​សិទ្ធិ​នៅ​ពេល​ណា​ទេ គាត់​កៀប​សង្កត់ និង​គំរាមកំហែង ធ្វើបាប ចាប់ចង​។ ព្រោះ​ប្រទេស​កម្ពុជា រាល់ថ្ងៃ​នេះ វា​ធ្លាក់​ដល់​ចំណុចសូន្យ។ បើ​យើង​មិន​នាំគ្នា​ក្រោកឈរ​ទេ អនាគត​កូន​ខ្មែរៗ ជំនាន់​ក្រោយ​នឹង​ពិបាក​ជាង​នេះ​រាប់​រយ​ដង»។

កាល​ពី​ពេល​កន្លងទៅ​ថ្មីៗ នេះ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ លោក ទៀ បាញ់ ធ្លាប់​ព្រមាន​ថា កងទ័ព​បាន​ដាក់​ពង្រាយ​រួចជាស្រេច នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា និង​ប្រទេសជិតខាង ដើម្បី​ចាំ​កម្ទេច​ប្រជាពលរដ្ឋ​ណា ដែល​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​។ មន្ត្រី​សិទ្ធិមនុស្ស និង​អ្នកវិភាគ​យល់ថា ការ​លើក​ឡើង​នេះ ជា​ទង្វើ​ខុសច្បាប់​ជាតិ និង​អន្តរជាតិ ជាពិសេស របប​ក្រុងភ្នំពេញ បាន​ប្រើប្រាស់​កងទ័ព​ជាតិ មិន​ត្រឹមត្រូវ​តាម​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

Leave a Reply

Submit Comment