លោក ហ៊ុន សែន ប្រាប់​លោក សម រង្ស៊ី ឱ្យ​ជិះ​យន្តហោះ​ពី​បារាំង​មក​កម្ពុជា​ដោយ​ផ្ទាល់

ដោយ ជី វិតា
2019-11-07
RFA

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ

 រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី


លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ចេញ​សារ​ឌឺដង​ដាក់​លោក សម រង្ស៊ី ឱ្យ​ជិះ​យន្តហោះ​ពី​ទីក្រុង​ប៉ារីស ប្រទេស​បារាំង មកដល់​ប្រ​លាន​យន្តហោះ​ណាមួយ នៅ​កម្ពុជា​ដោយ​ផ្ទាល់ ដោយ​មិន​គួរ​ចុះចត​នៅ​ប្រទេស​ថៃ​នោះ​ឡើយ ប្រសិនបើ​មេ​បក្ស​ប្រឆាំង​រូប​នេះ ប្រកាន់​ជំហរ​ថា វិល​ចូល​ស្រុក​ដើម្បី​ចង់​ចាប់​រូបលោក នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា ពិតប្រាកដ​មែន​នោះ​។ មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង ថា​ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន នៅ​ពេល​នេះ គឺ​គ្រាន់តែ​ការ​បិទបាំង​ភាព​កំសាក​របស់​​របប​ក្រុងភ្នំពេញ។

មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន ថ្លែង​នៅ​ថ្ងៃ​ទី​០៧ វិច្ឆិកា​ថា ក្រុម​បក្ស​ប្រឆាំង​ដឹកនាំ​ដោយ​លោក សម រង្ស៊ី នឹង​មិន​មក​ដល់​ប្រទេស​កម្ពុជា តាម​គម្រោងការ​របស់​ខ្លួន​នោះ​ទេ ព្រោះ​លោក​ដឹង​ថា មេ​បក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​រូប​នេះ បាន​លើក​ពេល​ជិះ​យន្តហោះ ចេញពី​ទីក្រុង​ប៉ារីស​ទៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ ទៅ​ក្រោយ​ថ្ងៃ​ទី​៩ វិច្ឆិកា វិញ។

លោក ហ៊ុន សែន បញ្ជាក់​ចំពោះ​មុខ​អង្គទូត​មួយ​ចំនួន ថា របប​លោក​នឹង​ប្រើ​គ្រប់​វិធានការ​ទាំងអស់ មិន​ឱ្យ​កម្ពុជា​ធ្លាក់​ចូល​ក្នុង​ភាព​ចលាចល​ណាមួយ ដោយសារ​ក្រុម​បក្ស​ប្រឆាំង​បាន​ឡើយ៖ «ឥឡូវ​ធ្វើ​ឯង​ចូល​ស្រុក កប៉ាល់​ហោះ​មិន​ជិះ​ទេ ខ្លះ​ថា​ជិះ​កប៉ាល់​ហោះ ខ្លះ​ថា​ជិះ​កប៉ាល់ទឹក ទី​ចុង​បំផុត​អាហ្នឹង​ត្រឹម​ជិះ​ឆ្កែ​តើ ប៉ុន្តែ​ឆ្កែ​មិន​បាន​ជិះ​ទៅទៀត​។ ឥឡូវ​បងប្អូន​គិត​មើល មក​ថា​មក​ថ្ងៃ​៧ ដើម្បី​មកដល់​ថៃ​ថ្ងៃ​៨ ថ្ងៃ​៩​ចូល​មក។ ឥឡូវ​ដូរ​សំបុត្រ​យន្ត​ចេញ​ថ្ងៃ​៩ មក​សុវណ្ណ​ភូមិ​បាងកក​។ អ៊ីចឹង​តើ​វា​យ៉ាង​មិច​ឥឡូវ​ហ្នឹង អ្នកគាំទ្រ​ទាំងឡាយ​។ បន្តិចទៀត​នឹង​ប្រកាស​ថា នឹង​មិន​មក​ទេ ដោយ​ប្រកាស​ថា ដោយសារ​ថៃ​មិន​ឱ្យ​ចូល​។ ចុះបើ​ថៃ​មិន​ឱ្យ​ចូល ចុះ​មិច​ក៏​មិន​ជិះ​យន្តហោះ ចុះ​នៅ​សៀមរាប ចុះ​នៅ​ភ្នំពេញ តែម្ដង​ទៅ​។ មិច​ក៏​មក​តាម​ហ្នឹង»។

ទោះជា​មានការ​ប្រកាស​បើកផ្លូវ​ពី​លោក ហ៊ុន សែន បែបនេះ​ក្តី ក៏ប៉ុន្តែ អាកាសចរណ៍​ស៊ីវិល​កម្ពុជា បាន​ព្រមាន​ក្រុមហ៊ុន​យន្តហោះ​ចំនួន​៤៧ មិន​ឱ្យ​ដឹក​លោក សម រង្ស៊ី និង​មន្ត្រី​គណបក្សប្រឆាំង ចូល​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ខាងមុខនេះ​។ បើ​មិន​ដូច្នេះ​ទេ ពួកគេ​នឹង​ប្រឈមមុខ​ជាប់ទោស​ពី​បទ​ឧក្រិដ្ឋ។

លោក អេង ឆៃអ៊ាង អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ ថ្លែង​ថា គម្រោង​វិល​ចូល​ប្រទេស​កម្ពុជា​របស់​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​រក្សា​ដដែល ហើយ​គ្មាន​ការប្រែប្រួល​ដូច​លោក ហ៊ុន សែន និយាយ​នោះ​ទេ​។ លោក​ហៅ ការ​លើកឡើង​របស់​មេ​ដឹកនាំ​របប​ក្រុងភ្នំពេញ នៅ​ពេល​នេះ ថា​ជា​លេស​និយាយ​យករួចខ្លួន ដើម្បី​បិទបាំង​ភាព​កំសាក​របស់​ខ្លួន ដែល​ព្យាយាម​បិទ​គ្រប់​ផ្លូវ​ទាំងអស់ មិន​ឱ្យ​ក្រុម​មេដឹកនាំ​បក្ស​ប្រឆាំង និង​អ្នកគាំទ្រ​បាន​អាច​វិល​ចូល​ប្រទេស​វិញ​បាន។

មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ យល់ថា ប្រសិនបើ លោក ហ៊ុន សែន តាំង​ខ្លួន​ជា​បុរស​ខ្លាំង​មែន​នោះ គួរ​ណាស់​តែ​ហ៊ាន​ដក​បម្រាម​អាកាសចរណ៍​ស៊ីវិល ដក​កម្លាំង​ប្រដាប់​អាវុធ​ចេញ​តាម​បណ្ដោយ​ព្រំដែន​ខ្មែរ​-​ថៃ​ចេញ​ឱ្យ​អស់ ហើយ​បើក​ច្រក​ព្រំដែន​ឱ្យ​លោក សម រង្ស៊ី និង​អ្នកគាំទ្រ វិល​ចូល​កម្ពុជា​វិញ​ដោយ​សន្តិវិធី៖ «អ្នកណា​ក៏​ដឹង​ដែរ​ថា ពី​ប្រទេស​លោក​ខាងលិច​ទៅ ពី​ប្រទេស​អាមេរិក​ទៅ​ប្រទេស​កម្ពុជា​ហ្នឹង វា​អត់​មាន​ជើង​យន្តហោះ​ផ្ទាល់​ទេ​។ អត់​មាន​ក្រុមហ៊ុន​យន្ត​ហោះ​ណា​ដឹក​មនុស្ស​ពី​ប៉ារីស ទៅ​ដល់​ប្រទេស​កម្ពុជា​ផ្ទាល់​ទេ។ អាហ្នឹង​គាត់​គ្រាន់តែ​និយាយ​បង្វែរ​ដាន ធ្វើ​គាត់​ជា​អ្នក​មិន​ខ្លាច​ការ​ចូល​ទៅកាន់​ប្រទេស​កម្ពុជា​វិញ របស់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​។ ប្រសិន​គាត់​ជា​អ្នក​ចិត្តសឿង គាត់​មិនបាច់​ហាមឃាត់​ទេ គាត់​បើក​ច្រក​ទាំងអស់​ទៅ ហើយ​ពួក​យើង​នឹង​ចូល​ទៅកាន់​កម្ពុជា អត់​ខ្លាច​លោក ហ៊ុន សែន ចាប់​ទេ​។ បាទ​អាហ្នឹង បាន​ហៅ​ចិត្តសឿង»។

គិត​ត្រឹម​ថ្ងៃ​ទី​០៧ វិច្ឆិកា នៅ​សល់តែ​២​ថ្ងៃ​ទៀត ដល់​ពេល​កំណត់ ដែល​លោក សម រង្ស៊ី ថា នឹង​វិល​ទៅ​កម្ពុជា​វិញ ដោយមាន​មន្ត្រី​បក្ស​ប្រឆាំង សមាជិកសភា​អឺរ៉ុប​មួយ​ចំនួន និង​ពលករ​ខ្មែរ​ពី​ក្រៅ​ស្រុក​អម​ដំណើរ​ផង គឺ​នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ដែល​ត្រូវ​នឹង​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

2 Responses to "លោក ហ៊ុន សែន ប្រាប់​លោក សម រង្ស៊ី ឱ្យ​ជិះ​យន្តហោះ​ពី​បារាំង​មក​កម្ពុជា​ដោយ​ផ្ទាល់"

  1. Anonymous says:

    Wow he bans the airlines to Cambodia and then he urges sam Ramsey to fly to Cambodia, this is a good example shows how brave Hun Sen is. Will find out very soon who is the real brave one.

  2. Anonymous says:

    I think Ass Chesss Socheath and Hun Sen have the same type of brain, talk about dog all the time or it is possible the same person???? Very smart to know everything including flight direct from Paris to Cambodia etc… ban all air transportation to Cambodia and ordered arm forces with all kinds of weapons to surround the country , this is brave man Hun Sen he thinks he is

Leave a Reply

Submit Comment