លោក ហ៊ុន សែន ព្រមាន​ថា រាជ​ធានី​ភ្នំពេញ​នឹង​ខ្វះ​អគ្គិសនី​ប្រើ​ប្រាស់​ជា​ថ្មី​នៅ​ឆ្នាំ​២០​២០​

ដោយ អេង គីមហុង
07/11/2019
RFI

media

 ទំនប់វារីអគ្គីសនីកំចាយ (@Internet)


លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នៅថ្ងៃទី៧វិច្ឆិកានេះ បាន​ប្រកាស​ទុក​ជា​មុន​ថា​ រាជធានីភ្នំ​ពេញ​នឹង​ប្រឈម​ការ​ខ្វះ​ថាម​ពល​អគ្គិសនី​ប្រើ​ប្រាស់​ជា​ថ្មី នៅ​ក្នុង​ឆ្នាំ​២០​២០​។ ប្រឈម​នឹង​កង្វះ​ថាម​ពល​ដែល​នឹង​កើត​ឡើង​ជា​ថ្មី​នេះ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ធ្វើ​ការ​សូម​ទោស​និង​សុំ​ការ​យោគ​យល់ ដោយ​ជំនួស​មក​វិញ​នូវ​ការ​សន្យា​ទិញ​ថាម​ពល​អគ្គិសនី​ពី​ប្រទេស​ឡាវនិង​វៀតណាម​៤០០​មេហ្គា​វ៉ាត់​បន្ថែម​មក​បំពេញ​តម្រូវ​ការ​ជាក់​ស្ដែង​នៅ​ក្នុង​ឆ្នាំ​២០​២០​។ 

មូល​ហេតុ​ដែល​កម្ពុជា​ប្រឈម​នឹង​ការ​ខ្វះ​ថាម​ពល​អគ្គិសនី​ប្រើ​ប្រាស់​ជា​ថ្មី ពិសេស​ក្នុង​រាជ​ធានី​ភ្នំពេញ​ដោយ​សារ​កត្តា​អាកាស​ធាតុ​ប៉ះ​ពាល់​ដល់​ដំណើរ​ការ​ផលិត​ថាម​ពល​អគ្គិសនី ដើរ​ដោយ​ធ្យូង​ថ្ម និង​ពន្លឺ​ព្រះ​អាទិត្យ​។ ជាក់​ស្ដែង កម្រិត​ទឹក​ទន្លេ​មេគង្គ​ក្នុង​ខេត្ត ក្រចេះ កំពង់​ចាម ស្ទឹង​ត្រែង ឡើង​ផុត​កម្រិត​ប្រកាស​អាសន្ន ខណៈ​កម្រិត​ទឹក​នៅ​ភ្នំពេញ កណ្ដាល ទឹក​ធ្លាក់​ចុះ​មិន​ធ្លាប់​មាន ដែល​ទាំង​នេះ​មិន​អំណោយ​ផល​ដល់​ទំនប់​វារី​អគ្គិសនី​ក្នុង​ការ​ផលិត​ថាម​ពល​ឡើយ​។ ម្យ៉ាង​ទៀត​ការ​ផលិត​ថាម​ពល​ដោយ​ខ្លួន​ឯង សម្រេច​បាន​តែ​១៨៤​ទៅ​៦៨៧​មេហ្គាវ៉ាត់​តែ​ប៉ុណ្ណោះ​ ដែល​ផ្ទុយ​ពី​រាល់​ឆ្នាំ​ជា​មធ្យម កម្ពុជា​អាច​ផលិត​ថាម​ពល​អគ្គិ​សនី ក្នុង​កម្រិត​១៣២៨​មេ​ហ្គា​វ៉ាត់​។

បើ​តាម​ការ​បង្ហាញ​មូល​ហេតុ​បន្ថែម​ទៀត​របស់​លោក​ ហ៊ុន សែន ការ​ដំឡើង​ម៉ាស៊ីន​ផលិត​ថាម​ពល​អគ្គិសនី ដែល​រដ្ឋា​ភិបាល​បញ្ជា​ទិញ​ពីរ​គ្រឿង​ពី​បរទេស នៅ​មិន​ទាន់​ដំណើរ​តាម​ការ​គ្រោង​ទុក​ឡើយ​។ ត្រង់​ចំណុច​នេះ លោក​នាយក​រដ្ឋ​មន្ត្រី​បាន​អះ​អាង​ថា ដោយ​សារ​ទីតាំង​ដំឡើង​ម៉ាស៊ីន ក្នុង​ស្រុក​ល្វា​ឯម ស្ថិត​នៅ​លើ​ដី​ដែល​មាន​ទំនាស់​ជា​មួយ​ពល​រដ្ឋ​។ តែ​ទោះ​ជា​បែប​នេះ​ក្ដី​លោក​នាយក​រដ្ឋ​មន្ត្រី​ជំរុញ​ឲ្យ​រដ្ឋ​មន្ត្រី​ក្រសួង​រ៉ែ និង​ថាម​ពល​ពន្លឿន​ការ​ងារ​នេះ​។

សូម​ជម្រាប​ជូន​ថា រដ្ឋា​ភិបាល​បាន​ចំណាយ​លុយ​ជិត​៤០០​លាន​ដុល្លា ដោយ​ទិញ​ម៉ាស៊ីន​ផលិត​អគ្គិសនី​ពី​អាល្លឺម៉ង់​២០០​មេហ្គា​វ៉ាត់ និង​ហ្វាំង​ឡង់​២០០​មេហ្គា​វ៉ាត់​សម្រាប់​ផ្គត់​ផ្គង់​ថាម​ពល​ក្នុង​រាជ​ធានី​ភ្នំពេញ​។

ប្រឈម​បញ្ហា​នេះ ប្រមុខ​រដ្ឋា​ភិបាល​លោក ហ៊ុន សែន ចរចា​ទិញ​ថាម​ពល​អគ្គិសនី​ពី​ប្រទេស​ឡាវ​២០០​មេហ្គាវ៉ាត់​យក​មក​ផ្គត់​ផ្គង់​បន្ថែម។ ប៉ុន្តែ​ភាគី​ឡាវ​អះ​អាង​ថា ខ្លួន​ក៏​ប្រឈម​នឹង​កង្វះ​ថាម​ពល​ដែរ ដោយ​សារ​ទំនប់​វារី​អគ្គិសនី​ដន​សា​ហុង ទឹក​ស្ថិត​ក្នុង​កម្រិត​មួយ​ទាប​។ ក្រៅ​តែ​ពី​ប្រទេស​ឡាវ​ប្រមុខ​រដ្ឋា​ភិបាល ក៏​បង្ហើប​លទ្ធ​ភាព​ក្នុង​ការ​ទិញ​ប្រភព​ថាម​ពល​ពី​ប្រទេស​វៀត​ណាម​ដែរ​។ គួរ​រម្លឹក​ថា អំឡុង​ពេល​ចុង​ឆ្នាំ​២០១៨ និង​ដើម​ឆ្នាំ​២០១៩ កម្ពុជា​ជួប​ប្រទះ​កង្វះ​ថាម​ពល​ប្រើ​ប្រាស់​ក្នុង​រួប​ភាព​មួយ​ធំធេង ហើយ​កាល​ណោះ​អាជ្ញាធរ​បាន​ជំរុញ​ឲ្យ​ពលរដ្ឋ ឬ​ម្ចាស់​អាជីវ​កម្ម​ធំ​ទិញ​ម៉ាស៊ីន​ភ្លើង​ប្រើ​ប្រាស់​ផ្ទាល់​ខ្លួន​៕

What Next?

Recent Articles