សកម្មជន​បក្ស​ប្រឆាំង​និង​ពលករ​ចំណាកស្រុក​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ក្រោក​ឈរ​ស្ដារ​ប្រជាធិបតេយ្យ

ដោយ ថន ថារ៉ូ
2019-11-07
RFA

ពលករ​ខ្មែរ​ធ្វើ​យុទ្ធនាការ​បញ្ចុះបញ្ចូល​ដល់​ពលករ​នៅ​ប្រទេស​ថៃ ឱ្យ​នាំ​គ្នា​ទៅ​ចូលរួម​អម​ដំណើរ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​នៅ​ពេល​ខាងមុខ ថត​នៅ​ខេត្ត​ជាប់​ទីក្រុង​បាងកក កាល​ពី​ថ្ងៃទី២៩ កញ្ញា ឆ្នាំ​២០១៩។

ពលករ​ខ្មែរ​ធ្វើ​យុទ្ធនាការ​បញ្ចុះបញ្ចូល​ដល់​ពលករ​នៅ​ប្រទេស​ថៃ ឱ្យ​នាំ​គ្នា​ទៅ​ចូលរួម​អម​ដំណើរ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​នៅ​ពេល​ខាងមុខ ថត​នៅ​ខេត្ត​ជាប់​ទីក្រុង​បាងកក កាល​ពី​ថ្ងៃទី២៩ កញ្ញា ឆ្នាំ​២០១៩។ Photo Provided


សកម្មជន​គណបក្ស​សង្គ្រោះជាតិ និង​ក្រុម​ពលករ​ចំណាកស្រុក អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ក្រោកឈរ​ឡើង ទាមទារ​សិទ្ធិ​សេរីភាព និង​ស្ដារ​ប្រជាធិបតេយ្យ​ដោយ​សន្តិវិធី ស្រប​ពេល​ដែល លោក សម រង្ស៊ី ប្រកាស​វិល​ចូល​ស្រុក​វិញ​នៅ​ពេល​ឆាប់ៗ​នេះ​។ ក្រុម​ពលរដ្ឋ​មួយ​ចំនួន​ប្រកាស​ជំហរ​ថា នឹង​បង្ហាញ​ខ្លួន​ទទួល​លោក សម រង្ស៊ី បើ​ទោះ​បី​ជា របប​ក្រុងភ្នំពេញ​បញ្ចេញ​កងកម្លាំងប្រដាប់អាវុធ និង​កងទ័ព​ជាតិ ជាច្រើន​ក្នុង​ន័យ​គំរាមកំហែង​ពួកគេ​ក្ដី។

សកម្មជន​គណបក្ស​សង្គ្រោះជាតិ​មួយ​ចំនួន ដែល​កំពុង​ភៀសខ្លួន​ទៅ​កាន់​ទី​សុវត្ថិភាព ទទូច​ឱ្យ​ពលរដ្ឋ​មន្ត្រីរាជការ និង​កម្មករ​កម្មការិនី សាមគ្គី​គ្នា​រក​ដំណោះស្រាយ​នយោបាយ​ជា​វិជ្ជមាន ដើម្បី​ស្រោចស្រង់​ប្រជាធិបតេយ្យ និង​ប្រព័ន្ធ​សេដ្ឋកិច្ច​ជាតិ។ ពួកគេ​ព្រួយបារម្ភ​ថា ប្រសិនបើ​ពលរដ្ឋ​ខ្មែរ​មិន​ក្រោក​ឈរ​ឡើង ប្រឆាំង​ការដឹកនាំ​បែប​ផ្ដាច់ការ របស់​លោក ហ៊ុន សែន​ទេ ប្រជាជាតិ​ទាំងមូល​នឹង​ប្រឈម​ហានិភ័យ​ខ្ពស់ ដោយសារតែ​រឿង​អយុត្តិធម៌​សង្គម អំពើពុករលួយ​ជា​ប្រព័ន្ធ ការ​ហូរ​ចូល​ជនអន្តោប្រវេសន៍​ខុសច្បាប់ និង​ការបាត់បង់​ធនធានធម្មជាតិ​ជាដើម។

សកម្មជន​គណបក្ស​សង្គ្រោះជាតិ​កំពុង​ភៀសខ្លួន​នៅ​កន្លែង​សុវត្ថិភាព ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ ព្រោះ​បារម្ភ​ពី​សុវត្ថិភាព ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី៧ តុលា ថា ហេតុផល​ចម្បង​ដែល​លោកស្រី​ចង់​ឱ្យ​ពលរដ្ឋ​ខ្មែរ​ក្រោកឈរ គឺ​ដោយសារ​ប្រទេស​កម្ពុជា​កំពុង​ឋិត​ក្នុង​កណ្ដាប់ដៃ របស់​លោក ហ៊ុន សែន ដែល​ចង់​ធ្វើ​អ្វីៗ តាមតែ​អំពើ​ចិត្ត​មិន​ក្រែង​ចិត្ត​ពលរដ្ឋ​។ លោកស្រី​ថា របប​ក្រុងភ្នំពេញ បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​យក​អាសនៈ ក្រុមប្រឹក្សាឃុំ​/​សង្កាត់​បក្ស​ប្រឆាំង​នៅ​ទូទាំង​ប្រទេស​យក​មក​គ្រប់គ្រង ដើម្បី​បន្ត​មហិច្ឆតា​ក្រាញ​អំណាច មើលងាយ​ឆន្ទៈ​រាស្ត្រ និង​ប្រព័ន្ធ​ច្បាប់​នៅ​កម្ពុជា៖ «ការ​អំពាវនាវ​ដោយសារ​ការ​មើល​ឃើញ ដើម្បី​ឱ្យ​មានការ​បោះឆ្នោត​ឡើងវិញ ដើម្បី​សង្គ្រោះ​ប្រជាធិបតេយ្យ សេរីភាព និង​មាន​យុត្តិធម៌ និង​ការ​ផ្លាស់ប្ដូរ។ មាន​ការ​ប្រឈម​ច្រើន​បញ្ហា ដូចជា ការបោះឆ្នោត​មិន​ត្រឹមត្រូវ និង​ការបាត់បង់​កៅអី របស់​គណបក្ស​សង្គ្រោះជាតិ»។

​ពលករ​ចំណាកស្រុក​ធ្វើការ​នៅ​ប្រទេស​ថៃ លោក ដឺន វិណាល ថ្លែង​ថា រូបលោក និង​ពលករ​ចំណាកស្រុក​រាប់ពាន់​នាក់​ទៀត បាន​ត្រៀមខ្លួន​រួចហើយ​ថា នឹង​ធ្វើ​ដំណើរ​ទៅ​ស្រុកកំណើត​វិញ ដើម្បី​ទទួល​លោក សម រង្ស៊ី។ លោក​ថា នេះ​ជា​ជម្រើស​ចុងក្រោយ ដែល​កូន​ខ្មែរ​គ្រប់រូប​ត្រូវ​ក្រោកឈរ​ឡើង បង្ហាញ​ភាព​ក្លាហាន ដណ្ដើម​ប្រជាធិបតេយ្យ​មក​វិញ។ លោក​មើល​ឃើញ​ថា ប្រព័ន្ធ​ដឹកនាំ សព្វថ្ងៃ​មាន​ចំណុច​អវិជ្ជមាន​ជាច្រើន​ធ្វើ​ឱ្យ​ប៉ះពាល់​ប្រព័ន្ធ​សេដ្ឋកិច្ច​ធំធេង អយុត្តិធម៌​សង្គម ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ប្រជាជន​ខ្មែរ​ភាគច្រើន ធ្វើ​ចំណាកស្រុក​ដើម្បី​ក្រពះ និង​ដោះ​បំណុល​គេ​ជាដើម​៖ «អំពាវនាវ គោលជំហរ និង​ឆន្ទៈ​របស់ខ្ញុំ​ជា​ពលករ​មួយ​រូប ខ្ញុំ​ក៏បាន​ត្រៀម កម្លាំង​ពលករ​រាប់​រយ រាប់ពាន់ និង​រាប់​ម៉ឺន​នាក់ រួច​រាល់​ហើយ ដើម្បី​អម​ដំណើរ​លោក​ប្រធាន ចូល​ប្រទេស​កម្ពុជា ស្ដារ​លទ្ធិប្រជាធិបតេយ្យ​។ ពលករ និង​ពលការិនី ទាំង​ក្នុង​និង​ក្រៅ​ប្រទេស ក្រោកឈរ​ឡើង ដើម្បី​សិទ្ធិ​សេរីភាព លទ្ធិប្រជាធិបតេយ្យ ជាពិសេស​ចង់​មានការ​ផ្លាស់ប្ដូរ»។

ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ស្វាយរៀង លោក ម៉ៅ វិបុល អំពាវនាវ​ឱ្យ​ពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​កម្មករ​កម្មការិនី ត្រូវ​រួមគ្នា​ស្ដារ​ប្រជាធិបតេយ្យ ដើម្បី​អនាគត​កូនចៅ​ខ្មែរ​ជំនាន់​ក្រោយៗ​ទៀត​។ លោក​សង្ឃឹមថា ពលរដ្ឋ​ខ្មែរ​នឹង​ចូលរួម​ទាមទារ​ប្រជាធិបតេយ្យ និង​សិទ្ធិ​សេរីភាព ពី​លោក ហ៊ុន សែន​មកវិញ ដោយ​ត្រូវ​ងើបឈរ​ទាំងអស់​គ្នា អំឡុង​ពេល លោក​សម រង្ស៊ី វិល​ចូល​ស្រុក​៖ «បើ​និយាយ​ពី​បូរណភាព​ទឹកដី ត្រូវ​បាត់បង់​ដោយ​យួន​យក បើ​និយាយ​ពី​សិទ្ធិ​សេរីភាព​ត្រូវ​លោក ហ៊ុន សែន បំផ្លាញ និង​បំភិតបំភ័យ​ពលរដ្ឋ​។ បើ​និយាយ​ពី​ធនធាន​ធម្មជាតិ​ត្រូវ​បាត់បង់ ទៅលើ​ក្រុមហ៊ុន ចិន និង យួន និង​ក្រុមហ៊ុន​ខិលខូច​ជាដើម ហើយ​បញ្ហា​ជីវភាព​ពលរដ្ឋ​សព្វថ្ងៃ​កាន់តែ​ធ្លាក់​ដុនដាប»។

ពលរដ្ឋ​ម្នាក់​រស់នៅ​ក្រុង​សៀមរាប លោក វិន ភារុន ប្រាប់​អាស៊ីសេរី​ថា ក្រុម​ពលរដ្ឋ​មួយ​ចំនួន​រស់នៅ​ខេត្ត​សៀមរាប​បាន​ត្រៀមខ្លួន​រួចហើយ ដើម្បី​ទៅ​ទទួល​លោក សម រង្ស៊ី ក្នុង​បំណង​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន ស្ដារ​សេដ្ឋកិច្ច​ជាតិ។ លោក​ថា ការដឹកនាំ​បច្ចុប្បន្ន ពុករលួយ​ដល់​ឆ្អឹង បាត់បង់​ព្រៃឈើ និង​រ៉ែ ជាពិសេស​ត្រី​ក្នុង​បឹង​ទន្លេសាប​កាន់តែ​ថយ​ចុះ​ខ្លាំង គ្មាន​ការគ្រប់គ្រង​ច្បាស់លាស់​។ លើស​ពី​នេះ លោក​ថា ជនអន្តោប្រវេសន៍​ខុសច្បាប់​កាន់តែ​កើន​ឡើង ធ្វើ​ឱ្យ​ពលរដ្ឋ​ដេក​ភ័យ​ពី​ជោគវាសនា​ប្រទេសជាតិ​របស់​ខ្លួន​៖ «អភិវឌ្ឍន៍​ការពារ​ព្រៃ​ឡង់ អស់​ព្រៃ​ឡង់ ការពារ​ទន្លេ​អស់​ទន្លេ ការពារ​ដី​អស់​ដី​ប្រជាជន​។ នេះ​ហើយ គេ​ថា អភិវឌ្ឍន៍​។ មានតែ​ពួក​មន្ត្រី​គណបក្ស​ប្រជាជន Hotel (​សណ្ឋាគារ​៥ ទៅ ៦Hotel (​សណ្ឋាគារ​ដល់ពេល​ប្រជាជន​ក្រ​គ្រប់គ្នា​។ ខ្ញុំ​ជា​ប្រជាជន​ខ្ញុំ​ត្រូវការ​ផ្លាស់ប្ដូរ ដើម្បី​ជាតិ​រីកចម្រើន»។

អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹមខៀន ប្រាប់​អាស៊ីសេរី​កាលពី​ថ្ងៃទី៦ តុលា​ថា អាជ្ញាធរ​បាន​ហាម​ពលរដ្ឋ ធ្វើ​សកម្មភាព​ណាមួយ ប្រឆាំង​ការអនុវត្ត​ច្បាប់​របស់​សមត្ថកិច្ច​នោះ​ទេ​។ លោក​បញ្ជាក់​ថា នគរបាល​បាន​ពង្រាយ​គ្រប់​ច្រក​ព្រំដែន​កម្ពុជា​/​ថៃ​ទាំងអស់ ដើម្បី​ពង្រឹង​សន្តិសុខ សុវត្ថិភាព និង​សណ្ដាប់ធ្នាប់ ជាពិសេស ត្រៀម​កម្លាំង​ទប់ទល់ ហាម​មិន​ឱ្យ​បង្ក​ចលាចល​៖ «យើង​ត្រូវតែ​ពង្រឹង​សន្តិសុខ សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​តាម​តំបន់​ព្រំដែន​។ ទី​២ ដោយសារ ក្រុម​ប្រធាន (​លោក សម រង្ស៊ីប្រកាស​នាំ​កម្លាំង​ចូល​មក ដើម្បី​រំលំ​រដ្ឋាភិបាល​។ អ៊ីចឹង​យើង​ត្រូវ​ត្រៀម​កម្លាំង​ទប់ស្កាត់ កុំ​ឱ្យ​ក្រុម​មនុស្ស​បង្ក​ចលាចល​ក្នុង​ប្រទេស​បាន»។

ស្រប​ពេល​កាលកំណត់​វិល​ចូល​ស្រុក​របស់​លោក សម រង្ស៊ី និង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​កាន់តែ​ខិត​ជិត​មកដល់ របប​ក្រុងភ្នំពេញ​បាន​ពង្រាយ​កម្លាំង​ទ័ព​កាន់តែ​ច្រើន នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​ថៃ ជាពិសេស​នៅ​ច្រក​ប៉ោយប៉ែត នៃ​ខេត្ត​បន្ទាយមានជ័យ ទី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ជ្រើស​រើស​យក​ជា​កន្លែង​ឆ្លង​ចូល​មក​កម្ពុជា​។ ក្រុម​មេទ័ព​ស្មោះស្ម័គ្រ​នឹង​លោក ហ៊ុន សែន បាន​អះអាង​ថា កម្លាំង​ទាំងអស់​នេះ​ត្រូវ​បាន​ពង្រាយ​ដើម្បី​ចាំ​កម្ទេច​ប្រជាពលរដ្ឋ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​គ្រោង​វិល​ត្រឡប់​មក​កម្ពុជា​ជាមួយ​ថ្នាក់ដឹកនាំ​បក្ស​ប្រឆាំង នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា។

ទោះជា​យ៉ាងណា មន្ត្រី​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង ករុណា ពន្យល់​ថា គម្រោង​របស់​ពលរដ្ឋ​ដែល​ចង់​ទៅ​ទទួល​លោក​សម រង្ស៊ី ដោយ​សន្តិវិធី​នោះ ពុំ​មែន​ជា​រឿង​ខុសច្បាប់​ទេ។ លោក​បន្ថែម​ថា ពលរដ្ឋ​មាន​សិទ្ធិ​ពេញលេញ ក្នុង​ការ​គាំទ្រ​នយោបាយ​បក្ស​ណាមួយ​ដែល​ពួកគេ​ពេញចិត្ត ដែល​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "សកម្មជន​បក្ស​ប្រឆាំង​និង​ពលករ​ចំណាកស្រុក​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ក្រោក​ឈរ​ស្ដារ​ប្រជាធិបតេយ្យ"

  1. so socheath says:

    ហាស ! ហាស
    ចង់បោក វាទាល់តែយូរបានជឿអ្ហែង !
    អត់ទិញសំបុត្រផង ចង់ជិះយន្តហោះ ?
    អាចុយម៉្រាយ អាក្បត់ជាតិ សមរង្ស៊ី បែបគឹតថាវា ចេះភាសាបារាំង តែម្នាក់វាដឹង ?
    ដឹងថាប៉ូលីសបារាំងនិយាយថាម៉េច ដាក់អាពូជឆ្កែ សមរង្ស៊ីទេ ?
    អត់ទិញសំបុត្រ លោកឯងចង់ជិះយន្តហោះ !
    លោកឯងចង់បង្ករចលាចលមែនទេ ?
    លោកឯងត្រូវចាកចេញពីទីនេះភ្លាម !
    ហាស! ហាស
    ស្ទីលល្ខោនអត់រោង បោកយកលុយចាយ គឺបែបនេះ !

Leave a Reply

Submit Comment