សន្តិសុខ​ការពារ​ស្នាក់ការ​បក្ស​ប្រឆាំង​ត្រូវ​បញ្ជូន​មក​ឃុំ​នៅ​ប៉ុស្តិ៍​ប៉ូលិស​វិញ​​ក្រោយ​​តុលាការ​សាកសួរ

ដោយ ហេង រស្មី
2019-11-07
RFA

ក្រុម​សន្តិសុខ​យាម​ទីស្នាក់ការ​គណបក្ស​សង្គ្រោះជាតិ​ចំនួន ១០នាក់ ដែល​របប​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​ នៅ​ថ្ងៃ​ទី៥ ខែ​វិច្ឆិកា ឆ្នាំ២០១៩ យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍នគរបាល​ចាក់​អង្រែលើ រាជធានី​ភ្នំពេញ។

ក្រុម​សន្តិសុខ​យាម​ទីស្នាក់ការ​គណបក្ស​សង្គ្រោះជាតិ​ចំនួន ១០នាក់ ដែល​របប​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​ នៅ​ថ្ងៃ​ទី៥ ខែ​វិច្ឆិកា ឆ្នាំ២០១៩ យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍នគរបាល​ចាក់​អង្រែលើ រាជធានី​ភ្នំពេញ។

 រូប៖ ហ្វេសប៊ុក


អាជ្ញាធរ​របប​ក្រុងភ្នំពេញ​បានសម្រេច​បញ្ជូន​សកម្មជន​គណបក្ស​សង្គ្រោះជាតិ ជា​សន្តិសុខ​ការពារ​ទីស្នាក់ការ​គណបក្ស ចំនួន​១០​នាក់ យក​មក​ឃុំ​នៅ​ប៉ូលិស​ប៉ុស្តិ៍​វិញ​ក្រោយពី​តុលាការ​សាកសួរ​កាលពី​ថ្ងៃ​ទី​៦ វិច្ឆិកា។ ស្រប​ពេល​សកម្មជន​បក្ស​ប្រឆាំង​ចំនួន ៤​នាក់​បន្ថែម​ទៀត​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ បាត់ដំបង និង ខេត្តកោះកុង ត្រូវ​អាជ្ញាធរ​ចាប់ខ្លួន និង​ម្នាក់​ផ្សេងទៀត​នៅ​ក្នុង​ខេត្ត​តាកែវ​ត្រូវ​តុលាការ​ចោទប្រកាន់​ពី​បទ​រួមគំនិត​ក្បត់​។ ការ​ឃាត់ខ្លួន និង​ការចោទប្រកាន់​នេះ​បាន ធ្វើឡើង​មុន​ពេល ២ ថ្ងៃ​នៃ​ការ​វិលត្រឡប់​របស់​លោក សម រង្ស៊ី ទៅ​កម្ពុជា​វិញ។

អ្នកនាំពាក្យ​សមាគម​សិទ្ធិមនុស្ស​អាដហុក លោក សឹង សែនករុណា បញ្ជាក់ថា ការ​ចាប់ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​មួយរយៈ​ចុងក្រោយ​នេះ​ហាក់បីដូច​ជាមាន​សកម្ម​ភាព​កាន់តែ​ខ្លាំង​ឡើង ហើយ​រាល់​ការ​ចាប់ខ្លួន​នេះ​សមត្ថកិច្ច​មិនបាន​អនុវត្តន៍​នីតិវិធី​របស់​ខ្លួន​នោះ​ទេ គឺ​ហាក់បីដូច​ជា​ការ​ធ្វើឡើង​តាម​អំពើ​ចិត្ត​។ លោក សឹង សែនករុណា បញ្ជាក់​ថា ទង្វើ​​នេះ​ជា​ការ​បង្ហាញ​ដើម្បី​ឱ្យ​អ្នកគាំទ្រ​គណបក្ស​ប្រឆាំង​ភ័យខ្លាច៖ «ជា​ការ​បង្ហាញ​ថា បាន​ធ្វើ​ឱ្យ​បំបាក់​ស្មារតី​របស់​ប្រជាពលរដ្ឋ​ឬក៏​អ្នកគាំទ្រ​ឬ​សកម្មជន​ទាំងអស់​ហ្នឹង​មានការ​ភ័យខ្លាច​និង​មានការ​ហាក់បីដូចជា​លែង​ចង់​មានការ​ពាក់ព័ន្ធ​ទៅ​នឹង​រឿង​នយោបាយ​តទៅទៀត រហូតដល់​អ្នក​ខ្លះ​មាន​ការ​ភ័យខ្លាច​បាន​ចូល​សារភាព​ចុះចូល​ជាមួយ​នឹង​គណបក្ស​កាន់អំណាច​ដើម្បី​ឱ្យ​ដូរ​មកវិញ ទៅ​នឹង​ការ​រួចខ្លួន​កុំ​ឱ្យ​ចាប់​យក​ទៅ​ឃុំឃាំង​អ្វី​ជាដើម»។

ប្រតិកម្ម​របស់​មន្ត្រី​សិទ្ធិមនុស្ស​ធ្វើឡើង​ស្រប​ពេល​ដែល សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ចំនួន​១០​នាក់ ដែល​របប​ក្រុងភ្នំពេញ​សម្រុក​ចូល​ចាប់​នៅ​ក្នុង​ទីស្នាក់ការ​គណបក្ស​កាលពី​ថ្ងៃ​ទី៥ វិច្ឆិកា​កន្លង​ទៅ​នេះ​ត្រូវ​អាជ្ញាធរ​បញ្ជូន​ខ្លួន​យក​មក​ឃុំ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​មានជ័យ​វិញ​ហើយ ក្រោយ​ពី​តុលាការ​បាន​សាក់​សួរ​ពី​បទ​សង្ស័យ​ថា រៀបចំ​ផែនការ​ចាំ​ទទួល​លោក សម រង្ស៊ី។

អាជ្ញាធរ​របប​លោក ហ៊ុន សែន កាលពី​ថ្ងៃ​ទី​៦ វិច្ឆិកា ក៏បាន​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ចំនួន​៤​នាក់​ផ្សេងទៀត​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ បាត់ដំបង និង ខេត្តកោះកុង និង​សកម្មជន ម្នាក់​ផ្សេងទៀត​នៅ​ក្នុង​ខេត្ត​តាកែវ ត្រូវ​តុលាការ​ចោទប្រកាន់​ពី​បទ​រួមគំនិត​ក្បត់។

ដោយឡែក សាលាដំបូង​ខេត្ត​តាកែវ កាល​ពី​ថ្ងៃ​ទី៦ វិច្ឆិកា​ក៏បាន​សម្រេច​ចោទប្រកាន់​លោក សយ សំអុន អាយុ​៤៦​ឆ្នាំ ពី​បទ​«​រួមគំនិត​ក្បត់»ដើម្បី​រៀបចំ​ទទួល​ផែនការ​ពី​លោក សម រង្ស៊ី។

លោក ហ៊ុំ ស្រ៊ុន ប្អូនប្រុស​លោក ហ៊ុំ ស្រ៊ា សកម្មជន​គណបក្សប្រឆាំង​ខេត្ត​កោះកុង​ប្រាប់​អាស៊ីសេរី​ថា សមត្ថកិច្ច​បាន​មក​ចាប់ខ្លួន​បងប្រុស​របស់​លោក​ពេល​កំពុង​រៀបចំ​ទទួលទាន​បាយល្ងាច​ក្រោយពី​មក​ធ្វើ​ការងារ​ជា​កម្មករ​សំណង់។ លោក​និយាយ​ថា ក្រុម​គ្រួសារ​បាន​អង្វរ​សមត្ថកិច្ច​ឱ្យ​បងប្រុស​របស់​លោក​ទទួល​ទាន​បាយ​សិន​តែ​សមត្ថកិច្ច​មិន​ព្រម​ហើយ​បាន​ចាប់ខ្លួន​លោក ហ៊ុំ ស្រ៊ា ដោយ​មិនបាន​ទទួលទាន​បាយ​សូម្បី​តែមួយ​មាត់។

លោក​បញ្ជាក់​ថា ការ​ចាប់​ខ្លួន​នេះ​គឺជា​រឿង​អយុត្តិធម៌​ដែល​លោក​មិន​អាច​ទទួល​យក​បាន​ដោយសារ​បងប្រុស​របស់​លោក បាន​លាឈប់​ពី​គណបក្សប្រឆាំង​ហើយ​មក​ធ្វើជា​កម្មករ​សំណង់៖ «បាទ​ខ្ញុំ​គិត​ថា វា​អយុត្តិធម៌​ណាស់​បង។ បាទ​គាត់​ឈប់​ហើយ គាត់​ឈប់ យូរហើយ​តាំងពី​បក្ស​រំលាយ​មក នេះ​បើ​តាម​គាត់​ប្រាប់​មក។ គាត់​ឈប់​ហើយ​គេ​អត់​ស្ដាប់​យើង​គេ​យក​រូប​តាំងពី​ចាស់ៗ​មក​ធ្វើជា​ភស្តុតាង»។

អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​អ្នកស្រី មូរ សុខហួរ ប្រាប់​អាស៊ីសេរី​ថា ការ​ចាប់ខ្លួន​ជា​បន្តបន្ទាប់​នេះ​កាន់តែ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​កាន់តែ​មាន​ការ​ឈឺចាប់​មក​ចូលរួម​ជាមួយ​លោក សម រង្ស៊ី​កាន់តែ​ច្រើន៖ «នេះ​គឺជា​ការ​ប៉ះពាល់​ធ្ងន់​ណាស់ ទៅលើ​លទ្ធិប្រជាធិបតេយ្យ​ហើយ​នឹង​ច្បាស់​ជា​របាយការណ៍​របស់​សហគមន៍​អឺរ៉ុប​ដែល​នឹង​ត្រូវ​ចេញ​នៅ​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ខាង​មុខ​របាយការណ៍​ពាក់ព័ន្ធ​នឹង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​របាយការណ៍​នេះ​ពាក់ព័ន្ធ​EBA​ទៀត នឹង​ធ្វើ​ឱ្យ​បាត់បង់​EBA​ជា​មិន​ខាន​ទេ»។

គិត​ត្រឹម​ថ្ងៃ​ទី៧ វិច្ឆិកា​នេះ សកម្មជន​បក្ស​សង្គ្រោះជាតិ​ចំនួន ៧៩​នាក់​ហើយ​ត្រូវ​បាន​របប​ក្រុងភ្នំពេញ​ចាប់ខ្លួន និង​ចំនួន​២០០​នាក់​ផ្សេងទៀត​បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​ពី​បទ​សង្ស័យ​ថា បាន​ចូលរួម​អម​ដំណើរ​ជាមួយ​លោក សម រង្ស៊ី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

Leave a Reply

Submit Comment