ខ្មែរ​-អាមេរិកាំង ​ចេញ​ដំណើរ​ជា​បន្តបន្ទាប់​​ទៅ​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​កម្ពុជា

ខ្មែរ​នៅ​អាមេរិក

08 វិច្ឆិកា 2019
ម៉ែន គឹមសេង
វីអូអេខ្មែរ


រូបឯកសារ៖ ពលរដ្ឋ​ខ្មែរ និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ​មក​ពី​រដ្ឋ​នានា​នៅ​សហរដ្ឋ​អាមេរិក​ និង​កាណាដា ចូលរួម​ក្នុង​ការ​ប្រមូល​ផ្តុំគ្នា​មួយ​នៅក្បែរ​រដ្ឋសភា​អាមេរិក ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​អាមេរិក​ជួយ​ស្តារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ រដ្ឋធានី​វ៉ាស៊ីនតោន។
រូបឯកសារ៖ ពលរដ្ឋ​ខ្មែរ និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ​មក​ពី​រដ្ឋ​នានា​នៅ​សហរដ្ឋ​អាមេរិក​ និង​កាណាដា ចូលរួម​ក្នុង​ការ​ប្រមូល​ផ្តុំគ្នា​មួយ​នៅក្បែរ​រដ្ឋសភា​អាមេរិក ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​អាមេរិក​ជួយ​ស្តារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ រដ្ឋធានី​វ៉ាស៊ីនតោន។

លោក​អ៊ុង រិទ្ធី បាន​បញ្ជាក់​ប្រាប់​វីអូអេ នៅមុន​ពេល​ចាកចេញ​ពី​សហរដ្ឋ​អាមេរិក​កាលពី​ថ្ងៃពុធ​​ថា​ លោក​មិន​អាច​បញ្ជាក់ច្បាស់​ថា​នឹង​បន្ត​ស្នាក់នៅ​ប្រទេស​កម្ពុជា​រយៈពេល​ប៉ុន្មាន​នោះ​ទេ។វ៉ាស៊ីនតោន — 

ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​នៅ​ថ្ងៃសុក្រ​នេះ​ពី​ការ​រក្សា​គម្រោង​វិល​ត្រឡប់ទៅ​ប្រទេស​កម្ពុជា​វិញ​ តាម​ផែនការ​ដើម ​គឺថ្ងៃទី​៩ ខែវិច្ឆិកា​ បើ​ទោះបី​ជា​មាន​បញ្ហា​កើត​ឡើង​ចំពោះ​លោក​សម រង្ស៊ី ដោយ​មិន​អាច​ឡើង​ជិះ​យន្តហោះ​ឆ្ពោះ​ទៅ​ប្រទេស​ថៃ​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ក៏​ដោយ។

រីឯ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​ថៃ​រួច​ជាស្រេច​ហើយ។

មាន​មន្ត្រីបក្ស​និង​អ្នក​គាំទ្រ​ចំនួន​ជិត​២០០នាក់​បាន​សម្រេច​ធ្វើ​ដំណើរ​ទៅ​កម្ពុជា​តប​តាម​ការ​អំពាវនាវ​របស់​លោក​សម រង្ស៊ី ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ក្នុង​ពេល​កន្លង​មក។ នេះ​បើតាម​ការ​បញ្ជាក់​របស់​មន្ត្រី​គណបក្ស​ដោយ​ផ្អែកលើ​បញ្ជី​ឈ្មោះ​ផ្លូវការ។

លោក​អ៊ុង រិទ្ធី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​អាមេរិកាំង​ បាន​បញ្ជាក់​ថា ​ក្រុម​មន្ត្រី​បក្ស​មាន​ការ​ត្រៀម​លក្ខណៈ​ប្រឈម​នឹង​បញ្ហា ​ដែល​អាច​នឹង​កើត​មាន​ឡើង​ នៅ​ពេល​ដែល​ពួកគេ​ទៅ​ដល់ប្រទេស​កម្ពុជា ​ដោយសារតែ​អាជ្ញាធរ​កម្ពុជា​បាន​គំរាម​ចាប់​ខ្លួន​អ្នក​ដែល​ចូលរួម​ហែរហម​ដំណើរ​និវត្តន៍​របស់​លោក​សម រង្ស៊ី។​

«រឿង​ការ​បារម្ភ​យើង​តែងតែ​មាន​គ្រប់ៗគ្នា ​ព្រោះ​អ្វី​ដែល​យើង​ធ្វើ​សព្វថ្ងៃ ​គឺ​យើង​លះបង់។​ យើង​ដាច់​ខាត​ធ្វើ​ការងារ​រហូត​ដល់​លទ្ធិប្រជាធិបតេយ្យ​បាន​ដល់​ទិសដៅ​ពិតៗ​របស់​យើង។ អីចឹង​យើង​ត្រៀម​រួចស្រេច​នូវ​អ្វីៗ​ដែល​អាច​កើត​មាន​ឡើង​ ហើយ​ក៏​មិនអាច​កើត​មាន​ឡើង​ផងដែរ‍»។​

លោក​អ៊ុង រិទ្ធី បាន​បញ្ជាក់​ប្រាប់​វីអូអេ នៅមុន​ពេល​ចាកចេញ​ពី​សហរដ្ឋ​អាមេរិក​កាលពី​ថ្ងៃពុធថា​ លោក​មិន​អាច​បញ្ជាក់ច្បាស់​ថា​នឹង​បន្ត​ស្នាក់នៅ​ប្រទេស​កម្ពុជា​រយៈពេល​ប៉ុន្មាន​នោះ​ទេ។

«យើង​ពឹងផ្អែក​ទៅលើ​សភាពការណ៍​ជាក់​ស្តែង។ នេះ​គឺជា​គម្រោង​ការ​ដែល​យើង​ត្រៀម ហើយ​គ្រប់​ថ្នាក់ដឹកនាំ​ម្នាក់ៗ​ចាត់​ចែង​ភារកិច្ច​រៀងៗខ្លួន​ ហើយ​ដំណាក់កាល​យូរ​ឆាប់ ​វា​អាស្រ័យ​លើ​សភាពការណ៍​ជាក់ស្តែង​កើត​ឡើង​ពេល​ដែល​យើង​ទៅដល់​ប្រទេស​កម្ពុជា​របស់​យើង‍»។​

លោក​ជា គឹមលី ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​អាមេរិក បាន​បញ្ជាក់​ប្រាប់​វីអូអេ​ដែរ​ថា៖

«គម្រោង​ការ​យើង​ យើង​បាន​សម្រេច​រួចហើយ​ទោះបី​ជា​ក្នុង​ល្គឹក​ណា​ក៏ដោយ​ យើង​នឹង​នាំ​គ្នា​ទៅកាន់​មាតុភូមិ​យើង​វិញ​ ព្រោះ​ជា​ផ្ទះ​របស់​យើង។ យើង​មាន​សិទ្ធិ​ហើយ​យើង​ត្រូវ​តែ​ចូល​វិញ‍»។​

លោក សម រង្ស៊ី ប្រធានស្តីទីនៃគណបក្សសង្គ្រោះជាតិដែលនិរទេសខ្លួនក្រៅប្រទេស ថ្លែងទៅកាន់អ្នកគាំទ្របន្ទាប់ពីលោកត្រូវបានហាមឃាត់មិនឲ្យធ្វើដំណើរតាមយន្តហោះពីទីក្រុងប៉ារីស ប្រទេសបារាំង ទៅកាន់ទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩។
លោក សម រង្ស៊ី ប្រធានស្តីទីនៃគណបក្សសង្គ្រោះជាតិដែលនិរទេសខ្លួនក្រៅប្រទេស ថ្លែងទៅកាន់អ្នកគាំទ្របន្ទាប់ពីលោកត្រូវបានហាមឃាត់មិនឲ្យធ្វើដំណើរតាមយន្តហោះពីទីក្រុងប៉ារីស ប្រទេសបារាំង ទៅកាន់ទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោក​សម រង្ស៊ី ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ​ បាន​ប្រកាស​ពន្យារ​ដំណើរ​មាតុភូមិ​និវត្តន៍​ក្រោយ​ពី​ក្រុមហ៊ុន​អាកាស​ចរណ៍​ថៃ​ (Thai Airways) ​បាន​ទទួល​បញ្ជា​ពី​ថ្នាក់​លើមិនឱ្យ​លោក​ឡើង​យន្តហោះ​ ដើម្បី​ធ្វើ​ដំណើរ​ទៅ​ប្រទេស​កម្ពុជា​តាម​ច្រក​ប្រទេស​ថៃ។​ ប៉ុន្តែលោក​បាន​បញ្ជាក់ប្រាប់​វីអូអេ​ថា​ លោក​មិន​ផ្លាស់ប្តូរ​គម្រោង​វិល​ត្រឡប់​ទៅ​កម្ពុជា​វិញ ​នៅថ្ងៃទី​៩ ខែ​វិច្ឆិកា​ទេ ដោយ​លោក​ត្រូវ​ទិញ​សំបុត្រ​យន្តហោះ​ថ្មី​ដើម្បី​ទៅ​ប្រទេស​ជិត​ខាង​មួយ​ថ្មី​សម្រាប់ធ្វើ​មាតុភូមិនិវត្ត​ន៍​ឱ្យ​បាន។​ ប៉ុន្តែ​លោក​មិន​បញ្ជាក់​ថា​ប្រទេស​មួយ​ណា​នោះ​ទេ។

«ខ្ញុំ​បាន​សម្រេច​ជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ សហការី​របស់​ខ្ញុំ​ គឺ​យើង​អត់​មាន​ការប្រែប្រួល​ទេ​គឺ​យើង​ឆ្ពោះ​ទៅ គោលដៅ​របស់​យើង​ដូច​យើង​បាន​គ្រោងទុក​ជាមុន​គ្រាន់តែ​យើង​ប្តូរ​ផ្លូវ​ តែ​ផ្លូវ​ហ្នុង​យើង​មិន​ទាន់​ប្រាប់​មុន​ទេ​ ចាំ​ទៅ​គឺ​ទៅដល់​ហ្មង បើ​ប្រាប់​មុន​វា​ខូច​ការណ៍‍»។​

នៅ​ក្នុង​សារ​តាម​ឃ្លីបវីដេអូ​ជូន​ជន​រួមជាតិ ដែល​បង្ហោះ​តាម​ហ្វេសប៊ុក​ផ្ទាល់​ខ្លួនលោក​សម រង្ស៊ី​ បាន​ប្រកាស​ថា៖

«ដូច្នេះ​សូម​បងប្អូន​ជនរួម​ជាតិ​កុំតក់​ស្លុត។ សូម​បងប្អូន​ជនរួមជាតិរក្សា​កម្លាំង​ចិត្ត​ឱ្យ​នៅ​រឹងមំា។ អ្វី​ដែល​យើង​បាន​ធ្វើ​មក​ទល់​សព្វថ្ងៃ ​គឺ​យើង​បាន​ទទួល​ជោគជ័យ​៧០​ភាគរយ​ហើយ‍»។​

លោក​សម រង្ស៊ី​ បាន​ប្រកាស​ថា​ នឹង​ទៅ​ចាប់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ យក​ទៅ​កាត់​ទោស​ដោយសារតែ​ការ​ដឹកនាំ​ក្នុង​រយៈពេល​ជាង​៣០ឆ្នាំមក​នេះ​ បាន​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​ខូចខាត​ធនធាន​ធម្មជាតិ​ បាត់បង់​អធិបតេយ្យភាព​និង​ពុក​រលួយ​បក្ស​ពួក​និយម។​

អាជ្ញាធរ​កម្ពុជា​បាន​ចាត់​វិធានការ​ត្រៀម​ទប់​ស្កាត់​នៅ​តាម​ច្រក​ព្រំដែន​នានា​ ដោយ​មាន​ដាក់​ពង្រាយ​កម្លាំង​ប្រដាប់​អាវុធ​បំពាក់​ដោយ​អាវុធ​ទំនើបៗ។ ទន្ទឹម​នឹង​នោះ​អាជ្ញាធារ​កម្ពុជា​ក៏​បាន​ធ្វើ​សកម្មភាព​ការទូត​ ដើម្បី​រារាំង​ដំណើរ​និវត្តន៍​នេះ​ផង​ដែរ។​ រដ្ឋាភិបាល​កម្ពុជាបាន​អះអាង​ថា​ វត្តមាន​របស់​លោក​សម រង្ស៊ី​ នៅ​ក្នុង​ប្រទេស​កម្ពុជា​នឹង​បង្ក​អស្ថិភាព​ដល់​សន្តិភាព​និង​ការ​អភិវឌ្ឍ។

លោក​សម រង្ស៊ី​ បាន​បញ្ជាក់​បន្ថែម​ថា​ ​លោក​«ហួសចិត្ត‍» ចំពោះ​វិធានការ​ទប់​ស្កាត់​នេះ​ព្រោះ​អាជ្ញាធរ​បាន​ប្រកាស​តាមចាប់ខ្លួន​លោក​និង​ថ្នាក់ដឹកនាំ​ព្រមទាំង​សកម្មជន​២០នាក់​ទៀត។

«ថ្ងៃនេះ គេ​បាន​បង្ហាញ​ថា ​គេ​ខ្លាច​សម រង្ស៊ី​មែនទែន។ ខ្លាច​សម រង្ស៊ី​ខ្លាច​វត្តមាន​សម រង្ស៊ី។ ខ្លាច​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ។ ខ្លាច​កម្លាំង​ប្រជារាស្ត្រ​ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ។ នេះ​ហើយ​ជា​ជ័យជម្នះ​របស់​យើង‍»។

លោកស្រី​មូរ សុខហួរ​ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ កំពុង​តែ​ស្ថិតនៅ​ក្នុង​ទីក្រុង​គូឡាឡំពួរ ប្រទេស​ម៉ាឡេស៊ី​ បន្ទាប់​ពី​ជួប​បញ្ហា​ខ្លះៗ​ ដោយសារត្រូវបាន​ប៉ូលិស​អន្តោប្រវេសន៍​ម៉ាឡេស៊ីឃាត់​ខ្លួន​រយៈពេល​ជិត​២០ម៉ោង​ មុន​ពេល​ត្រូវបាន​អនុញ្ញាត​ឱ្យ​ចូល​ទៅក្នុង​ប្រទេស។

លោកស្រី មូរ សុខហួរ​ បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា ក្រុម​អ្នកគាំទ្រ​និង​ថ្នាក់ដឹកនាំ​គណបក្ស​ នឹង​ចូល​ទៅ​ប្រទេស​កម្ពុជា​តាម​ច្រក​ប៉ោយប៉ែត​នៅ​ព្រំដែន​ខ្មែរ​-ថៃ ដូច​ផែនការ​លើក​មុន​ដដែល។

«ខ្ញុំ​សូម​យក​ឱកាស​នេះ​ ជម្រាប​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ជាពិសេស​ពលករ​ចំណាកស្រុក​នៅ​តាម​ព្រំប្រទល់​ខ្មែរថៃ​នេះ​ ផែនការ​របស់​យើង​ដែល​យើង​ដាក់​កំណត់​ថា​ធ្វើ​មាតុភូមិនិវត្តន៍​ថ្ងៃទី​៩ វិច្ឆិកា​ គឺ​នៅ​ដដែល​ ហើយ​ចូល​តាម​ផ្លូវ​ព្រំប្រទល់​ខ្មែរថៃ​នៅតែ​ដដែល‍»។​

​សម្រាប់​អ្នកគាំទ្រគណបក្ស​សង្គ្រោះជាតិ​ដែល​នៅ​សហរដ្ឋ​អាមេរិក​ក៏នឹង​មិន​ដកថយ​ដែរ។ នេះ​បើតាម​ការ​អះអាង​របស់​មន្ត្រី​គណបក្ស។​

អ្នក​ដឹកនាំ​មួយ​ចំនួននឹង​ទៅជួប​មន្ត្រី​ក្រសួងការបរទេស​សហរដ្ឋ​អាមេរិក​ នៅ​ថ្ងៃ​សុក្រ​នេះ​ និង​ក៏​មាន​គម្រោង​ជួបជុំគ្នា​តវ៉ា​នៅ​រដ្ឋសភា​សហរដ្ឋ​អាមេរិក ​ដើម្បី​លើក​ទឹកចិត្ត​ពលរដ្ឋ​កម្ពុជា​ឱ្យ​ចេញ​មក​ស្វាគមន៍​លោក​សម រង្ស៊ី​និង​ថ្នាក់​ដឹកនាំ​ផង​ដែរ។​

លោកស្រី ធិត គឹមហ៊ុន ប្រធាន​ចលនាស្រ្តី​នៃ​គណបក្ស​សង្គ្រោះជាតិ​អាមេរិកាំង​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖

«យើង​ដឹង​ហើយ​ថា​ពេលនេះ​ជា​ពេល​ដែលក្តៅ​គគុក​ដែល​ព្រឹត្តិការណ៍​នៅ​ពេល​ឥឡូវនេះ​នៅ​តាម​កន្លែង​នានា​ គឺ​យើង​មាន​សម្ពាធ ប៉ុន្តែ​ទោះបី​ជា​យើង​មាន​ការ​ហត់​នឿយ​យ៉ាង​ណា​ ក៏យើង​ត្រូវ​ខំប្រឹងធ្វើ​ ជាពិសេស​នៅ​ខាង​សហរដ្ឋ​អាមេរិក​នៅ​ខាង​សភា​អាមេរិកាំង ​ក៏ដូច​ជា​ព្រឹទ្ធសភា​អាមេរិកាំង​បាន​ឃើញ​ថា​ យើង​ពិត​ជា​ចង់​ឃើញ​នូវ​ការ​ផ្លាស់ប្តូរ​នៅថ្ងៃទី​៩ វិច្ឆិកា​នេះ ​ហើយ​ឱ្យ​មាន​ការ​ដាក់​សម្ពាធ​ទៅលើ​រដ្ឋាភិបាល​ផ្តាច់ការ ​ដែល​ប្រើ​រូបភាព​សម្លុត​និង​សម្លាប់​ប្រជាពលរាស្ត្រ​ខ្មែរ‍»។​

មន្ត្រី​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា និង​មន្ត្រី​ក្រសួងការបរទេស​សហរដ្ឋ​អាមេរិកនៅ​មិន​ទាន់​ឆ្លើយតប​តាម​ការ​សាកសួរ​របស់​វីអូអេ​នៅ​ឡើយ​ទេ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ៕

What Next?

Recent Articles

One Response to "ខ្មែរ​-អាមេរិកាំង ​ចេញ​ដំណើរ​ជា​បន្តបន្ទាប់​​ទៅ​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​កម្ពុជា"

  1. so socheath says:

    វាសនា បុរស ឬសដុះក្នុងក្ត !
    *******
    ហាស ! ហាស
    រឿងអ្ហែងវាចប់ដោយបរិបូណ៍ ហើយ អាឬសដុះក្នុងក្ត សមរង្ស៊ី !
    ម៉ាជាតិជាអ្នកនយោបាយ ឃើញតែអ្ហែងមួយប៉ុណ្ណោះ ដែលធ្វើនយោបាយ
    បែបឡប់សតិ រលត់រលាយ គ្មានសល់អ្វីទាំងអស់ ។
    ចាប់ពីពេលនេះទៅអ្ហែងកុំសង្ឃឹម ថាមានមុខក្នុងឆាកនយោបាយទៀត ។
    ទោសទណ្ឌវ័ណ្ឌក ទាំងប្តីទាំងប្រពន្ធ ។ ទាក់ទងទ្រព្យសម្បត្តិ នៅកម្ពុជា
    បើថាមិនរឹបអូស តែវាហាក់ដូចជារឹបអូសរួចទៅហើយ ។ មានន័យថា មានផ្ទះ
    អត់មនុស្សនៅ មានផ្លូវអត់មនុស្សដើរ ។
    ចង់បានទ្រព្យសម្បត្តិ ចូលមកដេកគុកសិន អាហ្នឹងបានទ្រព្យសម្បត្តិវិញហើយ ។
    តែថាទោសផ្តុំគ្នាស្អេកស្កះយ៉ាងនេះ ទោះជាប់គុកហាសឹបឆ្នាំក៏បែបមិនទាន់រួចទោសដែរអ្ហា !
    អានេះគេហៅថា ចំណេះស្ទើរធ្វើចេះ ។ ទីបំផុត ចំណេះ ជិះ ក ឯង តែអញ្ចឹង !
    យល់ទេ ប៉ុណ្ណឹង អាល្ងង់ !

Leave a Reply

Submit Comment