គណបក្ស​សង្គ្រោះជាតិ​ប្ដេជ្ញា​ទាមទារ​សិទ្ធិ​សេរីភាព និង​ប្រជាធិបតេយ្យ​ជូន​ពលរដ្ឋ​ខ្មែរ​វិញ

ដោយ មាន ឫទ្ធិ
2019-11-09
RFA

លោក សម រង្ស៊ី និង​លោក កឹម សុខា ថតរូប​ជាមួយ​ប្រជាពលរដ្ឋ និង​អាជីវករ​ផ្សារលើ ​ខេត្ត​សៀមរាប កាល​ពី​អំឡុង​​ឆ្នាំ​២០១៤។

លោក សម រង្ស៊ី និង​លោក កឹម សុខា ថតរូប​ជាមួយ​ប្រជាពលរដ្ឋ និង​អាជីវករ​ផ្សារលើ ​ខេត្ត​សៀមរាប កាល​ពី​អំឡុង​​ឆ្នាំ​២០១៤។ Photo: RFA


គណបក្ស​សង្គ្រោះជាតិ​ដែល​ជា​បក្ស​ប្រឆាំង​ធំ​ជាងគេ​នៅ​កម្ពុជា ត្រូវ​បាន​របប​លោក ហ៊ុន សែន រំលាយ​ចោល​អស់​រយៈពេល ២​ឆ្នាំ​មក​ហើយ​។ រចនាសម្ព័ន្ធ​ដឹកនាំ​ចាប់ពី​ថ្នាក់​ជាតិ រហូតដល់​ថ្នាក់ក្រោម​ជាតិ ព្រមទាំង​តួនាទី​នយោបាយ​ទាំងឡាយ​ដែល​គណបក្ស​នេះ​ទទួល​បាន​ពី​ការបោះឆ្នោត​ទុកចិត្ត​ពី​ប្រជាពលរដ្ឋ​រាប់​លាន​នាក់ ក៏​ត្រូវ​រលាយ​តាម​នោះ​ដែរ​។ បន្ទាប់ពី​យុទ្ធនាការ​បង្ក្រាប​ឥត​ស្រាកស្រាន្ត​លើ​សំឡេង​ប្រឆាំង​រួចមក របប​ក្រុងភ្នំពេញ​ក៏​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ច្បាម​យក​អំណាច​រដ្ឋ​ទាំងអស់​មកកាន់​កាប់​តែម្នាក់​ឯង​។ តើ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ប្រវត្តិ​ដូចម្ដេច ហើយ​តើ​ហេតុអ្វី​បានជា​របប​លោក ហ៊ុន សែន ចាំបាច់​ត្រូវតែ​កម្ចាត់​គណបក្ស​នេះ​ឱ្យ​ខាងតែ​បាន?

គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​បង្កើត​ឡើង​តាមរយៈ​កិច្ចព្រមព្រៀង​រវាង​អ្នកនយោបាយ​២ ក្រុម គឺ​ក្រុម​គណបក្ស សម រង្ស៊ី ដឹកនាំ​ដោយ​លោក សម រង្ស៊ី និង​ក្រុម​គណបក្ស​សិទ្ធិមនុស្ស ដឹកនាំ​ដោយ​លោក កឹម សុខា។ អ្នកនយោបាយ​និយម​ប្រជាធិបតេយ្យ​ទាំងពីរ​ភាគី​បាន​ព្រមព្រៀងគ្នា​បង្កើត​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន កាលពី​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០១២ មុននឹង​ឈាន​ដល់​ការ​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ផ្លូវការ​នៅ​ដើមខែ​តុលា ឆ្នាំ​ដដែល​នោះ។

បន្ទាប់​ពី​ក្លាយ​ជា​គណបក្ស​នយោបាយ​ពេញ​សិទ្ធិ ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចុះ​ធ្វើ​សកម្មភាព​គ្រប់កន្លែង​នៅ​ទូទាំង​ប្រទេស​ដើម្បី​ផ្សព្វផ្សាយ​ពី​គោលនយោបាយ​របស់​គណបក្ស និង​ស្វះ​ស្វែងរក​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​។ នៅ​ខែ​មេសា ឆ្នាំ​២០១៣ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ធ្វើ​សមាជ​តែងតាំង​លោក សម រង្ស៊ី ជា​ប្រធាន​គណបក្ស និង​លោក កឹម សុខា ជា​អនុប្រធាន ព្រមទាំង​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ចំនួន ២៦​រូប។ គណបក្ស​សង្គ្រោះ​ជាតិ​មាន​គោលបំណង​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​តំណាងរាស្ត្រ ដើម្បី​ផ្លាស់ប្ដូរ​ប្រទេស​កម្ពុជា​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ។

គណបក្ស​សង្គ្រោះជាតិ​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​សំខាន់ៗ​ជាច្រើន ដូចជា​លុបបំបាត់​អំពើពុករលួយ ការពារ​បូរណភាព​ទឹកដី ពង្រឹង​ច្បាប់​អន្តោប្រវេសន៍ ពិនិត្យមើល​ករណី​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ប៉ះពាល់​ដល់​ពលរដ្ឋ កែទម្រង់​ប្រព័ន្ធ​តុលាការ និង​ប្ដេជ្ញា​ធ្វើ​យ៉ាងណា​ឲ្យ​អំណាច​នីតិ​ប្រតិបត្តិ នីតិប្បញ្ញត្តិ និង​តុលាការ​ឯករាជ្យ​ដាច់​ចេញ​ពី​គ្នា​។ គោលនយោបាយ​ចំពោះ​ពលរដ្ឋ​វិញ គណបក្ស​នេះ​បាន​សន្យា​ដំឡើង​ប្រាក់ខែ​ជូន​មន្ត្រីរាជការ កម្មករ​រោងចក្រ និង​ផ្ដល់​ប្រាក់​ជូន​ជន​ចាស់ជរា​ជាដើម។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលនោះ បាន​ចំអក​ថា សម្ពន្ធភាព​នយោបាយ​រវាង​ក្រុម​លោក សម រង្ស៊ី និង​លោក កឹម សុខា គឺជា​ព្យុះ​ក្នុង​ក្អម គ្មាន​សមត្ថភាព​ដណ្ដើម​ជ័យជំនះ​លើ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឡើយ៖ «ព្យុះ​នយោបាយ​របស់​អស់លោក គ្រាន់តែ​ជា​ព្យុះ​ក្នុង​ដប ឬ​ព្យុះ​ក្នុង​ក្អម​ទេ គ្មាន​ផល​ប៉ះពាល់​អ្វី​សូម្បីតែ​បន្តិច​។ និយាយ​ឱ្យ​ពិត ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ សង្គ្រោះ​នរណា​ឥលូវ​នេះសង្គ្រោះ​គេ​កំពុងតែ​ទទួល​សញ្ញាប័ត្រ​ហ្នឹង​ឱ្យ​រត់​ចូល​ព្រៃ ឬ​ស្អី​សង្គ្រោះ​លោកសង្ឃ​ដែល​កំពុងតែ​បិណ្ឌបាត ហើយ​កាន់​វស្សា​ហ្នឹង​ដើម្បី​ឱ្យ​រត់ចោល​ស្បង់ ឬ​ស្អី និយមន័យ​សង្គ្រោះ​នោះនិយាយ​អ៊ីចឹង អ្នកនាំពាក្យ​នោះ​ចេញ​មក​ទៀតហើយ ដោយសារតែ​គាត់​ខ្លាច​ហើយ​។ ចាំ​ទៅ​អា​ពៅ អញ​ផ្តាំ​ទុក​ឱ្យ​ហើយ មាន​ស្អី ចាញ់​បូក​និង​ចាញ់​ស្មើ​នឹង​ចាញ់ នៅ​ក្នុង​ក្អម ព្យុះ​នៅ​ក្នុង​ហ្នឹង​ទៅ»។

ទោះជា​យ៉ាងណា ត្រឹម​រយៈពេល​មិន​ដល់​មួយ​ឆ្នាំ​ផង គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​ការ​គាំទ្រ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ពី​ម្ចាស់​ឆ្នោត ហើយ​ព្យុះ​ក្នុង​ក្អម​ដែល​លោក ហ៊ុន សែន ចំអក​ឱ្យ​នោះ បែរជា​បាន​បោកបក់​រូបលោក​ស្ទើរ​ធ្លាក់​ពី​កៅអី​នាយករដ្ឋមន្ត្រី​ទៅវិញ។ ក្នុង​បោះឆ្នោត​តំណាងរាស្ត្រ​ឆ្នាំ​២០១៣ គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​អាសនៈ​ចំនួន ៥៥ ហើយ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​អាសនៈ​ចំនួន ៦៨ ក្នុង​ចំណោម​អាសនៈ​សភា​សរុប​១២៣។

អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណារ៉ា យល់​ថា ការ​ធ្លាក់​ចុះ​ប្រជាប្រិយភាព​របស់​បក្ស​កាន់អំណាច ដោយសារតែ​ពលរដ្ឋ​មើល​ឃើញ​ពី​ឥរិយាបថ​នយោបាយ និង​ការ​ដឹកនាំ​របស់​គណបក្ស​នេះ​ក្នុង​អាណត្តិ​មុនៗ៖ «តម្លៃ​នយោបាយ​គេ​ផ្អែក​ទៅ​លើ​អ្វី​ដែល​រដ្ឋាភិបាល​បាន​ធ្វើ ឧទាហរណ៍​ថា ដឹកនាំ​ក្នុង​ប៉ុន្មាន​អាណត្តិ​ហ្នឹង​បាន​បន្សល់​នូវ​ស្នាដៃ កេរដំណែល​អ្វីខ្លះ ធនធាន​ធម្មជាតិ​ទ្រព្យសម្បត្តិ​ជាតិ​នៅសល់​អ្វីខ្លះ​?អ៊ីចឹង​ពលរដ្ឋ​គាត់​អាច​គិតពិចារណា បើ​ឃើញ​ថា ថ្កុំថ្កើង​រុងរឿង គាត់​អាច​ទទួល​យក​បាន គាត់​នៅ​បន្ត​ការ​គាំទ្រ ប៉ុន្តែ​បើ​គាត់​គិត​ថា មិន​សម​នឹង​ការ​គិត​របស់​គាត់ គាត់​ដូរ​ទស្សនៈ​នៃ​ការ​គាំទ្រ​ទៅ​បក្ស​ផ្សេង​ហើយ​។ នេះ​ជា​សេចក្ដី​សម្រេច​របស់​ពលរដ្ឋ​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ»។

ថ្វីបើ​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​សំឡេង​គាំទ្រ​ច្រើន​ក្តី ក៏​គណបក្ស​នេះ​នៅ​តែ​មាន​មន្ទិល​អំពី​លទ្ធផល​នៃ​ការបោះឆ្នោត​ដដែល ដោយសារតែ​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​បក្ស​កាន់​អំណាច​។ គណបក្ស​សង្គ្រោះជាតិ​បាន​ដឹកនាំ​ពលរដ្ឋ​ធ្វើ​មហា​បាតុកម្ម​តាម​ដង​ផ្លូវ​នៅ​រាជធានី​ភ្នំពេញ និង​ទីលាន​ប្រជាធិបតេយ្យ​អស់​រយៈពេល​ជាច្រើន​ខែ ដើម្បី​ទាមទារ​ឱ្យ​គ​.​ជ​.​ប រាប់​សន្លឹក​ឆ្នោត​ឡើងវិញ និង​ទាមទារ​ឱ្យ​កែទម្រង់​ស្ថាប័ន​ជាតិ​មួយ​នេះ​។ ទន្ទឹម​នឹង​នេះ តំណាងរាស្ត្រ​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​មិនបាន​ចូល​សភា​ដើម្បី​ស្បថ​កាន់​តួនាទី​ឡើយ ហើយ​គណបក្ស​ប្រជាជន​កម្ពុជា​ក៏បាន​បោះឆ្នោត​ជា​កញ្ចប់​បង្កើត រដ្ឋសភា និង​រដ្ឋាភិបាល​អាណត្តិ​ទី​៥ ដោយ​ឯកឯង ដែល​ក្រុម​អ្នកវិ​ភាគ​អះអាង​ថា ជា​ការ​ធ្វើ​រដ្ឋប្រហារ​រដ្ឋធម្មនុញ្ញ។

គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចាត់​ទុក​រដ្ឋាភិបាល​ថ្មី​ដែល​កើត​ចេញ​ពី​សភា​មិន​គ្រប់​កូរ៉ុម​នេះ​ថា ជា​រដ្ឋាភិបាល​មិន​គ្រប់ទឹក និង​ទាមទារ​ឱ្យ​លោក ហ៊ុន សែន ចុះ​ចេញពី​តំណែង​។ រដ្ឋាភិបាល​លោក ហ៊ុន សែន មិនបាន​ចាត់វិធានការ​តបត​ភ្លាមៗ​នោះ​ទេ រហូតដល់​ដើម​ឆ្នាំ​២០១៤ ទើប​កងកម្លាំង​ចម្រុះ រួមមាន​ទាហាន ប៉េអិម និង​ប៉ូលិស បាន​បើក​ការ​បង្ក្រាប​ដោយ​ហិង្សា​លើ​ក្រុម​កម្មករ​នៅ​ផ្លូវ​វេងស្រេង និង​ក្បែរ​រោងចក្រ​យ៉ាក់ជីន បណ្តាល​ឱ្យ​មនុស្ស ៥​នាក់​ស្លាប់ និង​រងរបួស​ជាច្រើន​នាក់​។ ប៉ុន្មាន​ថ្ងៃក្រោយ​មក​ទៀត អាជ្ញាធរ​បាន​ចុះទៅ​បំបែក​ក្រុម​បាតុករ​គណ​បក្ស​សង្គ្រោះ​ជាតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ និង​បាន​ហ៊ុមព័ទ្ធ​ទីលាន​សេរីភាព​នេះ លែង​ឱ្យ​អ្នកគាំទ្រ​បក្ស​ប្រឆាំង​ជួបជុំគ្នា​តទៅ​ទៀត។

នៅ​ដើមខែ​សីហា ឆ្នាំ​២០១៤ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​៥៥ រូប​បាន​ចូល​ប្រជុំ​សភា​ជា​លើកដំបូង ដើម្បី​បញ្ចប់​ពហិការ​របស់​ខ្លួន​ជាង ១០​ខែ ហើយ​មេដឹកនាំ​បក្ស​សង្គ្រោះជាតិ​លោក សម រង្ស៊ី និង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​រួម​គ្នា​បង្កើត​វប្បធម៌​សន្ទនា បិទ​បញ្ចប់​វប្បធម៌​សងសឹក និង​លាប​ពណ៌​គ្នា​ទៅវិញទៅមក​។ គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​កូតា​ជា​ប្រធាន និង​អនុប្រធាន​គណៈកម្មការ​ជំនាញ​នៃ​រដ្ឋសភា​ប្រហាក់​ប្រហែល​គ្នា​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​ដែរ ជាពិសេស​លោក កឹម សុខា ទទួល​បាន​តំណែង​ជា​អនុប្រធាន​ទីមួយ​រដ្ឋសភា​។ ក្រៅ​ពី​នេះ ស្ថាប័ន​រៀបចំ​ការបោះឆ្នោត​ក៏​ត្រូវ​បាន​សើរើ​ឡើងវិញ​ដែរ ដោយមាន​សមាសភាព​ដឹកនាំ​៩ រូប ក្នុង​នោះ​៤ រូប​មកពី​គណបក្ស​ប្រជាជន​កម្ពុជា ៤ រូប​មកពី​គណបក្ស​សង្គ្រោះ​ជាតិ និង​ម្នាក់ទៀត​ជា​បុគ្គល​ឯករាជ្យ​ដែល​មានការ​ព្រមព្រៀងគ្នា​រវាង​គណបក្ស​ទាំងពីរ​។ គ​.​ជ​.​ប ថ្មី​នេះ បាន​បើកឱកាស​ឱ្យ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​អ្នក​ជំនាញ​ជាច្រើន​នាក់ ចូល​បម្រើ​ការងារ​ទៅតាម​ឯកទេស​របស់​ខ្លួន​ផង​ដែរ។

ពលរដ្ឋ​ខ្មែរ​ដែល​ធ្លាប់តែ​ពើប​ប្រទះ​នឹង​ភាព​ប្រេះឆា​ខាង​នយោបាយ​អស់​រយៈពេល​រាប់​ទសវត្សរ៍​មក​ហើយ​នោះ បាន​សាទរ និង​ពេញចិត្ត​ពេញ​ថ្លើម​ចំពោះ​ការ​ស្រុះស្រួល​គ្នា​រវាង​បក្ស​កាន់អំណាច និង​បក្ស​ប្រឆាំង ដោយ​ម្នាក់ៗ​រំពឹង​ថា យុគសម័យ​នៃ​ការ​ឈ្លោះ​ទាស់ទែង​គ្នា​រវាង​អ្នកនយោបាយ​ខ្មែរ​និង​ខ្មែរ ត្រូវ​បិទ​បញ្ចប់​ត្រឹម​នេះ​ហើយ។

ទោះជា​យ៉ាងណា អ្វីៗ​មិន​ដូច​ការ​រំពឹង​ទុក​នោះ​ឡើយ​។ កិច្ចព្រមព្រៀង​បញ្ចប់​វិបត្តិ​នយោបាយ​នេះ​មាន​អនុភាព​តែមួយ​ចម្អិន​កំពិស​ប៉ុណ្ណោះ ដោយសារតែ​ថ្នាក់ដឹកនាំ​គណបក្ស​ទាំងពីរ​ហាក់​មិន​ទុកចិត្ត​គ្នា និង​ចោទ​គ្នា​ថា ខ្វះ​ភាព​ស្មោះត្រង់​។ សកម្មជន និង​មន្ត្រី​ជាន់ខ្ពស់​ជាច្រើន​នាក់​របស់​បក្ស​ប្រឆាំង ត្រូវ​បាន​ចោទប្រកាន់ និង​ឃុំខ្លួន​ក្នុង​ពន្ធនាគារ ដោយសារតែ​ការ​បញ្ចេញ​មតិ និង​សកម្មភាព​របស់​ពួកគេ​នា​ពេល​កន្លងមក ហើយ​ខ្លះ​ទៀត​ត្រូវ​ក្រុម​យោធា​នៃ​កង​អង្គរក្ស​លោក ហ៊ុន សែន វាយដំច្រំធាក់​ទៀត​ផង។

ជា​ឧទាហរណ៍ សមាជិក​ព្រឹទ្ធសភា លោក ហុង សុខហួរ និង​សមាជិក​រដ្ឋសភា លោក អ៊ុំ សំអាន ត្រូវ​អាជ្ញាធរ​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​ទាំង​មាន​អភ័យឯកសិទ្ធិ ដោយសារ​រិះគន់​រឿង​ផែនទី និង​ការ​បោះបង្គោល​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម​។ លើស​ពី​នេះ ក្រុម​អង្គរក្ស​លោក ហ៊ុន សែន បាន​លើកគ្នា​ទៅ​ព្រួត​វាយ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ដល់​មុខ​រដ្ឋសភា​តែម្ដង បណ្តាល​ឱ្យ​សមាជិកសភា​ពីរ​រូប គឺ​លោក គង់ សភា និង​លោក ញ៉យ ចំរើន រង​របួស​ធ្ងន់ធ្ងរ​ឈាម​ស្រោច​ពេញ​ខ្លួន ដេក​ដួល​លើ​ថ្នល់។

ចំណែក លោក សម រង្ស៊ី ឯណោះ​វិញ ក៏​ត្រូវ​រស់នៅ​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ជាថ្មី​ម្តង​ទៀត​នៅ​អំឡុង​ឆ្នាំ​២០១៥ នោះ​ដែរ ហើយ​ពេលនោះ តួអង្គ​នយោបាយ​សំខាន់​ជាងគេ​នៅ​ក្នុង​ស្រុក​ជំនួស​លោក សម រង្ស៊ី គឺជា​លោក កឹម សុខា ដែល​បាន​ក្លាយ​ជា​ប្រ​ធាន​ស្ដីទី​គណបក្ស។

ម្តង​នេះ ដល់​វេន​លោក កឹម សុខា វិញ​ម្ដង​ដែល​ត្រូវ​រង​ការ​ធ្វើទុក្ខបុកម្នេញ​ពី​រដ្ឋាភិបាល​លោក ហ៊ុន សែន​។ នៅ​ខែ​កញ្ញា ឆ្នាំ​២០១៦ លោក កឹម សុខា ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កាត់​ទោស​ឱ្យ​ជាប់ពន្ធនាគារ​៥ ខែ ពី​បទ “​បដិសេធ​មិន​ចូលខ្លួន​” ដោយ​គ្មាន​មូលហេតុ​ត្រឹមត្រូវ ទាក់ទង​នឹង​រឿងអាស្រូវ​ស្នេហា​លួចលាក់​ជាមួយ​នាង ខុម ចាន់តារ៉ាទី ហៅ​ស្រី​មុំ​។ លោក​បាន​បង្ខំចិត្ត​ឃុំខ្លួន​ក្នុង​ទីស្នាក់ការ​បក្ស​សង្គ្រោះ​ជាតិ​អស់​រយៈពេល​ជាច្រើន​ខែ ហើយ​អាជ្ញាធរ​បាន​ប៉ុនប៉ង​ចូល​ទៅ​ចាប់ខ្លួន​លោក ប៉ុន្តែ​សកម្មភាព​នេះ​ត្រូវ​បាន​បញ្ឈប់​ដោយសារ​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​រាប់​រយ​នាក់​នាំគ្នា​ទៅ​ដេក​យាម​នៅ​ទីស្នាក់ការ​គណបក្ស​ទាំង​ថ្ងៃ​ទាំង​យប់​។ លោក កឹម សុខា បាន​រួចផុត​ពី​បទ​ចោទប្រកាន់​នេះ តាមរយៈ​ព្រះរាជទាន​លើកលែងទោស​ពី​ព្រះមហាក្សត្រ នៅ​ដើមខែ​ធ្នូ​ឆ្នាំ​២០១៦ ហើយ​លោក​ក៏​មាន​សេរីភាព​ចេញ​មក​ជួប​អ្នកគាំទ្រ និង​ថ្លែង​សារ​នយោបាយ​បាន​ដូច​ធម្មតា​វិញ។

នៅ​ដើមខែ​មីនា ឆ្នាំ​២០១៧ លោក កឹម សុខា ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បន្ទាប់ពី​លោក សម រង្ស៊ី បានសម្រេច​ចិត្ត​លាលែង​ពី​តួនាទី ដើម្បី​ការពារ​គណបក្ស​ពី​ការ​រំលាយ​របស់​រដ្ឋអំណាច។ ទោះជា​យ៉ាងណា ៧ ខែក្រោយ​មក លោក កឹម សុខា ត្រូវ​អាជ្ញាធរ​សម្រុក​ចូល​ចាប់​ខ្លួន​ដល់​ក្នុង​ផ្ទះ​ទាំង​កណ្ដាល​អាធ្រាត្រ និង​ក្នុងពេលដែល​លោក​កំពុង​មាន​អភ័យឯកសិទ្ធិសភា​។ តុលា​ការដែល​ស្ថិត​ក្រោម​ឥទ្ធិពល​លោក ហ៊ុន សែន បាន​ចោទប្រកាន់​លោក កឹម សុខា ពី​បទ “​ស​ន្ទិដ្ឋិភាព​” ឬ​ការ​ត្រូវរ៉ូវ​គ្នា​ជាមួយ​បរទេស ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​ស្របច្បាប់​។ ប្រធាន​គណបក្សប្រឆាំង​រូប​នេះ ត្រូវ​ជាប់ឃុំ​តាំងពី​ខែ​កញ្ញា​ឆ្នាំ​២០១៧ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន ដោយ​មិនទាន់​ទទួល​បាន​ការ​ជំនុំជម្រះ​នៅ​ឡើយ​ទេ។

ក្រោយ​ការ​ចាប់ខ្លួន​លោក កឹម សុខា របប​លោក ហ៊ុន សែន បាន​ពន្លឿន​ការ​កែប្រែ​ច្បាប់​គណបក្ស​នយោបាយ ដើម្បី​បើកផ្លូវ​ឈាន​ទៅ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ មុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨។

ចៅក្រម​តុលាការ​កំពូល​ដែល​សុទ្ធ​សឹង​ជា​សមាជិក​បក្ស​កាន់អំណាច បានសម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​ទី​១៧ វិច្ឆិកា ឆ្នាំ​២០១៧ ដោយ​គ្មាន​ការ​រារែក ទោះ​ជា​ដឹង​ថា ពលរដ្ឋ​ជិត​កន្លះ​ប្រទេស​បាន​គាំទ្រ​គណបក្ស​នេះ​ក្តី​។ ក្រៅ​ពី​នេះ តុលាការ​កំពូល​បាន​ហាមប្រាម​ថ្នាក់ដឹកនាំ​បក្ស​ប្រឆាំង​ចំនួន​១១៧ នាក់ មិន​ឱ្យ​ធ្វើ​នយោបាយ​រយៈពេល​៥ ឆ្នាំ ដែល​ពេលវេលា​ប៉ុន​នេះ គឺ​សម​ល្មម​សម្រាប់​បក្ស​កាន់អំណាច​ឈ្នះ​ឆ្នោត​អាណត្តិ​ទី​៦ ដោយ​មិនបាច់​ប្រឹង។

អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ថ្លែង​ថា លោក ហ៊ុន សែន រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដោយសារតែ​ដឹង​ថា គាត់​នឹង​ចាញ់​ឆ្នោត​នៅ​ឆ្នាំ​២០១៨​។ លោក​បន្ត​ថា របប​លោក ហ៊ុន សែន រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​បានតែ​នៅ​លើ​ក្រដាស​ប៉ុណ្ណោះ ប៉ុន្តែ​លើ​ភាព​ជាក់ស្ដែង​ប្រជាពលរដ្ឋ​ខ្មែរ​នៅតែ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដដែល៖ «លោក ហ៊ុន សែន គាត់​ដឹង​ថា ការបោះឆ្នោត​ឆ្នាំ​២០១៨ គណបក្ស​គាត់​នឹង​ចាញ់​គណបក្ស​សង្គ្រោះ​ជាតិ ព្រោះ​កម្លាំង​ប្រជាពលរដ្ឋ​គេ​រង់ចាំ​តែ​ពេលវេលា​មកដល់​នៃ​ការបោះឆ្នោត​។ ដូច្នេះ​ដើម្បី​ជា​ការ​ទប់ស្កាត់​កុំ​ឱ្យ​គាត់​បាត់បង់​អំណាច​តាមរយៈ​ការបោះឆ្នោត គាត់​បាន​ចាប់​លោក កឹម សុខា ហើយ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដោយ​គាត់​ចោទប្រកាន់​គ្មាន​ហេតុផល ហើយ​រៀបចំ​ការបោះឆ្នោត​ក្លែងក្លាយ​មួយ​ដែល​មិន​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​ពិត​របស់​ប្រជាពលរដ្ឋ»។

ក្រោយ​បក្ស​ត្រូវ​រំលាយ ថ្នាក់ដឹកនាំ និង​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​ជាច្រើន​នាក់ បាន​បែកខ្ញែក​គ្នា ខ្លះ​រត់​ទៅ​ធ្វើ​សកម្មភាព​នៅ​ក្រៅ​ប្រទេស ខ្លះ​បន្ត​រស់នៅ​កម្ពុជា​ដោយ​រក្សា​ភាព​ស្ងៀមស្ងាត់ និង​មួយចំនួន​ទៀត​បាន​ទៅ​ចុះចូល​ជាមួយ​គណបក្ស​កាន់អំណាច​។ ចំណែក អាសនៈ​ក្រុម​​ប្រឹក្សា​ឃុំ​សង្កាត់​ចំនួន​៤០០៩ អាសនៈ​ដែល​គណបក្ស​នេះ​ទទួល​បាន​ពី​ការបោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០១៧ ក៏​ត្រូវ​បាន​គណបក្ស​កាន់​អំណាច​យក​មក​ចែក​គ្នា​កាន់កាប់​ផង​ដែរ។

កម្ពុជា​បាន​ក្លាយ​ជា​ប្រទេស​ឯក​បក្ស ដែល​សេរី​ភាពជា​មូលដ្ឋាន​របស់​ពលរដ្ឋ​រង​ការ​រឹតត្បិត​ជា​ខ្លាំង​ពី​រដ្ឋអំណាច ក្រោយ​អវត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ​។ របប​លោក ហ៊ុន សែន បាន​រៀបចំ​ការបោះឆ្នោត​បែប​បង្គ្រប់​កិច្ច​នៅ​ឆ្នាំ​២០១៨ និង​បាន​ក្រសោប​យក​អំណាច​រដ្ឋ​ទាំងអស់​តែម្នាក់​ឯង​។ ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​បាន​ថ្កោលទោស​របប​ក្រុងភ្នំពេញ​ចំពោះ​ចំណាត់​ការ​ទាំងឡាយ​លើ​គណបក្សប្រឆាំង ដោយ​បាន​ចាត់ទុកថា នោះ​ជា​ការ​គាស់​រំលើង​គ្រឹះ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។ សហភាព​អឺរ៉ុប​កំពុង​អនុវត្ត​នីតិវិធី​ដកហូត​ការ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា ស្រប​ពេល​សមាជិកសភា​សហរដ្ឋអាមេរិក​កំពុង​ស្នើ​ច្បាប់​ដាក់ទណ្ឌកម្ម​របប​ក្រុង​ភ្នំពេញ។

អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណារ៉ា ថ្លែង​ថា ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​ឱ្យ​លំហ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា មាន​ការ​រួម​តូច ហើយ​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​ហាក់​មិន​ផ្ដល់​តម្លៃ​ដល់​ភាព​ស្របច្បាប់​នៃ​រដ្ឋាភិបាល​ថ្មី​ឡើយ​។ ទន្ទឹម​នឹង​នេះ លោក​មើល​ឃើញ​ថា រដ្ឋាភិបាល និង​អង្គ​ការបរទេស​ជាច្រើន​នៅតែ​ទទួលស្គាល់​គណបក្ស​សង្គ្រោះ​ជាតិ​ដដែល ដែល​បង្ហាញ​ថា គណបក្ស​នេះ​ជោគជ័យ​ក្នុង​ការ​ស្វះ​ស្វែងរក​កិច្ច​គាំទ្រ​ពី​អន្តរជាតិ៖ «យើង​មើល​ការប្រជុំ​អន្តរ​សភា រដ្ឋាភិបាល​ដែល​មាន​១២៥ ក៏​គេ​ហៅ ខាង​បក្ស​ប្រឆាំង​ក៏​គេ​ហៅ​។ សមាជិក​សភា​អឺរ៉ុប សមាជិកសភា​អាមេរិក ឬក៏​អង្គការសហប្រជាជាតិ​គេ​នៅ​ចាប់អារម្មណ៍ គេ​នៅ​បារម្ភ​លើ​លំហ​សេរីភាព​នៅ​កម្ពុជា​។ គេ​នៅតែ​សម្ដែង​នូវ​ក្តី​កង្វល់​ដូច​សារ​លិខិត​របស់​លោក​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ដែល​គេ​លើកឡើង​អ៊ីចឹង នេះ​ជា​ភាព​ជោគជ័យ​របស់​បក្ស​ប្រឆាំង​ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​សហគមន៍​អន្តរជាតិ​ហើយ»។

ទោះជា​បែបនេះ​ក្តី អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ​រូប​នេះ យល់ថា គណបក្ស​សង្គ្រោះ​ជាតិ​ទំនងជា​មិន​អាច​កើត​ឡើងវិញ​បានទេ​ក្នុង​ស្ថានភាព​បច្ចុប្បន្ន។ លោក​ថា គណបក្ស​នេះ​អាច​នឹង​មាន​ឱកាស​រស់​ឡើងវិញ​នៅ​ពេល​ជិត​បោះឆ្នោត​អាណត្តិ​ក្រោយ​ក្នុង​រូប​ភាពជា​គណបក្សប្រឆាំង​មួយ​ផ្សេង​ទៀត៖ «ថ្មីៗ​នេះ ២០១៩២០២០ ខ្ញុំ​គិតថា ពុំ​មាន​សញ្ញា​នៃ​ការ​កើត ឬ​រស់​ឡើងវិញ​ទេ លុះត្រាតែ​ផុត​ពី​ហ្នឹង​ទៅ​ទើប​អាច​មាន ឬក៏​នៅ​ក្នុង​ករណី​មួយ​ដែល​អាច​កើតមាន​ដែរ ប្រសិនបើ​គណបក្ស​កាន់អំណាច​បន្ទន់​ឥរិយាបថ​ឆ្លើយតប​តាម​សំណើ​របស់​សហគមន៍​អន្តរជាតិ ដើម្បី​រក្សា EBA អាហ្នឹង​វា​អាច​កើតមាន​។ ក៏ប៉ុន្តែ នៅ​ក្នុង​មួយ​ខែ​នេះ​ទៀត ត្រឹម​ថ្ងៃ​ទី​១២ ខែ​១២ ហ្នឹង បើ​អត់​មាន​សញ្ញា​អ្វី​ទេ គណបក្ស​សង្គ្រោះ​ជាតិ​មិន​ទាន់​កើតឡើង​ភ្លាមៗ​ទេ»។

ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ស្វះស្វែង​ធ្វើ​មាតុភូមិនិវត្តន៍​មក​កម្ពុជា​វិញ ក្នុង​គោលបំណង​ស្ដារ​ប្រជាធិបតេយ្យ និង​ដោះស្រាយ​ប​ញ្ហា​ជាតិ​ដែល​របប​ក្រុងភ្នំពេញ​មិន​អាច​ដោះស្រាយ​បាន​។ ក៏ប៉ុន្តែ គម្រោង​នេះ​ត្រូវ​របប​លោក ហ៊ុន សែន ឆ្លើយតប​ដោយ​ការ​ដាក់​កម្លាំង​ទ័ព​រាំង​ខ្ទប់​នៅ​តាម​ព្រំដែន​ខ្មែរ​-​ថៃ និង​ហាមឃាត់​ក្រុមហ៊ុន​យន្តហោះ​មិន​ឱ្យ​ដឹក​លោក សម រង្ស៊ី និង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដទៃ​ទៀត ចូល​មក​ក្នុង​ប្រទេស​កម្ពុជា។

អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក អេង ឆៃអ៊ាង បញ្ជាក់​ថា ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​បន្ត​សកម្មភាព​ទាមទារ​សិទ្ធិ​សេរីភាព ប្រជាធិបតេយ្យ និង​ឆន្ទៈ​របស់​ពលរដ្ឋ​ខ្មែរ​មកវិញ ដោយ​មិន​មាន​ការ​រួញរា​ឡើយ៖ «ការ​តស៊ូ​តែង​មាន​ឧបសគ្គ មិនមែន​យើង​មាន​ឧបសគ្គ យើង​នាំគ្នា​ឈប់ យើង​នាំគ្នា​សម្រាក យើង​នាំគ្នា​ដកថយ អាហ្នឹង​ដូចជា​យក​ប្រទេស​កម្ពុជា​ដាក់​លើ​ជើងពាន​ឱ្យ​ទៅ​ជន​ផ្ដាច់ការ​ធ្វើ​អ្វី​តាម​អំពើ​ចិត្ត​ហើយ​។ អ៊ីចឹង​មកដល់ពេលនេះ មកដល់​ម៉ោង​នេះ ពួក​យើង​ទាំងអស់​គ្នា​ក៏​ដូច​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ដែល​ស្រឡាញ់​សេរីភាព ស្រឡាញ់​យុត្តិធម៌ គឺ​អត់​មាន​អ្នកណា​រាថយ​ទេ​។ យើង​នឹង​ខិតខំ​តស៊ូ​ប្រយុទ្ធ​តទៅទៀត រហូតដល់​កម្ពុជា​មាន​ឯករាជ្យ​ពិតប្រាកដ កម្ពុជា​មាន​ប្រជាធិបតេយ្យ​ពិតប្រាកដ កម្ពុជា​មាន​សេរីភាព​ពិតប្រាកដ»។

ក្រុម​ប្រទេស​ប្រជាធិបតេយ្យ និង​អង្គការ​អន្តរជាតិ​នានា នៅតែ​ចង់​ឃើញ​របប​ក្រុងភ្នំពេញ​ស្ដារ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ឡើងវិញ តាមរយៈ​ការ​អនុញ្ញាត​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​រស់រាន​ជាថ្មី ផ្ដល់​អាសនៈ​ជាប់ឆ្នោត​ឱ្យ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​វិញ និង​រៀបចំ​ការបោះឆ្នោត​ជាថ្មី​ដែល​មាន​លក្ខណៈ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ពិតប្រាកដ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "គណបក្ស​សង្គ្រោះជាតិ​ប្ដេជ្ញា​ទាមទារ​សិទ្ធិ​សេរីភាព និង​ប្រជាធិបតេយ្យ​ជូន​ពលរដ្ឋ​ខ្មែរ​វិញ"

  1. so socheath says:

    ហាស ! ហាស
    ទិដ្ឋាការទេសចរណ៏ គ្មានអ្នកណាឃាត់ទេ អាវ៉ូច !
    តែបើចូលកម្ពុជាខ្នោះ !
    អាក្បត់ជាតិ បើមិនបាញ់ចោល ឬដាក់គុកមួយជិវិត បានចម្លែក !

Leave a Reply

Submit Comment