មេដឹកនាំ​នយោបាយ​ផ្ញើ​សារ​នយោបាយ​ផ្សេងៗ​គ្នា​ក្នុង​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ

ដោយ អាស៊ីសេរី
2019-11-09
អាស៊ីសេរី

ពី​ឆ្វេង៖ ​លោក កឹម សុខា លោក សម រង្ស៊ី និង​លោក ហ៊ុន សែន ចាប់​ដៃ​គ្នា​ក្រោយ​ចេញ​ពី​ជំនួប​ប្រជុំ​កំពូល នា​វិមាន​ព្រឹទ្ធសភា កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤។

ពី​ឆ្វេង៖ ​លោក កឹម សុខា លោក សម រង្ស៊ី និង​លោក ហ៊ុន សែន ចាប់​ដៃ​គ្នា​ក្រោយ​ចេញ​ពី​ជំនួប​ប្រជុំ​កំពូល នា​វិមាន​ព្រឹទ្ធសភា កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤។ RFA/Tin Zakariya


ប្រទេស​កម្ពុជា​កំពុង​ប្រារព្ធ​ខួប​អនុស្សាវរីយ៍ ៦៦​ឆ្នាំ នៃ​បុណ្យ​ឯករាជ្យ​ជាតិ នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ខណៈ​ជម្លោះ​នយោបាយ​រវាង​គណបក្ស​កាន់អំណាច និង​គណបក្ស​ប្រឆាំង​កំពុងតែ​ឡើង​កម្ដៅ។

មេដឹកនាំ​របប​ក្រុងភ្នំពេញ អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​ការពារ​ស្ថិរភាព​ជាតិ។ ចំណែក​មេដឹកនាំ បក្ស​ប្រឆាំង​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​ក្រោក​ឈរ​ឡើង​តវ៉ា​ប្រឆាំង​អំណាច​ផ្ដាច់ការ​របស់ លោក ហ៊ុន សែន។ អ្នកវិភាគ​នយោបាយ​យល់ថា ទាល់តែ​អ្នក​នយោបាយ​កម្ពុជា​គ្រប់​និន្នាការ​ឈប់ ឈ្លោះ​គ្នា ហើយ​រួបរួមសាមគ្គី​គ្នា ទើប​ស្ថិរភាព និង​ឯករាជ្យ​របស់​កម្ពុជា អាច​គង់វង្ស។

ក្រុម​មេដឹកនាំ​របប​ក្រុងភ្នំពេញ មន្ត្រីរាជការ មន្ត្រី​ទូត​បរទេស សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ បាន​ជួបជុំគ្នា​នៅ​វិមានឯករាជ្យ​នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ក្រោម​ព្រះរាជ​វត្តមាន​របស់​ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី ដើម្បី​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​នៃ​បុណ្យ​ឯករាជ្យ​ជាតិ​លើក​ទី​៦៦។

ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ​ឆ្នាំនេះ ព្រះមហាក្សត្រ ពុំបាន​ចេញ​ព្រះរាជសារ​នយោបាយ​ដូច​ឆ្នាំ មុនៗ ដែល​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ​ជាពិសេស​អ្នកនយោបាយ​គ្រប់​និន្នាការ​នយោបាយ ឱ្យ​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ ក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ​តែមួយ ដើម្បី​ចូលរួម​ចំណែក​ការពារ និង​កសាង​មាតុភូមិ​កម្ពុជា​លើ​គ្រប់​វិស័យ​ឡើយ​។ ព្រះបាទ​នរោត្តម សីហមុនី ក៏​មិន​មាន​ព្រះរាជ​បន្ទូល​អ្វី​ជាមួយ​ក្រុម​មេដឹកនាំ​របប​ក្រុងភ្នំពេញ​នោះ​ដែរ​។ ព្រះអង្គ គ្រាន់តែ​បង្ហាញ​ព្រះរាជ​វត្តមាន​ចូល​អុជ​ភ្លើង​ជ័យ​នៅ​លើ​វិមាន​ឯករាជ្យ រួចហើយ​ព្រះអង្គ​យាង​ត្រឡប់​ទៅ​ព្រះបរមរាជវាំង​វិញ។

ចំណែក​មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន ដែល​បង្ហាញ​វត្តមាន​ជាមួយ​មេដឹកនាំ​កង កម្លាំង​ពីរ​រូប គឺ​លោក ស ខេង និង លោក ទៀ បាញ់ នោះ ក៏​មិនបាន​ថ្លែង​សុន្ទរកថា​អ្វី​ដែរ ប៉ុន្តែ​លោក បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​ថា ថ្ងៃទី​៩ វិច្ឆិកា ជា​ថ្ងៃ​ដ៏​មាន​សារៈសំខាន់​បំផុត​សម្រាប់​ប្រទេស​កម្ពុជា ទាំងមូល ព្រោះ​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ ដែល​កម្ពុជា​ទទួល​បាន​ឯករាជ្យ​ពី​អាណានិគម​បារាំង ក្រោម ព្រះរាជ​បូជនីយកិច្ច​ដ៏​ឧត្ដុង្គឧត្ដម​របស់​ព្រះ​បរមរតនកោដ្ឋ សម្តេច​ព្រះនរោត្តម សីហនុ​។ លោក អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ចូលរួម​ទទួលទាន​អំបុក ក្រោម​ពាក្យស្លោក​ថា អំបុក​ខ្មែរ ថែ ជាតិ សាសនា ព្រះមហាក្សត្រ។

ផ្ទុយគ្នា​ស្រឡះ ពី​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី គឺ​បាន​យក​ថ្ងៃបុណ្យ​ឯករាជ្យ ជាតិ​នេះ អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​ក្រោក​ឈរឡើង​ព្រម​គ្នា តវ៉ា​ប្រឆាំង​របប​ផ្ដាច់ការ​របស់​លោក ហ៊ុន សែន ដើម្បី​សង្គ្រោះ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ឡើងវិញ​។ ក្នុង​វីដេអូ​ខ្លី​រយៈពេល ៣​នាទី លោក សម រង្ស៊ី បាន​ថ្លែង​អរគុណ​ដល់​ពលរដ្ឋ ដែល​ក្លាហាន​លះបង់​សេរីភាព ទ្រព្យធន​ផ្ទាល់ខ្លួន​សម្រាប់​បុព្វហេតុ​ជាតិ និង​ប្រជាធិបតេយ្យ ។ មេ​បក្ស​ប្រឆាំង​រូប​នេះ បន្ត អំពាវនាវ​ពលរដ្ឋ​ឱ្យ​តាំងចិត្ត​ខ្ពស់​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ព្រោះ​បេសកកម្ម​វិល​ចូល​ទៅ​កម្ពុជា នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា បាន​ជោគជ័យ ៧០​ភាគរយ​ទៅ​ហើយ៖ «សុំ​បងប្អូន​ជឿជាក់​ចុះ ការ​ខិតខំ​ប្រឹងប្រែង ការ​លះបង់​របស់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ទាំង​រូបខ្ញុំ សម រង្ស៊ី ផង​ដែរ គឺ​នៅ​មាន​ការ​តាំង​ចិត្ត​ខ្ពស់​មិន​ចុះថយ​ឡើយ ផ្ទុយទៅវិញ​គឺ​កាន់តែ​ខ្លាំង​ឡើងៗ ដើម្បី​នាំមក​ការផ្លាស់ប្ដូរ​តាម​បែប​ប្រជាធិបតេយ្យ ការផ្លាស់ប្ដូរ​ជា​វិជ្ជមាន​ដែល​យើង​ចង់បាន​ទាំងអស់​គ្នា»។

រីឯ​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​របប​ក្រុងភ្នំពេញ ឃុំឃាំង​នៅ​ក្នុង​ផ្ទះ​ជាង ២​ឆ្នាំ​ហើយ​នោះ ក៏​មិនបាន​បង្ហោះ​សារលិខិត​អ្វី​ដូច​ឆ្នាំ​មុនៗ ដែរ ក្នុង​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ​នេះ​។ កន្លងមក លោក កឹម សុខា តែងតែ​ឆ្លៀត​យក​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ​ផ្ញើ​សារ​ឱ្យ​មានការ​បង្រួបបង្រួម​ជាតិ​ពិតប្រាកដ ដើម្បី​ទាមទារ និង​ថែរក្សា ការពារ ឯករាជ្យ​ជាតិ។

ក្រុម​អ្នក​តាមដាន​បញ្ហា​សង្គម និង​អ្នកវិភាគ​នយោបាយ បាន​សរសេរ​បង្ហោះ​សារ​នៅ​តាម​បណ្ដាញ សង្គម​ថា ឯករាជ្យ​ជាតិ ត្រូវ​តែ​មាន​ឯកភាព​ជាតិ ព្រោះថា បើ​គ្មាន​ការ​ឯកភាព​ជាតិ រួបរួម​ជាតិ គឺ ឯករាជ្យ​ជាតិ ក៏​ពិបាក​រក្សា​ដែរ។

អ្នកវិភាគ​នយោបាយ អ្នកស្រី ធីតា ឃឹះ មានប្រសាសន៍ថា អ្នកស្រី សោកស្ដាយ​ដែល​ព្រះមហា ក្សត្រ​មិន​បាន​ចេញ​ព្រះរាជសារ​អំពាវនាវ​ឱ្យ​អ្នកនយោបាយ​ខ្មែរ​រួបរួម​គ្នា​។ អ្នកស្រី​យល់ថា ដើម្បី​ឱ្យ មាន​ស្ថិរភាព​ជាតិ និង​ឯករាជ្យ​ជាតិ​ពិតប្រាកដ គឺ​លុះ​ត្រា​អ្នកនយោបាយ​ខ្មែរ​រួបរួមសាមគ្គី​គ្នា យោគ យល់​គ្នា សង្គម​មាន​យុត្តិធម៌​ត្រឹមត្រូវ និង​គោរព​អនុវត្ត​តាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង ប៉ារីស​។ អ្នកស្រី​បន្ត​ថា ប្រសិនបើ​មេដឹកនាំ​នយោបាយ​ខ្មែរ ចេះតែ​បន្ត​ឈ្លោះ​គ្នា និង​នៅតែ​ពឹង បរទេស​នោះ គឺ​ស្ថិរភាព​ជាតិ និង​ឯករាជ្យ​ជាតិ ស្ថិត​ក្នុង​ស្ថានភាព​ឃ្លីងឃ្លោង៖«ខ្វះ​ការ​អំពាវនាវ​ពី​ព្រះមហាក្សត្រ​គឺជា​ការ​សោកស្ដាយ​មួយ ហើយ​សេចក្ដី​អំពាវនាវ​របស់​សម្ដេច​នាយក​រដ្ឋមន្ត្រី​ក៏​យើង​ថា ជា​រឿង​មួយ​ដែល​លោក មាន​សិទ្ធិ និង​អំណាច​ពេញទី​ក្នុង​ការ​ជជែក ឬមួយ​ក៏​បើក​ឱ្យ​មាន​បរិយាកាស​សមស្រប​ដើម្បី​បើក​ឱ្យ​មាន​ស្ថានភាព​ធូរស្រាល​មកវិញ គឺថា​នៅ​ក្នុង​កណ្ដាប់​ដៃ​របស់​សម្តេច​នាយករដ្ឋមន្ត្រី​ហើយ។ អ៊ីចឹង​ហើយ យើង​សង្ឃឹម​ថា នឹង​មាន​ការចរចា​គ្នា ឬ​មួយ​ការ​បន្ទាន់​ឥរិយាបថ​ដាក់គ្នា​ដើម្បី​ធ្វើ​ឱ្យ​មាន​ស្ថានភាព​ធូរស្រាល​ជាង​មុន»។

កាល​ពី​ថ្ងៃ​សុក ទី​៨ វិច្ឆិកា ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បាន​ផ្ញើ​សារលិខិត មួយ​ច្បាប់​ថ្វាយ​ព្រះមហាក្សត្រ​ខ្មែរ ដោយ​ចូលរួម​អបអរសាទរ​បុណ្យ​ឯករាជ្យ​លើក​ទី​៦៦​។ លោក ដូណាល់ ត្រាំ លើកឡើង​ថា សហរដ្ឋអាមេរិក ស្ថិតនៅ​ជាមួយ​ប្រជាជន​កម្ពុជា ដែល​ប្រាថ្នា​ចង់បាន​នូវ​ព្រះរាជាណាចក្រ ដែល​ប្រកបដោយ​សន្តិសុខ វិបុលភាព ប្រជាធិបតេយ្យ និង​អធិបតេយ្យ​។ សម្ដេច​ព្រះបាទ នរោត្តម សីហមុនី ក៏បាន​ផ្ញើ​ព្រះរាជសារ​អរគុណ​ចំពោះ​សារ​ជូនពរ​លោក ដូណាល់ ត្រាំ ដោយ​បាន​ឆ្លើយតប​វិញ​ថា ព្រះអង្គ​ជឿជាក់​ថា ប៉ុន្មាន​ឆ្នាំ​ខាងមុខ​ទៀត នឹង​ឃើញ​ទំនាក់ទំនង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​ប្រទេស​ទាំងពីរ​បន្ត កាន់តែ​ស៊ីជម្រៅ និង​រីកចម្រើន ដើម្បី​ផលប្រយោជន៍ និង​សុខុមាលភាព​របស់​ប្រជាជន​ប្រទេស​ទាំង​ពីរ។

កម្ពុជា​បាន​ទទួល​ឯករាជ្យ ជា​រដ្ឋ​អធិបតេយ្យ​បរិបូរណ៍ ពី​សាធារណរដ្ឋ​បារាំង កាលពី​ឆ្នាំ​១៩៥៣ ក្នុង​រាជ្យ​ព្រះបាទ នរោត្តម សីហនុ ក្រោយពេល​បារាំង​បាន​ដាក់​អាណានិគម​រយៈពេល ៩០​ឆ្នាំ​គត់ ចាប់​ពី​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​១៨៦៣ ដល់​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​១៩៥៣។

ស្ថាបនិក​ទាមទារ​ឯក​រាជ្យ​ជាតិ អតីត​ព្រះមហាក្សត្រ​ខ្មែរ ព្រះបាទ នរោត្តម សីហនុ កាល​នៅ​មាន​ព្រះជន្ម ធ្លាប់​មាន​ព្រះរាជ​បន្ទូល​ផ្ដាំផ្ញើ​ឱ្យ​ខ្មែរ​សាមគ្គី​គ្នា ដោយ​ព្រះអង្គ​ឈ្វេង​យល់ថា ខ្មែរ​សាមគ្គី​គ្នា ប្រែ​ថា​ខ្លាំង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "មេដឹកនាំ​នយោបាយ​ផ្ញើ​សារ​នយោបាយ​ផ្សេងៗ​គ្នា​ក្នុង​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ"

  1. so socheath says:

    ស្អី !
    ពួកអាក្បត់ជាតិ(សមរងស៊ី+កឹមសុខា) អ្ហែង ប្រើភាសាថាជាមេដឹកនាំ​ ប្រជាជនកម្ពុជាផង ?
    អត់វិជ្ជាជីវះមែន ពួកអាសំរាម ។ តែថាមិនបានក្រុមអាលាងក្ត RFAតែប៉ុណ្ណឹង !

Leave a Reply

Submit Comment