លោក​ សម រង្ស៊ី​ ទៅ​ដល់​ប្រទេស​ម៉ាឡេស៊ី​ក្រោយ​បរាជ័យ​គម្រោង​ចូល​ប្រទេស​ថៃ

នយោបាយ

09 វិច្ឆិកា 2019
កាន់ វិច្ឆិកា
វីអូអេខ្មែរ

លោក សម រង្ស៊ី មេដឹកនាំ​ប្រឆាំង​កម្ពុជា​​ដែល​និរទេស​ខ្លួន ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​សារព័ត៌មាន​ខណៈ​ដែល​លោក​បាន​មក​ដល់​​អាកាសយានដ្ឋាន​អន្តរជាតិ​​ក្រុង​គូឡាឡាំពួ​ប្រទេស​ម៉ាឡេស៊ី កាល​ពី​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៩។
លោក សម រង្ស៊ី មេដឹកនាំ​ប្រឆាំង​កម្ពុជា​​ដែល​និរទេស​ខ្លួន ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​សារព័ត៌មាន​ខណៈ​ដែល​លោក​បាន​មក​ដល់​​អាកាសយានដ្ឋាន​អន្តរជាតិ​​ក្រុង​គូឡាឡាំពួ​ប្រទេស​ម៉ាឡេស៊ី កាល​ពី​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៩។

ក្នុង​វីដេអូ​ដែល​លោក សម រង្ស៊ី និយាយ​ទៅ​កាន់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​ទីក្រុង​គូឡាឡាំពួ លោក​មិន​បាន​បញ្ជាក់​ថា តើ​លោក​នឹង​ចាកចេញ​ពី​ប្រទេស​ម៉ាឡេស៊ី​ពេល​ណា​នោះ​ទេ ហើយ​លោក​ក៏​មិន​ឆ្លើយ​នឹង​សំណួរ​របស់​អ្នកសារ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​​គម្រោង​បន្ទាប់​របស់​លោក​ដែរ។ភ្នំពេញ — 

លោក សម រង្ស៊ី មេដឹកនាំ​អតីត​គណបក្ស​ប្រឆាំងបាន​ទៅ​ដល់​ទីក្រុង​គូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី​នៅ​រសៀល​ថ្ងៃ​សៅរ៍​នេះ ដោយ​មាន​ក្រុម​សហការី​របស់​លោក​មួយ​ចំនួន​ចាំ​ទទួល​នៅ​ទីនោះ​។ នេះ​បើ​តាម​សារ​ដែល​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​អ្នកស្រី មូរ សុខហួរ អនុ​ប្រធាន​គណ​បក្ស​ប្រឆាំង។​

​អ្នកស្រី មូរ សុខហួរ បាន​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​អ្នកស្រី នា​រសៀល​ថ្ងៃ​សៅរ៍​នេះ​ដោយ​ភ្ជាប់​នឹង​រូប​ថត​របស់​លោក សម ​រង្ស៊ី និង​សហការី រួមមាន​លោក អេង​ ឆៃអ៊ាង ផង ថា លោក សម រង្ស៊ី បាន​ទៅ​ដល់​ទីក្រុង​គូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី​ នៅ​ថ្ងៃ​សៅរ៍​នេះ ដោយ​ជោគ​ជ័យ។

ក្នុង​វីដេអូ​ដែល​លោក សម រង្ស៊ី និយាយ​ទៅ​កាន់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​ទីក្រុង​គូឡាឡាំពួ លោក​មិន​បាន​បញ្ជាក់​ថា តើ​លោក​នឹង​ចាកចេញ​ពី​ប្រទេស​ម៉ាឡេស៊ី​ពេល​ណា​នោះ​ទេ ហើយ​លោក​ក៏​មិន​ឆ្លើយ​នឹង​សំណួរ​របស់​អ្នកសារ​ព័ត៌មាន​ពាក់ព័ន្ធ​នឹងគម្រោង​បន្ទាប់​របស់​លោក​ដែរ។

VOA បាន​ព្យាយាម​ទាក់ទង​សុំការ​អត្ថាធិប្បាយ​ពី​លោក សម រង្ស៊ី ប៉ុន្តែ​លោក​មិនព្រម​ឆ្លើយ​តប។

លោក សម រង្ស៊ី ដែល​និរទេស​ខ្លួននៅ​ក្រៅ​ប្រទេស​អស់​រយៈពេល​ជាង​៤​ឆ្នាំ​ បាន​សម្រេច​ចូល​ទៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​វិញ បន្ទាប់ពី​គម្រោង​នៃ​ការ​ហោះ​ចូល​ប្រទេស​ថៃ​នៅ​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា​នេះ ត្រូវ​បរាជ័យ។​

​ពាក់ព័ន្ធ​នឹង​ដំណើរ​ទៅ​ដល់​ប្រទេស​ម៉ាឡេស៊ី​របស់​លោក សម រង្ស៊ី នេះ លោក Jerald Joseph មន្រ្តី​គណៈកម្មការ​សិទ្ធិ​មនុស្ស​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី​ ប្រាប់ VOA ​យ៉ាង​ខ្លី​ថា៖ «លោក សម រង្ស៊ី បាន​ទៅ​ដល់​ [គូឡាឡាំពួ] ដោយ​សុវត្ថិភាព និង​បាន​ចេញ​ពី​ព្រលាន​យន្តហោះ​ហើយ»។

ចំណែក​លោក Phil Robertson អនុប្រធាន​ប្រចាំ​តំបន់​អាស៊ាន​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ Human Rights Watch ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​សាទរ​ការ​សម្រេច​របស់​ប្រទេស​ម៉ាឡេស៊ី​ដែល​ប្រទេស​អាស៊ាន​ដទៃ​ទៀត​អាច​យក​គំរូ​តាម​បាន​ថា៖ «ប្រទេស​ម៉ាឡេស៊ី​សម​នឹង​ទទួល​បាន​ការ​សរសើរ​ជុំវិញ​ពិភព​លោក​ដែល​អនុញ្ញាត​ឱ្យ​លោក សម រង្ស៊ី ចូល​ប្រទេស និង​ជួប​ជាមួយ​សហការី​របស់​គាត់»។

លោក សម រង្ស៊ី តែង​ប្រកាស​ថា លោក​នឹង​វិល​ត្រឡប់​មក​កម្ពុជា​វិញ​ដើម្បីទម្លាក់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ចេញ​ពី​អំណាច នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ដែល​ត្រូវ​ជា​ខួប​៦៦​ឆ្នាំ​ នៃថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ។

រដ្ឋាភិបាល​កម្ពុជា​ចាត់​ទុក​ការ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី​ និង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​ថា ​ជា​អំពើ​ក្បត់​ជាតិ និង​ជាការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋា​ភិបាល​។

សហគមន៍​អន្តរជាតិ​ធំៗមួយចំនួន​ ដូចជា​សហរដ្ឋ​អាមេរិក បារាំង អង្គការ​សហប្រជាជាតិ និង​អង្គការ​អន្តរជាតិ​ផ្នែក​សិទ្ធិ​មនុស្ស​មួយ​ចំនួន​ផង បាន​បង្ហាញ​ការបារម្ភ​ជា​បន្ត​បន្ទាប់​ ជុំវិញ​គម្រោង​ធ្វើ​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី មក​កាន់​កម្ពុជា​ថា​នឹង​អាច​មាន​អំពើ​ហិង្សា។ ពួកគេ​ក៏​បាន​អំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជាអនុញ្ញាត​ឲ្យ​មេដឹកនាំ​ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​អាច​វិល​ត្រឡប់​ចូល​ប្រទេស​កម្ពុជា​វិញ​ដោយ «សន្តិវិធី‍» និង​បើក​លំហរ​សេរីភាព​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់​និន្នាការ​នយោ​បាយ។

លោក​ ផៃ​ ស៊ីផាន​ អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី ​ប្រាប់ ​VOA ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​ថា រដ្ឋាភិបាល​នឹង​មិន​ប្រើ​ហិង្សា​ណាមួយ​ក្នុង​ប្រតិបត្តិការ​ចាប់​ខ្លួន​ក្រុម​លោក សម រង្ស៊ី និង​មន្ត្រីបក្ស​ប្រឆាំងនោះ​ទេ។ ប៉ុន្តែ​លោក​ថា រដ្ឋាភិបាល​នឹង​កម្ទេច​ក្រុម​ទាំង​នោះ​ ប្រសិនបើ​ពួកគេ​ហ៊ាន​តដៃ។

«យើង​អត់​មាន​ធ្វើ​អំពើ​ហិង្សា​ទេ យើង​គ្រាន់តែ​ឃាត់​ខ្លួន​ហើយ​បញ្ជូន​ទៅ​តុលាការ​តែ​ប៉ុណ្ណោះ។ ក៏​ប៉ុន្តែ​ផល​រំពឹង​ទុក​បើសិនជា​ខាង​គេ​អ្នក​ចូល​មក​ដែល​ជា​អ្នក​មេ​ធ្វើ​បដិវត្តន៍​ហ្នឹង យើង​នឹង​ចាត់​វិធានការ​បង្ក្រាប ឬ​ក៏​បំផ្លាញ​ចោល។ អានេះ​គឺ​ជា​ជម្រើស​ចុងក្រោយ​របស់​យើង»។

នៅ​ថ្ងៃ​សៅរ៍​នេះ រដ្ឋាភិបាល​កម្ពុជា​កាន់​តែ​បង្កើន​ការ​រិត​បន្តឹង​សន្តិសុខ ដោយ​មាន​ដាក់​ពង្រាយ​កង​កម្លាំង​ប្រដាប់​អាវុធ​បន្ថែមនៅ​ទូទាំង​ប្រទេស និងការ​រឹត​បន្តឹង​ច្រក​ព្រំ​ដែន​ប៉ោយប៉ែត​មិន​ឲ្យ​ប្រជាជន​ខ្មែរ​ចេញ​ចូល។ ចំណែក​នៅ​រាជធានី​ភ្នំពេញ គេឃើញ​មាន​ការ​ពង្រាយ​កម្លាំង​ប្រដាប់​អាវុធ​តាម​ដងផ្លូវ ពិសេស​នៅ​ក្បែរ​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ពោធិចិនតុង ដោយ​មាន​ទាំង​រថយន្ត​យោធា និង​រថពាស​ដែក​ផង​ដែរ៕

What Next?

Recent Articles

One Response to "លោក​ សម រង្ស៊ី​ ទៅ​ដល់​ប្រទេស​ម៉ាឡេស៊ី​ក្រោយ​បរាជ័យ​គម្រោង​ចូល​ប្រទេស​ថៃ"

  1. so socheath says:

    ហាស ! ហាស
    ទិដ្ឋាការទេសចរណ៏ គ្មានអ្នកណាឃាត់ទេ អាវ៉ូច !

Leave a Reply

Submit Comment