អាជ្ញាធរ​បិទ​ច្រក​ទ្វារ​ព្រំដែន​ប៉ោយប៉ែត​បណ្ដោះអាសន្ន​ ស្រប​ពេល​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​រាប់​ពាន់​នាក់​ចាំ​ទទួល​លោក​សម រង្ស៊ី នៅ​ខាង​ដី​ថៃ

ដោយ សុជីវី
2019-11-09
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ទិដ្ឋភាព​ច្រក​ទ្វារ​ព្រំដែន​ប៉ោយប៉ែត ដែល​អាជ្ញាធរ​បិទ​ជា​បណ្ដោះអាសន្ន នៅ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា ឆ្នាំ២០១៩។


ទិដ្ឋភាព​ច្រក​ទ្វារ​ព្រំដែន​ប៉ោយប៉ែត ដែល​អាជ្ញាធរ​បិទ​ជា​បណ្ដោះអាសន្ន នៅ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា ឆ្នាំ២០១៩។

 រូប៖ ហ្វេសប៊ុក Poleak Sao


អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​បិទ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ជា​បណ្ដោះ​អាសន្ន​ ដើម្បី​រាំង​ខ្ទប់​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​មិន​ឱ្យ​ឆ្លង​ដែន​ចូល​ទៅ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី​៩​ វិច្ឆិកា។ ស្រប​គ្នា​នេះ​ដែរ សកម្មជន ​និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​រាប់​ពាន់​នាក់​បាន​ទៅ​ដល់​តំបន់​​​ព្រំដែន​​​ប្រទេស​ថៃ​ហើយ​ ដើម្បី​រង់ចាំ​ទទួល​លោក សម រង្ស៊ី និង​ថ្នាក់​ដឹក​នាំ​គណបក្ស​នេះ​វិល​ចូល​ស្រុក​វិញ​ជា​មួយ​ពួក​គាត់។

សកម្មជន ​និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ទៅ​ព្រំដែន​ថៃ​ជាប់​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត លើក​ឡើង​ថា គិត​ត្រឹម​ម៉ោង​ ៣រសៀល​ នៃ​ថ្ងៃ​ទី​៩​ វិច្ឆិកា​ថា ពួក​គាត់​មិន​ទាន់​ឆ្លង​ដែន​ចូល​ទៅ​កម្ពុជា​តាម​ច្រក​ព្រំដែន​នេះ​នៅ​ឡើយ​ទេ ដោយ​រង់ចាំ​បញ្ជា​ពី​ថ្នាក់​ដឹក​នាំ​កំពូល​ៗ ​របស់​គណបក្ស​ពួក​គាត់​ជា​មុន​សិន។

ប្រធាន​ផ្នែក​ព័ត៌មាន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​នៅ​ប្រទេស​ថៃ ​លោក សន សុវណ្ណ​ថេត ប្រាប់​អាស៊ី​សេរី​ថា អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ភាគ​ច្រើន​បាន​ទៅ​ដល់​ព្រំដែន​ថៃ​​ហើយ​ ប៉ុន្តែ​មិន​ទាន់​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ចំណុច​ណា​មួយ​នៅ​ឡើយ​ទេ ព្រោះ​ខ្លាច​បែក​ការ​ដល់​អាជ្ញាធរ​ថៃ ធ្វើ​ឱ្យ​ទទួល​​លោក​ សម រង្ស៊ី​ វិល​ចូល​ស្រុក​វិញ (ប្រហែល​ជា​បាត់​ពាក្យ “មិន​អាច”)។ លោក​បញ្ជាក់​ថា​ អាជ្ញាធរ​កម្ពុជា​ និង​ថៃ​ បាន​បិទ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ជា​បណ្ដោះ​អាសន្ន​តាំង​ពី​ម៉ោង​ ៩កន្លះ​ព្រឹក ​ថ្ងៃ​ទី​៩ ​វិច្ឆិកា​រហូត​ដល់​ម៉ោង​ ២រសៀល​មិន​ទាន់​បើក​ច្រក​ឡើង​វិញ​ទេ៖«យើង​ដើរ​បំបែក​គ្នា​តែ​ម្ដង​ដោយសារ​តែ​នៅ​ព្រំដែន​នេះ​គឺ​ក្ដៅ​មែនទែន ខ្ញុំ​មក​ដល់​ទីនេះ​ព្រឹកព្រលឹម​ឮ​តែ​សំឡេង​ពលរដ្ឋ​ខ្មែរ​ត្អូញត្អែរ​ថា​គ្មាន​បង់​បន្ទប់​ទេ មិន​អាច​បាន​ទៅ​លេង​ផ្ទះ​ហើយ​អ្នក​ខ្លះ​ថា​ប្រពន្ធ​ដេក​ពេទ្យ​នៅ​មន្ទីរ​ពេទ្យ​នៅ​ប៉ោយប៉ែត​មិន​បាន​ អ្នក​គាត់​ថា​ត្រូវ​ឡើង​មក​ចាក់​សោ​ឱ្យ​កម្មករ​នៅ​ផ្សេរ​រ៉ុងក្លឿ​ចូល​ធ្វើ​ក៏​មិន​អាច​ចូល​មក​បាន​»។

​​​​​លោក​បន្ត​ថា​ ក្រៅ​ពី​អាជ្ញាធរ​កម្ពុជា​ថៃ​រឹត​បន្តឹង​នៅ​ច្រក​ទ្វារ​ព្រំដែន​ប៉ោយប៉ែត​ ហើយ​អាជ្ញាធរ​​ថៃ​បាន​ដាក់​ពង្រាយ​កង​កម្លាំង​ជា​ច្រើន​នាក់​ ត្រួត​ពិនិត្យ​អ្នក​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​យ៉ាង​តឹងតែង​ខុស​ពី​ពេល​មុនៗ​ ជា​ពិសេស​​នៅ​តំបន់​ព្រំដែន​ផ្សារ​រ៉ុងក្លឿ​របស់​ថៃ​តែ​ម្ដង​។

រីឯ​អ្នក​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​មក​​ពី​សហរដ្ឋ​អាមេរិក​ឯ​ណោះ​វិញ​ ថ្លែង​សុំ​មិន​ឱ្យ​បញ្ចេញ​ឈ្មោះ ដើម្បី​សុវត្ថិភាព​ផ្ទាល់​ខ្លួន ឱ្យ​ដឹង​ថា​ ពួក​លោក​មាន​គ្នា​ប្រមាណ​ ១០​នាក់ បាន​​ទៅ​ដល់​ព្រំដែន​ថៃ​នៅ​ម៉ោង ​៨​ព្រឹក​ ថ្ងៃ​ទី​៩ ​វិច្ឆិកា។ លោក​បន្ត​ថា នៅ​ផ្សារ​រ៉ុងក្លឿ​​របស់​ថៃ ​ដែល​ភាគ​ច្រើន​​ជា​របស់​ពលរដ្ឋ​ខ្មែរ​លក់​ដូរ​នោះ បាន​បិទ​តូប​ស្ងាត់​ជ្រងំ​ខុស​ប្រក្រតី។ លោក​បញ្ជាក់​ថា មូលហេតុ​ដែល​ស្ងាត់​ដោយសារ​អាជ្ញាធរ​កម្ពុជា​បិទ​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ដែល​ធ្វើ​ឱ្យ​ពួក​គាត់​មិន​អាច​ចូល​មក​លក់​ដូរ​បាន​ដូច​ពេល​មុនៗ។ លោក​បន្ថែម​ថា បើ​ទោះ​បី​ជា​នៅ​ព្រំដែន​កម្ពុជា​ថៃ​មាន​យាមកាម​តឹងតែង​យ៉ាង​នេះ​ក្ដី​ក៏​ពួកគេ​នៅ​តែ​រង់ចាំ​ធ្វើ​មាតុភូមិ​និវត្តន៍​ជា​មួយ​ថ្នាក់​ដឹក​គណបក្ស​ប្រឆាំង​ដដែល៖ «ហើយ​ក្រុង​ផ្សេងៗ​មក​ជួប​គ្នា​នៅ​ច្រើន​ទៀត​។តាម​ខ្ញុំ​គឺ​មក​ស្ដាប់​សភាពការណ៍​មើល​តើ​អាច​ចេញ​ចូល​បាន​ឬ​ក៏​មិន​ពិបាក​យ៉ាងម៉េច​ ។ខ្ញុំ​ដាច់​ខាត​មក​នេះ​គឺ​ត្រូវ​តែ​ចូល​ទៅ​កម្ពុជា​ ព្រោះ​យើង​ជា​ជនជាតិ​ខ្មែរ​ ហើយ​យើង​ស្រលាញ់​ប្រជាធិបតេយ្យ​ ដូច្នេះ​ខ្ញុំ​ត្រូវ​តែ​ចូល​ដើម្បី​ឱ្យ​លោក​ ហ៊ុន សែន​ រក​ផ្លូវ​ចរចា​បញ្ចប់​វិបត្តិ​នយោបាយ​នៅ​កម្ពុជា»

ទាក់ទង​នឹង​ការ​បិទ​ច្រក​ព្រំដែន​នេះ ​អភិបាល​ខេត្ត​បន្ទាយ​មាន​ជ័យ​ លោក អ៊ុំ រាត្រី​ ប្រាប់​អាស៊ី​សេរី​យ៉ាង​ខ្លី​ថា​ មិន​មាន​ការ​បិទ​ច្រក​ព្រំដែន​នោះ​ទេ៖ «ខ្ញុំ​កំពុង​នៅ​ហូប​អំបុក​​ជា​មួយ​ពលរដ្ឋ​ខ្ញុំ​មិន​ទាន់​បាន​ព័ត៌មាន​ច្បាស់​ទេ​ ប៉ុន្តែ​តាម​ដឹង​ច្រក​នេះ​អត់​មាន​បិទ​ទេ​ ដំណើរ​ការ​ធម្មតា​​អត់​មាន​បិទ​ទេ​បាទ

រីឯ​​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ ​លោក​ អាត់ ខែម​ បន្ត​​ជួប​ជា​មួយ​ភាគី​ថៃ​នៅ​ព្រំដែន​ខាង​ទឹក​ដី​ថៃ​ ដើម្បី​សុំ​សហការ​ចាប់​លោក​ សម រង្ស៊ី និង​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​​វិល​ចូល​ស្រុក​វិញ​​​​ថ្ងៃ​ថ្ងៃ​ទី៩ ​វិច្ឆិកា។ គេហទំព័រ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ បញ្ជាក់​ថា​ ក្រុម​បក្ស​ប្រឆាំង​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន។

អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​មាន​ជ័យ ​បាន​បើ​ឱ្យ​រថយន្ត​ដឹក​ទំនិញ​ធំ​ៗ​ ចំនួន ​៤០​គ្រឿង​ឆ្លងដែន​​នៅ​រសៀល​ថ្ងៃ​ដដែល​ ដោយ​មិន​ទាន់​បើក​ច្រក​ឱ្យ​អ្នក​ធ្វើ​ដំណើរ​ចេញ​ចូល​ប្រទេស​ទាំង​២​ បាន​នៅ​ឡើយ​ទេ គិត​ត្រឹម​ម៉ោង ៤​រសៀល​ថ្ងៃ​ដដែល។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដែល​តាម​ដាន​មើល​ស្ថានការណ៍​នៅ​តំបន់​ព្រំដែន​នោះ​ យល់​ថា ​អាជ្ញាធរ​បិទ​ច្រក​ព្រំដែន​នេះ​ដោយសារ​ព្រួយ​បារម្ភ​ខ្លាច​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ធ្វើ​មាតុភូមិ​និវត្តន៍​តាម​ច្រក​ព្រំដែន​ប៉ោយប៉ែត។

​​នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​ លីកាដូ (LICADHO) លោក អំ សំអាត ដែល​កំពុង​ឃ្លាំមើល​នៅ​ព្រំដែន​ក្រុង​ប៉ោយប៉ែត​មាន​ប្រសាសន៍​ថា អាជ្ញាធរ​បាន​ដាក់​រនាំ​និង​មាន​កម្លាំង​ចម្រុះ​យាម​ការពារ​ ៣កន្លែង ចាប់​ពី​គល់​ស្ពាន​ច្រក​ព្រំដែន​រហូត​ដល់​មុខ​ស្នាក់​ការ​គយ ​និង​រដ្ឋាករ​ ក្រុង​ប៉ោយប៉ែត។ លោក​បន្ត​ថា ការ​បិទ​ច្រក​ព្រំដែន​ ធ្វើ​ឱ្យ​​ប្រជាពលរដ្ឋ​រាប់​រយ​នាក់​មិន​បាន​ចូល​ទៅ​ប្រកប​របរ​ក្នុង​ទឹក​ដី​ថៃ​បាន​ទេ ហើយ​ពួកគាត់​ឈរ​កកកុញ​តាម​ផ្លូវ​ជាតិ​លេខ​៥​ ចម្ងាយ​​ប្រមាណ ​៤០០​ម៉ែត្រ​ពី​ច្រក​ព្រំដែន​ថៃ។ លោក​បន្ថែម​ថា​ អំឡុង​ពេល​បិទ​ច្រក​ព្រំដែន​នេះ សមត្ថកិច្ច​អនុញ្ញាត​ឱ្យ​តែ​អ្នក​ទេសចរ​អន្តរជាតិ​​អាច​ឆ្លងដែន​ចេញ​ចូល​កម្ពុជា​-ថៃ​បាន។ លោក​ថា​ពលរដ្ឋ​​​​រអ៊ូរទាំ​ខឹង​អាជ្ញាធរ​មិន​បាន​ជូន​ដំណឹង​ដល់​ពួក​គាត់​ឱ្យ​បាន​ដឹង​ជា​មុន ព្រោះ​ការ​ធ្វើ​បែប​នេះ​​ធ្វើ​ឱ្យ​ពួក​គាត់​បង់​ប្រាក់​ចំណូល​ដោយសារ​មិន​បាន​ទៅ​លក់​ដូរ​នៅ​ក្នុង​ទឹក​ដី​ថៃ៖ «រូប​ភាព​ទាំង​នេះ​អត់​មាន​អី​ល្អ​ទេ​សម្រាប់​កម្ពុជា​ គឺ​ជា​ការ​ខាត​បង់​សម្រាប់​ពលរដ្ឋ​ ព្រោះ​គាត់​មិន​បាន​ប្រកប​មុខ​របរ​។មួយ​វិញ​ទៀត​ រដ្ឋាភិបាល​ចំណាយ​កម្លាំង​ទ័ព​ដាក់​តាម​ ព្រំដែន​ហ្នឹង​ក៏​ចំណាយ​ថវិកា​ច្រើន​ដែរ​ ។អ្វី​ដែល​សំខាន់​ខ្ញុំ​គិត​ថា​អ្នក​នយោបាយ​គួរ​តែ​រក​វិធី​ដោះស្រាយ​គ្នា​ដើម្បី​បញ្ចប់​វិបត្តិ​នយោបាយ​ ហើយ​រួម​គ្នា​ក្នុង​ការ​កសាង​ជាតិ​មាតុភូមិ​ឱ្យ​កាន់​តែ​រីក​ចំរើន​ជា​ជាង​ផល​ប្រយោជន៍​និង​អំណាច​បាទ

មន្ត្រី​គណបក្ស​ប្រឆាំង​មួយ​ចំនួន​នៅ​តែ​បន្ត​ចេញ​ដំណើរ​ពី​ទី​ក្រុង​បាងកក​​ទៅ​តំបន់​ព្រំដែន​កម្ពុជា​-ថៃ​ជា​បន្តបន្ទាប់​នៅ​ឡើយ​ ដើម្បី​ទៅ​រង់ចាំ​ធ្វើ​មាតុភូមិ​និវត្តន៍​ជា​មួយ​ថ្នាក់​ដឹក​នាំ​គណបក្ស​នេះ។ ពួក​គាត់​នៅ​តែ​មាន​សង្ឃឹម​ថា លោក សម រង្ស៊ី នឹង​វិល​ចូល​​ស្រុក​វិញ​តាម​ច្រក​ព្រំដែន​ថៃ​​ជា​មួយ​ពួក​គាត់​ ដើម្បី​ចូល​រួម​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឱ្យ​រស់​ឡើង​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

Leave a Reply

Submit Comment