ទស្សនៈ​ពលរដ្ឋ​ចំពោះ​ការ​បន្ធូរបន្ថយ​បម្រាម​លើ​លោក កឹម សុខា

ដោយ ហេង រស្មី
2019-11-10
RFA

លោក កឹម សុខា (កណ្ដាល) ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ស្វាគមន៍​អ្នក​គាំទ្រ​ក្នុង​ខួប​លើក​ទី​២៥ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នា​ទីស្នាក់ការ​គណបក្ស​ក្នុង​សង្កាត់​ចាក់អង្រែលើ រាជធានី​ភ្នំពេញ ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០១៦។

លោក កឹម សុខា (កណ្ដាល) ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ស្វាគមន៍​អ្នក​គាំទ្រ​ក្នុង​ខួប​លើក​ទី​២៥ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នា​ទីស្នាក់ការ​គណបក្ស​ក្នុង​សង្កាត់​ចាក់អង្រែលើ រាជធានី​ភ្នំពេញ ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Cheu Sideth


ពលរដ្ឋ​មួយ​ចំនួន​យល់​ថា ការ​អនុញ្ញាត​ឱ្យ​លោក កឹម សុខា អាច​ធ្វើ​ដំណើរ​ក្នុង​ប្រទេស​បាន ប៉ុន្តែ​មិន​អនុញ្ញាត​ឱ្យ​ធ្វើ​សកម្មភាព​នយោបាយ គឺ​គ្រាន់តែ​ល្បិច​នយោបាយ​របស់​របប​ក្រុងភ្នំពេញ​ដើម្បី​ចង់​បំភ័ន្ត​ភ្នែក​អន្តរជាតិ និង​ចង់​រក្សា​ប្រព័ន្ធ​អនុគ្រោះ EBA ទាំង​ដែល​របប​នេះ​មិន​បាន​បំពេញ​តាម​លក្ខខណ្ឌ​របស់​អន្តរជាតិ​នៅឡើយ​។ ការ​លើកឡើង​របស់​ពលរដ្ឋ​បែបនេះ បន្ទាប់​ពី​តុលាការ​ក្រុងភ្នំពេញ​នៅ​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា​នេះ សម្រេច​ឱ្យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា អាច​ធ្វើ​ដំណើរ​ក្នុង​ប្រទេស​បាន ប៉ុន្តែ​មិន​ឱ្យ​ចេញ​ក្រៅ​ប្រទេស និង​ត្រូវ​ឆ្លើយតប​នឹង​ការ​កោះ​ហៅ​ពី​គ្រប់​សមត្ថកិច្ច។

ពលរដ្ឋ​ចាត់​ទុក​ចំណាត់ការ​ថ្មី​ដែល​ជា​ការ​ដក​បម្រាម​ខ្លះ​នៃ​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​លើ​លោក កឹម សុខា គឺ​មិន​អាច​ធ្វើ​ឱ្យ​សហភាព​អឺរ៉ុប​បញ្ឈប់​នីតិវិធី​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA បានទេ​។ ពលរដ្ឋ​ចង់​ឃើញ​របប​ក្រុងភ្នំពេញ​ចិត្តសឿង​បើក​ឱ្យ​មាន​គណបក្ស​សង្គ្រោះជាតិ ផ្ដល់​តួនាទី​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​ជាង​៥០០០ អាសនៈ​របស់​គណបក្ស​នេះ និង​អនុញ្ញាត​ឱ្យ​លោក កឹម សុខា អាច​ធ្វើ​នយោបាយ​ឡើងវិញ។

ពលរដ្ឋ​រស់នៅ​ខេត្ត​ព្រៃវែង​ម្នាក់​លោក ថន សុភាព យល់ថា នេះ​គ្រាន់តែ​ជា​ការ​បិទបាំង​ភាព​តានតឹង​នៃ​ស្ថានការណ៍​នយោបាយ​សព្វថ្ងៃ ខណៈ​លោក សម រង្ស៊ី កំពុង​ព្យាយាម​វិល​ចូល​ប្រទេស​កម្ពុជា​វិញ​។ លោក​បន្ត​ថា លោក កឹម សុខា ជា​អ្នកនយោបាយ ប៉ុន្តែ​ការ​តម្រូវ​មិន​ឱ្យ​លោក កឹម សុខា ធ្វើ​នយោបាយ​គឺ​ស្មើនឹង​យក​គុក​ឥត​ជញ្ជាំង​មក​ដាក់​ឃុំ​លោក កឹម សុខា ដដែល៖ «ដូច​តែ​នៅ​ក្នុង​គុក​ដដែល មិន​អាច​និយាយ​ពាក់ព័ន្ធ​នឹង​នយោបាយ​ហើយ​បើ​អ្នកនយោបាយ​មិន​អាច​និយាយ​នយោបាយ​បាន​ដូច​តែ​ជាប់គុក​អត់​ជញ្ជាំង​ដែរ»។

ពលរដ្ឋ​ម្នាក់ទៀត លោក ជិន សុខន យល់​ថា ការសម្រេច​របស់​តុលាការ​ពេលនេះ​គឺ​ធ្វើតាម​បញ្ជា​របស់​លោក ហ៊ុន សែន ដែល​មេដឹកនាំ​រូប​នេះ​ចង់​លួងលោម​សហភាព​អឺរ៉ុប​ថា ខ្លួន​បាន​ដោះលែង​លោក កឹម សុខា ដូចដែល​សហភាព​អឺរ៉ុប​កំពុង​ទាមទារ។ ពលរដ្ឋ​រូប​នេះ​លើកឡើង​ថា បើ​លោក ហ៊ុន សែន ចង់​ស្ដារ​ស្ថានការណ៍​ឡើងវិញ​មែន​នោះ លុះ​ត្រា​អនុញ្ញាត​ឱ្យ​លោក កឹម សុខា អាច​ធ្វើ​សកម្មភាព​នយោបាយ និង​អនុញ្ញាត​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​អាច​ដំណើរការ​ឡើងវិញ៖ «គឺ​គាត់​(​លោក ហ៊ុន សែន​លែង​ដើម្បី​បន្ធូរបន្ថយ​ឱ្យ​ឆាក​អន្តរជាតិ​ដឹង​ថា គាត់​បាន​ដោះលែង​លោក កឹម សុខា ហើយ​។ ប៉ុណ្ណឹង​អត់​ត្រឹមត្រូវ​សោះ​អត់​ទទួល​យក​បាន»។

ចំណែក​ពលរដ្ឋ​ម្នាក់ទៀត លោក ភួង ថា សង្កេត​ឃើញ​ថា ការ​លុប​បម្រាប​មួយ​ចំនួន​លើ​លោក កឹម សុខា ពេលនេះ​អាច​ជាប់​ពាក់ព័ន្ធ​នឹង​កត្តា​សំខាន់​ពីរ គឺ​របប​ក្រុងភ្នំពេញ​ចង់​បង្ហាញ​ទៅ​សហគមន៍​អន្តរជាតិ​ថា ខ្លួន​កំពុង​ធ្វើតាម​ចង់បាន​របស់​សហគមន៍​អន្តរជាតិ​ដែល​ជា​ការ​ស្តារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ។ លោក​បន្ត​ថា ចំណុច​មួយទៀត​គឺ​អាច​ជា​ល្បិច នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដើម្បី​ចង់​បំបែក​លោក កឹម សុខា ចេញពី​លោក សម រង្ស៊ី ព្រោះ​គណបក្ស​នេះ​ធ្លាប់​ធ្វើ​ឱ្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​បែកបាក់​បាន​ជោគជ័យ​នា​ពេល​កន្លង​ទៅ៖ «គឺជា​លេស​អ្នកដឹកនាំ​របស់​បក្ស​កាន់អំណាច​ដើម្បី​បំបែក​សំឡេង​លោក កឹម សុខា និង​លោក សម រង្ស៊ី ឱ្យ​គណបក្ស​នេះ​ចែក​ផ្លូវ​គ្នា​ដើរ​វិញ​ណា»។

ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី១០ ខែ​វិច្ឆិកា បានសម្រេច​កែប្រែ​លក្ខខណ្ឌ​នៃ​ការ​ដាក់​លោក កឹម សុខា ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ ដោយ​បង្រួម​លក្ខខណ្ឌ​ខ្លះៗ​មក​នៅ​ត្រឹម​៣ គឺ​មិន​ត្រូវ​ចេញ​ក្រៅ​ព្រំប្រទល់​ដែនដី​ប្រទេស​កម្ពុជា មិន​ត្រូវ​ធ្វើ​សកម្មភាព​នយោបាយ និង​ត្រូវ​ឆ្លើយតប​នឹង​ការ​កោះហៅ​ពី​គ្រប់​សមត្ថកិច្ច។

សេចក្តី​សម្រេច​នេះ ធ្វើឡើង​មួយថ្ងៃ ក្រោយ​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដែល​បាន​ធ្វើ​ដំណើរ​ទៅដល់​ប្រទេស​ម៉ាឡេស៊ី កាលពី​រសៀល​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា ក្នុង​ដំណើរ​មាតុភូមិនិវត្តន៍​ទៅ​កម្ពុជា ដែល​លោក​អះអាង​ថា ទៅ​ដើម្បី​ឱ្យ​មាន​ការ​ដោះលែង​លោក កឹម សុខា និង​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "ទស្សនៈ​ពលរដ្ឋ​ចំពោះ​ការ​បន្ធូរបន្ថយ​បម្រាម​លើ​លោក កឹម សុខា"

  1. Anonymous says:

    please do not believe that evil yet . please showing me your mojo then I can believe you

Leave a Reply

Submit Comment