ពលរដ្ឋ​ថា ស្ថានភាព​បុណ្យអុំទូក​ឆ្នាំ​នេះ ស្ងប់​ស្ងាត់​ខុស​ធម្មតា

ដោយ ខែ សុណង
2019-11-10
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ទិដ្ឋភាពពេលថ្ងៃម្ដុំសួនច្បារវិមានឯករាជ្យ នៃ​ព្រះរាជពិធី​បុណ្យអុំទូក ថ្ងៃ​ទី១ គឺ​ថ្ងៃ​ទី១០ វិច្ឆិកា ២០១៩។

ទិដ្ឋភាពពេលថ្ងៃម្ដុំសួនច្បារវិមានឯករាជ្យ នៃ​ព្រះរាជពិធី​បុណ្យអុំទូក ថ្ងៃ​ទី១ គឺ​ថ្ងៃ​ទី១០ វិច្ឆិកា ២០១៩។ Photo Provided


ពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ និង​មន្ត្រី​សង្គម​ស៊ីវិល ឱ្យ​ដឹង​ថា ការ​ប្រារព្ធ​ពិធី​បុណ្យអុំទូក​ឆ្នាំនេះ​មាន​ភាព​ស្ងប់ស្ងាត់​ខុសធម្មតា ពុំ​សូវ​មាន​មនុស្ស​ចូលរួម​ដូច​ឆ្នាំមុនៗ​នោះ​ទេ បើ​ទោះ​បី​ជា​លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញ​មោទនភាព​ថា ប្រទេស​កម្ពុជា មាន​សុខ​សន្តិភាព​ពេញលេញ​ក៏ដោយ​។ ពលរដ្ឋ​មួយ​ចំនួន​នៅតែ​បង្ហាញ​អារម្មណ៍​មិន​សប្បាយចិត្ត ទាក់ទិន​ការ​ពង្រាយ​កងកម្លាំងប្រដាប់អាវុធ​របស់​រដ្ឋាភិបាល ក្នុង​ពិធីបុណ្យ​អុំទូក អកអំបុក និង​សំពះ​ព្រះ​ខែ ដែល​ជា​មូលហេតុ​ធ្វើ​ឱ្យ​ពួកគេ​ខក​ខាន​មក​ចូលរួម។

ពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ កម្មករ​កម្មការិនី និង​ពលរដ្ឋ​រស់នៅ​តាម​បណ្ដា​ខេត្ត​នានា ចាត់​ទុក​ការ​ប្រារព្ធ​ពិធី​បុណ្យអុំទូក ឆ្នាំនេះ មិន​បង្ហាញ​បរិយាកាស​ល្អ ដើម្បី​ឱ្យ​ពួកគេ បាន​ចូលរួម​ដោយ​ចិត្ត​ជ្រះស្រឡះ​នោះ​ទេ ផ្ទុយទៅវិញ ពលរដ្ឋ​មួយ​ចំនួន​បែរជា ភ័យខ្លាច​បរិយាកាស​នយោបាយ ហើយ​នាំគ្នា​ទៅលេង​ស្រុកកំណើត និង​ដើរ​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា​ជំនួស​វិញ។

ពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ​ម្នាក់ ឈ្មោះ ស៊ុន បាន ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី១០ វិច្ឆិកា ថា ទិដ្ឋភាព​បុណ្យ​អុំទូក​ឆ្នាំនេះ មាន​ភាព​ស្ងប់ស្ងាត់ ខុសគ្នា​ដាច់​ស្រឡះ កាលពី​ឆ្នាំ​មុនៗ​។ លោក​ថា ការ​ពង្រាយ​កងកម្លាំង​កាន់​អាវុធ របស់​រដ្ឋាភិបាល​ច្រើន​ស្អេកស្កះ ក្នុង​ពិធីបុណ្យ​អុំទូក ការ​ជាប់​គាំង​នយោបាយ និង​ការប្រកាស​វិលត្រឡប់​របស់​លោក សម រង្ស៊ី គឺ​ហេតុផល​ចម្បង ធ្វើ​ឱ្យ​រូបលោក និង​ពលរដ្ឋ​មិន​សប្បាយចិត្ត និង​គ្មាន​អារម្មណ៍​ចូលរួម​ពិធី​បុណ្យជាតិ​ឆ្នាំនេះ​ទេ​៖ «វា​ឋិត​ក្នុង​ភាព​មិន​សប្បាយ​ដូច​សព្វមួយដង ដោយ​ពុំ​មានការ​ជួប​ជុំ​ពលរដ្ឋ ឬក៏​កម្មករ​កម្មការិនី​គាត់​ចង់​សប្បាយ​បុណ្យអុំទូក​ហ្នឹង វា​ស្ងាត់​។ ស្ងាត់​មែនទែន​ហ្មង បើ​សប្បាយ​កុះករ​ដូច​ឆ្នាំ​សព្វមួយដង​វា​អត់​មាន យើង​ឃើញ​ថា ពលរដ្ឋ​យើង​កាល​ណា បង្ហាញ​ពី​ទាហាន និង​កងរាជអាវុធហត្ថ គឺ​ពួកគាត់​តែងតែ​ខ្លាច»។

ស្រដៀង​គ្នា​នេះ ពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ ម្នាក់ទៀត លោក ឯម សុខសុវណ្ណ ឱ្យ​ដឹង​ថា លោក និង​មិត្តភ័ក្ដិ មិនបាន​ចូលរួម​ពិធីបុណ្យ​អុំទូក​ឆ្នាំនេះ​នោះ​ទេ ដោយសារ​ភ័យខ្លាច​អាជ្ញាធរ​បង្ហាញ​កងកម្លាំង​ប្រាប់​អាវុធ​ច្រើន​ស្អេកស្កះ​តាម​ផ្លូវ​។ លោក​យល់ថា ការ​ប្រារព្ធ​ពិធីបុណ្យ​ជាតិ គ្មាន​ការ​គាំទ្រ​ពី​ពលរដ្ឋ នឹង​ធ្វើ​ឱ្យ​កម្ពុជា​ខាតបង់​ថវិកា​ជាតិ​មួយ​កម្រិត​ទៀត​ដោយ​ទទេរៗ​។៖ «មូលហេតុ​ដែល​ខ្ញុំ​មិន​បាន​ចូលរួម​ពិធីបុណ្យ​អុំទូក ដោយសារ​ស្ថានភាព​នយោបាយ​ឡើង​កម្ដៅ​ខ្លាំង​ពេក ម្យ៉ាង​អត់​សូវ​មាន​អារម្មណ៍​សប្បាយចិត្ត​រឿង​ស្ថានភាព​នយោបាយ អ៊ីចឹង​។ ប៉ុន្តែ​ក្នុង​ការ​ដើរ​ទៅ​ណា ជួប​កងកម្លាំង​ក្នុង​អារម្មណ៍​មិន​សប្បាយចិត្ត»។

ទោះជា​បែបនេះ​ក្តី លោក ហ៊ុន សែន បាន​ថ្លែង​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់វខ្លួន នៅ​ថ្ងៃទី​១០ វិច្ឆិកា​ថា ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំ​២០១៩​នេះ មាន​ពលរដ្ឋ​ចូលរួម​ទស្សនាការ​ប្រណាំង​ទូកង​នៅ​មាត់ទន្លេ ច្រើន​កុះករ និង​បាន​ទិញ​ទំនិញ​តាម​ស្តង់​តាំង​ពិព័រណ៍ ក្នុង​រាជធានី​ភ្នំពេញ ព្រមទាំង​ទស្សនា​ការប្រគំ​តន្ត្រី​សិល្បៈ​បុរាណ និង​សម័យ​ផងដែរ​។ លោក ហ៊ុន សែន បន្ថែម​ថា ប្រទេសជាតិ​មាន​សុខ​សន្តិភាព​ពេញលេញ ទើប​អាច​ប្រារព្ធ​ពិធីបុណ្យ​ជាតិ​ធំៗ​ប្រចាំ​ឆ្នាំ​បែបនេះ​បាន។

អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន អះអាង​ថា អាជ្ញាធរ និង​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​បាន​យកចិត្តទុកដាក់​ខ្ពស់ ក្នុង​ការ​ថែរក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់ ដើម្បី​ឱ្យ​ពលរដ្ឋ និង​ភ្ញៀវ​ទេសចរ សប្បាយ​រីករាយ​នៅ​ក្នុង​ពិធីបុណ្យ​អុំទូក​។ លោក​បញ្ជាក់​ថា ការ​ពង្រាយ​កងកម្លាំង និង​សមត្ថកិច្ច ពុំ​មែន​ដើម្បី​គំរាមកំហែង​ពលរដ្ឋ​នោះ​ទេ៖ «ចំនួន​កីឡាករ មក​រាប់ពាន់​នាក់ និង​ទូកង​រាប់​រយ នេះ​ហើយ​ជា​សញ្ញា​បង្ហាញ​ថា វិធី​បុណ្យ​អក អំបុក​នៅតែ​ជា​ពិធី​ប្រពៃណី​ជាតិ​របស់​យើង​ដដែល​។ ក្នុង​ពេលនេះ​ម៉ោង​នេះ រដ្ឋាភិបាល​នៅតែ​រក្សា​សណ្ដាប់ធ្នាប់​ជូន​ដល់​មហាជន​របស់​យើង​។ នេះ​ជា​កាតព្វកិច្ច​របស់​រាជរដ្ឋាភិបាល»។

​ផ្ទុយ​ពី​ការ​លើកឡើង​នេះ ពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ​សង្កេតឃើញ​ថា ការ​ប្រណាំង​ទូកង​ឆ្នាំនេះ ពុំ​សូវ​មាន​មនុស្ស​ចូលរួម​ច្រើន​កុះករ​នោះ​ឡើយ​។ លើស​ពី​នេះ តាម​បណ្ដោយ​ច្រាំងទន្លេ មុខ​ព្រះបរមរាជវាំង ដែល​ធ្លាប់​ឃើញ​មាន​មនុស្ស​ច្រើន​ស្អេកស្កះ បែរជា​ស្ងាត់​ជ្រងំ។ ពលរដ្ឋ​បញ្ជាក់​ទៀត ថា រដ្ឋាភិបាល​បាន​ពង្រាយ​កងកម្លាំង​ចម្រុះ កាន់​អាវុធ​គ្រប់​ប្រភេទ និង​រថពាសដែក នៅ​តាម​ព្រំដែន​កម្ពុជា​-​ថៃ និង​នៅ​កណ្ដាល​រាជធានី​ភ្នំពេញ គឺជា​មូលហេតុ​សំខាន់ ធ្វើ​ឱ្យ​ពួកគាត់ ភ័យ​ព្រួយ​ពី​សុវត្ថិភាព។

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ និង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ សង្កេត​ឃើញ​ថា បុណ្យអុំទូក​ឆ្នាំនេះ មនុស្ស​ចូលរួម​ទស្សនា ការ​ប្រណាំង​ទូកង​មាន​ចំនួន​តិច​ជាង​ឆ្នាំមុនៗ​។ លោក​ថា បរិយាកាស​ក្នុង​រាជធានី​ភ្នំពេញ​មាន​ភាព​ស្ងប់ស្ងាត់ ព្រោះ​ពលរដ្ឋ​មួយ​ចំនួន បិទទ្វារ​ផ្ទះ ដើរ​កម្សាន្ត​ទៅ​ខេត្ត​នានា និង​ទៅលេង​ស្រុកកំណើត​ជាដើម​៖ «ឆ្នាំនេះ​ឃើញ​ថា ពង្រាយ​កម្លាំង​ប្រដាប់​អាវុធ​តាំងពី​ព្រំដែន រហូតដល់​កណ្ដាល​រាជធានី​ភ្នំពេញ មាន​តែ​ពី​អាវុធ​គ្រប់​ប្រភេទ អ៊ីចឹង​ហើយ​បាន​ធ្វើ​ឱ្យ​អារម្មណ៍​ពលរដ្ឋ ជាពិសេស កម្មករ​កម្ម​ការិនី ដែល​ធ្វើការ​នៅ​ភ្នំពេញ លោក​មិន​មាន​ក្តី​សប្បាយ​រីករាយ ក្នុង​ពិធីបុណ្យ​អុំទូក​ឆ្នាំនេះ ។ ធ្វើ​ឱ្យ​គាត់​ភិតភ័យ​។ សូម​ឱ្យ​រាជរដ្ឋាភិបាល​គិត​ឡើងវិញ មេត្តា​ចូល​តុ​ចរចា ដើម្បី​ធ្វើ​ឱ្យ​មាន​សន្តិភាព​គ្រប់គ្រាន់​ក្នុង​ការ​អភិវឌ្ឍ និង​កក់ក្ដៅ»។

កម្ពុជា​ធ្លាប់​ខកខាន​មិន​បាន​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ រយៈពេល ៣​ឆ្នាំ​ជាប់ៗ គ្នា កាលពី​ឆ្នាំ​២០១១ ឆ្នាំ​២០១២ និង​ឆ្នាំ​២០១៣ ក្រោយពី​មាន​ព្រឹត្តិការណ៍​រត់​ជាន់គ្នា​នៅ​កោះ​ពេជ្រ បណ្ដាល​ឱ្យ​មនុស្ស​ជាង ៣៥០​នាក់​ស្លាប់ ដោយសារ​ហេតុផល​គ្រោះ​ទឹកជំនន់ និង​ក្រោយ​ការ​សោយ​ទិវង្គត​របស់​ព្រះ​បរមរតនកោដ្ឋ ព្រះបាទ នរោត្តម សីហនុ។

ក្នុង​ឆ្នាំ​២០១៤ ពិធីបុណ្យ​បុណ្យអុំទូក​ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើងវិញ ក៏ប៉ុន្តែ​បាន​ខកខាន​ម្ដងទៀត​នៅ​ឆ្នាំ​២០១៥ ស្រប​ពេល​ដែល​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​បាន​ឡើង​កម្ដៅ ប៉ុន្តែ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​អះអាង​ថា ការ​ផ្អាក​ប្រារព្ធ​ពិធី​នោះ​គឺ​ដោយសារ​កម្ពស់​ទឹកទន្លេ​ទាប​ពេក​មិន​អាច​អុំទូក​បាន។ ប៉ុន្តែ​នៅ​ឆ្នាំ​២០១៩ នេះ លោក ហ៊ុន សែន អះអាង​ផ្ទុយទៅវិញ​ថា ទោះបីជា​កម្រិត​ទឹកទន្លេ​នៅសល់​ត្រឹម ១​ម៉ែត្រ ក៏​ត្រូវតែ​រៀបចំ​ព្រះរាជ​ពិធីបុណ្យ​នេះ​ដែរ ដោយសារ​លោក​ចង់​ឈ្នះ​ចិត្ត លោក សម រង្ស៊ី ដែល​បាន​ប្រកាស​វិល​ចូល​ស្រុក​វិញ​នៅ​អំឡុង​ពេលនេះ៖ «ខ្ញុំ​សូម​បញ្ជាក់​ថា កាល​មុន​ទឹកធំ​ពេក​ក៏​យើង​មិន​អុំ ទឹក​តូច ពេក​ក៏​យើង​មិន​អុំ ប៉ុន្តែ​ឆ្នាំនេះ បើទោះ​បី​ជា​ទឹក​នៅតែ​១​ម៉ែត្រ ក៏​ត្រូវ​តែ​អុំ​ដែរ ព្រោះ​ខ្ញុំ​ក៏​ចង់​ស្គាល់ រសជាតិ​របស់​ដែល​ហៅថា “​មក​ផ្តួល​រំលំ ហ៊ុន សែន​” នៅ​ថ្ងៃ​ទី​០៩ (​វិច្ឆិកា​)” ព្រោះ​យើង ថ្ងៃ​ទី​១០-១១-១២ យើង​អុំទូក បើ​យើង​មិន​អុំទូក វា​ថា យើង​ហ្នឹង​ចាញ់​។

​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែត​ប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ នៅ​ឆ្នាំនេះ មាន​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ដល់​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា អំឡុង​ពេល លោក សម រង្ស៊ី ប្រកាស វិល​ចូល​ប្រទេស​កំណើត​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

Leave a Reply

Submit Comment