លោក​ កឹម សុខា ​ត្រូវ​បាន​​ដោះលែង​​ពី​​ការ​ឃុំខ្លួន​​ក្នុង​ផ្ទះ ​តែ​​មិន​​អនុញ្ញាត​​ឱ្យ​ធ្វើ​​សកម្មភាព​​នយោបាយ​

ដោយ វណ្ណ សុគន្ធា
ចុះផ្សាយ​នៅថ្ងៃ​ទី 10-11-2019
RFI

media

 លោក កឹម សុខា (@Facebook Kem Sokha)


សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី១០ ខែវិច្ឆិកា​នេះ បានសម្រេច​កែប្រែ​កាតព្វកិច្ច​នៃ​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​ទៅលើ​លោក​ កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ។សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​អះអាងថា ការសម្រេច​កែប្រែ​កាតព្វកិច្ច​លើ​លោក ​កឹម សុខា​ នេះ គឺធ្វើឡើង​តាម​ការស្នើសុំ​របស់​សហ​មេធាវី​ការពារ​ក្តី​របស់លោក​ កឹម សុខា ដោយ​លើកឡើង​ពី​បញ្ហា​សុខភាព​របស់លោក​ដែល​ត្រូវ​ពិនិត្យ និង​ព្យាបាល​ជា​ចាំបាច់។

ម្យ៉ាងវិញទៀត ក៏​ដោយសារតែ​លោក​ កឹម សុខា បាន​គោរព​ត្រឹមត្រូវ​តាម​កាតព្វកិច្ច​នៃ​ការដាក់ឱ្យ​ស្ថិតក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ និង​មាន​កិច្ចសហការ​ល្អ​ក្នុង​ដំណើរការ​នីតិវិធី​របស់​តុលាការ។កាតព្វកិច្ច​នៃ​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​ថ្មី​ដែល​លោក​ កឹម សុខា ត្រូវអនុវត្ត​ចាប់ពីពេលនេះ មាន​បី​ចំណុច គឺ ទី១.មិនត្រូវ​ចេញ​ក្រៅ​ព្រំប្រទល់​ដែនដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទី២.មិនត្រូវ​ធ្វើ​សកម្មភាព​នយោបាយ និង ទី៣.ត្រូវ​ឆ្លើយតប​នឹង​ការកោះហៅ​ពី​គ្រប់​សមត្ថកិច្ច។

លោក​ គឹម សន្តិភាព អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​កម្ពុជា បាន​គូស​បញ្ជាក់ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ព្រឹក​នេះ​ថា ការសម្រេច​ជាថ្មី​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​នេះ គឺ​មានន័យថា លោក​ កឹម សុខា អាច​ដើរហើរ​ដោយ​សេរី​នៅក្នុង​ប្រទេស​កម្ពុជា លែង​លើក​តែ​ចេញទៅ​ក្រៅប្រទេស​ប៉ុណ្ណោះ។

បើទោះបី​លោក​កឹម សុខា ត្រូវបាន​ដោះលែង​ពី​ការឃុំខ្លួន​នៅក្នុង​ផ្ទះ​នៅពេលនេះ​ក៏ដោយ ប៉ុន្តែ​សហ​មេធាវី​ការពារ​ក្តី​របស់លោក​ហាក់​មិនទាន់​ពេញចិត្ត​នៅឡើយ​ទេ។ មិន​ពេញចិត្ត ព្រោះ​សហ​មេធាវី​បាន​ស្នើសុំ​លើកលែង​ការចោទប្រកាន់​លោក​ កឹម សុខា តែ​ចៅក្រម​បានត្រឹមតែ​កែប្រែ​ការអនុវត្ត​កាតព្វកិច្ច​មួយចំនួន​ប៉ុណ្ណោះ។ នេះ​បើតាម​ការគូសបញ្ជាក់រ​បស់​លោក​ផែង ហេង សហ​មេធាវី​ម្នាក់​របស់លោក​ក​ កឹម សុខា នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ។ លោក​មេធាវី​ ផែង ហេង បាន​គូស​បញ្ជាក់ទៀតថា សហ​មេធាវី​នឹង​នៅតែ​បន្ត​ទាមទារ​ឱ្យមាន​ការលើកលែង​ចោទ​ប្រកាន់​មកលើ​លោក ​កឹម សុខា ​ដដែល។

សូមបញ្ជាក់ថា លោក ​កឹម សុខា ត្រូវបាន​តុលាការ​ក្រុងភ្នំពេញ​បទ​ប្រកាន់​ពីបទ​សន្ធិ​ដ្ឋិ​ភាព​ដោយ​ឃុបឃិត​ជាមួយ​បរទេស​ផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់។ លោក​ត្រូវបាន​ចាប់ខ្លួន និង​បញ្ជូនទៅ​ឃុំខ្លួន​នៅក្នុង​ពន្ធនាគារ ត្រពាំង​ផ្លុ​ង ខេត្ត​ត្បូងឃ្មុំ​កាលពី​ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១។ ប៉ុន្តែ បន្ទាប់ពី​ឃុំខ្លួន​អស់​រយៈពេល​ជាង១ឆ្នាំ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​បានសម្រេច​ដោះលែង​លោក​ពី​ការឃុំខ្លួន​នៅ​ពន្ធនាគារ​មក​ឃុំខ្លួន​ក្នុងផ្ទះ​នៅ​រាជធានី​ភ្នំពេញ​វិញ​កាលពី​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨៕

What Next?

Recent Articles

One Response to "លោក​ កឹម សុខា ​ត្រូវ​បាន​​ដោះលែង​​ពី​​ការ​ឃុំខ្លួន​​ក្នុង​ផ្ទះ ​តែ​​មិន​​អនុញ្ញាត​​ឱ្យ​ធ្វើ​​សកម្មភាព​​នយោបាយ​"

  1. so socheath says:

    Send to facebook
    ហាស! ហាស
    បែកប្រដាប់ថ្មីយូរហេីយ។
    តែប៉ុណ្ណេះសេីមពងទៀតហេីយ អាខាអេីយ !
    តែអ្ហែងកុំភ្លេចកាតព្វកិច្ចដែលតុលាការឲ្យបំពេញ។
    តែប្រព្រឹត្តចាកគន្លងម្តងទៀត អ្ហែងច្បាស់ជាប់គុកអត់ថ្ងៃចេញវិញទេ ។

Leave a Reply

Submit Comment