សមត្ថកិច្ច​ចាប់ខ្លួន​អង្គរក្ស​លោក សម រង្ស៊ី ៥​នាក់​នៅ​ប៉ោយប៉ែត

ដោយ ហេង រស្មី
2019-11-10
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អង្គរក្ស​ ៤នាក់ ក្នុង​ចំណោម ៥​នាក់ របស់លោក សម រង្ស៊ី ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​នា​ក្រុង​ប៉ោយប៉ែត នៅ​ថ្ងៃ​ទី១០ ខែ​វិច្ឆិកា ឆ្នាំ​២០១៩។

អង្គរក្ស​ ៤នាក់ ក្នុង​ចំណោម ៥​នាក់ របស់លោក សម រង្ស៊ី ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​នា​ក្រុង​ប៉ោយប៉ែត នៅ​ថ្ងៃ​ទី១០ ខែ​វិច្ឆិកា ឆ្នាំ​២០១៩។ Photo courtesy


របប​ក្រុងភ្នំពេញ​ចាប់ខ្លួន​អង្គរក្ស​លោក សម រង្ស៊ី ចំនួន​៥​នាក់​នៅ​ប៉ោយប៉ែត​ខណៈ​ដែល​ពួកគេ​ត្រៀម​ចាំ​អម​ដំណើរ​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង​ចូល​ក្នុង​ប្រទេស។ មន្ត្រី​សិទ្ធិមនុស្ស​បាន​ហៅ​ការ​ចាប់ខ្លួន​នេះ​ថា ជា​ការ​គំរាមកំហែង​ដល់​អ្នកគាំទ្រ​មិន​ឱ្យ​ចូលរួម​អម​ដំណើរ​របស់​លោក សម រង្ស៊ី។

លោក អេង ឆៃអ៊ាង អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ ប្រាប់​អាស៊ីសេរី​ថា របប​ក្រុងភ្នំពេញ​នៅ​ថ្ងៃ​ទី​១០ វិច្ឆិកា​នេះ​បាន​ចាប់ខ្លួន​អង្គរក្ស​លោក សម រង្ស៊ី ចំនួន​៥​នាក់ ខណៈ​ដែល​កំពុង​ស្នាក់​នៅ​ក្នុង​ផ្ទះសំណាក់​នៅ​ជិត​ព្រំដែន​កម្ពុជា​-​ថៃ ក្នុង​ខេត្ត​បន្ទាយមានជ័យ។

លោក​បាន​ហៅ​ការ​ចាប់ខ្លួន​នេះ ជាការ​បំភិតបំភ័យ​ដល់​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ។ លោក​បញ្ជាក់​ថា វិធានការណ៍​របស់​របប​ក្រុងភ្នំពេញ​នេះ មិន​អាច​រាំង​ខ្ទប់​ការ​គាំទ្រ​របស់​ប្រជាពលរដ្ឋ​មិន​ឱ្យ​គាំទ្រ​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី នោះ​ទេ៖ «យើង​ឃើញ​ថា របប​លោក ហ៊ុន សែន​មួយរយៈ​ចុងក្រោយ​នេះ បាន​បង្ក្រាប​ទៅលើ​ជន​ស្លូតត្រង់​ដែល​ចង់​មាន​សេរីភាព​ត្រូវការ​លទ្ធិប្រជាធិបតេយ្យ ត្រូវ​ការ​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​រស់​ឡើងវិញ។ អ៊ីចឹង​វិធានការណ៍​របស់​គាត់​ជា​វិធានការណ៍​បង្ក្រាប​ដើម្បី​បំបាក់​ស្មារតី​ប្រជាពលរដ្ឋ​ហើយ ដែល​ផ្ទុយ​ពី​ទង្វើ​មួយទៀត ដូច​ថ្ងៃនេះ​លោក​ឃើញ​ហើយ លោក​ប្រធាន កឹម សុខា របប​លោក ហ៊ុន សែន ចោទ​ថា ក្បត់ជាតិ។ ឥឡូវ​បាន​បន្ធូរបន្ថយ​ឱ្យ​លោក កឹម សុខា មាន​សេរីភាព​ដើរ​ហើយ​ក្នុង​ប្រទេស​កម្ពុជា​បាន។ ប៉ុន្តែ​ផ្ទុយទៅវិញ​បែរជា​របប​លោក ហ៊ុន សែន មក​ចាប់​ជន​ស្លូតត្រង់​ដែល​អត់​មានទោស​កំហុស​អ្វី​សោះ។ នេះ​ឆ្លុះបញ្ចាំង​ឃើញ​ថា របប​លោក ហ៊ុន សែន​នេះ​គឺជា​របប​ដូចជា​សាហាវ​ព្រៃផ្សៃ​មិន​ខុស​ពី​របប​ខ្មែរក្រហម»។

អង្គរក្ស​ដែល​ត្រូវ​បាន​អាជ្ញាធរ​របប​ក្រុងភ្នំពេញ​ចាប់ខ្លួន​ទាំង​ប្រាំ​នាក់​ទៀត​រួមមាន​: លោក សឹម គីមលៀង លោក ឈួន សារ៉េត លោក សឹម វុទ្ធី លោក រស់ ប៊ុនថាន និង លោក បូ សុខឃាង ត្រូវ​ប៉ូលិស​ខេត្ត​បន្ទាយមានជ័យ​ចាប់​ខ្លួន នៅ​ផ្ទះសំណាក់​សេះ​មាស នៅ​ប៉ោយប៉ែត នៅ​វេលា​ម៉ោង​១១.៣៨​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី១០ ខែ​វិច្ឆិកា​នេះ។

នាយរង​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត បាន​ហៅ​ការ​ចាប់​ខ្លួន​នេះ​ថា ជា​ការ​គំរាមកំហែង​ដល់​អ្នកគាំទ្រ​មិន​ឱ្យ​ចូលរួម​អប​ដំណើរ​របស់​លោក សម រង្ស៊ី វិល​ចូល​មាតុប្រទេស​វិញ៖ «ការ​ចាប់​នេះ​មិន​ខុស​ពី​មុនៗ​ទេ ពី​ព្រោះ​យើង​ឃើញ​នៅ​ប៉ោយប៉ែត​នេះ​មានការ​រៀបចំ​បាន​ន័យ​ថា កម្លាំង​យ៉ាង​ច្រើន​លើសលប់​ហើយក៏​ចាំ​មើល​គ្រប់​សកម្មភាព​ទាំងអស់​។​អ៊ីចឹង​ការ​ចាប់ខ្លួន​នេះ​គឺជា​ការ​មួយ​ដើម្បី​បំបាក់​ដល់​អ្នក​ដែល​ចង់​ចូលរួម​ថ្ងៃ៩ ហ្នឹង​ដែល​គាំទ្រ​ទៅលើ​អតិ​ត​បក្ស​ប្រឆាំង​ហ្នឹង ហើយ​នេះ​ជា​ធម្មតា​ការ​ទប់ស្កាត់​របស់​គេ​ជា​ការ​ទប់​បំបាក់​នៃ​អ្នក​ដែល​គាំទ្រ​ហ្នឹងឯង»។

គិត​ត្រឹម​ថ្ងៃទី​១០ វិច្ឆិកា​នេះ សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​ចំនួន ៨៨​នាក់​ហើយ​ត្រូវ​បាន​របប​ក្រុងភ្នំពេញ​ចាប់ខ្លួន និង​ចំនួន​២០០​នាក់​ផ្សេងទៀត​បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​ពី​បទ​សង្ស័យ ថា បាន​ចូលរួម​អម​ដំណើរ​ជាមួយ​លោក សម រង្ស៊ី ចំនួន​១០៤​នាក់​បង្ខំ​ឱ្យ​ចូល​សារភាព ៥៨​នាក់​មាន​ដីកា​ចាប់ខ្លួន​ក្រោម​បទ​រួមគំនិត​ក្បត់ និង ១២​នាក់​រងគ្រោះ​ដោយសារ​ការវាយប្រហារ​ដោយ​អំពើ​ហិង្សា​ពី​របប​ក្រុងភ្នំពេញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "សមត្ថកិច្ច​ចាប់ខ្លួន​អង្គរក្ស​លោក សម រង្ស៊ី ៥​នាក់​នៅ​ប៉ោយប៉ែត"

  1. Anonymous says:

    yes one hand bagging not to stop GSP and grand his officers to go to US and also EBA from EU . but the other hand put more opposition people in jail that going to make every thing OK. as I learn to speak in your new language is>>CHAM YOU . sorry some time I’m seeing this fake leadership just like mantel person need to put away from public. GOD bless Cambodia

Leave a Reply

Submit Comment