សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​ស្នើ​សុំ​ឱ្យ​របប​ក្រុងភ្នំពេញ​ធានា​សេរីភាព​សារព័ត៌មាន

ដោយ អាស៊ីសេរី
2019-11-10
អាស៊ីសេរី

អ្នកសារព័ត៌មាន​វីអូឌី (VOD) លោក វណ្ណ វិចារ (ឆ្វេង) សម្ភាស​ពលរដ្ឋ​រស់នៅ​ប៉ោយប៉ែត កាល​ពី​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៩។

អ្នកសារព័ត៌មាន​វីអូឌី (VOD) លោក វណ្ណ វិចារ (ឆ្វេង) សម្ភាស​ពលរដ្ឋ​រស់នៅ​ប៉ោយប៉ែត កាល​ពី​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៩។ screenshot


សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​ហៅ​កាត់​ថា ខេមបូចា ចេញ​សេចក្ដី​ថ្លែងការណ៍​នៅ​ថ្ងៃ​ទី​១០ វិច្ឆិកា អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន និង​អាជ្ញាធរ​កម្ពុជា ធានា​សេរីភាព​ពេញលេញ​នៃ​ការ​រាយការណ៍​របស់​អ្នកសារព័ត៌មាន​ដែល​បម្រើការ​នៅ​ប្រទេស​កម្ពុជា។ ខេមបូចា​សោកស្ដាយ និង​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ចំពោះ​ការ​ឃាត់ខ្លួន​អ្នកសារព័ត៌មាន​ពីរ​រូប​អំឡុង​ពេល​ពួកគេ​ចុះទៅ​រាយការណ៍​ព័ត៌មាន​អំពី​សភាពការណ៍​នៅ​ច្រក​ព្រំដែន​ប៉ោយប៉ែត ទី​ដែល​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ថា ជា​ច្រក​សម្រាប់​វិល​ចូល​កម្ពុជា​វិញ។

កាល​ពី​រសៀល​ថ្ងៃ​ទី​៩ វិច្ឆិកា កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ បាន​ឃាត់ខ្លួន​អ្នកសារព័ត៌មាន​វី.អូ.ឌី ពីរ​នាក់​គឺ លោក វណ្ណ វិចារ និង​លោក ជន ចាន់រ៉ែន ទៅ​សាកសួរ​អស់​រយ​:​ពេល​ជាង ៣​ម៉ោង នៅ​ទី​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ខណៈ​ពួកគេ​កំពុង​យក​ព័ត៌មាន​នៅ​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ទាក់ទង​នឹង​ការ​វិល​ត្រឡប់​មក​កម្ពុ​ជា​វិញ​របស់​លោក សម រង្ស៊ី ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ។

អ្នកសារព័ត៌មាន​វី​.​អូ​.​ឌី គឺ លោក វណ្ណ វិចារ និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា លោក និង​សហការី ម្នាក់ទៀត ត្រូវ​បាន​ឃាត់ខ្លួន​ចាប់ពី​ម៉ោង ៣​រសៀល ដល់​ម៉ោង ៦​កន្លះ​ល្ងាច ខណៈ​លោក​ទាំងពីរ​នាក់​កំពុង​ព្យាយាម​ថតរូប និង​ថត​វីដេអូ​អំពី​សកម្មភាព​តវ៉ា​របស់​អាជីវក​រដឹក​ត្រី ដែល​បាន​ទាមទារ​ឱ្យ​អាជ្ញាធរ​បើក​ច្រក​ព្រំដែន ដើម្បី​បាន​យក​ត្រី​ទៅ​លក់​ក្នុង​ទឹកដី​ថៃ។

លោក វណ្ណ វិចារ បន្ត​ថា នៅ​ពេល​សមត្ថកិច្ច​ឃាត់ខ្លួន​យក​ទៅ​សួរនាំ លោក​មាន​ការ​ព្រួយបារម្ភ​ខ្លាំង ដោយសារតែ​អាជ្ញាធរ​មិន​អនុញ្ញាត​ឱ្យ​លោក​ទាក់ទង​ទៅ​ថ្នាក់ដឹកនាំ​ស្ថាប័ន និង​គ្រួសារ​ឡើយ​។ ចំណែក​សម្ភារៈ​បំពេញការងារ ម៉ាស៊ីនថតរូប ទូរស័ព្ទ​ដៃ និង​កុំព្យូទ័រ លោក​ថា សុទ្ធតែ​ត្រូវ​បាន​សមត្ថកិច្ច​ត្រួតពិនិត្យ សូម្បីតែ​សារ​ឆ្លើយឆ្លង​ឯកជន​របស់​លោក​តាម​ទូរស័ព្ទ សារ​ឆ្លើយឆ្លង​ជាច្រើន តាម​បណ្ដាញ​សង្គម ហ្វេសប៊ុក តេឡេក្រាម អត្ថបទ​ព័ត៌មាន​ចាស់ៗ ដែល​មិន​ពាក់ព័ន្ធ​នឹង​រឿង​កើតឡើង​ក្នុង​អំឡុង​ពេល​នោះ​ក៏ដោយ ក៏​សុទ្ធតែ​ត្រូវ​សមត្ថកិច្ច​ស្ដាប់ និង​អាន ដោយ​សមត្ថកិច្ច​បញ្ជាក់​ថា ដើម្បី​ស្វែងរក​ភស្តុតាង​។ អ្នកសារព័ត៌មាន​រូប​នេះ​យល់​ថា ទង្វើ​របស់​មន្ត្រី​កងរាជអាវុធហត្ថ​គឺ​ប៉ះពាល់​ធ្ងន់ធ្ងរ ដល់​សិទ្ធិ​ឯកជន​របស់​លោក និង​មិត្ត​រួមការ​ងារ។ មន្ត្រី​កងរាជអាវុធហត្ថ បាន​ឱ្យ​អ្នក​ទាំងពីរ​ធ្វើ​កិច្ចសន្យា​មួយ មុននឹង​ដោះលែង​វិញ។ មន្ត្រី​កងរាជអាវុធហត្ថ​បាន​បញ្ជាក់​ថា ការ​ឃាត់ខ្លួន​នេះ ជា​ការ​ពង្រឹង​សន្តិសុខ ស្រប​ពេល​ស្ថានការណ៍​នយោបាយ​តឹងតែង​។​

ទោះជា​យ៉ាងណា នាយក​ប្រតិបត្តិ​នៃ​ខេមបូចា លោក ម៉ៃ ទិត្យថារ៉ា មាន​ប្រសាសន៍​ថា ការ​ហៅ​អ្នកសារព័ត៌មាន​ទាំងពីរ​នាក់​ទៅ​សាកសួរ ធ្វើ​ឱ្យ​អ្នកសារព័ត៌មាន​មាន​ភាព​ភ័យខ្លាច ព្រោះ​ពួកគេ​មិនបាន​ធ្វើ​អ្វី​ខុស​នោះ​ទេ ហើយ​ពួកគេ​ថែមទាំង​ពាក់អាវ​ដែល​មាន​សញ្ញា​ជា​អ្នកសារព័ត៌មាន​ថែមទៀត​។ លោក​ថា ការហៅ​ទៅ​សាកសួរ​នេះ​បង្ហាញ​ថា អាជ្ញាធរ​កំពុង​រឹតត្បិត​សេរីភាព​របស់​អ្នកសារព័ត៌មាន​កម្ពុជា​។ លោក​បន្ត​ថា ប្រជាជន​កម្ពុជា​កំពុង​ចង់​ដឹង​អំពី​ការ​វិវត្ត​ព្រឹត្តិការណ៍​នយោបាយ​នៅ​កម្ពុជា ហើយ​ការ​រាយការណ៍​ព្រឹត្តិការណ៍​នយោបាយ​នៅ​ព្រំដែន​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ពិតជា​មាន​សារសំខាន់​ណាស់​សម្រាប់​សាធារណជន។

ខេមបូចា ស្នើ​ឱ្យ​រដ្ឋាភិបាល និង​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ ធានា​ថា អ្នកសារព័ត៌មាន​នៅ​ទូទាំង​ប្រទេស មាន​សេរីភាព​ពេញលេញ​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ជូន​ប្រជាពលរដ្ឋ ដោយ​ពុំ​មាន​ភាព​ភ័យខ្លាច ការ​គាបសង្កត់ និង​ការចោទប្រកាន់​នានា ដូច​ត្រូវ​បាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​កម្ពុជា ត្រង់​មាត្រា​៤១ ដែល​ចែងថា ប្រជាពលរដ្ឋ​ខ្មែរ​មាន​សេរីភាព​ខាង​ការ​បញ្ចេញមតិ​របស់​ខ្លួន សេរីភាព​ខាង​សារព័ត៌មាន សេរីភាព​ខាង​ការ​បោះពុម្ព​ផ្សាយ សេរីភាព​ខាង​ការប្រជុំ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

Leave a Reply

Submit Comment