លោក កឹម សុខា សោក​ស្តាយ​ដែល​តុលាការ​ហាម​ឃាត់​លោក​មិន​ឲ្យ​ធ្វើ​នយោបាយ

ដោយ មួង ណារ៉េត
2019-11-11
RFA

ពី​ឆ្វេង៖ អ្នកស្រី អេវ៉ា ង្វៀន ប៊ិញ (Eva Nguyen Binh) ឯកអគ្គ​រដ្ឋទូត​ប្រទេស​បារាំង​ប្រចាំ​កម្ពុជា លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក ប៉ាទ្រីក ម័រហ្វី ឯក​អគ្គ​រដ្ឋ​ទូត​អាមេរិក​ថ្មី​ប្រចាំ​កម្ពុជា។

ពី​ឆ្វេង៖ អ្នកស្រី អេវ៉ា ង្វៀន ប៊ិញ (Eva Nguyen Binh) ឯកអគ្គ​រដ្ឋទូត​ប្រទេស​បារាំង​ប្រចាំ​កម្ពុជា លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក ប៉ាទ្រីក ម័រហ្វី ឯក​អគ្គ​រដ្ឋ​ទូត​អាមេរិក​ថ្មី​ប្រចាំ​កម្ពុជា។

 រូប៖ RFA និង​ហ្វេសប៊ុក U.S. Embassy Phnom Penh, Cambodia


លោក​ កឹម សុខា ​សោកស្ដាយ​ដែល​តុលាការ​ហាមឃាត់​លោក​មិន​ឲ្យ​ធ្វើ​នយោបាយ


ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា សោក​ស្តាយ​ដែល​តុលាការ​របប​ក្រុង​ភ្នំពេញ ហាម​លោក​មិន​ឲ្យ​ធ្វើ​នយោបាយ និង​និយាយ​រឿង​នយោបាយ។ ការ​ថ្លែង​បែប​នេះ បន្ទាប់​ពី​ឯក​អគ្គ​រដ្ឋ​ទូត​​សហរដ្ឋ​អាមេរិក និង​បារាំង បាន​ចូល​ជួប​សួរ​សុខ​ទុក្ខ​ដល់​ផ្ទះ​របស់​លោក​ជា​លើក ដំបូង​នៅ​ថ្ងៃ​ទី១១ ខែ​វិច្ឆិកា បន្ទាប់​ពី​របប​ក្រុង​ភ្នំពេញ​បាន​ចាប់​ឃុំ​ខ្លួន​លោក​​ក្នុង​ពន្ធនាគារ និង​ក្នុង​ផ្ទះ​អស់​រយៈ​ពេល​ជាង ២ឆ្នាំ។ ឯក​អគ្គ​រដ្ឋ​ទូត​ប្រទេស​ធំៗ ទាំង​ពីរ​សង្ឃឹម​ថា លោក កឹម សុខា នឹង​ទទួល​បាន​សិទ្ធិ​សេរីភាព​ធ្វើ​នយោបាយ​ពេញលេញ​ឡើង​វិញ​ឆាប់ៗ ខាង​មុខ​នេះ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​ថ្លែង​ជា​លើក​ដំបូង​យ៉ាង​ខ្លី​ថា លោក​សុំ​ការ​យោគ​យល់​ពី​អ្នក​សារ​ព័ត៌មាន​ដែល​លោក​មិន​អាច​និយាយ និង​ឆ្លើយឆ្លង​រាល់​សំណួរ​នានា បាន។ លោក​បញ្ជាក់​ថា ជា​ទម្លាប់​របស់​លោក គឺ​លោក​ចូលចិត្ត​អ្នកសារព័ត៌មាន​ និង​ចូលចិត្ត​ជួប​ប្រជា ពលរដ្ឋ ប៉ុន្តែ​ជា​អកុសល​តុលាការ​បាន​បិទ​សិទ្ធិ​ធ្វើ​នយោបាយ និង​ហាម​ឃាត់​មិន​ឲ្យ​លោក​និយាយ​ពាក់ព័ន្ធ​នឹង​បញ្ហា​នយោបាយ៖ «ប៉ុន្តែ​ជា​អកុសល និង​គួរ​ឱ្យ​សោក​ស្តាយ ដោយសារ​គេ​ហាម​ខ្ញុំ មិន​ឱ្យ​ធ្វើ​នយោបាយ និង​មិន​និយាយ​ពី​រឿង​នយោបាយ ហើយ​ខ្ញុំមិន​ដឹង​ភាសា​អ្វី ដែល​ខ្ញុំ​មិន​ដឹង​ថា ភាសា​នយោបាយ​ទេ ខ្ញុំ​អត់​ទាន់​ទេ​ណា។ ចំពោះ​អ្វី កាល​ណា​អ្វី​ដែល​យើង​និយាយ វា​អាច…គេ​កំណត់​ប៉ុណ្ណា ខ្ញុំ​ក៏​អត់​ទាន់​ច្បាស់។ ខ្ញុំ​សូម​អធ្យាស្រ័យ សូម​អ្នក​សារព័ត៌មាន​ទាំង​អស់ ដែល​ខ្ញុំ​មិន​អាច​ឆ្លើយ​ឆ្លង​គ្នា​បាន ដោយ​មាន​ការ​ហាម​ឃាត់»

លោក កឹម សុខា អះអាង​បែប​នេះ បន្ទាប់​ពី​លោក​បាន​​ទទួល​ជួប​ឯកអគ្គ​រដ្ឋទូត​អាមេរិក​ថ្មី​ប្រចាំ​កម្ពុជា លោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) នៅ​ផ្ទះ​របស់​លោក ស្ថិតនៅ​ខណ្ឌ​ទួល​គោក ក្រុង​ភ្នំពេញ​ នៅ​រសៀល​ថ្ងៃ​ទី១១ ខែ​វិច្ឆិកា ដែល​មាន​អ្នក​សារព័ត៌មាន​ជា​ច្រើន​តាម​ដាន​ជំនួប​នេះ។ លោក ប៉ាទ្រីក ម័រហ្វី ដែល​ឈរ​ទន្ទឹមលោក កឹម សុខា ថ្លែងថា សហរដ្ឋ​អាមេរិក នៅ​តែ​ស្នើ​យ៉ាង​ទទូច​ដល់​​រដ្ឋាភិ បាល​កម្ពុជា​ឱ្យ​ទម្លាក់​ចោល​បទចោទប្រកាន់​លើ​លោក កឹម សុខា និង​ផ្ដល់​សិទ្ធិ​នយោបាយ និង​សេរីភាព​ពេញលេញ​ដល់​មេ​បក្ស​ប្រឆាំង​រូប​នេះ ឱ្យ​ស្រប​តាម​រដ្ឋធម្មនុញ្ញ​កម្ពុជា។ ឯកអគ្គរដ្ឋទូត ប្រទេស​មហា​អំណាច​រូប​នេះ ក៏​អំពាវនាវ​ឱ្យ​ដោះ​លែង​ជន​​ទាំង​ឡាយ​​ណា​ ដែល​​ត្រូវ​​បាន​​ឃុំ​ខ្លួន​​តាម​​ទំនើង​ចិត្ត ឬ​​ដោយ​​ខុស​ច្បាប់ ក្នុង​​នោះ​​រួម​មានអ្នក​សារព័ត៌មាន សកម្មជន​​សង្គម​ស៊ីវិល ព្រម​ទាំង​​អ្នក​គាំទ្រ និង​​សមាជិក​​គណបក្ស​​ប្រឆាំង​ផង​ដែរ៖ «ពិត​ជា​អស្ចារ្យ​ណាស់ ដែល​បាន​ជួប​លោក កឹម សុខា ម្ដង​ទៀត។ យើង​បាន​ជួប​គ្នា កាល​ពីប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ។ ខ្ញុំ​ឃើញ​គាត់​ជា​មនុស្ស​ស្ងប់ស្ងៀម ចិត្តល្អ និង​ប្រកប​ដោយ​បទ​ពិសោធន៍ មុះមុត ហើយ​ខ្ញុំ​សោក​ស្ដាយ ដែល​សេរីភាព​របស់​លោក​ត្រូវ​បាន​ដក​ហូត​ក្នុង រយៈ​ពេល ២ឆ្នាំ​កន្លង​ទៅ​នេះ។ ការ​បន្ធូរបន្ថយ​លក្ខខណ្ឌ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​ករណី​លោក កឹម សុខា គឺ​ជា​ជំហ៊ាន​មួយ​បោះ​ឆ្ពោះ​ទៅ​មុខ ដែល​យើង​ទទួល​ស្គាល់។ តែ​យ៉ាង​ម៉េច​ក៏​ដោយ យើង​ចង់​ឃើញ​អ្វីៗ ច្រើន​ជាង​នេះ។ យោបល់​របស់​យើង​ក្នុង​នាម​ជា​មិត្ត​របស់​ព្រះរាជាណាចក្រ​កម្ពុជា គឺ​កម្ពុជា ត្រូវ​រក​វិធី​ផ្ដល់​សេរីភាព​ដល់​លោក កឹម សុខា ឱ្យ​បានពេញលេញឡើងវិញ ហើយ​ទម្លាក់​ចោល​រាល់​បទ​ចោទ​ប្រឆាំង​លោក។ ចំណុច​ដូច​គ្នា​នេះ ចំពោះ​មនុស្ស​ជា​ច្រើន​នាក់​ផ្សេង​ទៀត ដែល​សិទ្ធិ​សេរីភាព​របស់​ពួក​គេ ត្រូវ​បាន​ដក​ហូត។ យើង​ទទូច​ឱ្យ​អាជ្ញាធរ​ដោះ​លែង​ពួក​គេ និង​អាច​ចូលរួម​បញ្ចេញ​សំឡេង ទាំង​ក្នុង និង​ក្រៅ​ប្រទេស។ អ្នក​ទាំង​នោះ​ខ្លះ​ជា​អ្នក​នយោបាយ ខ្លះ​ជា​សមាជិក​អង្គការ​សង្គម​ស៊ីវិល និង​ខ្លះ​ទៀត​ជា​អ្នក​កាសែត ដូច​ជា អ្នក​រាយកាណ៍​ព័ត៌មាន​អាស៊ី​សេរី ២នាក់ យើង​ចង់​ឃើញ​ពួក​គេ​មាន​សេរីភាព​ឡើង​វិញ ហើយ​រួច​ផុត​ពី​បទ​ចោទ​នានា ដើម្បី​ឱ្យ​គេ​អាច​ចូលរួម​កិច្ចការ​សង្គម​បាន។ យើងជឿថា នេះពិតជាមាន ប្រយោជន៍​ចំពោះ​កម្ពុជា​ទាំង​វិស័យ​អភិបាលកិច្ច ទាំង​សេដ្ឋកិច្ច ដែល​មតិ​យោបល់​របស់​ពួក​គេ ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​ស្ដាប់ និង​ចូលរួម ដើម្បី​ធ្វើ​ឱ្យ​លទ្ធិ​ប្រជាធិបតេយ្យ​រឹងមាំ​ឡើង។ យើង​ក៏​ចង់​ឃើញ​ការ​សន្ទនា​គ្នា​ដោយ​ពេញលេញ​ឈាន​ទៅ​រក​ការ​ផ្សះផ្សារ​គ្នា។ ជា​ថ្មី​ម្ដង​ទៀត កម្ពុជា អាច​នៅ​លើ​ផ្លូវ​ប្រជាធិបតេយ្យ សេរី ពហុបក្ស។ នេះ​ជា​ចំណុច​ល្អ​សម្រាប់​កម្ពុជា និង​សម្រាប់​កម្ពុជា និង​ប្រទេស​ជិត​ខាង ព្រមទាំង​សហរដ្ឋ​អាមេរិក»

នៅមុនជំនួបជាមួយឯកអគ្គរដ្ឋអាមេរិកនេះ លោក កឹម សុខា ក៏​បាន​ទទួល​ជួប​ឯកអគ្គ​រដ្ឋទូត​ប្រទេស​បារាំង​ប្រចាំ​កម្ពុជា អ្នកស្រី អេ​វ៉ា ង្វៀន ប៊ិញ (Eva Nguyen BINH) ដែរ។ អ្នកស្រី អេវ៉ា ង្វៀន ប៊ិញ មិន​បាន​ឆ្លើយ​តប​អ្វី​ជាមួយ​អ្នក​សារព័ត៌មាន​ទេ ប៉ុន្តែ​អ្នកស្រី បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេស ប៊ុក​របស់​ស្ថានទូត​បារាំង​ថា ការ​បន្ធូរ​បន្ថយ​លក្ខខណ្ឌ​ខ្លះៗ លើ​លោក កឹម សុខា គឺ​ជា​កាយវិការ​វិជ្ជមាន​មួយ។ ប្រទេស​បារាំង សង្ឃឹម​ថា លោក កឹម សុខា នឹង​ទទួល​បាន​នីតិសម្បទា​ឡើង​វិញ​ក្នុង​ពេល​ឆាប់ៗ ខាង​មុខ។

តុលាការ​ក្រុង​ភ្នំពេញ​កាលពី​ថ្ងៃ​ទី១០ វិច្ឆិកា បាន​សម្រេច​កែប្រែ​លក្ខខណ្ឌ​នៃ​កាតព្វកិច្ច​មួយ​ចំនួន​សម្រាប់​លោក កឹម សុខា។ តុលាការ​បាន​អនុញ្ញាត​ឱ្យ​លោក កឹម សុខា អាច​ធ្វើ​ដំណើរ​បាន​នៅ​ក្នុង​​ប្រទេស ប៉ុន្តែ​មិន​ឱ្យ​ហួស​ពី​ព្រំប្រទល់​ដែន​របស់​កម្ពុជា​បាន​ឡើយ ហើយ​ក៏​មិន​លោក​ធ្វើ​សកម្មភាព​នយោបាយ​បាន​នោះ​ដែរ។ ក្រៅ​ពី​នេះ តុលាការ​បាន​តម្រូវ​ឱ្យ​លោក​ឆ្លើយ​តប​នឹង​ការ​កោះ​ហៅ​ពី​គ្រប់​សមត្ថកិច្ច។

អ្នកជំនាញខាង​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណារ៉ា មាន​ប្រសាសន៍​ថា កាយវិការ​របស់​ទូត​បារាំង និង​អាមេរិក បង្ហាញ​ថា មហា​អំណាច​ទាំង​ពីរ​នៅ​តែ​ទទួល​ស្គាល់ និង​គាំទ្រ​លោក កឹម សុខា ជា​មេ​ដឹក​នាំ​បក្ស​ប្រឆាំង។ លោក​ថា​ជំនួប​នេះ ក៏​ធ្វើ​ឲ្យ​បក្ស​ប្រឆាំង មាន​ភាព​កក់​ក្តៅ​ជាង​ពេល​មុនៗ ដែរ៖ «ទូត​បារាំង ជាទូត​មួយ​ខ្លាំង​នៅ​អឺរ៉ុប និង​ជា​ប្រធាន​ប្តូរ​វេន​របស់​អឺរ៉ុប​ទៀត ហើយ​អាមេរិក ក៏​ជា​ទូត​មួយ​ខ្លាំង​ដែរ ដែល​បាន​ផ្តល់​នូវ​អត្រា​អនុគ្រោះ​ពន្ធ​មក​ឲ្យ​កម្ពុជា​គឺ GSP ហើយ​អឺរ៉ុប គឺ EBA អញ្ចឹងទេ គឺ​ជា​ការ​ដាស់​តឿន ព្រោះ​ក្នុង​រយៈ​ពេល​ពី​ថ្ងៃ​ទី១១ នេះ​ដល់​ថ្ងៃ​ទី១២ ខែ១២ គឺ​ជា​ពេល​វេលា ដែល​រដ្ឋាភិបាល​ឆ្លើយ​តប​ទៅ​នឹង​ក្តៅ​កង្វល់​ពាក់ព័ន្ធ​នឹង​បរិយាកាស​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ បើ​ឆ្លើយ​តប​យឺត​នេះ គឺនឹងដល់នីតិវិធីដែលហៅថា ដំណើរ​ការ​រៀបចំ​ការ​ដក​សេចក្តី​ទុក​ចិត្ត​ទៅ​លើ​ការ​ផ្តល់​ការ​អនុគ្រោះ​ពន្ធ ឬ​ការ​ព្យួរ ឬ​ការ​ផ្តាច់។ ដូច្នេះ អ្វី​ដែល​គេ​និយាយ​នេះ គឺ​គេ​មាន​នីតិវិធី និង​យន្តការ​របស់​គេ ដែល​មាន​ខ្លឹមសារ​ថា លោក កឹម សុខា អាច​ត្រូវ​តែ​មាន​សេរីភាព​ពេញលេញ​ឆាប់ៗ នេះ»

អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ថ្លែងថា ការ​ចាប់​ឃុំ​ខ្លួន និង​ការ​ចោទ​ប្រកាន់ កន្លង​មក​មិន​មែន​ធ្វើ​ឡើង​តាម​ទំនើង​ចិត្ត​នោះ​ទេ ប៉ុន្តែ​គឺ​ជា​អនុវត្ត​ច្បាប់​ដែល​មាន​មូលដ្ឋាន​ត្រឹម​ត្រូវ។ លោក បញ្ជាក់​ថា ការ​ទាមទារ​ឲ្យ​ដោះ​លែង និង​ការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​អ្នក​ទាំង​ឡាយ ដែល​ត្រូវ​បាន​ចាប់ និង​ចោទ​ប្រកាន់​កន្លង​មក គឺ​មិន​អាច​ទៅ​រួច​នោះ​ទេ៖ «ការ​ខក​ចិត្ត​របស់​គាត់​ជា​រឿង​ធម្មតា​ទេ ព្រោះ​គាត់​ចង់​ឲ្យ​ទម្លាក់​បទ​ចោទ ប៉ុន្តែ​ទិដ្ឋភាព​ច្បាប់ និង​រឿង​តុលាការ ជា​រឿង​មួយ​ផ្សេង​ទៀត ព្រោះ​លក្ខខណ្ឌ គាត់​គឺ ជា​ជន​ជាប់​ចោទ និង​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ ដូច្នេះ​គាត់​មិន​អាច​មាន​សិទ្ធិ​ពេញលេញ​ដូច​អ្នក​នយោបាយ​ទូទៅ​ធម្មតា​បាន​ទេ»

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវ​សមត្ថកិច្ច​សម្រុក​ចូល​ចាប់​ខ្លួន​ទាំង​កណ្ដាល​អាធ្រាត្រ​ថ្ងៃ​ទី២ ឈាន​ចូល​ថ្ងៃ​ទី៣ ខែ​កញ្ញា ឆ្នាំ២០១៧ ក្នុង​ពេល​ដែល​លោក​កំពុង​មាន​អភ័យ​ឯក​សិទ្ធិ​សភា។ តុលាការ​ដែល​ស្ថិត​ក្រោម​ឥទ្ធិពល​បក្ស​កាន់​អំណាច បាន​ចោទ​ប្រកាន់​មេ​បក្ស​ប្រឆាំង​ដ៏​មាន​ថ្វីមាត់​រូប​នេះ​ពី​បទ “​សន្ទិដ្ឋិភាព​” ឬ​ការ​ត្រូវរ៉ូវ​គ្នា​ជាមួយ​បរទេស ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល។ ខណៈ​តុលាការ​មិន​ទាន់​បាន​បង្ហាញ​ពី​ពិរុទ្ធភាព​របស់​លោក កឹម សុខា ផង ស្រាប់​តែ​ក្រុម​មេដឹកនាំ​របប​ក្រុង​ភ្នំពេញ និង​ប្រព័ន្ធ​ឃោសនា​ស្មោះស្ម័គ្រ​នឹង​លោក ហ៊ុន សែន បាន​ស្រែក​បន្ទរ​តាម​គ្នា​ថា មេ​បក្ស​ប្រឆាំង​រូប​នេះ​ក្បត់​ជាតិ។

អ្នក​វិភាគ​នយោបាយ​ដែល​របប​ក្រុង​ភ្នំពេញ​តាម​ចាប់​ខ្លួន លោក គឹម សុខា មើល​ឃើញ​ថា ការ​វិវឌ្ឍន៍​ចុង​ក្រោយ​នេះ គឺ​ជា​សញ្ញាណ​ល្អ​មួយ​សម្រាប់​ឈាន​ទៅ​រក​ដំណោះ​ស្រាយ​នយោបាយ។ លោក​បន្ត​ថា ជំនួប​រវាង​លោក កឹម សុខា និង​មន្ត្រី​ស្ថានទូត​ប្រទេស​មហា​អំណាច​ធំៗ នេះ គឺ​បង្ហាញ​ថា សហគមន៍​អន្តរជាតិ នៅ​តែ​ទទួល​ស្គាល់​គណបក្ស​សង្គ្រោះជាតិ និង​មិន​ដក​ដៃ​ក្នុង​ការ​សង្កត់ ក្រុម​លោក ហ៊ុន សែន នោះ​ទេ ប្រសិន​បើ​មិន​វិល​ទៅ​កាន់​ប្រជាធិបតេយ្យ និង​មិន​ផ្តល់​សិទ្ធិ​សេរីភាព ជា​បន្ត​បន្ទាប់​ជូន​មេ​បក្ស​ប្រឆាំង​ដូច​អនុសាសន៍​របស់​ពួក​គេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

2 Responses to "លោក កឹម សុខា សោក​ស្តាយ​ដែល​តុលាការ​ហាម​ឃាត់​លោក​មិន​ឲ្យ​ធ្វើ​នយោបាយ"

  1. Anonymous says:

    I just wanted to know if some one read my comment last two weeks . I said EBA from EU and GSP from the US also put restriction to HUN families and his officers two day after SAM RANSY due date of entering Cambodia. the reason why every thing set up just like that YES >>HUN SEN and all AH ..CHESS in Cambodia should think why??????????????? that right I used to say >>know you better appreciated some one else who is also know<< you are using your bad trick but some one else may know how to using a better bad trick to you. you think you are a smart ass in Cambodia but some one else think they may the smarter ass in the world. do not forget about that all AH…CHESS. GOD bless Cambodia

  2. so socheath says:

    ឯ/ឧ គឹម សន្តិភាពថា កឹម សុខា ត្រូវបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវកាតព្វកិច្ច ដែលកំណត់ដោយចៅក្រមស៉ើបសួរ បើពុំនោះទេចៅក្រមស៉ើបសួរ អាចសម្រេចឃុំខ្លួនវិញបាន
    (ភ្នំពេញ)៖ ឯ/ឧ គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងថា អ្វីដែល កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិត្រូវធ្វើ គឺបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវកាតព្វកិច្ចរបស់ខ្លួន ដែលកំណត់ដោយចៅក្រមស៉ើបសួរ បើពុំនោះទេចៅក្រមស៉ើបសួរ អាចសម្រេចឃុំខ្លួនបានឡើវិញបាន ដោយយោងតាមមាត្រា២៣០ នៃក្រមនីតិវិធីព្រហ្មទណ្ឌកម្ពុជា។
    ការចេញមុខមកបញ្ជាក់ពីមន្ត្រីជាន់ក្រសួងយុតិ្តធម៌ បានធ្វើឡើងបន្ទាប់ពីអ៊ូ ច័ន្ទរ័ត្ន អតីតតំណាង
    រាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិ បានបង្ហាញឆន្ទៈរបស់ខ្លួន ចង់ទៅជួបជជែកជាមួយ
    កឹម សុខា ពីការយកអាសនៈឃុំសង្កាត់មកវិញ។
    អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «អ្វីដែលកឹម សុខា ត្រូវធ្វើគឺបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវកាតព្វកិច្ចរបស់ខ្លួនដែលកំណត់ដោយចៅក្រមស៉ើបសួរ បើពុំនោះទេចៅក្រម
    ស៉ើបសួរអាចសម្រេចឃុំខ្លួនបាន យោងតាមមាត្រា ២៣០ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។
    ហេតុនេះ ទាំង កឹម សុខា និងអ្នកដទៃ ត្រូវយល់អំពីបញ្ហានេះ និងចៀសវាងសកម្មភាពណា ដែលប៉ះពាល់ដល់ដំណើរការនីតិវិធីរបស់តុលាការ និងកាតព្វកិច្ចដែលត្រូវអនុវត្ត» ៕
    សូមបញ្ជាក់ថា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ សាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មានពិសេសមួយ ដោយសម្រេចដាក់លោក កឹម សុខា ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការដដែល ប៉ុន្តែទទួលបានការបន្ធូរបន្ថយលក្ខខណ្ឌត្រួតពិនិត្យតាមផ្លូវកា
    ការទទួលបានការបន្ធូរបន្ថយកាតព្វកិច្ចនៅពេលនេះ ដោយសារជនត្រូវចោទលោក កឹម សុខា នាពេលកន្លងមកបានគោរពត្រឹមត្រូវតាមកាតព្វកិច្ច នៃការដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ព្រមទាំងមានកិច្ចសហការល្អក្នុងដំណើរការនីតិវិធីតុលាការ ជាពិសេសបញ្ហាសុខភាពរបស់ជនត្រូវចោទដែលចាំបាច់ត្រូវពិនិត្យ និងព្យាបាល។
    សេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ជនត្រូវចោទ
    ឈ្មោះ កឹម សុខា ត្រូវបានចៅក្រមស៊ើបសួរសម្រេចបន្តដាក់ឲ្យស្ថិត ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយត្រូវជាប់កាតព្វកិច្ចដូចខាងក្រោម ៖
    ក៖ មិនត្រូវចេញក្រៅព្រំប្រទល់ដែនដីនៃព្រះរាជាណាចក្រកម្ពុជា។
    ខ៖ មិនត្រូវធ្វើសកម្មភាពនយោបាយ។
    គ៖ ត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ច ។
    កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើ «ក្បត់ជាតិ» ឃុបឃិតជាមួយបរទេសផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ ហើយត្រូវបានឃុំខ្លួន នៅក្នុងពន្ធនាគារ ត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ បន្ទាប់ពីបែកធ្លាយវីដេអូមួយដែលលោកនិយាយថា លោកអនុវត្តតាមការណែនាំពីបរទេស ដើម្បីធ្វើការផ្លាស់ប្តូរប្រទេសកម្ពុជា ដោយយកលំនាំតាមប្រទេសយូហ្គោស្លាវី និងប្រទេសស៊ែប៊ី ៕

Leave a Reply

Submit Comment