នយោបាយ
11 វិច្ឆិកា 2019
ហ៊ុល រស្មី
វីអូអេខ្មែរ

លោក កឹម សុខា មេដឹកនាំគណបក្សជំទាស់នៅថ្ងៃច័ន្ទនេះ ផ្តល់ការអធិប្បាយជាសាធារណៈលើកដំបូងនិងដោយប្រយ័តុ្នប្រយែងជាមួយក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីលោកបានជួបសន្ទនាជាមួយប្រធានបេសកកម្មការទូតសហរដ្ឋអាមេរិក និងបារាំងប្រចាំកម្ពុជា។
ថ្លែងបន្ទាប់ពីជំនួបរបស់លោកជាមួយលោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាប្រហែលមួយម៉ោងនៅក្នុងគេហដ្ឋានរបស់លោកក្នុងខណ្ឌទួលគោក ក្នុងទីក្រុងភ្នំពេញ លោក កឹម សុខា មានប្រសាសន៍ថា លោកមានចំណូលចិត្តជួបជាមួយប្រជាពលរដ្ឋ តែខណៈពេលនេះលោកមិនដឹងថា និយាយដូចម្តេចទៅកាន់សាធារណជន ដោយសារលោកជាប់ បំរាមតុលាការ មិនឲ្យនិយាយអ្វីដែលពាក់ព័ន្ធនឹងរឿងនយោបាយ។

កំពុងឈរគៀកនឹងលោក Patrick Murphy នៅចំពោះមុខក្រុមអ្នកកាសែតក្នុងស្រុក និងអន្តរជាតិ លោក កឹម សុខា មានប្រសាសន៍ដោយការប្រុងប្រយ័ត្នយ៉ាងដូច្នេះថា៖
«ដោយសារគេហាមខ្ញុំមិនឲ្យធ្វើនយោបាយ មិនឲ្យនិយាយពីរឿងនយោបាយ ហើយខ្ញុំមិនដឹងភាសាអី ដែលថាមិនមែននយោបាយទេ យើងមិនទាន់ដឹងទេ»។
មេដឹកនាំរូបនេះនៃគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការកំពូលកម្ពុជារំលាយចោលកាលពីឆ្នាំ២០១៧ បានសុំការយោគយល់ពីក្រុមអ្នកយកព័ត៌មាន មិនឲ្យមានការសួរឆ្លើយឆ្លងជាមួយនឹងលោក ដោយលោកនៅមិនទាន់យល់ច្បាស់ពីការដាក់បំរាមរបស់តុលាការ ទាក់ទងទៅនឹងការធ្វើសកម្មភាពនយោបាយ។ ក្រោយការអត្ថាធិប្បាយដ៏ខ្លីនេះ លោក កឹម សុខា ក៏បានប្រគល់នាទីអត្ថាធិប្បាយទៅឲ្យឯកអគ្គរដ្ឋទូតអាមេរិកដែលឈរនៅជាប់លោក។
លោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ប្រាប់ក្រុមអ្នកកាសែតថា ការសម្រេចរបស់តុលាការកម្ពុជាដែលបានអនុញ្ញាតឲ្យលោក កឹម សុខា រួចពីការជាប់ឃុំក្នុងផ្ទះនោះ ជាជំហានវិវត្តន៍ទៅមុខមួយ តែលោកមានការសោកស្តាយដែលសិទ្ធិនយោបាយរបស់លោក កឹម សុខា ត្រូវបានអាជ្ញាធរកម្ពុជាផាត់ចោលកន្លងមក។
«ខ្ញុំសោកស្តាយដែលសិទ្ធិសេរីភាពរបស់គាត់ត្រូវបានគេបដិសេធអស់រយៈពេលពីរឆ្នាំមកនេះ»។
បន្ថែមលើការសោកស្តាយចំពោះការបាត់បង់សិទ្ធិនយោបាយរបស់លោកកឹម សុខានោះ លោកឯកអគ្គរដ្ឋទូតបានផ្តល់ដំបូន្មានថា អាជ្ញាធរកម្ពុជាត្រូវរកផ្លូវដើម្បីស្តារសេរីភាពរបស់លោកកឹម សុខា ឡើងវិញទាំងអស់។ ហើយអាជ្ញាធរកម្ពុជាក៏ត្រូវធ្វើយ៉ាងដូច្នេះ ចំពោះអ្នកឯទៀតដែលបានបាត់បង់សេរីភាពផងដែរ។
«ដំបូន្មានរបស់យើងក្នុងនាមជាមិត្តភក្តិរបស់ព្រះរាជាណាចក្រកម្ពុជាគឺថា អាជ្ញាធររកផ្លូវស្តារសិទិ្ធសេរីភាពរបស់លោក កឹម សុខា ឲ្យបានឡើងវិញទាំងស្រុង ទម្លាក់ចោលបទចោទប្រឆាំងនឹងគាត់ ហើយដូចគ្នានេះផងដែរ យកពេលនេះនិងទីកន្លែងនេះ ធ្វើឲ្យដូចគ្នាទៅនឹងមនុស្សជាច្រើននាក់ផ្សេងទៀត ដែលសិទ្ធិសេរីភាពរបស់ពួកគេត្រូវបានគេបដិសេធចោលនោះ»។
លោក កឹម សុខា ត្រូវបានដោះលែងនិងបន្ធូរបន្ថយលក្ខខណ្ឌនៃការដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ក្រោយពីក្រុមមេធាវីបានស្នើសុំឲ្យមានការដោះលែងលោក កឹម សុខា ដោយយោងថា ថិរវេលានៃការឃុំខ្លួនដោយគ្មានការកាត់ទោសបានលើសកំណត់ជាងពីរឆ្នាំ ហើយមិនមានភស្តុតាងដាក់បន្ទុកលើលោក កឹម សុខា។
ទោះយ៉ាងណា តុលាការកម្ពុជា ផ្តល់សេចក្តីពន្យល់ថា ការបន្ធូរបន្ថយលក្ខខណ្ឌចំពោះលោក កឹម សុខានោះគឺផ្អែកលើហេតុផលសុខភាពនិងការសហការល្អរបស់លោកកឹម សុខា ជាមួយតុលាការ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់តុលាការរាជធានីភ្នំពេញកាលពីម្សិលមិញ។

នៅមុនជំនួបជាមួយប្រធានបេសសកម្មការទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជានារសៀលថ្ងៃច័ន្ទនេះលោក កឹម សុខាអតីតអនុប្រធានទីមួយរដ្ឋសភា ក៏បានពិភាក្សាអំពីស្ថានភាពប្រជាធិបតេយ្យនៅកម្ពុជា ជាមួយឯកអគ្គរដ្ឋទូតបារាំងលោកស្រី អេវ៉ា ង្វៀន ប៊ិញ (Eva Nguyen Binh)។ នេះបើយោងតាមការបញ្ជាក់របស់លោក មុត ចន្ថា អតីតនាយកឧទ្ទកាល័យលោក កឹម សុខា។
លោក មុត ចន្ថា បា្រប់អ្នកកាសែតថា ជំនួបពិភាក្សារវាងឥស្សរជនទាំងពីរនេះ ផ្តោតជាសំខាន់លើសុខទុក្ខរបស់លោក កឹម សុខា។ ជំនួបដដែលក៏មានការផ្លាស់ប្តូរយោបល់អំពីដំណើរការកសាងប្រជាធិបតេយ្យនៅប្រទេសកម្ពុជា។
«ជាការពិត យើងគ្រាន់តែពិភាក្សាពីការសួរសុខទុក្ខ ពិភាក្សាអំពីសុខភាពរបស់គាត់ ស្ថានភាពផ្ទាល់ខ្លួនរបស់គាត់ និងផ្លាស់ប្តូរទស្សនមួយចំនួនអំពីថាតើយើងនឹងត្រូវបោះជំហានទៅមុខយ៉ាងដូចម្តេច ទៅរកការកសាងលទ្ធិប្រជាធិបតេយ្យ»។
លោកស្រី អេវ៉ា ង្វៀន ប៊ិញ មិនបានផ្តល់ការអធិប្បាយណាមួយ បន្ទាប់ពីជំនួបរបស់លោកស្រីជាមួយលោក កឹម សុខានោះទេ។
លោក កឹម សុខា ត្រូវបានអាជ្ញាធរកម្ពុជាចោទថា បានប្រព្រឹត្តអំពើក្បត់ជាតិ ដោយសារលោកបានឃុបឃិតជាមួយរដ្ឋាភិបាលបរទេសប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
ទោះបីលោក កឹម សុខា នៅពេលនេះមានសិទ្ធិទទួលជួបភ្ញៀវជាតិ និងអន្តរជាតិក្តី តែមេដឹកនាំបក្សជំទាស់រូបនេះ នឹងត្រូវបានចៅក្រមស៊ើបសួរសម្រេចបន្តដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយត្រូវជាប់កាតព្វកិច្ច ចំនួនបី គឺ៖«មិនត្រូវចេញក្រៅព្រំប្រទល់ដែនដីនៃព្រះរាជាណាចក្រកម្ពុជា មិនត្រូវធ្វើសកម្មភាពនយោបាយ និងត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ច»។
ក្រុមអង្គការសិទ្ធិមនុស្សអន្តរជាតិបានស្នើឲ្យអាជ្ញាធរកម្ពុជាផ្តល់សិទ្ធិពេញលេញដល់លោក កឹម សុខា ឲ្យបានធ្វើនយោបាយឡើងវិញ។ ពួកគេថា ការសម្រាលលក្ខខណ្ឌត្រឹមឲ្យអតីតមេដឹកនាំគណបក្សសង្គ្រោះជាតិរូបនេះ ធ្វើដំណើរតែក្នុងស្រុក និងត្រឹមតែជាសាមញ្ញជននោះ គឺមិនគ្រប់គ្រាន់ទេ។
ដោយឡែក លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិបានបញ្ជាក់ឲ្យដឹងពីសកម្មភាពនយោបាយចុងក្រោយរបស់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ បន្ទាប់ពីលោក កឹម សុខា បានទទួលពិភាក្សាជាមួយឯកអគ្គរដ្ឋទូតបារំាង និងអាមេរិកនៅទីក្រុងភ្នំពេញនាថ្ងៃច័ន្ទនេះ។
លោក អេង ឆៃអ៊ាង បានសរសេរលើគណនីហ្វេសប៊ុករបស់លោកក្នុងន័យដើមថា៖«ថ្ងៃនេះ នៅប្រទេសកម្ពុជាលោកប្រធាន កឹម សុខា បានទទួលជួបឯកអគ្គរដ្ឋទូតបារំាងនិងសហរដ្ឋអាមេរិក។ ឯនៅប្រទេសម៉ាឡេស៊ី លោកប្រធានស្តីទីសម រង្ស៊ី និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ បានជួបជាមួយលោក Saifuddin Abdullah អគ្គលខាធិការគណបក្សសម្ព័ន្ធម៉ាឡេស៊ី កំពុងកាន់អំណាច និងជារដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី»៕
ឯ/ឧ គឹម សន្តិភាពថា កឹម សុខា ត្រូវបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវកាតព្វកិច្ច ដែលកំណត់ដោយចៅក្រមស៉ើបសួរ បើពុំនោះទេចៅក្រមស៉ើបសួរ អាចសម្រេចឃុំខ្លួនវិញបាន
(ភ្នំពេញ)៖ ឯ/ឧ គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងថា អ្វីដែល កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិត្រូវធ្វើ គឺបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវកាតព្វកិច្ចរបស់ខ្លួន ដែលកំណត់ដោយចៅក្រមស៉ើបសួរ បើពុំនោះទេចៅក្រមស៉ើបសួរ អាចសម្រេចឃុំខ្លួនបានឡើវិញបាន ដោយយោងតាមមាត្រា២៣០ នៃក្រមនីតិវិធីព្រហ្មទណ្ឌកម្ពុជា។
ការចេញមុខមកបញ្ជាក់ពីមន្ត្រីជាន់ក្រសួងយុតិ្តធម៌ បានធ្វើឡើងបន្ទាប់ពីអ៊ូ ច័ន្ទរ័ត្ន អតីតតំណាង
រាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិ បានបង្ហាញឆន្ទៈរបស់ខ្លួន ចង់ទៅជួបជជែកជាមួយ
កឹម សុខា ពីការយកអាសនៈឃុំសង្កាត់មកវិញ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «អ្វីដែលកឹម សុខា ត្រូវធ្វើគឺបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវកាតព្វកិច្ចរបស់ខ្លួនដែលកំណត់ដោយចៅក្រមស៉ើបសួរ បើពុំនោះទេចៅក្រម
ស៉ើបសួរអាចសម្រេចឃុំខ្លួនបាន យោងតាមមាត្រា ២៣០ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។
ហេតុនេះ ទាំង កឹម សុខា និងអ្នកដទៃ ត្រូវយល់អំពីបញ្ហានេះ និងចៀសវាងសកម្មភាពណា ដែលប៉ះពាល់ដល់ដំណើរការនីតិវិធីរបស់តុលាការ និងកាតព្វកិច្ចដែលត្រូវអនុវត្ត» ៕
សូមបញ្ជាក់ថា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ សាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មានពិសេសមួយ ដោយសម្រេចដាក់លោក កឹម សុខា ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការដដែល ប៉ុន្តែទទួលបានការបន្ធូរបន្ថយលក្ខខណ្ឌត្រួតពិនិត្យតាមផ្លូវកា
ការទទួលបានការបន្ធូរបន្ថយកាតព្វកិច្ចនៅពេលនេះ ដោយសារជនត្រូវចោទលោក កឹម សុខា នាពេលកន្លងមកបានគោរពត្រឹមត្រូវតាមកាតព្វកិច្ច នៃការដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ព្រមទាំងមានកិច្ចសហការល្អក្នុងដំណើរការនីតិវិធីតុលាការ ជាពិសេសបញ្ហាសុខភាពរបស់ជនត្រូវចោទដែលចាំបាច់ត្រូវពិនិត្យ និងព្យាបាល។
សេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ជនត្រូវចោទ
ឈ្មោះ កឹម សុខា ត្រូវបានចៅក្រមស៊ើបសួរសម្រេចបន្តដាក់ឲ្យស្ថិត ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយត្រូវជាប់កាតព្វកិច្ចដូចខាងក្រោម ៖
ក៖ មិនត្រូវចេញក្រៅព្រំប្រទល់ដែនដីនៃព្រះរាជាណាចក្រកម្ពុជា។
ខ៖ មិនត្រូវធ្វើសកម្មភាពនយោបាយ។
គ៖ ត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ច ។
កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើ «ក្បត់ជាតិ» ឃុបឃិតជាមួយបរទេសផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ ហើយត្រូវបានឃុំខ្លួន នៅក្នុងពន្ធនាគារ ត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ បន្ទាប់ពីបែកធ្លាយវីដេអូមួយដែលលោកនិយាយថា លោកអនុវត្តតាមការណែនាំពីបរទេស ដើម្បីធ្វើការផ្លាស់ប្តូរប្រទេសកម្ពុជា ដោយយកលំនាំតាមប្រទេសយូហ្គោស្លាវី និងប្រទេសស៊ែប៊ី ៕