អង្គ​រក្ស​ លោក​ សម​ រង្ស៊ី​ ៥​នាក់​ទៀត​ ត្រូវ​បាន​ចាប់​ខ្លួន​ម្សិល​មិញ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​

ដោយ អ៊ឹង ប៊ុនថន
11/11/2019
RFI

media

ការនាំខ្លួនអង្គរក្សម្នាក់​របស់​លោក សម រង្ស៊ី ក្នុងចំណោម៤នាក់ទៀត (@FB)


ក្រុម​​​អង្គ​រក្ស​របស់​​​លោក​ សម​ រង្ស៊ី​ ចំនួន​​៥​​នាក់​បន្ថែម​ទៀត​​ត្រូវ​​បាន​​សមត្ថ​កិច្ច​នៅ​ក្រុង​​ប៉ោយ​ប៉ែត​​ខេត្ត​​បន្ទាយ​មាន​ជ័យ​ធ្វើ​ការ​ចាប់​ខ្លួន​ កាល​ពីម្សិល​មិញ ​ខណៈ​​ដែល​​ពួក​គេទៅ​​​​ត្រៀម​​​ចាំ​​​អម​​​ដំណើរ​​​ថ្នាក់​ដឹក​នាំ​​គណបក្ស​ប្រឆាំង​​ចូល​​ក្នុង​​ប្រទេស។​ ​ការ​​ចាប់​​ខ្លួន​​ក្រុម​​អង្គរក្ស​​ លោក ​សម​ រង្ស៊ី ​បន្ថែម​ទៀតនេះ ​បាន​​ធ្វើឲ្យ​​​ចំនួន​សកម្ម​ជន​​បក្ស​​​ប្រ​ឆាំង​​ដែល​​ត្រូវ​បាន​ចាប់​ឃុំ​​ខ្លួន​កើន​ឡើង​​ដល់​​៨៨​​នា​ក់​។

ការ​ចាប់​ខ្លួន​ក្រុម​អង្គរក្ស​លោក សម រង្ស៊ី ចំនួន​៥​នាក់បន្ថែមទៀតនេះ គឺនៅពេលក្រុម​សមត្ថកិច្ច​ចុះត្រួត​ពិនិត្យ​​ផ្ទះសំណាក់​មួយកន្លែងនៅ​ជិត​ព្រំដែន​កម្ពុជា​-​ថៃ ក្នុង​ខេត្ត​បន្ទាយមានជ័យ កាលពីថ្ងៃ​ទី១០ខែ​វិច្ឆិកា ពោល​មួយ​ថ្ងៃ​ក្រោយ​ពី​លោក សម រង្ស៊ី មិនបានមកដល់​ប្រទេសកម្ពុជាតាមការគ្រោងទុក។

កាលពីថ្ងៃទី៥​វិច្ឆិកា អាជ្ញាធរខណ្ឌមានជ័យ ក៏បាន​ដាក់​កម្លាំង​ទៅ​ឡោម​ព័ទ្ធ​ទីស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​ទីតាំង​នៅ​ក្នុង​សង្កាត់​ចាក់​លើ ​ក្រុង​ភ្នំពេញ ​ដោយ​ចាប់ខ្លួន​អង្គរក្ស​ លោក សម រង្ស៊ី ចំនួន១០​នាក់​ដែល​យាម​នៅស្នាក់ការនោះ។ ក្នុង​ចំណោម​អង្គរក្សទាំង១០នាក់នេះដែល​ត្រូវ​បានចាប់​ខ្លួននោះក៏មាន ​លោក ពួក ចន្ដា ប្រធាន​អង្គរក្ស​លោក សម រង្ស៊ី ​ដែល​ត្រូវ​ជន​មិន​ស្គាល់​មុខ​វាយ​ឱ្យ​រង​របួស​ក្បាលកាល​ពី​ថ្ងៃ​ទី២២ ខែ​កញ្ញា​​ផងដែរ។

គិត​ត្រឹម​ថ្ងៃទី​១០ វិច្ឆិកា​នេះ គឺមានសកម្មជនដែល​គាំទ្រ លោក សម រង្ស៊ី ​ចំនួន ៨៨​នាក់​ហើយ​ត្រូវ​បាន​ ចាប់ឃុំខ្លួនក្រោមការចោទប្រកាន់ថា «​រួមគំនិត​ក្បត់»​ ខណៈ៥៨​នាក់ទៀត​មាន​ដីកាតាម​ចាប់ខ្លួនបន្ទាប់ពីពួកគេ​ប្រកាស​គាំទ្រ ការ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី។ ក្រៅពីការចាប់ឃុំខ្លួន គឺមានសកម្មជនយ៉ាងតិច១២​នាក់ត្រូវបានវាយប្រហារ​ឲ្យ​រងរបួសនៅក្នុងរូបភាព​ផ្សេងៗ។ នេះបើតាម​មន្រ្តីបក្សប្រឆាំង។

ប៉ុន្តែក្រោយពីការ​ប្រកាស​របស់​លោក ហ៊ុន សែន ឲ្យ​សកម្មជន​គាំទ្រ លោក សម រង្ស៊ី ចេញសារភាព​ដើម្បី​រួចទោសនោះ គឺមានសកម្មជនចំនួន​១០៤​នាក់បាន​ចូល​សារភាព​ដើម្បី​បញ្ជៀសការចាប់ឃុំខ្លួន៕

What Next?

Recent Articles

Leave a Reply

Submit Comment