អាជ្ញាធរ​ដក​កង​កម្លាំង​មួយ​ចំនួន​ចេញ​ពី​ច្រក​ព្រំដែន​កម្ពុជា​ថៃ និង​បន្ធូរបន្ថយ​ការ​ត្រួត​ពិនិត្យ

ដោយ សេក បណ្ឌិត
2019-11-11
អាស៊ីសេរី

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ប្រជាពលរដ្ឋ​ឆ្លង​ដែន​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ដូង ស្រុក​កំរៀង ខេត្ត​បាត់ដំបង នៅ​រសៀល​ថ្ងៃ​ទី១១ ខែ​វិច្ឆិកា ឆ្នាំ២០១៩។

ប្រជាពលរដ្ឋ​ឆ្លង​ដែន​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ដូង ស្រុក​កំរៀង ខេត្ត​បាត់ដំបង នៅ​រសៀល​ថ្ងៃ​ទី១១ ខែ​វិច្ឆិកា ឆ្នាំ២០១៩។

 រូប៖ ពលរដ្ឋ​ផ្ដល់​ឱ្យ


អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​បាន​ដក​កងកម្លាំង​ប្រដាប់​អាវុធ​មួយ​ចំនួន​ចេញ​ពី​តំបន់​ព្រំដែន​កម្ពុជា​ថៃ និង​បាន​បន្ធូរបន្ថយ​ការ​ត្រួតពិនិត្យ​​ប្រជាពលរដ្ឋ​ ដែល​ឆ្លងដែន​ចេញ​ចូល​ប្រទេស​ទាំង​ពីរ ​ធូរស្រាល​ជាង​មុន​នៅ​ថ្ងៃ​ទី​១១​ វិច្ឆិកា។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល យល់​ថា មូលហេតុ​ដែល​អាជ្ញាធរ​បន្ធូរបន្ថយ​នៅ​តំបន់​ព្រំដែន​នេះ​ដោយសារ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ សម រង្ស៊ី មិន​បាន​ទៅ​ដល់​កម្ពុជា​ដូច​ការ​គ្រោង​ទុក។

ប្រជាពលរដ្ឋ​នៅ​តំបន់​ព្រំដែន​កម្ពុជា​ថៃ​ក្នុង​ខេត្ត​បាត់ដំបង​ បន្ទាយ​មាន​ជ័យ​ និង​ខេត្ត​ឧត្ដរមានជ័យ​លើក​ឡើង​ថា​ ថ្វីត្បិត​តែ​អាជ្ញាធរ​នៅ​ខេត្ត​ទាំង​នេះ ​បាន​ដក​កង​កម្លាំង​ចេញ​ពី​តំបន់​ព្រំដែន​ប្រមាណ ​៧០​ភាគ​រយ​ហើយ​ក្ដី ​ក៏​អាជ្ញាធរ​នៅ​តែ​បន្ត​រក្សា​កង​កម្លាំង​ខ្លះៗ ដើម្បី​​ត្រួត​ពិនិត្យ​ការ​ចេញ​ចូល​នៅ​ច្រក​ព្រំដែន​ដដែល។

ប្រជាពលរដ្ឋ​ម្នាក់​រស់​នៅ​ព្រំដែន​ខេត្ត​បាត់ដំបង​ ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ​ ដើម្បី​ការពារ​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១១​វិច្ឆិកា​ថា ​អាជ្ញាធរ​បាន​ដក​ប៉ូលិស​ ទាហាន​ និង​មន្ត្រី​កង​រាជ​អាវុធហត្ថ​ចេញ​ពី​​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ដូង​ស្រុក​កំរៀង​ស្ទើរ​ទាំង​ស្រុង​ហើយ។ លោក​បន្ត​ថា ​ពេល​នេះ​មាន​កង​កម្លាំង​ប្រចាំ​ការ​ប្រមាណ​ពី​ ៥ ​ទៅ​ ១០​នាក់​ប៉ុណ្ណោះ នៅ​តំបន់​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ដូង ដើម្បី​ត្រួត​ពិនិត្យ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លងដែន​ចេញចូលកម្ពុជា​-ថៃ។ ក្រៅ​ពី​នេះ លោក​​ថា អាជ្ញាធរ​ក៏​​មិន​សូវ​​​ត្រួត​ពិនិត្យ​​ពលរដ្ឋ​ឆ្លង​ដែន​តឹងតែង​ដូច កាល​ពី​ដើម​ខែ​វិច្ឆិកា​នោះ​ដែរ៖ «នៅ​​ខាង​​ច្រក​​ទ្វារ​​តែ​ម្ដង​មាន​កម្លាំង​ប្រហែល​ ៥​នាក់​នៅ​ប្រចាំ​ការ​មាត់ច្រក​ តែ​មិន​មាន​ក្រុម​ខ្លា​ហោះ​អី​ហ្នឹង​ដក​ទៅ​អស់​ហើយ​ បើ​ម្សិល​មិញ​មាន​​។ គេ​ត្រួតពិនិត្យ​ឡាន​ចេញ​ចូល​ជា​ធម្មតា​ បើ​កាល​ពី​ថ្ងៃ​ទី​២៥ ​តុលា​មក ​គេ​ត្រួតពិនិត្យ​តឹងតែង​ខ្លាំង​ ដល់​ពេល​ថ្ងៃ​នេះ​វា​រាង​ធូរ​ ហើយ​​ប៉ូលិស​​អី ​ក៏​​ជួយ​​សម្រួល​​ចរាចរ​​ជា​​ធម្មតា»

រីឯ​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ខេត្ត​បន្ទាយ​មាន​ជ័យ​ឯ​ណោះ​វិញ​ ក៏​អាជ្ញាធរ​បាន​កង​កម្លាំង​ចេញ​ពី​តំបន់​ព្រំដែន​មួយ​ចំនួន​ហើយ​ដែរ។

ពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​ថ្លែង​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ​និង​សំឡេង​ឱ្យ​ដឹង​ថា អាជ្ញាធរ​រក្សាទុក​កម្លាំង​ប្រមាណ​ពី ៦០ ទៅ ១០០​នាក់​នៃ​ចំនួន​កងកម្លាំង​ប្រមាណ ៦០០​នាក់ ​ដែល​ប្រចាំ​ការ​នៅ​តាម​គោលដៅ​សំខាន់ៗ ​ក្នុង​ក្រុង​នេះ​ និង​បាន​បន្ធូរ​បន្ថយ​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លង​ដែន​បាន​ងាយ​ស្រួល​ជាង​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ។

ចំណែក ពលរដ្ឋ​នៅ​ព្រំដែន​ខេត្ត​ឧត្ដរមានជ័យ​ ដែល​សុំ​​មិន​ឱ្យ​បញ្ចេញ​ឈ្មោះ​ដែរ​នោះ ថ្លែង​ថា នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​អូរស្មាច់​ក្រុង​សំរោង​មក​ដល់​ពេល​នេះ​ ប្រជាពលរដ្ឋ​អាច​ឆ្លងដែន​ចេញ​ចូល​កម្ពុជា​ថៃ​បាន​​ជា​ធម្មតា​វិញ​ហើយ។ លោក​បញ្ជាក់​ថា នៅ​ព្រំដែន​ច្រក​អូរ​ស្មាច់​នេះ​មាន​ទាហាន​ប្រមាណ​ ៥០​នាក់​ប៉ុណ្ណោះ​ដាក់​ប្រចាំ​ការ៖ «ខ្ញុំ​មិន​យល់​ដែរ​មិន​ថា​អាជ្ញាធរ​ដើម្បី​អី គេ​ធ្វើ​ដើម្បី​បន្លាច​ពលរដ្ឋ​ក៏​មិន​ដឹង​ ខ្ញុំ​អត់​យល់​ដូច​កងទ័ព​មិន​គួរ​ណា​ធ្វើ​បែប​នេះ​ទេ​ ព្រោះ​កងទ័ព​ការពារ​ប្រទេស​ជាតិ​ ដើម្បី​ឱ្យ​មាន​ស្ថិរភាព​នៅ​ក្នុង​សង្គម​ ហើយ​យើង​ត្រូវ​អព្យាក្រឹត្យ​យើង​មិន​ត្រូវ​ទៅ​ការពារ​បុគ្គល​ទេ។អីចឹង​បាន​ខ្ញុំ​ឆ្ងល់​វា​ខុស​គេ​តែ​ប្រទេស​ខ្មែរ»

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​ លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា មូលហេតុ​ដែល​ស្ថានការណ៍​​បាន​ធូរស្រាល​នៅ​​តំបន់​ព្រំដែន​នេះ​ ដោយសារ​តែ​លោក​ សម រង្ស៊ី និង​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ មិន​បាន​​​ទៅ​ដល់​កម្ពុជា​ដូច​ការ​គ្រោង​ទុក​ ហើយ​​តុលាការ​របប​ក្រុង​ភ្នំពេញ​បាន​​បន្ធូរបន្ថយ​លក្ខខណ្ឌ​ការ​ត្រួតពិនិត្យ​មក​លើ​ប្រធាន​គណបក្ស​​សង្គ្រោះ​ជាតិ​ លោក កឹម សុខា​ កាល​ពី​ថ្ងៃ​ទី​១០ ​វិច្ឆិកា​​ផង៖ «បទ​ពិសោធ​ន៍​កន្លង​មក​នេះ​ វា​ជា​ការ​បង្ហាញ​លទ្ធផល​មិន​ល្អ​ទេ​សម្រាប់​កម្ពុជា។​ វា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​ប្រជា​ពលរដ្ឋ និង​ចំណាយ​ថវិកា​ច្រើន​ ហើយ​អាច​ធ្វើ​ឱ្យ​សហគមន៍​អន្តរជាតិ​មើល​មក​កម្ពុជា​នៅ​តែ​មាន​ការ​រំលោភ​សិទ្ធិមនុស្ស​ មាន​ន័យ​ថា​ ប្រជាធិបតេយ្យ​ដើរ​ថយ​ក្រោយ​ ដែល​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ EBA និង​ GSP។ អ៊ីចឹង​ខ្ញុំ​ទទូច​ធ្វើ​យ៉ាង​ណា​ឱ្យ​អ្នក​នយោបាយ​ទាំង​អស់​គិត​ពី​ប្រយោជន៍​ជាតិ​ និង​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ​ជា​ធំ ហើយ​ដោះ​ស្រាយ​ស្ថានភាព​នយោបាយ​ដោយ​សន្តិវិធី​ហើយ​រួម​គ្នា​អភិវឌ្ឍន៍​ប្រទេស»

អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​មួយ​ចំនួន​អះអាង​ថា​ ទោះ​បី​ជា​អាជ្ញាធរ​បាន​​ដក​កងកម្លាំង​ចេញ​ពី​តំបន់​ព្រំដែន​យ៉ាង​នេះ​ក្ដី​ ក៏​របប​ក្រុង​ភ្នំពេញនៅ​តែ​មិន​អាច​ស្ដារ​មុខមាត់​​បាន​ដែរ ពីព្រោះ​សកម្មភាព​​នេះ​ជា​ល្បិចកល​​បោកប្រាស់​របស់​លោក​ ហ៊ុន សែន ​ដើម្បី​បាន​បន្ត​អំណាច​​ស្របច្បាប់​ទៅ​មុខ​​ទៀត​​​។ពួកគាត់​នៅ​តែ​ទទូច​ឱ្យ​លោក​ សម រង្ស៊ី វិល​ចូល​ស្រុក​ដដែល​ ដើម្បី​ឱ្យ​ប្រទេស​មាន​ប្រជាធិបតេយ្យ​ពេញលេញ​ និង​មាន​ការ​អភិវឌ្ឍន៍​រីក​ចំរើន​​ដូច​ប្រទេស​ជឿនលឿន​នៅ​លើ​ពិភពលោក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

Leave a Reply

Submit Comment