អ្នក​ឃ្លាំ​មើល​បរិស្ថាន​ថា​បទ​ល្មើស​ព្រៃ​ឈើ​នៅ​ជួរភ្នំ​ក្រវាញ​កណ្តាល​កើត​មាន​ច្រើន អំឡុង​ពេល​នយោបាយ​ឡើង​កម្តៅ​

ដោយ សន ចាន់រដ្ឋា
2019-11-10
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សមត្ថកិច្ច​ខេត្ត​កំពង់​ស្ពឺ​ប្រមូល​ឈើ​ប្រភេទ សុក្រំ និង​តាសេក កាប់​ពី​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ឱរ៉ាល់ យក​ទៅ​រក្សា​ទុក​នៅ​ទីស្នាក់ការ​រដ្ឋបាល​ព្រៃ​ឈើ ស្រុក​ឱរ៉ាល់ នៅ​រសៀល​ថ្ងៃ​ទី១៤ ខែ​តុលា ឆ្នាំ២០១៩។

សមត្ថកិច្ច​ខេត្ត​កំពង់​ស្ពឺ​ប្រមូល​ឈើ​ប្រភេទ សុក្រំ និង​តាសេក កាប់​ពី​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ឱរ៉ាល់ យក​ទៅ​រក្សា​ទុក​នៅ​ទីស្នាក់ការ​រដ្ឋបាល​ព្រៃ​ឈើ ស្រុក​ឱរ៉ាល់ នៅ​រសៀល​ថ្ងៃ​ទី១៤ ខែ​តុលា ឆ្នាំ២០១៩។

 រូប៖ លោក ជា ហ៊ាន


អ្នកឃ្លាំមើល​បរិស្ថាន​ អះអាង​ថា​ សកម្មភាព​កាប់​ឈើ​ និង​ដឹកជញ្ជូន​ឈើ​ ចេញពី​តំបន់​ឧទ្យានជាតិ​ជួរភ្នំ​ក្រវាញ​កណ្ដាល​ ដែល​ឋិតនៅ​ចន្លោះ​ខេត្តកោះកុង​ និង​ខេត្ត​កំពង់ស្ពឺ​ បាន​​កើតមាន​សារ​ជាថ្មី​ទៀត​ នៅ​រយៈពេល​ជាង​ ២សប្តាហ៍​ចុងក្រោយ​នេះ​ គឺ​ស្រប​ពេលស្ថានការណ៍​នយោបាយ​កំពុង​ឡើង​កម្តៅ​ខ្លាំង។

សកម្មជន​បរិស្ថាន​រក​ឃើញថា​ ឈើមូល​មុខកាត់​ចាប់ពី​ ៥តឹក​ដល់​ ៧តឹក​ ប្រវែង​ជាង​ ២ម៉ែត្រ​ឡើង​ទៅ​ ឋិត​ក្នុង​តំបន់​ជួរភ្នំ​ក្រវ៉ា​ញក​ណ្តា​លនៃ​ ខេត្ត​កំពង់ស្ពឺ​ កំពុង​ទទួល​រង​ការ​កាប់​រំលំ​ ធ្វើ​អាជីវកម្ម​ជា​ហូរហែ​ នៅ​ស្រប​ពេល ដែល​សមត្ថកិច្ច​ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ រវល់​តែ​ផ្តោត​អារម្មណ៍​រឿង​​ទប់ស្កាត់​ លោក​ សម​ រង្ស៊ី ​​វិល​ចូល​ស្រុកវិញ។

ប្រធាន​អង្គការ​ប្រឆាំង​អំពើពុករលួយ​ ទប់​ស្កាត់​បទ​ល្មើស​ធនធាន​ធម្មជាតិ​ និង​ការពារ​សិទ្ធិពល​រដ្ឋ​ លោក​ ជា​ ហ៊ាន​ ឱ្យ​ដឹង​នៅ​ថ្ងៃទី១០​ វិច្ឆិកា​ថា​ នៅ​គ្រា​ដែល​មហាជន​កំពុង​ផ្តោត​អារម្មណ៍​ រឿង​នយោបាយ ​ ក្រុម​អ្នក​កាប់​ឈើ​បាន​ឆក់ឱកាស​នេះ​ សម្រុក​កាប់​ឈើ​មាន​តម្លៃ​ធ្វើ​អាជីវកម្ម​ ឋិត​នៅ​ក្នុង​តំបន់​ជួរ​ភ្នំ​ក្រវ៉ា​ញក​ណ្តាល​ក្នុង​ខេត្ត​កំពង់ស្ពឺ។ លោក​ថា​ ឈើ​ផ្ចឹក​ ឈើទាល​ ផ្តៀ​ក មាន​មុខ​កាត់​ ៥តឹក​ឡើង​ទៅ ​ដែល​ដុះ​តាម​ជ្រលងភ្នំ​ និង​តំបន់​ជ្រោះ​ក្នុង​ព្រៃ​អភិរក្ស​មួយ​នេះ​ កំពុង​បាត់បង់​ជា​បន្តបន្ទាប់​។ លោក​អះអាង​ថា​ ក្រុម​អ្នក​កាប់​ឈើ​ បាន​ដឹក​ជញ្ចូន​ឈើ​ចេញ​ក្រៅ​តាម​គោយន្ត​ ​ឆ្លងកាត់​ចំណុច​ស្រែ​កិន​ ចំ​ណុច​ខ្សាល់​ ចំណុច​អូរ​ត្រាវ​ និង​ច្រក​ជាំ​  ឋិត​ក្នុង​ស្រុក​ឱរ៉ាល់​ ខេត្ត​កំពង់ស្ពឺ៖ «បើ​សិន​ជា​ប្រមុខ​រដ្ឋាភិបាល​រវល់​តែ​ទប់​ស្កាត់ ការពារ​តាម​ច្រក​នីមួយៗ ភ្លេច​គិត​ទប់​ស្កាត់​ធនធាន​ធម្មជាតិ រយៈ​ពេល​តែ ២ឆ្នាំ​ទៀត​ប៉ុណ្ណោះ អាច​នឹង​ព្រៃ​ឈើ​នឹង​ឈាន​ទៅ​រក​វិនាស​អន្តរាយ​ជាក់​ជា​ពុំ​ខាន។ តំបន់​ជួរ​ភ្នំ​ក្រវាញ​កណ្តាល​ជា​ព្រៃ ដែល​យើង​ត្រូវ​ការ​ការពារ​ទាំង​អស់​គ្នា តែ​ទីបំផុត អ្នក​ដែល​ប្រចាំ​ការ​តាម​គោលដៅ មិន​មាន​ចំណាត់​ការ​ក្នុង​ការពារ​ទេ មានតែចំណាត់ការសមគំនិតជាមួយជនល្មើសប៉ុណ្ណោះ»

លោក​ ជា​ ហ៊ាន​ បន្ថែម​ថា​ មន្ត្រី​បរិស្ថាន​ ដែល​ប្រចាំការ​នៅ​តំបន់​នោះ​ មិន​បាន​រារាំង​ក្រុម​អ្នក​ដឹក​ឈើ​ទាំង​នោះ​ទេ​ ដោយ​ពួក​គេ​នៅ​តែ​ទទួល​ប្រយោជន៍​ពី​បទល្មើស​ព្រៃ​ឈើ​ដដែលៗ។ លោក​ថា មន្ត្រី​ឧទ្យានុ​រក្ស​ ដែល​ឈរ​ជើង​ការពារ​ព្រៃ​ឈើ​ នៅ​តែ​គ្មាន​វិធានការ​ទប់​ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ​ឱ្យ​មាន​ប្រសិទ្ធភាព​ ​ ប៉ុន្តែ​បែរ​ជា​កាង​ការពារ​ ក្រុម​ជន​ល្មើស​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់​ទៅ​វិញ៖ «ឈើ​មាន​សុក្រំ ផ្ចឹក មាន​ឈើទាល និង​ផ្តៀក បើ​មន្ត្រី​បរិស្ថាន​គាត់​អត់​គិត​ពី​ផល​ប្រយោជន៍​ពី​ធនធាន​ធម្មជាតិ គាត់​គិត​តែ​ផល​ប្រយោជន៍​ប្រមូល​លុយ​ពី​បទ​ល្មើស។ ឈើ​ដុះ​តាម​ជ្រលង​ភ្នំ និង​តាម​ជ្រោះ បើ​យើង​ការពារ​ព្រៃ​ឈើ​បាន យើង​នាំ​ភ្ញៀវ​ទេសចរ​ចូល នឹង​អាច​រក​ប្រាក់​ចំណូល​ស្រួល​បំផុត»

ទោះជាយ៉ាងណា​ អនុប្រធាន​មន្ទីរ​បរិស្ថាន​ ខេត្ត​កំពង់ស្ពឺ​ លោក​ នៅ​ ណា​ក់​ បដិសេធ​ថា​ ពុំ​មាន​ការ​កាប់​ឈើ​ និង​ដឹក​ជញ្ជូន​ឈើ​ ចេញ​ពី​តំបន់​ឧទ្យានជាតិ​ជួរភ្នំ​ក្រវ៉ា​ញក​ណ្តា​លនោះ​ទេ។ លោក​ទទួល​ស្គាល់​ថា​ មាន​ពលរដ្ឋ​ដឹក​ឈើ​តិច​តូច​ជា​ ប្រភេទ​ឧស​ដុត​ និង​ឈើ​គ្រាក់​ ពុំ​មែន​ដឹក​ជញ្ជូន​ឈើ​ជា​ទ្រង់ទ្រាយ​ធំ​នោះ​ទេ។ លោក​បញ្ជាក់​ថា រយៈ​ពេល ៣ខែ​ចុង​ក្រោយ​នេះ​ មន្ត្រី​ជំនាញ​ បាន​ឃាត់​ចាប់​បទល្មើស​ច្រើន​ករណី​ និង​បាន​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​មួយចំនួន។ តែ​ទោះ​យ៉ាង​ណា លោក​មិន​បញ្ជាក់​លម្អិត​ ពី​តួលេខ​ឃាត់​ចាប់​បទល្មើស​បាន​ប៉ុន្មាន​ករណី​នោះ​ទេ៖ «មាន​តែ​ក្រាក់​ទេ និង​ឧស​ទេ យើង​បាន​ទប់​ស្កាត់​នៅ​រយៈ​ពេល ៣ខែ​នេះ អត់​មាន​ឡាន​ណា​ធំៗ ណា​ចូល​ទៀត​ទេ។ យើង​បាន​បិទ​គ្រប់​ច្រក​ទាំង​អស់។ អត់​មាន​ច្រក​ចេញ​ចូល​ទេ មាន​តែ​ពលរដ្ឋ​ដឹក​ឧស និង​ក្រាក់​អី​ទេ​តិចតួច»

តំបន់​ឧទ្យានជាតិ​ជួរភ្នំ​ក្រវាញ​កណ្ដាល​ និង​ជួរភ្នំ​ក្រវាញ​ខាងត្បូង​ លាតសន្ធឹង​ជាប់​ទឹកដី​ខេត្ត​ពោធិ៍សាត់ កំពង់ស្ពឺ និង​ខេត្ត​កោះកុង ជា​តំបន់​ការពារ​ដោយ​ព្រះរាជ្យក្រឹត្យ និង​អនុក្រឹត្យ​របស់​រដ្ឋាភិបាល​ មាន​ផ្ទៃ​ដី​ជាង ៨សែន​ហិកតារ។ តំបន់​អភិរក្ស​នេះ​ មាន​មន្ត្រី​ឧទ្យានុ​រក្ស​របស់ក្រ​សួង​បរិស្ថាន​ជាង ៧០នាក់​ដែល​ជា​អ្នកការពារ​ និង​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ និង​ជីវចម្រុះ​នៅ​តំបន់​នោះ។

ក្រៅពី​តំបន់​ឧទ្យាន​ជាតិ​ជួរ​ភ្នំ​ក្រវាញ​កណ្តាល អ្នក​ឃ្លាំ​មើល​បរិស្ថាន​អះអាង​ថា តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ឱរ៉ាល់​ និង​ដែនជម្រកសត្វព្រៃ​ភ្នំ​សំកុក​ ក៏​ទទួលរង​ការ​កាប់​ឈើ​មានតម្លៃ​លក់​ដូចគ្នា​ដែរ​នៅ​អំឡុង​ពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ​​ ហើយក្រុម​អ្នក​ដឹកឈើ​ នៅតែ​នៅតែ​មមាញឹក​ ដឹកឈើ​តាម​គោយន្ត​ លក់​ នៅ​តាម​ដេប៉ូ​ឈើ​មួយចំនួន​ក្នុង​ខេត្ត​កំពង់ស្ពឺ។

លោក​ ជា​ ហ៊ាន​ អះអាង​ថា​ ដើម​ឈើ​ធំៗ​ ដុះ​តាម​ជ្រលងភ្នំ​ និង​តំបន់​ជ្រោះ​ ទាក់ទាញ​ភ្ញៀវ​ទេសចរ​នឹង​វិនាស​ហិនហោច​ទាំង​ស្រុង​ បើ​មន្ត្រី​ពាក់ព័ន្ធ​នៅ​តែ​ឆក​ល្វែង​ និង​មិន​អនុវត្ត​ច្បាប់​ព្រៃ​ឈើ​ឱ្យ​ម៉ឺងម៉ាត់​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

Leave a Reply

Submit Comment