សហភាពអឺរ៉ុប ចង់​ឃើញ​កម្ពុជា​បើក​ចំហ​លំហ​នយោបាយ​ជា​បន្ទាន់ និង​ចាប់​ផ្តើម​ដំណើរ​ការ​ផ្សះផ្សារ​ជាតិ​តាម​រយៈ​កិច្ច​សន្ទនា​ពិត​ប្រាកដ​មាន​ការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ

ដោយ មាន ឫទ្ធិ
2019-11-11
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ទង់ជាតិ សហគមន៍អឹរ៉ុប។

ទង់ជាតិ សហគមន៍អឹរ៉ុប។

 Facebook


សហភាព​អឺរ៉ុប​ គូសបញ្ជាក់​ជាថ្មី​ម្តង​ទៀត​ ចង់​ឃើញ​អាជ្ញាធរ​កម្ពុជា​ ចាត់​វិធានការណ៍​ជាបន្ទាន់​ បើកចំហ​រលំ​ហរ​នយោបាយ​ បង្កើត​ឲ្យ​មាន​នូវ​លក្ខខណ្ឌ​ចាំបាច់​នានា​ដើម្បីឲ្យ​មាន​គណបក្ស​ប្រឆាំង​តាម​បែប​ប្រជាធិបតេយ្យ​ និង​ជឿ​ទុកចិត្ត​បាន​ ហើយ​ចាប់ផ្តើម​ដំណើរការ​ផ្សះ​ផ្សារ​ជាតិ​តាមរយៈ​កិច្ច​សន្ទនា​ ដោយពិត​ប្រាកដ​ និង​មានការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​។ មន្ត្រី​រដ្ឋាភិបាល​ បដិសេធ​ការ​ចង់​ឲ្យ​មានការ​ផ្សះ​ផ្សារ​ជាតិ​ឡើងវិញ​នេះ។

ក្រៅពី​គូសបញ្ជាក់​ពី​ចំណុច​សំ​ខាន់ៗ ចង់​ឃើញ​ឲ្យ​មានការ​បើក​លំហ​រន​យោ​បាយ​ និង​ផ្សះ​ផ្សារ​ជាតិ​ឡើងវិញ​នេះ​ សហភាព​អឺរ៉ុប​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែងការណ៍​ផ្សាយ​កាលពី​ថ្ងៃ​ទី១១ វិច្ឆិកា​ថា «យើង​ចង់​ឃើញ​ឲ្យ​មានការ​ដោះលែង​លោក​ កឹម​ សុខា​ ទាំងស្រុង​ និង​មានការ​ផ្តល់​សិទ្ធិ​នយោបាយ​ឲ្យ​លោក​ឡើងវិញ​ ដើម្បីឲ្យ​លោក​ កឹម​ សុខា​ អាច​បំពេញ​តួនាទី​ពេញលេញ​ក្នុង​ជីវិត​នយោបាយ​​របស់​លោក»។‍‍‍‍ សហភាព​អឺរ៉ុប​ ក៏​រំពឹង​ចង់​ឃើញ​អាជ្ញាធរ​កម្ពុជា​ ផ្តល់​សិទ្ធិ​នយោបាយ​ដល់​គ្រប់​សមាជិក​គណបក្ស​ប្រឆាំង​ទាំងអស់​ដែល​ត្រូវ​បាន​ហាមប្រាម​មិន​ឲ្យ​ធ្វើនយោបាយ​ និង​ឲ្យ​មានការ​ដោះលែង​សមាជិក​ ក្រុម​អ្នកគាំទ្រ​ និង​សកម្មជន​គណបក្ស​ប្រឆាំង​ទាំងអស់​ ដែល​អាជ្ញាធរ​កម្ពុជា​បាន​ចាប់​ និង​ឃុំខ្លួន​ពួកគេ​ជាបន្តបន្ទាប់​នា​រយៈពេល​ចុងក្រោយ​នេះ។

ការ​ចេញ​សេចក្តី​ថ្លែង​ការណ៍​របស់​សហភាព​អឺរ៉ុបនេះ ធ្វើឡើង​មួយថ្ងៃ​មុន​ពេល​ដែល​សហភាព​អឺរ៉ុប​ នៅ​ថ្ងៃ​ទី១២ វិច្ឆិកា ចេញ​ផ្សាយ​របាយការណ៍​វាយតម្លៃ​បឋម​អំពី​ការ​រក​ឃើញ​របស់​ខ្លួន​ថា តើ​ត្រូវ​ឈាន​ទៅ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ឬក៏​អត់។ ខណៈ​ពីរ​ថ្ងៃមុន​នេះ ចៅក្រម​តុលាការក្រុង​ភ្នំពេញ​ បាន​បន្ធូរ​បន្ថយ​លក្ខខណ្ឌ​លើ​លោក​ កឹម​ សុខា​ ពី​ការ​ឃុំខ្លួន​ក្នុង​ផ្ទះ​ ដោយ​អនុញ្ញាត​ឲ្យ​លោក​អាច​ដើរហើរ​ក្នុង​ប្រទេស​បាន​ តែ​ហាមប្រាម​មិន​ឲ្យ​លោក​ធ្វើនយោបាយ​ និង​ធ្វើដំណើរ​ទៅក្រៅ​ប្រទេស​បាន​ឡើយ។ សហភាព​អឺរ៉ុប​ ថា​ សេចក្តី​សម្រេច​របស់​តុលាការក្រុង​ភ្នំពេញ​ កែសម្រួល​លក្ខខណ្ឌ​នៃ​ការ​ឃុំខ្លួន​មេដឹកនាំ​គណបក្ស​ប្រឆាំង​ លោក​ កឹម​ សុខា​ នា​ពេលនេះ​ គឺជា​ជំ​ហ៊ាន​ដំបូង​ ក្នុង​ទិសដៅ​ត្រូវ​មួយ។ ក៏ប៉ុន្តែ​ សហភាព​អឺរ៉ុប​ថា លោក​ កឹម​ សុខា​ នៅតែ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​​របស់​តុលាការ​ដដែល​ ហើយ​ថា​ សំណុំរឿង​របស់​លោក​ មិន​ត្រូវ​បាន​បិទ​បញ្ចប់​នៅឡើយ​ទេ​ ដោយសារ​លោក​ត្រូវ​បាន​ហាមប្រាម​មិន​ឲ្យ​ចូលរួម​ក្នុង​សកម្មភាព​នយោបាយ​ដដែល។

ឆ្លើយតប​នឹង​សេចក្តី​ថ្លែង​ការ​របស់​សហភាព​អឺរ៉ុប​នេះ​ ដូច​សព្វមួយដង​ អ្នកនាំពាក្យ​របប​ក្រុងភ្នំពេញ​ លោក​ ផៃ​ ស៊ី​ផាន​ ប្រាប់​អាស៊ី​សេរី​កាលពី​ថ្ងៃទី១១​ វិច្ឆិកា​ ថា​ ករណី​លោក​ កឹម​ សុខា​ និង​មន្ត្រី​បក្ស​ប្រឆាំង​ដទៃទៀត​ គឺជា​កិច្ចការ​របស់​តុលាការ។ លោក​ថា​ ការ​បន្ធូរបន្ថយ​លក្ខខណ្ឌ​មក​លើ​លោក​ កឹម​ សុខា​ នេះ​ មិន​ជាប់ពាក់ព័ន្ធ​នឹង​សម្ពាធ​ ឬគោលនយោបាយ​ណាមួយ​នោះ​ទេ​។ លោក​ ផៃ​ ស៊ី​ផាន​ ព្រលយ​ថា​ លោក​ ហ៊ុន​ សែន​ អាច​នឹង​ស្នើ​ទៅ​ព្រះមហាក្សត្រ​ឲ្យ​លើកលែងទោស​លោក​ កឹម​ សុខា​ បាន​ នៅពេល​ដែល​លោក​ កឹម​ សុខា​ ត្រូវ​បាន​តុលាការ​កាត់ទោស​រួចរាល់៖ «ការ​ចង់បាន​ពី​ភាគី​ដទៃទៀត​ គឺ​យើង​ស្វាគមន៍​ មិនមែន​ជា​រឿង​មិន​ស្វាគមន៍​នោះ​ទេ​ ក៏ប៉ុន្តែ​ត្រូវតែ​អនុវត្ត​នីតិវិធី​ឲ្យបាន​ចប់ចុងចប់ដើម​ អាស្រ័យ​ដោយ​រដ្ឋធម្មនុញ្ញ​កម្ពុជា​ហ្នឹង​ មាន​ចន្លោះ​មួយទៀត​ក្នុង​ន័យ​នយោបាយ​បន្ទាប់ពី​ការវិនិច្ឆ័យ​ហើយ​របស់​តុលាការ​ គឺ​មានតែ​នាយក​រដ្ឋមន្ត្រី​ទេ​ លោក​មាន​បុព្វសិទ្ធិ​ក្នុង​ការ​ស្នើសុំ​ទៅ​ព្រះមហាក្សត្រ​ដើម្បី​ព្រះរាជទាន​លើកលែងទោស​នេះឯង»

យ៉ាងណាក៏ដោយ​ លោក​ ផៃ​ ស៊ី​ផាន​ បដិសេធ​ចំពោះ​ការ​ចង់​ឃើញ​ឲ្យ​មានការ​ផ្សះផ្សា​ជាតិ​ឡើងវិញ​ពីសំណាក់​ភាគី​សហភាព​អឺរ៉ុប​ ដោយ​លោក​ថា​ រដ្ឋាភិបាល​មិន​អាច​ទៅ​ផ្សះ​ផ្សារ​ជាតិ​ជា​មួយ​នឹង​​ក្រុម​ ដែល​លោក​ហៅថា​ «ជា​អ្នក​ចង់​ធ្វើ​រដ្ឋប្រហារ​ផ្តួល​រំលំ​រដ្ឋាភិបាល​» នោះ​ទេ។

ផ្ទុយពី​ការ​លើកឡើង​របស់​លោក​ ផៃ​ ស៊ី​ផាន​ នេះ​ អ្នកស្រី​ មូរ សុខ​ហួរ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​​ ថា ​របប​នេះ​មិន​អាច​ជៀស​ផុត​ពី​ការ​មិនព្រម​ផ្សះផ្សា​ជាតិ​ពីសំណាក់​គ្រប់​ភាគី​នោះ​ទេ។ អ្នកស្រី​ថា​ កា​រប​ន្ធូ​បន្ថយ​ករណី​លោក​ កឹម​ សុខា​ តែឯង​ មិន​អាច​ដោះស្រាយ​រឿង​វិបត្តិEBA នេះ​បានទេ​ ព្រោះ​នៅ​មាន​លក្ខខណ្ឌ​ជាច្រើន​ទៀត​ដែល​សហភាព​អឺរ៉ុប​បាន​ដាក់ចេញ​ និង​ទាមទារ៖ «លោក​ ហ៊ុន​ សែន​ គាត់​ធ្វើ​នេះ​ គឺ​នៅក្នុង​សេ​ណា​រី​យ៉ូ​របស់​គាត់​ទៀតហើយ។ គឺ​ជា​យុទ្ធវិធី​ ជា​យុទ្ធសាស្ត្រ​របស់​គាត់​នៅក្នុង​ការ​បំបែក​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​បែកគ្នា​ ឲ្យ​លោក​ប្រធាន​ កឹម​ សុខា​ នៅ​ឆ្ងាយ​ពី​លោក​ប្រធាន​ស្តីទី​ សម​ រង្ស៊ី​ ឲ្យ​យើងខ្ញុំ​នៅ​ឆ្ងាយ​ពី​ប្រទេសជាតិ​។ ខុស​ហើយ​ ខុស​ស្រលះ។ ជាតិ​របស់​យើង​ គឺ​យើង​ទាំងអស់គ្នា​ត្រូវ​កសាង​ជាមួយគ្នា​ ហើយ​ត្រូវ​មានការ​ផ្សះ​ផ្សារ​ជាតិ​ មិនបាច់​ចាំ​មក​បំបែក​គណបក្ស​សង្គ្រោះ​ជាតិ។ គណបក្ស​សង្គ្រោះ​ជាតិ​អត់​បែក​ជា​ដាច់ខាត»

មន្ត្រី​សង្គម​ស៊ីវិល និង​ជានា​យក​ប្រតិបត្តិ​អង្គការ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​ និង​សិទ្ធិមនុស្ស​ ហៅ​កាត់​ថា សង់​ត្រាល់ (CENTRAL)លោក មឿន តុលា ពុំ​មាន​សុទិដ្ឋិនិយម​ទេ​ថា របាយ​ការណ៍​វាយ​តម្លៃ​របស់​សហភាព​អឺរ៉ុប​ នឹង​មាន​ភាព​វិជ្ជមាន​នោះ​ ដោយសារតែ​មានការ​កើនឡើង​ករណី​ការ​ចាប់ខ្លួន​ ធ្វើទុក្ខ​បុកម្នេញ​មក​លើស​កម្ម​ជន​គណបក្ស​ប្រឆាំង​ ព្រមទាំង​ការ​ចល័ត​ទ័ព​ជាដើម៖ «ការ​ឆ្លើយ​តប​របស់​រដ្ឋាភិបាល​នា​ពេល​នេះ ហាក់​បី​ដូច​ជា​មិន​បាន​ឆ្លើយ​ទៅ​នឹង​អ្វី​ដែល​គេ​ចង់​បាន​ឡើយ។ អ៊ីចឹង​លទ្ធផល​នៃ​ការ​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ គឺ​ហាក់​ដូច​ជា​មិន​មាន​ជា​វិជ្ជមាន​សោះ។ ខ្ញុំ​ហាក់ដូចជា​បារម្ភ​ខ្លាំង​មែនទែន។ ជា​រឿង​មួយ​សោក​ស្តាយ​ដែល​អន្តរជាតិ​ គេ​ទៅជា​ជំរុញ​ឲ្យ​យើង​ព្យាយាម​ផ្សះ​ផ្សារ​ជាតិ​ទៅវិញ។ នេះ​ជា​ចំណុច​សំខាន់​ដែល​យើង​ ក្នុងនាម​ជាតិ​ខ្លួ​នយើងៗ​គួរ​ពិចារណាមើល​ថា​តើ​យើង​ឈ្លោះ​គ្នា​ដល់ណា​នេះ​ជា​ចំណុច​មួយ​ធ្វើឲ្យ​អន្តរជាតិ​គេ​បារម្ភ​ពី​ជាតិ​យើង​ជំនួស​យើង​ទៅវិញ​នោះ»

សម្រាប់​លោក​ រ៉ុង​ ឈុន​ វិញ​ ក៏​យល់ឃើញ​ដែរ​ថា​ ការ​បន្ធូរបន្ថយ​បន្តិចបន្ទួច​របស់​របប​ក្រុងភ្នំពេញ​នេះ​ មិន​អាចយ​កទៅ​ទូទាត់​នឹង​លក្ខខណ្ឌ៥ចំណុច​ ដែល​សហភាព​អឺរ៉ុប​ទាមទារ​នោះ​ទេ​ ក្នុង​នោះ​មានការ​ដោះលែង​លោក​ កឹម​ សុខា​ ការ​ធ្វើឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​រស់​ឡើងវិញ​ ការ​លុប​បម្រាម​ដើម្បីឲ្យ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ១១៨រូប​ធ្វើនយោបាយ​ឡើងវិញ​បាន​ ការ​ផ្តល់​តំណែង​ដល់​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​គណបក្ស​សង្គ្រោះ​ជាតិ​ ៥០០៧នាក់​ និង​ការរៀបចំ​ការបោះឆ្នោត​ឡើងវិញ៖ «សហភាព​អឺរ៉ុប​ក៏​នៅ​មាន​ភ្ជាប់​លក្ខខណ្ឌ​បន្ថែម​លើ៥ចំណុច​ហ្នឹង ដូច​ជា លក្ខខណ្ឌ​ការងារ​កម្មករ​ផង​ដែរ​ ក៏ដូចជា​លក្ខខណ្ឌ​សារព័ត៌មាន​ដែល​តម្រូវឲ្យ​មានការ​ផ្សាយ​ឡើងវិញ​ផង​ដែរ។ ប៉ុន្តែ​ យើង​ពិនិត្យ​មើល​ជាក់​ស្តែង​ រដ្ឋាភិបាល​មិន​ទាន់​បាន​ដោះ​ស្រាយ​នូវ​រាល់​ចំណុច​ទាំងអស់​នេះ​នៅឡើយ​ទេ។ ដូច្នេះ​ គ្រាន់​តែ​ជា​ការ​បន្ធូរ​បន្ថយ​បន្តិចបន្តួច​ អ៊ីចឹង​មិន​អាច​រក្សា EBA បាន​ទេ បើសិនជា​រដ្ឋាភិបាល​កម្ពុជា​ មិនព្រម​ធ្វើការ​សម្រុះសម្រួល​ឲ្យបាន​ទាន់​ពេល​វេលា»

លោក រ៉ុង ឈុន​ អំពាវនាវ​ឲ្យ​អ្នក​នយោបាយ​តម្កល់​ផលប្រយោជន៍​ជាតិ​ជាធំ​ ជាជាង​គិតតែពី​ផលប្រយោជន៍​បុគ្គល​ ដើម្បី​ដោះស្រាយ​បញ្ហា​នយោបាយ​នៅ​កម្ពុជា​នេះ៖ «ដើម្បី​បញ្ចប់​នូវ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​ ត្រូវតែ​ធ្វើការ​សម្របសម្រួល​ទាំង​វត្តមាន​លោក​ សម​ រង្ស៊ី​ វត្តមាន​លោក​ កឹម​ សុខា។ អ្នកនយោបាយ​ខ្មែរ​ទាំងអស់​ត្រូវតែ​ចូលរួម​ជីវិត​នយោបាយ​ ឬធ្វើនយោបាយ​ឡើងវិញ​។ សូមឲ្យ​អ្នកនយោបាយ​ទាំងអស់​ ត្រូវតែ​តម្កល់​នូវ​ផលប្រយោជន៍​ជាតិ​ជាធំ​ កុំ​យក​រឿង​បញ្ហា​បុគ្គល​ បញ្ហា​រឿង​ផ្ទាល់ខ្លួន​ ទៅ​ធ្វើឲ្យ​ប៉ះពាល់​ដល់​ប្រយោជន៍ជាតិ​ ដល់​ផលប្រយោជន៍​ប្រជាពលរដ្ឋ។ នេះ​ជា​រឿង​មួយ​គ្រោះថ្នាក់​បំផុត​សម្រាប់​ប្រជាជាតិ​ខ្មែរយើង»

ក្រោយ​របប​ក្រុងភ្នំពេញ​​​រម្លាយ​គណបក្ស​ប្រឆាំង​ និង​ជម្នះ​បង្កើត​រដ្ឋាភិបាល​ និង​រដ្ឋសភា​ឯក​បក្ស​ តាមរយៈ​ការបោះឆ្នោត «ក្លែងក្លាយ» រួច​មក​ សហភាព​អឺរ៉ុប​ បាន​ចាប់ផ្តើម​ដំណើរការ​នីតិវិធី​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «គ្រប់មុខ​ទំនិញ​ទាំង​អស់​លើកលែងតែ​អាវុធ​» ហៅ​កាត់​ថា EBAកាល​ពី​ថ្ងៃ​ទី១២​ ខែ​កុម្ភៈ​ ឆ្នាំ២០១៩​ ដើម្បី​ដាក់​សម្ពាធ​មក​លើ​របប​នេះ​ឲ្យ​ងាក​មក​ស្តារ​ប្រជាធិបតេយ្យ​ និង​ការគោរព​សិទ្ធិមនុស្ស​ឡើង​វិញ។ នៅ​ថ្ងៃ​ទី១២​ វិច្ឆិកា សហភាព​អឺរ៉ុប​នឹង​ចេញ​ផ្សាយ​របាយការណ៍​វាយតម្លៃ​ចំពោះ​ការ​រក​ឃើញ​របស់​ខ្លួន​ ជុំវិញ​បញ្ហា​រំលោភសិទ្ធិ​មនុស្ស​ សិទ្ធិ​នយោបាយ​ និង​សិទ្ធិ​ការងារ​នៅ​កម្ពុជា​ ដែល​ជាឯក​សារ​គោល​ក្នុង​ការ​យក​ទៅ​សម្រេចចិត្ត​ថា​តើ​ត្រូវ​ដក​ ឬមិន​ត្រូវ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBAនោះ។ របប​ក្រុង​ភ្នំពេញ​មាន​រយៈ​ពេល​មួយ​ខែ​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​រក​ឃើញ​នេះ។ បន្ទាប់​មក​ សហភាព​អឺរ៉ុប​ នឹង​ធ្វើ​សេចក្តី​សម្រេចចិត្ត​ចុងក្រោយ​ ថា​តើ​ត្រូវ​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ យ៉ាង​យូរ​បំផុត​ត្រឹម​ថ្ងៃ​ទី១២​ ខែ​កុម្ភៈ​ ឆ្នាំ២០២០។ ប្រសិន​បើ​សហភាព​​អឺរ៉ុប​ សម្រេច​ដកហូត​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​ នោះ​ការ​គិត​ពន្ធ​ជា​ផ្លូវការ​ពី​កម្ពុជា​ នឹង​ចាប់ផ្តើម​ពី​ពាក់កណ្តាល​ខែសីហា​ ឆ្នាំ២០២០ ត​ទៅ។ ស្ថាប័ន​អន្តរ​ជា​តិ​ធំៗ​ រួម​មាន​​ធនាគារ​ពិភពលោក (World Bank) ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) សុទ្ធតែ​បាន​ព្រមាន​ព្រមៗ គ្នា​ថា​ សេដ្ឋកិច្ច​កម្ពុជា​ នឹង​ប្រឈម​នឹង​ការ​ធ្លាក់​ចុះ​ពី ៧ភាគ​រយ​​នៅ​ឆ្នាំ២០១៩ នេះ មក​នៅ ៦,៨ភាគ​រយ​ នៅ​ឆ្នាំ២០២០​ ដោយសារ​តែ​ភាព​មិន​ប្រាកដប្រជា​នៃ​ការ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប​។ កម្ពុជា​អាច​នឹង​ខាតបង់​រហូត​ដល់​ទៅ​ជិត​ ៧០០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ ប្រសិនបើ​សហភាព​អឺរ៉ុប​សម្រេច​យក​ពន្ធ​លើ​រាល់​មុខ​ទំនិញ​ទាំង​អស់​របស់​កម្ពុជា​មែន​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "សហភាពអឺរ៉ុប ចង់​ឃើញ​កម្ពុជា​បើក​ចំហ​លំហ​នយោបាយ​ជា​បន្ទាន់ និង​ចាប់​ផ្តើម​ដំណើរ​ការ​ផ្សះផ្សារ​ជាតិ​តាម​រយៈ​កិច្ច​សន្ទនា​ពិត​ប្រាកដ​មាន​ការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ"

  1. Anonymous says:

    this time more then ever HUN SEN can not play game white the world . it is very shameful that this unfortunate nation was always had to bagging to have peace between it’s own people and the unpredictable leader . right at this moment all Cambodian now clear about HUN SEN this guy is truly betray this nation indeed. world community will not back up any more because they are sick and tied to see this problem nation been playing too much game that they hat the most. as the nation lover we are warning to HUN SEN to think over this country is not belonging to you. every Cambodian is have their right to choose their leader . if you are not a good leader just going hell and do not trying to make these people suffering . this is what I said >>what going up it have to com down it is now come true. do or die is your answer Mr GOD bless Cambodia