ស្នងការ​ពាណិជ្ជកម្ម​អឺរ៉ុប​សម្ដែង​ក្ដី​កង្វល់​ខ្លាំង​អំពី​ស្ថានភាព​សិទ្ធិមនុស្ស​ ខណៈ​ដាក់​របាយការណ៍​វាយតម្លៃ​ឈាន​ទៅ​ព្យួរ​ EBA​ ដល់​កម្ពុជា​

ដោយ មាន ឫទ្ធិ
2019-11-13
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ស្នងការ​ពាណិជ្ជកម្ម​អឺរ៉ុប អ្នកស្រី សេស៊ីលីយ៉ា ម៉ាស្ត្រុម (Cecilia Malmstrom)

ស្នងការ​ពាណិជ្ជកម្ម​អឺរ៉ុប អ្នកស្រី សេស៊ីលីយ៉ា ម៉ាស្ត្រុម (Cecilia Malmstrom)Screenshot: Cecilia Malmstrom Twitter


ស្នងការ​ពាណិជ្ជកម្ម​អឺរ៉ុបសម្ដែងក្តីកង្វល់ខ្លាំងអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា


ស្នងការ​ពាណិជ្ជកម្ម​អឺរ៉ុប​សម្ដែង​ក្តី​កង្វល់​ខ្លាំង​អំពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ខណៈ​សហភាព​អឺរ៉ុប​ដាក់​របាយការណ៍​វាយតម្លៃ​បឋម​ជូន​កម្ពុជា មុន​នឹង​ឈាន​ទៅ​សម្រេច​ចិត្តជា​ផ្លូវការ​ថា តើ​ត្រូវ​ដកហូត ឬ​មិន​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «​គ្រប់​មុខទំនិញ​ទាំងអស់​លើកលែងតែ​អាវុធ​» ឬ EBA របស់​សហភាព​អឺរ៉ុប។

គណៈកម្មការ​អឺរ៉ុប នៅ​ថ្ងៃ​ទី១២ វិច្ឆិកា បាន​បិទ​បញ្ចប់​ហើយ​ការ​សរសេរ​របាយការណ៍​វាយតម្លៃ​បឋម​អំពី​ករណី​រំលោភ​សិទ្ធិមនុស្ស សិទ្ធិ​នយោបាយ និង​សិទ្ធិ​ការងារ​នៅ​កម្ពុជា​។ គណៈកម្មការ​អឺរ៉ុប​បញ្ជាក់​ក្នុង សេចក្ដី​ថ្លែងការណ៍​ផ្សាយ​ថ្ងៃ​ទី​១២ វិច្ឆិកា ថា ខ្លួន​បាន​ផ្ញើ​របាយការណ៍​បឋម​នេះ ទៅ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ជា​ផ្លូវការ​រួចរាល់​ហើយ នៅ​ថ្ងៃ​ទី​១២ វិច្ឆិកា ហើយ​ថា របាយការណ៍​វាយតម្លៃ​បឋម​នេះ បង្ហាញ​នូវ​របកគំហើញ​ពី​ការស៊ើបអង្កេត​របស់​ខ្លួន​ដែល​បាន​ធ្វើឡើង​តាំងពី​សហភាព​អឺរ៉ុប​បាន​ចាប់ផ្តើម​ដំណើរការ​នីតិវិធី​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា កាលពី​ពាក់​កណ្តាល​ខែ​កុម្ភៈ​កន្លង​ទៅ។

ស្នងការ​ពាណិជ្ជកម្ម​អឺរ៉ុប អ្នកស្រី សេស៊ីលៀ ម៉ាស្ត្រុម (Cecilia Malmstrom) សរសេរ​បញ្ជាក់​ក្នុង​ទំព័រ​ទ្វីតធ័​រ (Twitter) ផ្លូវការ​របស់​អ្នកស្រី​ថា យើង​បាន​បញ្ចប់​របាយការណ៍​របស់​យើង​អំពី​ការ​ព្យួរ​បណ្ដោះអាសន្ន​នៃ​ការ​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប​ដល់​កម្ពុជា​។ អ្នកស្រី​សង្កត់​ធ្ងន់ៗ​ថា យើង​មាន​ក្តី​កង្វល់​យ៉ាង​ខ្លាំង​អំពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។ អ្នកស្រី​បន្ត​ថា អាជ្ញាធរ​កម្ពុជា ឥឡូវ​នេះ មាន​រយៈពេល​មួយ​ខែ​ដើម្បី​ធ្វើ​ការ​ឆ្លើយ​តប និង​ថា សហភាព​អឺរ៉ុប នឹង​ធ្វើ​សេចក្តី​សម្រេចចិត្ត​ស្ថាពរ​របស់​ខ្លួន​នៅ​ក្នុង​ខែ​កុម្ភៈ ឆ្នាំ​ក្រោយ​នេះ។

ក្រៅពី​ការ​សម្ដែង​កង្វល់​ខ្លាំង​អំពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នេះ ស្នងការ​ពាណិជ្ជកម្ម​អឺរ៉ុប​រូប​នេះ មិន​បាន​ទម្លាយ​ឱ្យ​ដឹង​ពី​ខ្លឹមសារ​លម្អិត នៃ​របាយការណ៍​វាយតម្លៃ​បឋម​របស់​សហភាព​អឺរ៉ុប​នេះ​ឡើយ ជុំវិញ​ជំហរ​របស់​សហភាព​អឺរ៉ុប ថា តើ​អាច​នឹង​ឈាន​ទៅ​សម្រេច​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា ដែរ​ឬ​យ៉ាងណា​នោះ​។ ប្រភព​ពី​មន្ត្រី​គណៈកម្មការ​អឺរ៉ុប​មួយ​រូប សុំ​មិន​បញ្ចេញ​ឈ្មោះ ប្រាប់​អាស៊ីសេរី​តាម​ទូរស័ព្ទ កាល​ពី​ថ្ងៃ​ទី​១២ វិច្ឆិកា គណៈកម្មការ​អឺរ៉ុប​បញ្ចេញ​របាយការណ៍​នេះ ឱ្យ​ដល់​តែ​ខាង​ភាគី​អាជ្ញាធរ​កម្ពុជា​តែប៉ុណ្ណោះ។ មន្ត្រី​គណៈកម្មការ​អឺរ៉ុប​ដដែល​នេះ​ថា របាយការណ៍​វាយតម្លៃ​បឋម​នេះ មិន​អាច​បញ្ចេញ​ជា​សាធារណៈ​បាន​ឡើយ ដោយ​រក្សា​ជា​ការ​សម្ងាត់ ហើយ​មានតែ​ភាគី​អាជ្ញាធរ​កម្ពុជា​តែប៉ុណ្ណោះ​ដែល​ដឹង​ពី​ខ្លឹមសារ​នៃ​របាយការណ៍​នេះ​។ លោក​ថា អាជ្ញាធរ​កម្ពុជា​មាន​រយៈ​ពេល​មួយ​ខែ ដើម្បី​ឆ្លើយតប ពោល​គឺ​យ៉ាង​យូរ​បំផុត​ត្រឹម​ថ្ងៃ​ទី​១១ ធ្នូ ឆ្នាំនេះ​។ លោក​បន្ត​ថា បន្ទាប់​មក នៅ​មុន​ពេល​សហភាព​អឺរ៉ុប​សម្រេច​ចិត្តជា​ស្ថាពរ ថា តើ​ត្រូវ​ដក ឬ​មិន​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ គណៈកម្មការ​អឺរ៉ុប នឹង​បញ្ចេញ​របាយការណ៍​នេះ​ជា​សាធារណៈ។

អាស៊ីសេរី បាន​ព្យាយាម​ទាក់ទង​ទៅ​ស្ថាន​បេសកកម្ម​កម្ពុជា​ប្រចាំ​ប្រទេស​ប៊ែលហ្សិក និង​សហភាព​អឺរ៉ុប ដើម្បី​សុំ​ការ​បញ្ជាក់​ពី​ការ​ទទួល​បាន​របាយការណ៍​នេះ និង​ខ្លឹមសារ​ជាក់លាក់​នៃ​ការ​វាយ​តម្លៃ​​នេះ ក៏ប៉ុន្តែ​ពុំ​មាន​អ្នក​លើក​ទូរស័ព្ទ​។ ដោយឡែក លោក ផៃ ស៊ីផាន មន្ត្រី​នាំ​ពាក្យ​របប​ក្រុងភ្នំពេញ មិនទាន់​អាច​បញ្ជាក់​បាន​នៅឡើយ​ទេ​ថា តើ​កម្ពុជា​បាន​ទទួល​របាយការណ៍​របស់​សហភាព​​អឺរ៉ុប​នោះ។ លោក​បាន​ជំរុញ​អាស៊ីសេរី ឱ្យ​ទាក់ទង​ទៅ​អ្នកនាំពាក្យ​ក្រសួង​ការបរទេស លោក កេត សាផាន់ តែ​លោក​មិន​លើក​ទូរស័ព្ទ។ យ៉ាង​ណា​ក៏​ដោយ​លោក ផៃ ស៊ីផាន ថា រដ្ឋាភិបាល​នៅ​តែ​មាន​សុទិដ្ឋិនិយម​ចំពោះ​របាយការណ៍​វាយតម្លៃ​ដំបូង​របស់​សហភាព​អឺរ៉ុប​នេះ៖ «ខ្ញុំ​ជឿ​វិជ្ជមាន​ពីព្រោះ​យើង​បាន​ជជែក​គ្នា ពន្យល់​គ្នា ដែល​ខុស​ប្លែក​ពី​គេ​ប្រើប្រាស់​របាយការណ៍​ចាស់​កន្លង​មក​ហើយ»។

លោក កុយ គួង អ្នកនាំពាក្យ​ក្រសួង​ការបរទេស​មួយ​រូប​ទៀត ត្រូវ​បាន​ភ្នាក់ងារ​សារព័ត៌មាន​អង់គ្លេស រ៉យទ័រ (Reuters) ស្រង់​ប្រសាសន៍​កាលពី​ថ្ងៃ​ទី​១២ វិច្ឆិកា ដោយ​បញ្ជាក់​ថា រដ្ឋាភិបាល​ទទួល​បាន​របាយការណ៍​របស់​សហភាព​អឺរ៉ុប​នេះ​ហើយ តែ​លោក​បដិសេធ​អត្ថាធិប្បាយ​បន្ថែម។

នៅ​មួយ​ថ្ងៃមុន​ការ​ចេញផ្សាយ​របាយការណ៍​វាយតម្លៃ​បឋម​នេះ កាលពី​ថ្ងៃ​ទី​១១ វិច្ឆិកា សហភាព​អឺរ៉ុប គូស​បញ្ជាក់​ ជាថ្មី​ម្ដង​ទៀត​ថា ខ្លួន​ចង់​ឃើញ​អាជ្ញាធរ​កម្ពុជា ចាត់​វិធានការណ៍​ជាបន្ទាន់ បើក​ចំហ​លំហ​នយោបាយ បង្កើត​ឱ្យ​មាន​នូវ​លក្ខខណ្ឌ​ចាំបាច់​នានា ដើម្បី​ឱ្យ​មាន​គណបក្ស​ប្រឆាំង​តាម​បែប​ប្រជាធិបតេយ្យ និង​ជឿ​ទុក​ចិត្ត​បាន ហើយ​ចាប់ផ្ដើម​ដំណើរការ​ផ្សះផ្សា​ជាតិ​តាមរយៈ​កិច្ច​សន្ទនា ដោយ​ពិតប្រាកដ និង​មានការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់។

ក្រៅពី​គូស​បញ្ជាក់​ពី​ចំណុច​សំខាន់ៗ ចង់​ឃើញ​ឱ្យ​មានការ​បើក​លំហ​នយោបាយ និង​ផ្សះផ្សា​​ជាតិ​ឡើងវិញ​នេះ សហភាព​អឺរ៉ុប​បញ្ជាក់​ថា «យើង​ចង់​ឃើញ​ឱ្យ​មានការ​ដោះលែង​លោក កឹម សុខា ទាំងស្រុង និង​មានការ​ផ្ដល់​សិទ្ធិ​នយោបាយ​ឱ្យ​លោក​ឡើងវិញ ដើម្បី​ឱ្យ​លោក កឹម សុខា អាច​បំពេញ​តួនាទី​ពេញលេញ​ក្នុង​ជីវិត​នយោបាយ​របស់​លោក»

សហភាព​អឺរ៉ុប ក៏​រំពឹង​ចង់​ឃើញ​អាជ្ញាធរ​កម្ពុជា ផ្ដល់​សិទ្ធិ​នយោបាយ​ដល់​គ្រប់​សមាជិក​គណបក្សប្រឆាំង​ទាំងអស់​ដែល​ត្រូវ​បាន​ហាមប្រាម​មិន​ឱ្យ​ធ្វើ​នយោបាយ និង​ឱ្យ​មានការ​ដោះលែង​សមាជិក ក្រុម​អ្នកគាំទ្រ និង​សកម្មជន​គណបក្សប្រឆាំង​ទាំងអស់ ដែល​អាជ្ញាធរ​កម្ពុជា​បាន​ចាប់ និង​ឃុំខ្លួន​ពួកគេ​ជា​បន្តបន្ទាប់ នា​រយៈពេល​ចុងក្រោយ​នេះ។

ក្រោយ​របប​ក្រុងភ្នំពេញ​រម្លាយ​គណបក្ស​ប្រឆាំង និង​ជម្នះ​បង្កើត​រដ្ឋាភិបាល និង​រដ្ឋសភា​ឯក​បក្ស តាមរយៈ​ការបោះឆ្នោត «​ក្លែងក្លាយ​» រួចមក សហភាព​អឺរ៉ុប បាន​ចាប់ផ្តើម​ដំណើរការ​នីតិវិធី​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «​គ្រប់​មុខទំនិញ​ទាំងអស់​លើកលែងតែ​អាវុធ​» ហៅ​កាត់​ថា EBAកាលពី​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ កន្លងទៅ ដើម្បី​ដាក់​សម្ពាធ​មក​លើ​របប​នេះ​ឱ្យ​ងាក​មក​ស្ដារ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ឡើងវិញ។ បន្ទាប់​ពី​សហភាព​អឺរ៉ុប បញ្ចេញ​របាយការណ៍​វាយតម្លៃ​បឋម​ចំពោះ​ការ​រក​ឃើញ​របស់​ខ្លួន ជុំវិញ​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស សិទ្ធិ​នយោបាយ និង​សិទ្ធិ​ការងារ​នៅ​កម្ពុជា ដែល​ជា​ឯកសារ​គោល​ក្នុង​ការ​យក​ទៅ​សម្រេច​ចិត្ត​ថា តើ​ត្រូវ​ដក ឬ​មិន​ត្រូវ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នោះ របប​ក្រុងភ្នំពេញ​មាន​រយៈពេល​មួយ​ខែ ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​រក​ឃើញ​នេះ។ បន្ទាប់​មក សហភាព​អឺរ៉ុប នឹង​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​ចុងក្រោយ ថា​តើ​ត្រូវ​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ យ៉ាង​យូរ​បំផុត​ត្រឹម​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០២០។

ប្រសិនបើ​សហភាព​អឺរ៉ុប សម្រេច​ដកហូត​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា នោះ​ការ​គិត​ពន្ធ​ជា​ផ្លូវការ​ពី​កម្ពុជា នឹង​ចាប់ផ្ដើម​ពី​ពាក់​កណ្ដាល​ខែ​សីហា ឆ្នាំ​២០២០ តទៅ​។ ស្ថាប័ន​អន្តរជាតិ​ធំៗ រួម​មាន ​ធនាគារ​​ពិភពលោក (World Bank) ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) មូលនិធិ​រូបិយវត្ថុ​​អន្តរជាតិ (IMF) សុទ្ធតែ​​បាន​​ព្រមាន​​ព្រមៗ គ្នា​​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា នឹង​ប្រឈម​នឹង​ការ​ធ្លាក់​ចុះ​ពី ៧​ភាគរយ​នៅ​ឆ្នាំ​២០១៩ នេះ មក​នៅ ៦,៨​ភាគរយ នៅ​ឆ្នាំ​២០២០ ដោយសារតែ​ភាព​មិន​ប្រាកដ​ប្រជា​នៃ​ការ​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប​។ កម្ពុជា​អាច​នឹង​ខាតបង់​រហូត​ដល់​ទៅ​ជិត ៧០០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំៗ ប្រសិនបើ​សហភាព​អឺរ៉ុប​សម្រេច​យកពន្ធ​លើ​រាល់​មុខទំនិញ​ទាំងអស់​របស់​កម្ពុជា​មែន​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles