ទូត​អាមេរិក និង​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​ទាមទារ​ឱ្យ​ទម្លាក់​ការ​ចោទ​ប្រកាន់​​អ្នក​យក​ព័ត៌មាន​អាស៊ីសេរី​២​រូប

ដោយ យន់ សាមៀន
2019-11-14
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អតីត​បុគ្គលិក​អាស៊ីសេរី លោក អ៊ួន ឈិន (ស្ដាំ) និង​លោក យាង សុធារិន្ទ (ឆ្វេង) ផ្ដល់​បទសម្ភាសន៍​ដល់​អ្នកសារព័ត៌មាន ក្រោយ​ពី​ចេញ​ពី​សវនាការ នៅ​តុលាការ​ក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី២៦ កក្កដា ២០១៩។

អតីត​បុគ្គលិក​អាស៊ីសេរី លោក អ៊ួន ឈិន (ស្ដាំ) និង​លោក យាង សុធារិន្ទ (ឆ្វេង) ផ្ដល់​បទសម្ភាសន៍​ដល់​អ្នកសារព័ត៌មាន ក្រោយ​ពី​ចេញ​ពី​សវនាការ នៅ​តុលាការ​ក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី២៦ កក្កដា ២០១៩។ Photo courtesy of Facebook Page KKKHRDA-Center


ស្ថានទូតអាមេរិក និងសម្ព័ន្ធអ្នកសារព័ត៌មានស្នើទម្លាក់បទចោទលើអតីតអ្នកយកព័ត៌មានអាស៊ីសេរី


ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ព្រមទាំង​អង្គការ​មនុស្សជាតិ និង​អន្តរជាតិ ទាមទារ​ឱ្យ​របប​ក្រុង ភ្នំពេញ​ទម្លាក់​ចោល​ការចោទប្រកាន់​លើ​អតីត​អ្នកយកព័ត៌មាន​អាស៊ីសេរី​ពីរ​រូប គឺ​លោក អ៊ួន ឈិន និង លោក យាង សុធារិន្ទ។ ការ​ទាមទារ​នេះ ធ្វើឡើង​ចំ​ខួប​២​ឆ្នាំ​ការ​ចាប់ខ្លួន​ពួកគេ ដែល​អង្គការ​សិទ្ធិមនុស្ស​ចាត់ទុក​ថា អ្នក​ទាំងពីរ គ្មាន​កំហុស​ដូច​ការចោទប្រកាន់។

អង្គការ​ជាតិ និង​អន្តរជាតិ ចេញ​សេចក្តី​ថ្លែងការណ៍​សំដែង​ការ​សោកស្ដាយ​ដែល​អតីត​អ្នកយកព័ត៌មាន​អាស៊ីសេរី​ទាំង​ពីរ​រូប ដែល​ជា​អ្នកកាសែត​ក្លាហាន នៅតែ​ជាប់ចោទ និង ស្ថិត​នៅ​ក្រោម​ការស៊ើបអង្កេត​របស់​តុលាការ ទាំង​តុលាការ​មិន​មាន​ភស្តុតាង​គ្រប់គ្រាន់ ដែល​ជា​មូលដ្ឋាន​យក​មក​ចោទប្រកាន់​ប្រឆាំង​អ្នក​ទាំងពីរ​ទេ​នោះ។

ស្ថានទូត​អាមេរិក បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​នៅ​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ថា ការ​ចាប់ខ្លួន និង​ការ​ឃុំខ្លួន ដ៏​យូរ និង​ដំណើរការ​កាត់​ក្តី​ដែល​អូស​បន្លាយ​ពេល​វែង លើ​អ្នកសារព័ត៌មាន​ទាំងពីរ​រូប​នេះ គឺជា​ការ បំផ្លាញ​សេរីភាព​សារព័ត៌មាន និង​ធ្វើ​ឱ្យ​អ្នក​ដទៃ​ទៀត មិន​ចង់​ធ្វើការងារ​ដ៏​សំខាន់​ផ្នែក​សារព័ត៌មាន នេះ​ទៀត។ ស្ថានទូត​អាមេរិក ទាមទារ​ឱ្យ​ទម្លាក់​ចោល​ការចោទប្រកាន់​លើ​អ្នកយកព័ត៌មាន​ទាំងពីរ នាក់ និង​ផ្ដល់​សិទ្ធិ​សេរីភាព​ពេញលេញ ឱ្យ​ពួកគេ​វិញ គឺជា​ការ​កែម​ត្រូវ​ឡើងវិញ​នូវ​អំពើ​អយុត្តិធម៌ គោរព​តាម​រដ្ឋធម្មនុញ្ញ និង​ជា​សញ្ញា​នៃ​ការ​ប្តេជ្ញា​ចិត្ត ចាំបាច់​ចំពោះ​តួនាទី​ដ៏​មាន​សារៈសំខាន់​នៃ អ្នកសារព័ត៌មាន​ឯករាជ្យ​នៅ​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch)  ក៏​បាន​ចេញ​សេចក្ដី ថ្លែងការណ៍​ទាមទារ​ឱ្យ​តុលាការ​កម្ពុជា ទម្លាក់​ចោល​ការ​ប្រកាន់​លើ​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ពី​បទ​ចារកម្ម ដែល​អង្គការ​អន្តរជាតិ​មួយ​នេះ ពិនិត្យ​ឃើញ​ថា គ្មាន​ភស្តុតាង​ពិត​ប្រាកដ។

នាយករង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) ទទួលបន្ទុក​តំបន់​អាស៊ី និយាយ​ក្នុង​សេចក្ដីថ្លែងការណ៍​ថា ករណី​ចោទប្រកាន់​លើ​អតីត​អ្នកយកព័ត៌មាន​អាស៊ីសេរី​នេះ គួរតែ​ត្រូវ​បាន​ទម្លាក់​ចោល​តាំងពី​យូរ​មក​ហើយ ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា ហាក់​ដូច​ជា​មាន​ចេតនា​ប្រើប្រាស់​ការចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​នេះ ជា​ការ​ព្រមាន​ទៅ​អ្នកសារព័ត៌មាន​ឯករាជ្យ​ដទៃ​ទៀត ។ លោក ហ្វីល រ៉ូប៊ឺតសុន ចាត់ទុកថា ការ​មិន​បញ្ចប់​សំណុំ​រឿង​នេះ គឺជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ក្នុង​ការ​បំបិទ​សំឡេង​រិះគន់​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា។ទន្ទឹម​គ្នា​នេះ សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ហៅ​កាត់​ថា ខេមបូចា ក៏បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ ដែរ​នៅ​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ដោយ​ស្នើសុំ​តុលាការ​កម្ពុជា​ឱ្យ​ទម្លាក់​ចោល​ទាំងស្រុង​នូវ​បទចោទប្រកាន់​ប្រឆាំង​នឹង​អតីត​អ្នកយកព័ត៌មាន​វិទ្យុ​អាស៊ីសេរី​ពីរ​នាក់​។ ខេមបូចា ពិនិត្យ​ឃើញ​ថា គិត​ត្រឹម​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៩​នេះ អ្នក​ទាំងពីរ​បាន​រស់នៅ​ដោយ​មិន​មាន​សិទ្ធិ​សេរីភាព​ពេញលេញ អស់​រយៈពេល​២​ឆ្នាំ​មក​ហើយ ដោយសារ​ការ​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ ក្រោយ​ត្រូវ​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ កាលពី​ខែ​សីហា ឆ្នាំ​២០១៨។

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា លោក ម៉ៃ ទិត្យថារ៉ា ថ្លែង​ថា ការ​បន្ត​ចោទប្រកាន់​ដ៏​ធ្ងន់ធ្ងរ និង​គ្មាន​មូលដ្ឋាន​នេះ បាន​បង្ក​ក្តី​ព្រួយបារម្ភ​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​អតីត​អ្នក​សារព័ត៌មាន​ទាំងពីរ​នាក់ និង​ជា​ការ​គំរាមកំហែង​ដល់​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ទាំង​មូល៖ «ការ​បន្ត​ធ្វើទុក្ខបុកម្នេញ​លើ​អតីត​អ្នកសារព័ត៌មាន​ទាំងពីរ​រូប​នេះ គឺជា​ការ​បន្ត​បំភិតបំភ័យ​ដល់​អ្នកសារព័ត៌មាន​ទាំងអស់​នៅ​កម្ពុជា ជាពិសេស​អតីត​អ្នកយកព័ត៌មាន​អាស៊ីសេរី ដែល​អ្នកខ្លះ​មិន​ហ៊ាន​បន្ត​អាជីព​ជា​អ្នកសារព័ត៌មាន ហើយ​អ្នក​ខ្លះ​ទៀត​បន្ត​លាក់ខ្លួន ដោយសារ​ភាព​ភ័យខ្លាច​។ ដូច្នេះ​ហើយ​ទើបបាន​យើង​ស្នើសុំ​ឱ្យ​តុលាការ​ពិចារណា​ក្នុង​ការ​ទម្លាក់​បទ​លើ​អ្នក​ទាំងពីរ​នេះ​ដើម្បី​ឱ្យ​មាន​លំហ​សេរីភាព​សារព័ត៌មាន និង​ប្រកប​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​បាន»។

លោក យាង សុធារិន្ទ និង លោក អ៊ួន ឈិន ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ និង​ត្រូវ​បាន​ចោទប្រកាន់​ពី «​បទ​ប្រគល់​ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជាអាទិ៍​ដែល​អាច​ធ្វើ​ឱ្យ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ​» និង បទ «​ផលិត និង​កាន់កាប់​រូបភាព​អាសអាភាស»។ តុលាការ​បាន​ឃុំខ្លួន​អ្នក​ទាំងពីរ​ជាង ៩​ខែ ទើប​អនុញ្ញាត​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ប៉ុន្តែ​តុលាការ​បាន​បន្ត​រក្សាទុក​វត្ថុ​ចាប់​យក និង​លិខិតឆ្លងដែន​របស់​អ្នក​ទាំងពីរ​ដដែល ធ្វើ​ឱ្យ​អ្នក​ទាំងពីរ​គ្មាន​សេរីភាព​ដើរហើរ​ពេញលេញ​ឡើយ។ ក្រុមប្រឹក្សា​ជំនុំជម្រះ​តុលាការ​ក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៣ ខែ​តុលា ឆ្នាំ​២០១៩ បាន​ចាត់តាំង និង​បង្គាប់​ឱ្យ​ចៅក្រម​ស៊ើបសួរ យក​សំណុំរឿង​អ្នក​ទាំងពីរ​ស៊ើបអង្កេត​បន្ថែម​ទៀត ដែល​មិនបាន​កំណត់​ពេលវេលា​ជាក់លាក់ ក្រោយពី​តុលាការ​បើកសវនាការ​ជំនុំជម្រះ​ហើយ​នោះ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​សំណុំ​រឿង​នេះ​ត្រូវ​អូស​បន្លាយ​ត​ទៅ​មុខ​ទៀត ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​របស់​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ។

អតីត​អ្នកយកព័ត៌មាន​អាស៊ីសេរី លោក យាង សុធារិន្ទ បង្ហាញ​ក្ដី​រីករាយ​ដែល​ស្ថានទូត​អាមេរិក ព្រមទាំង​អង្គការ​ជាតិ​និង​អន្តរជាតិ ចេញ​សេចក្ដី​ថ្លែង​ការណ៍​គាំទ្រ ខ្វាយខ្វល់​ពី​សុខទុក្ខ​របស់​លោក ទាំងពីរ និង​ទាមទារ​ឱ្យ​តុលាការ​ទម្លាក់​ចោលការ​ចោទប្រកាន់​ទាំងស្រុង​លើ​លោក​ទាំងពីរ​ផង​ដែរ៖ «ខ្ញុំ​យល់​ថា ការ​ទាមទារ​ឱ្យ​ទម្លាក់​ចោល​បទ​នេះ គឺ​ដូច​អ្វី​ដែល​ពួក​ខ្ញុំ​កំពុងតែ​ទាមទារ​ដែរ។ យើង​ឃើញ​ថា រយៈពេល​២​ឆ្នាំ​នៃ​ការ​ចាប់ខ្លួន​ពួក​យើង​និង​ដាក់​ពួក យើង​ទាំងពីរ​នាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ​នេះ រហូតមកដល់​ពេលនេះ តុលាការ មិន​អាច​រក​ភស្តុតាង​ដាក់​បន្ទុក​លើ​ពួក​ខ្ញុំ និង​មិន​បាន​រក​ភស្តុតាង​បង្ហាញ​ថា ពួក​ខ្ញុំ​បាន​ធ្វើ​ព័ត៌មាន ឬ​បញ្ជូន​ព័ត៌មាន​ឱ្យ​រដ្ឋ​បរទេស​ដែល​ធ្វើ​ឱ្យ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ​នោះ​ទេ។ ដូច្នេះ​នៅ ពេល​ដែល​តុលាការ​មិន​មាន​សមត្ថភាព​បញ្ជាក់​ភស្តុតាង​ជាទូទៅ​ថា ពួក​ខ្ញុំ​បាន​ប្រព្រឹត្ត​បទល្មើស តើ​ហេតុ​អី​តុលាការ​នៅតែ​បន្ត​ដាក់​ពួក​ខ្ញុំ​ឱ្យ​បន្ត​ឋិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​ដែល​គួរណា​តែ​ទម្លាក់​ចោល ការ​ចោទប្រកាន់​លើ​ពួក​ខ្ញុំ​ទាំងពីរ»។

លោក យាង សុធារិន្ទ បន្ត​ថា ការ​បន្ត​សំណុំរឿង​របស់​លោក​បែប​នេះ ធ្វើ​ឱ្យ​ប៉ះពាល់​ផ្លូវចិត្ត និង​សេដ្ឋកិច្ច​គ្រួសារ​របស់​លោក​យ៉ាង​ធ្ងន់ធ្ងរ៖ «យើង​ពិបាកចិត្ត​និង​បារម្ភ​ថា មិន​ដឹង​ថា វា​យ៉ាងម៉េច​ទៀត​ទៅ​ថ្ងៃ​ខាងមុខ ហើយ​ដោយឡែក​មួយទៀត ពី​ក្រុម​គ្រួសារ​ខ្ញុំ​វិញ​មានការ​លំបាក​ក្នុង​ជីវភាព​ខណៈ​ដែល​ជីវភាព​គ្រួសារ​របស់​យើង​លំបាក​ស្រាប់​ហើយ។ ការ​រឹតត្បិត​លើ​ពួក​យើង​ធ្វើ​ឱ្យ​ពួក​យើង​ពិបាក​ក្នុង​ការ​បន្ត​អាជីព​ដែល​យើង​ស្រលាញ់ ឬ​ប្រកបមុខរបរ​ចិញ្ចឹម​ជីវិត។ សម្រាប់​ខ្ញុំ​វិញ សូម្បីតែ​ចង់​ទៅ​លែង​ឪពុក ម្ដាយ​ចាស់ៗ​នៅ​កម្ពុជា​ក្រោម​ក៏​មិនបាន សូម្បីតែ​សាច់ញាតិ​របស់ខ្ញុំ​ដែល​ស្លាប់ ក៏​មិន​អាច​ទៅ​ចូលរួម​បុណ្យ​សព​បាន​ផង។ នេះ​គឺជា​រឿង​មួយ​ដែល​រំខាន​ញាំញី​ដោយ​ផ្លូវចិត្ត​របស់ខ្ញុំ​មែនទែន»។

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ឆ្លើយតប​ថា ការ​ទម្លាក់​ចោលការ​ចោទប្រកាន់​និង មិន​ទម្លាក់​ចោល​សម្រាប់​អតីត​អ្នកយកព័ត៌មាន​អាស៊ីសេរី​ទាំងពីរ​រូប គឺ​មាន​តែ​តុលាការ​នោះ​ទេ ដែល មាន​សិទ្ធិ​សម្រេច​ដោយ​ផ្អែកលើ​លទ្ធផល​នៃ​ការស៊ើបអង្កេត និង​ការស្រាវជ្រាវ៖«ពីព្រោះ​សំណុំ​រឿង​នេះ ត្រូវ​បាន​ចៅក្រម​ចាត់​របៀប​ឱ្យ​មាន​ការ​ស៊ើបសួរ និង​ស៊ើបអង្កេត​បន្ថែម​ដើម្បី​ឱ្យ​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ មុននឹង​ធ្វើការ​សន្និដ្ឋាន និង​សម្រេច​ដើម្បី​ធានា​នូវ​ភាព​យុត្តិធម៌​សម្រាប់​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់»។

នៅ​មុន​នេះ​មួយថ្ងៃ​អង្គការ​លើកលែងទោស​អន្តរជាតិ (Amnesty International) ) ក៏​បាន​ចេញ​សេចក្ដី ថ្លែងការណ៍​ស្នើសុំ​ឱ្យ​តុលាការ​កម្ពុជា ទម្លាក់​ចោល​ការចោទប្រកាន់​លើ​អតីត​អ្នកយកព័ត៌មាន​អាស៊ី សេរី​ជាបន្ទាន់។

នាយក​ប្រចាំ​តំបន់​អាស៊ី​បូព៌ា និង​អាស៊ីអាគ្នេយ៍ លោក នីកូឡាស បេឃឺលីន (Nicholas Beque lin) ​មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ថា កាល​ពី​ពីរ​ឆ្នាំ​កន្លង​មក ជា​រឿង​គួរ​ឱ្យ​សោកស្ដាយ​បំផុត ដែល​អតីត​អ្នកយកព័ត៌មាន​អាស៊ីសេរី​ទាំងពីរ​រូប ដែល​ជា​អ្នកកាសែត​ក្លាហាន នៅតែ​ជាប់ចោទ និង​ស្ថិត​នៅ​ក្រោម​ការស៊ើបអង្កេត​របស់​តុលាការ​ទាំង​តុលាការ​មិន​មាន​ភស្តុតាង​គ្រប់គ្រាន់ ទាល់​តែ​សោះ។ លោក​បន្ថែម​ថា នេះ​ជា​ការ​ចោទប្រកាន់​ទាំង​អយុត្តិធម៌ ដែល​ស្ដែង​ឱ្យ​ឃើញ​កាន់​តែ​ច្បាស់ ចំពោះ​ការប៉ុនប៉ង​ឥត​លាក់លៀម ដើម្បី​រារាំង​សេរីភាព​បញ្ចេញមតិ និង​ការព្រមាន ឬ​ធ្វើទុក្ខបុកម្នេញ​យ៉ាង​ច្បាស់​ដល់​អ្នកសារព័ត៌មាន​ឯករាជ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles