សង្គម​ស៊ី​វិល​បារម្ភ​ថា​ គ្រឿង​ចក្រ​ចិន​មិន​សូវ​មាន​គុណភាព​អាច​បណ្តា​ល​ឲ្យ​កសិករ​ខ្មែរ​ខាតបង់​ថវិកា​

​អូន ​ភាព
2019-11-20
RFA

ក្រសួង​កសិកម្ម​ចុះ​អនុស្សរណៈ​នៃ​ការ​យោគ​យល់​ជា​មួយ​ក្រុម​ហ៊ុន​ចិន ​ហ្សូម​ឡាយ​អិន​ (Zoomlion) ​នៅ​ទីក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃទី១៨ ខែ​វិច្ឆិកា ឆ្នាំ២០១៩។

ក្រសួង​កសិកម្ម​ចុះ​អនុស្សរណៈ​នៃ​ការ​យោគ​យល់​ជា​មួយ​ក្រុម​ហ៊ុន​ចិន ​ហ្សូម​ឡាយ​អិន​ (Zoomlion) ​នៅ​ទីក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃទី១៨ ខែ​វិច្ឆិកា ឆ្នាំ២០១៩។

 រូបភាព​ពីក្រសួង​កសិកម្ម​


សមាគម​កសិករ​លើក​ឡើង​ថា​ ផលិតផល​របស់​ចិន​នៅ​កម្ពុជាប្រហែល​ជា​មិនសូវ​ទទួល​បានការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ទេ​ ដោយសារ​ផលិតផល​ទាំងនោះ​គ្មាន​គុណភាព​។ ការ​លើកឡើង​នេះ​ ក្រោយ​មាន​ក្រុមហ៊ុន​ចិន​មាន​គម្រោង​នាំចូល​ឧបករណ៍​និង​គ្រឿងយន្ត​កសិកម្ម​ទំនើប​ដើម្បី​លក់​ឱ្យ​ប្រជាកសិករ​ខ្មែរ​។

អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​កសិកម្ម​ ក្រសួង​កសិកម្ម​លោក​ ងិន​ ឆាយ​ ប្រាប់​អាស៊ី​សេរី​កាលពី​ថ្ងៃទី​ ១៩​ វិច្ឆិកា​ម្សិលមិញ​នេះ​ថា​ ក្រុមហ៊ុន​ចិន​Zoomlion​

មាន​ឧបករណ៍​ដាំពោត​ ឧបករណ៍​ដាំដំឡូង​ ឧប​កណ៍​ប្រមូល​ផល​ ហើយនឹង​ឡសម្ងួត​ឬឃ្លាំង​ស្ដ​ុ​កផលិតផល​ជាដើម​។

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ លោក​ វេង​ សា​ខុន​ បាន​ចុះហត្ថលេខា​លើ​ឯកសារ​អនុស្សរណៈ​ នៃ​ការយោគយល់​គ្នា​ ​;;ជាមួយ​ក្រុមហ៊ុន​វិទ្យា​សាស​្ត្រ​ធន់​ធ្ងន់​ និង​បច្ចេកវិទ្យា​ Zoomlion​ នៅ​ថ្ងៃ​ទី​១៩​ ខែវិច្ឆិកា​ នៅ​ទីក្រុង​ភ្នំពេញ​។

លោក​ ងិន​ ឆាយ​ បញ្ជាក់​ថា​ក្រុមហ៊ុន​ Zoomlion​ នឹង​ចាប់ផ្តើម​លក់​ផលិតផល​របស់​ខ្លួន​នៅ​ថ្ងៃ​អនាគត​ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន​បាន​ផ្តល់​ឧបករណ៍​មួយចំនួន​ដល់​ក្រសួង​កសិកម្ម​ដើម្បី​ធ្វើការ​សាកល្បង​ ថា​តើ​ឧបករណ៍​កសិកម្ម​ គ្រឿងយន្ត​កសិកម្ម​ទាំងនេះ​ សមស្រប​ទៅ​នឹង​ប្រទេស​កម្ពុជា​ដែរ​ឬអត់​។

យើង​នឹង​ឈាន​ទៅ​បំពាក់​ឧបករណ៍​យើង​ហៅថា​ Smart​ Agriculture​ Machinery​ នៅក្នុង​ប្រព័ន្ធ​កសិកម្ម​ ហើយ​យើង​បាន​ឯកភាព​គ្នា​ថា​នឹង​យក​ទៅ​ធ្វើ​បង្ហាញ​នៅ​តាម​ស្ថានីយ៍​ ឬមួយ​នៅ​តាម​សហគមន៍​កសិករ​មួយចំនួន​ដើម្បី​ឱ្យ​ប្រជាជន​យើង​មើល​ បើសិនជា​មាន​លក្ខណ​:សមស្រប​ គាត់​ទទួលយក​បាន​ យើង​ព្យាយាម​ផ្សព្វផ្សាយ​”។

លោក​បន្ត​ថា​នៅក្នុង​ដំណាក់​ការ​ដំបូង​ ក្រុមហ៊ុន​ចិន​នឹង​ផ្តល់​ជូន​ត្រាក់ទ័រ​ ឧបករណ៍​ដាំ​ ហាល​ឬឧបករណ៍​ប្រមូល​ផល​មួយចំនួន​ ហើយ​មាន​ឧប​ករណ៍ដ្រូ​នពីរ​គ្រឿង​ផង​ដែរ​សម្រាប់​ប្រើប្រាស់​បាញ់ថ្នាំ​ដំណាំ​ក្នុង​ការសាកល្បង​។

កន្លងមក​ក្រុមហ៊ុន​ចិន​នេះ​ធ្លាប់​បាន​មក​ប្រទេស​កម្ពុជា​ដើម្បី​សិក្សា​អំពី​គម្រោង​កសិកម្ម​នេះ​ ហើយ​ឥឡូវ​ក្រុមហ៊ុន​នេះ​បាន​ចាប់ផ្តើម​ជា​ជំហាន​ដំបូង​របស់​ខ្លួន​ ដោយសារ​មើលឃើញ​ថា​ផលិតផល​កសិកម្ម​មានការ​កើនឡើង​ ហើយ​ប្រជាពលរដ្ឋ​ខ្មែរ​ត្រូវការ​ឧបករណ៍​ទំនើប​សម្រាប់​ធ្វើ​កសិកម្ម​។​

លោក​ថា​គម្រោង​នេះ​នឹង​ចាប់ផ្តើម​ បន្ទាប់ពី​ចុះ​អនុស្សារ​ណ:ជាមួយ​ក្រុមហ៊ុន​ដើម្បី​ដឹកជញ្ជូន​គ្រឿងចក្រ​ទាំងនេះ​ប្រគល់​ឱ្យ​ក្រសួង​កសិកម្ម​ធ្វើការ​សាកល្បង​។

យើង​នឹង​តម្រង់​ទឹ​សទៅ​ខេត្តបាត់ដំបង​មុន​ ព្រោះ​យើង​មាន​កសិដ្ឋាន​ស្ថានីយ៍​នៅ​ហ្នឹង​ស្រាប់​សម្រាប់​ស្រូវ​ ហើយ​ស្រូវ​នៅ​ខេត្តបាត់ដំបង​ច្រើន​ផង​ ដោយឡែក​ទាក់ទង​នឹង​ដំណាំ​ពោត​ យើង​អាច​តម្រង់​ទឹ​សទៅ​ខេត្ត​កណ្ដ​ា​លឬកំពង់ចាម​ ព្រោះ​វា​មានផ្ទៃ​ដី​ដាំពោត​ច្រើន​ ចឹង​វា​អាស្រ័យ​ទៅលើ​ឧបករណ៍​ដែល​យើង​យក​មក​សាកល្បង​”។

លោក​ ងិន​ ឆាយ​ មិនបាន​ដឹង​ថា​ ក្រុមហ៊ុន​ចិន​មួយ​នេះ​គ្រោង​នឹង​ចំណាយ​ទុន​ប៉ុន្មាន​នោះ​ទេ​ ប៉ុន្តែ​លោក​មានការ​បារម្ភ​ថា​ ផែនការ​នៃ​ការនាំចូល​ឧបករណ៍​កសិកម្ម​របស់​ចិន​នេះ​ អាច​នឹង​មិនបាន​ជោគជ័យ​ទេ​ ព្រោះ​ប្រជាពលរដ្ឋ​ខ្មែរ​និយម​តែ​ផលិតផល​មក​ពី​ប្រទេស​ជប៉ុន​។

​ចំណែក​ក្រុមហ៊ុន​វិនិយោគទុន​ចិន​មួយផ្សេងទៀត​ មក​ពី​ខេត្ត​យូ​ណាន​ (Yunnan​) ក៏​គ្រោង​ បោះទុន​ប្រមាណ១​.៣០០លាន​ដុល្លារ​សហរដ្ឋ​អាម៉េរិក​ ដើម្បី​អភិវឌ្ឍន៍​ទៅលើ​វិស័យ​ឧស្សាហកម្ម​ វិស័យ​កសិកម្ម​ គ្រឿងយន្ត​ឧស្សាហកម្ម​ និង​វិ​ស័យ​ផ្សេង​ៗទៀត​។

ការ​អះអាង​របស់​ក្រុមហ៊ុន​នេះ​ បាន​ធ្វើឡើង​នៅ​ថ្ងៃទី១៨​ វិច្ឆិកា​ ក្នុង​ជំនួប​ ជាមួយ​លោក​ប្រាក់​ សុ​ខុន​ រដ្ឋ​មន្ដ្រី​ក្រសួង​ការបរទេស​ និង​លោក​ ទូ​ ជិន​ហោ​ លេខាធិការ​នៃ​គណៈ​កម្មា​ធិការ​មជ្ឈឹ​មបក្ស​កុម្មុយ​នី​ស្ដ​ចិន​ ខេត្ត​យូ​ណាន​ ដែល​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​។​

សង្គម​ស៊ីវិល​ក៏​លើកឡើង​ថា​ ពលរដ្ឋខ្មែរ​មិនសូវ​ទុកចិត្ត​ គុណភាព​ផលិតផល​របស់​ប្រទេស​ចិន​នោះ​ទេ​។​ ប្រធាន​សម្ព័ន្ធ​សមាគម​កសិករ​កម្ពុជា​ លោ​កថេង​ សាវឿ​ន ប្រាប់​អាស៊ី​សេរី​កាលពី​ថ្ងៃទី១៩​ វិច្ឆិកា​ ថា​ ឧបករណ៍​កសិកម្ម​របស់​ចិន​មិនសូវ​មានគុណ​ភាព​អាចប​ណ្ដ​ា​លឱ្យ​ប្រជាកសិករ​អាច​នឹង​ខាត​ប្រាក់​ច្រើន​។​

សម្រាប់​ខ្ញុំ​ដើម្បី​ជៀសវាង​ការខាតបង់​ ជៀសវាង​ការ​ខាត​ប្រយោជន៍នឹង​មិន​ធានា​គុណភាព​ សុំ​ឱ្យ​ប្រជាពលរដ្ឋ​ឬប្រជាកសិករ​ទាំងអស់​ហ្នឹង​ ត្រូវតែ​ពិនិត្យ​ឬក៍​ឱ្យ​តម្លៃ​សំខាន់​ទៅលើ​គុណភាព​នៃ​វត្ថុ​ឬក៍​សម្ភារ​:ដែល​ជា​គ្រឿង​កសិកម្ម​ ជៀស​ជាង​ការទិញ​មក​ទៅ​ផលិតផល​ឬក៍​គ្រឿង​សម្ភារ​:ហ្នឹង​មិន​មានគុណ​ភាពល្អ​ជាហេតុ​ធ្វើ​ឱ្យ​មានការ​ខាតបង់​ប្រាក់​ផង​ដែរ​ក្នុង​ការទិញ​ ហើយ​ជាទូទៅ​ពលរដ្ឋខ្មែរ​ចង់បាន​ផលិតផល​ឬគ្រឿង​សម្ភារ​:ណា​ដែល​មានគុណ​ភាព​ហើយ​មានតម្លៃ​សមរម្យ​អាច​ប្រើប្រាស់​បាន​ហើយ​ចំណេញ​ថវិកា​របស់​ពួកគាត់​

លោក​បន្ត​ថា​កន្លងមក​ក្រុមហ៊ុន​ចិន​បាន​នាំចូល​រថយន្ត​និង​ម៉ូតូ​ជាច្រើន​គ្រឿង​ព្រមទាំង​ទូរ​សព្ទ​ជាដើម​ យក​មក​លក់​ ប៉ុន្តែ​ផលិតផល​របស់​ចិន​ទាំងនេះ​មិនសូវ​ទទួល​បានការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ខ្មែរ​ប៉ុន្មាន​ទេ​។

កន្លងមក​សង្គម​ស៊ីវិល​សំដែង​ក្ដី​បារម្ភ​ ពី​ឥទ្ធិពល​ចិន​នៅ​កម្ពុជា​ អាច​បណ្ដាល​ឱ្យ​កម្ពុជា​បាត់បង់​អធិបតេយ្យ​ភាព​ទៅ​ថ្ងៃ​អនាគត​៕

What Next?

Recent Articles

Leave a Reply

Submit Comment