កម្មករ​ជិត ១ពាន់​នាក់ ស្នើ​ក្រសួង​ការងារ​ជួយ​អន្តរាគមន៍​ទៅ​ថៅកែ​រោងចក្រ​ម៉ូណូភា​ ឱ្យ​ទទួល​យក​តំណាង​ចូល​ធ្វើ​ការ​វិញ

ដោយ អាស៊ីសេរី
2019-11-21
អាស៊ីសេរី

កម្មករ​រោងចក្រ​ម៉ូណូភា (Monopia Cambodia) នៅ​ខេត្ត​កំពង់​ស្ពឺ ជិត ១ពាន់​នាក់ តវ៉ា​នៅ​មុខ​រោងចក្រ នៅ​ថ្ងៃ​ទី២១ ខែ​វិច្ឆិកា ឆ្នាំ២០១៩។

កម្មករ​រោងចក្រ​ម៉ូណូភា (Monopia Cambodia) នៅ​ខេត្ត​កំពង់​ស្ពឺ ជិត ១ពាន់​នាក់ តវ៉ា​នៅ​មុខ​រោងចក្រ នៅ​ថ្ងៃ​ទី២១ ខែ​វិច្ឆិកា ឆ្នាំ២០១៩។

 រូប៖ RFA


ក្រុម​កម្មករ​ជិត ១ពាន់​នាក់ ពី​រោងចក្រ​ម៉ូណូភា (Monopia Cambodia) ស្ថិត​ក្នុង​ស្រុក​សំរោង​ទង ខេត្ត​កំពង់​ស្ពឺ នាំគ្នា​ព្យាយាម​ធ្វើ​ដំណើរ​ទៅ​សុំ​អន្តរាគមន៍​ពី​ក្រសួង​ការងារ ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី២១ វិច្ឆិកា​ ក្នុង​វិវាទ​ការងារ ដែល​ភាគី​រោងចក្រ​​មិន​ព្រម​ទទួល​យក​តំណាង​ពួក​គេ​ឲ្យ​ចូល​ធ្វើការ​វិញ។ ក៏​ប៉ុន្តែ​ដំណើរ​នេះ​ ត្រូវ​អាក់​ខាន​ទៅ​វិញ បន្ទាប់​ពី​មន្ត្រី​នៃ​ក្រសួង​ចុះ​ទៅ​សម្របសម្រួល។

តំណាង​កម្មករ​ម្នាក់​ ដែល​ត្រូវ​ភាគី​រោងចក្រ​បញ្ឈប់​ពី​ការងារ លោក អឿន ចាន់នី​ ថ្លែង​ថា ភាគី​រោងចក្រ​នៅ​តែ​ប្រកាន់​ជំហរ​មិន​ទទួល​យក​តំណាង ២នាក់​ឲ្យ​ធ្វើ​ការ​វិញ​ឡើយ ថ្វី​បើ​មាន​ការ​សម្រប​សម្រួល​ពី​មន្ត្រី​មក​ពី​ក្រសួង​ការ​ងារ​ក៏​ដោយ។ លោក​បន្ត​ថា ក្រុមហ៊ុន​នៅ​តែ​ចិញ្ចឹម​ចិត្ត​រើសអើង​ មិន​ទទួល​យក​ពួក​គាត់​ចូល​ធ្វើ​ការ​ ដោយ​យក​លេស​ថា មិន​បំពេញ​ការងារ​ក្នុង​ម៉ោង​ធ្វើការ​ជា​ដើម។

ប្រធាន​រដ្ឋបាល​ក្រុមហ៊ុន​ម៉ូណូភា (Monopia Cambodia) លោក សម សុជា ប្រាប់​អាស៊ី​សេរី​ថា ភាគី​រោងចក្រ បាន​បញ្ឈប់​ពួក​គាត់​ពី​ការងារ​តាម​នីតិវិធី ហើយ​ក៏​មិន​អាច​មាន​ការ​ផ្សះផ្សា​ណា​មួយ​ ដើម្បី​បើក​ផ្លូវ​ឲ្យ​តំណាង​កម្មករ​បាន​ចូល​ធ្វើការ​វិញ​ដែរ។

កាល​ពី​ថ្ងៃ​ទី១៩ វិច្ឆិកា ប្រធាន​មន្ទីរ​ការងារ​ខេត្ត​កំពង់​ស្ពឺ លោក ចឹក បូរិន ចេញ​លិខិត​មួយ​ សម្រេច​ឲ្យ​នាយក​ក្រុមហ៊ុន​ម៉ូណូភា (ខេមបូឌា)បញ្ឈប់​ការងារ​លោក អឿន ចាន់នី និង​លោក នៅ ចន្ថា ដែល​ជា​ប្រតិភូ​ពេញ​សិទ្ធិ និង​ជា​សហជីព​មូលដ្ឋាន ប្រចាំ​ក្រុមហ៊ុន ក្រោម​ហេតុផល​ថា លោក​ទាំង​ពីរ​បាន​ប្រព្រឹត្ត​កំហុស​ដូច​របាយការណ៍​ក្រុមហ៊ុន​ដាក់​ជូន​មន្ទីរ​ការងារ។

កំហុស​ទាំង​នោះ​មាន ការ​ដើរ​ចោល​កន្លែង​ការងារ​ក្នុង​ម៉ោង​ធ្វើការ ប្រើ​កាយវិការ និង​សំដី​មិន​សមរម្យ​ចំពោះ​ថៅកែ ញុះញង់​ឲ្យ​កម្មករ​មិន​ធ្វើ​ការងារ គំរាម​កំហែង​កម្មករ និង​មិន​គោរព​បទ​បញ្ជា​ផ្ទៃ​ក្នុង​​​ក្រុមហ៊ុន​ជា​ដើម។

មន្ទីរ​ការងារ​ ក៏​តម្រូវ​ឲ្យ​ថៅកែ​ក្រុមហ៊ុន​គណនា​ប្រាក់​ឈ្នួល និង​អត្ថប្រយោជន៍​ផ្សេងៗ ជូន​តំណាង​កម្មករ​ទាំង​ពីរ​នាក់ ឲ្យ​ត្រឹម​ត្រូវ​តាម​ច្បាប់​ស្ដី​ពី​ការងារ។

ក្រុម​តំណាង​កម្មករ​ថា សេចក្ដី​សម្រេច​នេះ មាន​ការ​លម្អៀង​ទៅ​ខាង​ថៅកែ ព្រោះ​មន្ទីរ​ការងារ​ផ្អែក​តែ​លើ​របាយការណ៍​របស់​ភាគី​ក្រុមហ៊ុន​តែ​ប៉ុណ្ណោះ ដោយ​មិន​ចុះ​ស៊ើប​អង្កេត និង​សាកសួរ​កម្មករ​ពី​វិវាទ​នេះ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ទេ។

មក​ពេល​នេះ តំណាង​កម្មករ​ទាំង​អស់​ថា ពួក​គេ​គ្មាន​ចង់​បាន​អ្វី​ ក្រៅ​ពី​ស្នើ​ឲ្យ​ថៅកែ​រោងចក្រ​ទទួល​យក​តំណាង​ទាំង​អស់​ឲ្យ​ចូល​ធ្វើការ​វិញ​នោះ​ឡើយ។

ក្រុម​តំណាង​កម្មករ​បញ្ជាក់​ថា បើ​នៅ​តែ​មិន​មាន​ដំណោះ​ស្រាយ​ក្នុង​រឿង​នេះ​ទេ កម្មករ​ជិត ១ពាន់​នាក់ ​នឹង​នាំ​គ្នា​ទៅ​រក​ដំណោះ​ស្រាយ​ជា​ថ្មី​ទៀត ពី​រដ្ឋមន្ត្រី​ក្រសួង​ការងារ លោក អ៊ិត សំហេង ឲ្យ​ខាង​តែ​បាន នៅ​ថ្ងៃ​ទី២២ វិច្ឆិកា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

Leave a Reply

Submit Comment