ពលករ​ខ្មែរ​​នៅ​​ថៃ​​នាំ​គ្នា​​ចូល​​ធ្វើ​ការ​​វិញ តែ​​បន្ត​​ធ្វើ​​សកម្មភាព​​គាំទ្រ​​លោក សម រង្ស៊ី

ដោយ ទីន ហ្សាការីយ៉ា
2019-11-21
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ពលករ​ខ្មែរ​ធ្វើ​យុទ្ធនាការ​បញ្ចុះបញ្ចូល​ដល់​ពលករ​នៅ​ប្រទេស​ថៃ ឱ្យ​នាំ​គ្នា​ទៅ​ចូលរួម​អម​ដំណើរ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​នៅ​ពេល​ខាងមុខ ថត​នៅ​ខេត្ត​ជាប់​ទីក្រុង​បាងកក កាល​ពី​ថ្ងៃទី២៩ កញ្ញា ឆ្នាំ​២០១៩។

ពលករ​ខ្មែរ​ធ្វើ​យុទ្ធនាការ​បញ្ចុះបញ្ចូល​ដល់​ពលករ​នៅ​ប្រទេស​ថៃ ឱ្យ​នាំ​គ្នា​ទៅ​ចូលរួម​អម​ដំណើរ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​នៅ​ពេល​ខាងមុខ ថត​នៅ​ខេត្ត​ជាប់​ទីក្រុង​បាងកក កាល​ពី​ថ្ងៃទី២៩ កញ្ញា ឆ្នាំ​២០១៩។ Photo Provided


អ្នក​គាំទ្រ​បក្ស​ប្រឆាំង​នៅ​ថៃ​​ធ្វើ​យុទ្ធនាការ​គាំទ្រ​លោក​ សម រង្ស៊ី​ វិល​ចូល​ស្រុក​ជា​ថ្មី


ក្រុម​ពលករ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ប្រាប់​ថា ពួកគេ​បាន​នាំ​គ្នា​ចូល​ធ្វើ​ការ​នៅ​តាម​កន្លែង​ដើម​រៀងៗ ​ខ្លួន​វិញ​អស់ហើយ ប៉ុន្តែ​យ៉ាងណា ពួកគេ​នៅតែ​ធ្វើ​សកម្មភាព​​ប្រមូល​គ្នីគ្នា រង់ចាំ​ផែនការ​វិល​ចូល​ប្រទេស​កម្ពុជា​ជាថ្មី​ដដែល។

ពលករ​ធ្វើការ​នៅ​ប្រទេស​ថៃ​ប្រាប់ថា ពួកគេ​មិន​អស់សង្ឃឹម ក្នុងការ​ចូលរួម​សកម្មភាព​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើយ បើទោះជា​ផែនការ​វិល​ចូល​ប្រទេស​កម្ពុជា ថ្ងៃទី​៩ វិច្ឆិកា រង​ការរារាំង និង​ធ្វើ​បាប​​យ៉ាងណាក៏ដោយ​។ ពួកគេ​ប្ដេជ្ញា​​ថា នឹង​នៅតែ​រង់ចាំ​ធ្វើ​សកម្មភាព​អមដំណើរ​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​បក្ស​ប្រឆាំង​ដដែល និង​ជឿថា នៅ​ថ្ងៃមួយ លោក សម រង្ស៊ី ពិតជា​ត្រលប់​ទៅ​ដឹកនាំ​ពួក​គេ​​ធ្វើ​​មាតុភូមិ​និវត្តន៍​​ម្ដង​ទៀត។

ពលករ​ផ្នែក​លាយ​កំបោរ​ម្នាក់ ធ្វើការ​នៅ​តំបន់​ប៉ាធុមឋានី (Pattum Thani) ប្រទេស​ថៃ លោក ឆន សុខឿន ប្រាប់​ថា ទឹកចិត្ត​របស់​លោក នៅតែ​រឹងមាំ និង​គាំទ្រ លោក សម រង្ស៊ី ដដែល ត្បិត​អ្វី​លោក យល់ថា ការ​ខកខាន​មិនបាន​ចូល​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា ដោយសារតែ របប​លោក ហ៊ុន សែន ខ្លាច លោក សម រង្ស៊ី ទើប​បាន​ជា​ប្រើ​គ្រប់​មធ្យោបាយ​រារាំង និង​គាបសង្កត់ លោក សម រង្ស៊ី មិន​អាច​ឱ្យ​ចូល​កម្ពុជា​បាន​។ លោក​​ថា ក្រុម​ពលករ​ធ្វើ​សំណង់​នៅ​តំបន់​ប៉ាធុមឋានី នៅ​តែ​​ពុះ​កញ្ជ្រោល ចង់​​ធ្វើ​​មាតុភូមិ​និវត្តន៍ ដើម្បី​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ជា​និច្ច៖ «ក្រោយ​ពី​ថ្ងៃ​ទី​៩ វិច្ឆិកា ដែល​លោក​ប្រធាន​មិន​បាន​ចូល​ប្រទេស​ហ្នឹង​ គឺ​ទឹកចិត្ត​ពួក​ខ្ញុំ​នៅ​តែ​រឹង​មាំ ហើយ​នៅ​តែ​គាំទ្រ​ ព្រោះ​​អ្វី​​យើង​​ឃើញ​​ស្ថានការណ៍​​របស់​ព្រឹត្តិការណ៍​នយោបាយ​របស់​ ហ៊ុន សែន គាត់​គាប​សង្កត់​គ្រប់​កាលៈទេសៈ​ទាំង​អស់។ ដូច្នេះ​យើង​មិន​អាច​បន្ទោស​លោក​ប្រធាន​បាន​ទេ។ ជា​ពិសេស​សព្វ​ថ្ងៃ​ នៅ​ក្នុង​ពលករ​កន្លែង​​ការងារ​របស់​ខ្ញុំ​ហ្នឹង គ្រប់​គ្នា​ទាំង​អស់ គាត់​នៅ​តែ​គាំទ្រ​ នៅ​តែ​ស្រលាញ់​ នៅ​តែ​ពុះ​កញ្ជ្រោល​គាំទ្រ​ជា​និច្ច ចាំ​តែ​ភ្លើង​ខៀវ​ពី​លោក​​ប្រធាន​ទេ។ នៅ​តែ​ទៅ​អ៊ីចឹង​បង ព្រោះ​អ្វី​គាត់​ថា គ្រប់​តែ​គ្នា​ហ្នឹង រឿង​ហ្នឹង​មិន​មែន​រឿង​លោក សម រង្ស៊ី ទេ គឺ​រឿង​លោក ហ៊ុន សែន គាត់​អ្នក​ខ្លាច​ខ្លួន​ឯង​ទេ»។

ពលករ​ម្នាក់ទៀត ធ្វើការ​ផ្នែក​កសាង នៅ​ខណ្ឌ​មីនប៊ុរី (Minburi) នៃ​ក្រុង​បាកក លោក លន់ ពិសិដ្ឋ យល់ថា ការ​មិន​អាច​វិល​ចូល​ប្រទេស​កម្ពុជា​តាម​ផែនការ​បាន មិនមែន​ជា​កំហុស​របស់ លោក សម រង្ស៊ី ឡើយ ដូច្នេះ លោក​នឹង​នៅតែ​គាំទ្រ លោក សម រង្ស៊ី បន្ត​ទៀត​។ លោក​គិត​ថា រដ្ឋាភិបាល​ខ្លាច គឺ​បាន​ជា​រារាំង​។ ម្យ៉ាង​ពលករ​រូប​នេះ សប្បាយចិត្ត ដែល​គ្មាន​ភាព​ប្រឈម​គ្នា រវាង​ពលរដ្ឋ និង​កងកម្លាំង​នៅ​ថ្ងៃ​ទី៩ វិច្ឆិកា៖«កាល​ដែល​គាត់​ចូល​ស្រុក​មិន​បាន មិន​មែន​គាត់​ថា ​តាំង​ចិត្ត​មិន​ចូល​ទេ។ ប៉ុន្តែ​គេ​រារាំង​គាត់​មិន​​ឲ្យ​គាត់​ចូល។ ម្យ៉ាង​ទៀត គាត់​មិន​បាន​ចូល​ទៅ​វា​មាន​ភាព​ជោគជ័យ​ម្យ៉ាង​ ព្រោះ​អត់​​បាន​ដឹកនាំ​កម្លាំង​ប្រជាពលរដ្ឋ​ទៅ​តតាំង​ជាមួយ​ពួកគេ​ ដែល​មាន​​អាវុធ​គ្រប់​ដៃ​អ៊ីចឹង។ ជួន​កាល​ទៅ យើង​ទៅ​អ៊ីចឹង​ វា​អាច​មាន​គ្រោះ​ថ្នាក់​មើល​អត់​ឃើញ​ណា​បង។ ដល់​ពេល​គាត់​មិន​បាន​ទៅ​អ៊ីចេះ ក៏​ខ្ញុំ​មិន​បន្ទោស​គាត់​។ ខ្ញុំ​គិត​ថា វា​ល្អ​ម្យ៉ាង​ដែរ។ គ្រាន់​តែ​គាត់​ទិញ​សំបុត្រ​យន្ត​ហោះ​ រួច​គាត់​បង្ហោះ​ជា​សាធារណៈ​ នៅ​ពេល​នោះ មាន​ន័យ​ថា គាត់​ចង់​បង្ហាញ​ថា អ្នក​នៅ​ខាង​គណបក្ស​រាជរដ្ឋាភិបាល​គេ​គិត​យ៉ាង​ម្ដេច ចំពោះ​គាត់​? ដល់​ពេល​ដែល​គាត់​បង្ហាញ​ទៅ មាន​ន័យ​ថា គេ​ខ្លាច​គាត់ ដល់​ពេល​ដល់​រួច​ទៅ គេ​ក៏​រៀប​ចំ​កម្លាំង​​ប្រតិកម្ម ដើម្បី​ទប់​ស្កាត់​គាត់។ ដល់​ពេល​គាត់​អត់​ទៅ​អ៊ីចឹង​ទៅ ពួក​ខ្ញុំ​ក៏​មិន​មាន​ថា បន្ទោស​គាត់​ថា អស់​សង្ឃឹម​ដោយសារ​គាត់​​មិន​​ទៅ គឺ​អត់​មាន​ទេ។ ពួក​ខ្ញុំ​នៅ​តែ​ចាំ​ទទួល​គាត់​ជា​និច្ច»។

លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ និង​ថ្នាក់ដឹកនាំ​បក្ស​ប្រឆាំង​ផ្សេង​ទៀត កាលពី​ថ្ងៃ​ទី​០៩ វិច្ឆិកា មិន​អាច​ធ្វើដំណើរ​ចូល​ប្រទេស​កម្ពុជា ដូច​ផែនការ​បានទេ ដោយសារ​មានការ​រារាំង​គ្រប់​ផ្លូវ ពី​របប​ក្រុងភ្នំពេញ​។ ទោះ​យ៉ាងណា លោក​បាន​ធ្វើ​ដំណើរ​ចូល​ដល់​ប្រទេស​មួយ​ចំនួន​នៃ​ប្រទេស​អាស៊ាន ដូចជា ប្រទេស​ម៉ាឡេស៊ី និង​ប្រទេស​ឥណ្ឌូណេស៊ី ហើយ​ធ្វើ​សន្និសីទ​សារព័ត៌មាន​ពី​ចេញពី​ប្រទេស​ទាំង​២។

លោក សម រង្ស៊ី បាន​ប្រកាស​ប្រាប់​អ្នកគាំទ្រ​ថា ថ្ងៃ​ទី​០៩ វិច្ឆិកា ជា​ថ្ងៃ​ចាប់ផ្ដើម​នៃ​គម្រោង​វិល​ត្រលប់​ចូល​ស្រុក​របស់​លោក​។ លោក​ស្នើសុំ​ឱ្យ​ពលរដ្ឋ​ទាំង​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស​អត់ធ្មត់​បន្តិចទៀត ព្រោះ​លោក​មិន​អាច​លើក​ទ័ព​ទៅ​តទល់​ជាមួយ លោក ហ៊ុន សែន បាន​ទេ ហើយក៏​មិន​អាច​ឆ្លងកាត់​ដែនដី​ប្រទេស​ថៃ​បាន​ដែរ​។ ទោះ​យ៉ាងណា លោក​ថា កំពុងតែ​ប្រើ​មធ្យោបាយ​ការទូត ដើម្បី​បើកផ្លូវ​ឱ្យ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ទៅដល់​ទឹកដី​ប្រទេស​កម្ពុជា ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ ដោយ​អហិង្សា និង​សន្តិវិធី។

ពលការិនី​ម្នាក់ ធ្វើការ​នៅ​រោងចក្រ​មួយ នៃ​ខេត្ត​សាមុតប្រាកាន (Samut Prakan) ប្រទេស​ថៃ កញ្ញា ដាំ ស្រីធាន ប្រាប់​ថា កញ្ញា​នៅ​តែ​មាន​ទំនុក​ចិត្ត​លើ​លោក សម រង្ស៊ី ក្នុង​ការ​ប្ដេជ្ញា​វិល​ចូល​ប្រទេស​កម្ពុជា​។ កញ្ញា​ជឿជាក់​ថា នៅ​ថ្ងៃ​ណាមួយ លោក សម រង្ស៊ី ពិតជា​អាច​ដឹកនាំ​ពលរដ្ឋ​ចូល​ប្រទេស​កម្ពុជា ស្ដារ​លទ្ធិប្រជាធិបតេយ្យ​បាន​មិន​ខាន​។ កញ្ញា ថា បច្ចុប្បន្ន​នេះ កញ្ញា និង​ពលករ​មួយ​ចំនួន​ទៀត កំពុង​ដើរ​ប្រមូល​ពលករ​ក្នុង​ប្រទេស​ថៃ បន្ថែម​ទៀត និង​ត្រៀមលក្ខណៈ​វិល​ចូល​កម្ពុជា​គ្រប់​ពេល៖ «មួយ​ចំនួន​គាត់ គឺ​ពួកគាត់​ចូល​ធ្វើការ​វិញ​ហើយ។ ក៏​ប៉ុន្តែ​​បើ​សិន​មាន​ការ​វិល​ត្រលប់​របស់​លោក​ប្រធាន គឺ​ពួកគាត់​នាំ​គ្នា​ទៅ​តែ​ម្ដង គឺ​មិន​ចាំបាច់​សុំ​ច្បាប់​ សុំ​អ្វី​ទេ ព្រោះ​អ្វី​ការងារ​ហ្នឹង គឺ​វា​អត់​ច្បាស់​លាស់ អ៊ីចឹង​ណា ព្រោះ​អ្វី​លោក​ប្រធាន​​ធ្វើការ​រហ័ស។ យើង​មើល​ឃើញ​តែ​ថ្ងៃ​មុន គឺ​លោក​ប្រធាន​គាត់​សម្រេច​មក​ថ្ងៃ​ទី០៩ ក៏​ប៉ុន្តែ​គាត់​អាក់ខាន​ ដោយសារ​​តែ​ប្រទេស​ថៃ ថ្នាក់​ដឹកនាំ​គេ​មិន​អនុញ្ញាត​ឲ្យ​លោក​ចូល។ អ៊ីចឹង​ មាន​ការ​ខក​ខាន ឥឡូវ​យើង​ប្ដូរ​យុទ្ធសាស្ត្រ​ថ្មី​វិញ។ យុទ្ធសាស្ត្រ​ថ្មី​ហ្នឹង គឺ​យើង​ប្ដូរ​ថា ពី​មុន​យើង​សុំ​​ច្បាប់​ការ​អនុញ្ញាត ប៉ុន្តែ​យើង​ខក​ខាន​អត់​បាន​ទៅ​ អ៊ីចឹង​ណា។ អ៊ីចឹង​យើង​ថា ប្ដូរ​មិន​បាច់​ថា សុំ​ម្ដង​ គឺ​ពេល​ណា ពេល​ហ្នឹង​តែ​ម្ដង ហើយ​កម្លាំង​ពួក​យើង​ គឺ​រឹង​មាំ​ជា​និច្ច ជា​ពិសេស​គឺ​ពលករ»។

​ពាក់ព័ន្ធ​នឹង​ប្ដេជ្ញា​ចិត្ត​របស់​ក្រុម​ពលករ​នៅ​ប្រទេស​ថៃ គាំទ្រ​លោក សម រង្ស៊ី នេះ អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន យល់ថា ជា​រឿង​ធម្មតា ប៉ុន្តែ​លោក​ព្រមាន​ហាម​បញ្ចេញ​សកម្មភាព ព្រោះ​ការ​ធ្វើ​សកម្មភាព នឹង​ត្រូវ​មានទោស​។ អ្នកនាំពាក្យ​រូប​នេះ ប្រាប់​ថា​ការ​ធ្វើ​សកម្មភាព​បញ្ចុះបញ្ចូល​ពលករ​នៅ​ប្រទេស​ថៃ ឱ្យ​គាំទ្រ លោក សម រង្ស៊ី នឹង​ត្រូវ​មាន​ទោស ហើយ​រដ្ឋាភិបាល​ថៃ នឹង​ចាប់​បញ្ជូន​ពួកគេ ទៅ​ទទួល​ទោស​នៅ​ប្រទេស​កម្ពុជា៖ «គេ​មាន​អារម្មណ៍​របៀប​ម្ដេច មាន​ការ​ប្ដេជ្ញា​ស្លាប់​រស់​ជាមួយ​គ្នា​យ៉ាង​ម្ដេច ខ្ញុំ​អត់​មាន​ការ​វាយ​តម្លៃ​ទេ អា​ហ្នឹង​ជា​​សិទ្ធិ ជា​ជម្រើស​របស់​គាត់។ ក៏​ប៉ុន្តែ​បើ​មាន​សកម្មភាព​គាត់​ត្រូវ​ទទួល​ទោស។ ប្រទេស​ថៃ នឹង​ចាប់​ពួកគាត់​មក​ប្រទេស​ខ្មែរ ជាប់​គុក​»។

មន្ត្រី​បក្ស​ប្រឆាំង​នៅ​​ប្រទេស​ថៃ លោក លី រតនៈ​រស្មី អះអាង​ថា ពួកគេ​ប្រមូល​បាន​ពលករ​កើន​ឡើង​បន្ថែម​ទៀតហើយ ចំណែក​ក្រុម​ពលរដ្ឋ​ជាង ២៤​ម៉ឺន​នាក់ ដែល​ស្ម័គ្រចិត្ត​អម​ដំណើរ​លោក សម រង្ស៊ី នោះ មិន​មាន​ការ​បាក់​ទឹកចិត្ត​ឡើយ​។ លោក​ថា ក្រុម​ការងារ​​គណបក្ស​​ប្រឆាំង កំពុង​​បង្កើន​​សកម្ម​ភាព​​ចុះ​​ជួប​​ពលករ ដើម្បី​បង្ហាញ​គម្រោង​របស់​គណបក្ស​សង្គ្រោះ​ជាតិ តទៅ​ទៀត។

លោក លី រតនៈរស្មី បន្ត​ថា ដោយសារ​ពលករ មិនអាច​អមដំណើរ លោក សម រង្ស៊ី នៅ​​ថ្ងៃ​ទី​៩ វិច្ឆិកា​បាន ក្រុម​ពលករ​បានចាត់ទុក​ព្រឹត្តិការណ៍​នោះ ជាការ​ឈឺចាប់ ដូច្នេះ ក្រុម​ពលករ​បាន​បង្កើន​ការតាំង​ចិត្ត គាំទ្រ លោក សម រង្ស៊ី វិល​ចូល​ប្រទេស​កម្ពុជា ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឱ្យ​បាន​។​

​រីឯ ស្ថានភាព​ពលករ​វិញ លោក លី រតនៈ​រស្មី ឱ្យ​ដឹង​ថា មាន​ពលករ​ខ្លះ បាន​​ត្រឡប់​​ចូល​​ប្រទេស​​ថៃ​វិញ ដើម្បី​​រក​​ការងារ​​ថ្មី ចំពោះ​អ្នក​ដែល​ទៅ​ប្រទេស​កម្ពុជា មុន​ថ្ងៃ​ទី​៩ វិច្ឆិកា រង់ចាំ​លោក សម រង្ស៊ី​។ លោក​បន្ត​ថា ពលករ​ខ្លះ​ទៀត កំពុង​រក​ការងារ​ថ្មី​ធ្វើ ព្រោះ​រោងចក្រ​ចំនួន​២៤​ នៅ​​ប្រទេស​​ថៃ បាន​​បិទ​ទ្វារ​ជា​​បន្ត​បន្ទាប់ នៅ​ពេល​​ដែល​សហរដ្ឋអាមេរិក​ថ្មីៗ​ នេះ បាន​ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP​។ លោក​អះអាង​ថា យ៉ាងហោចណាស់ ពលករ​ខ្មែរ និង​ពលករ​ភូមា ជាង ២​ពាន់ (២ ០០០)​ នាក់ នៅ​ខេត្ត​ឈុនប៊ុរី (Chonburi) កំពុង​គ្មាន​ការងារ​ធ្វើ ដោយសារ​រោងចក្រ​មួយ បាន​បិទទ្វារ​ក្ស័យធន កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ៖ «អ៊ីចឹង​ហើយ បងប្អូន​ទាំង​អស់​គ្នា គាត់​យល់​​ពី​អ្វី​ដែល​ជន​ផ្ដាច់ការ​កំពុង​ធ្វើ​ទង្វើ​អាក្រក់ ដល់​អ៊ីចឹង គាត់​មាន​ការ​ឈឺ​ចាប់។ អ៊ីចឹង ឲ្យ​តែ​យើង​មាន​ឱកាស​​ណា​មួយ ដែល​មាន​ថ្នាក់​ដឹកនាំ​ ឬ​ក៏​មាន​មេ​ណា​មួយ​នាំ​ចូល​ប្រទេស​កម្ពុជា ដើម្បី​ងើប​ឈរ​ទាមទារ​ យើង​អត់​មាន​ទៅ​ប្រើ​ហិង្សា ឬ​ក៏​យើង​ទៅ​ធ្វើ​ការ​ផ្ដួល​រំលំ ដូច​ជា​ការ​ចោទ​ប្រកាន់​របស់​របប​ លោក ហ៊ុន សែន​ ទេ។ ក៏​ប៉ុន្តែ​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ត្រូវ​ការ​ប្រើ​សិទ្ធិ»។

បើទោះជា​យ៉ាងណា សម្រាប់​របប​ក្រុងភ្នំពេញ បាន​ប្រកាស​ថា ផែនការ​វិល​ត្រលប់​របស់ លោក សម រង្ស៊ី នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា បាន​បរាជ័យ​ហើយ​។ លោក ហ៊ុន សែន បាន​ប្រកាស​ឱ្យ​មានការ​ដោះ​លែង​​​បណ្ដោះអាសន្ន និង​ដកហូត​ដីកាចាប់ខ្លួន ត្រលប់​ទៅវិញ​ទាំងអស់ ដើម្បី​បន្ធូរ​បន្ថយ​កម្ដៅ​នយោបាយ​។ តែ​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង​មេដឹកនាំ​មួយ​ចំនួន​ទៀត បាន​​​ប្រកាស​​ថា ផែនការ​វិល​ចូល​ស្រុក​របស់ លោក សម រង្ស៊ី បាន​ទទួល​ជោគជ័យ​ជា​ជំហាន​ដំបូង ហើយ​គណបក្ស​មិន​ទាន់​បញ្ឈប់​ទេ ដោយ​គ្រាន់តែ​យក​ថ្ងៃ​ទី៩ វិច្ឆិកា ជា​ថ្ងៃ​ចាប់ផ្ដើម​ផែនការ​ប៉ុណ្ណោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

Leave a Reply

Submit Comment