មេធាវី​ថា អ្នក​គាំទ្រ​និង​សកម្មជន​បក្ស​ប្រឆាំង​ជាង​២០​នាក់​ទៀត មិន​ទាន់​ត្រូវ​បាន​ដោះលែង

ដោយ វ៉ែន សុមេធ
2019-11-21
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក​មេធាវី សំ សុគង់ ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០១៦។

លោក​មេធាវី សំ សុគង់ ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០១៦។

 RFA/Brach Chev


មេធាវី​ការពារ​ក្ដី​ឱ្យ​អ្នក​ទោស​នយោបាយ​នៃ​គណបក្ស​សង្គ្រោះជាតិ ឱ្យ​ដឹង​ថា អ្នកគាំទ្រ និង​សកម្មជន​បក្ស​ប្រឆាំង​ជាង ២០​នាក់​ទៀត មិនទាន់​ត្រូវ​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​នៅ​ឡើយ​ទេ។ អ្នក​នាំពាក្យ​របប​ក្រុង​ភ្នំពេញ​ថា ពួកគេ​នឹង​ត្រូវ​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ឯ​អ្នក​​ដែល​​​ធ្វើ​​សកម្មភាព​​ខ្លាំងក្លា ក្នុង​ការ​ប្រឆាំង​រដ្ឋាភិបាល មិន​ត្រូវ​ទទួល​បាន​ការ​សម្របសម្រួល​នយោបាយ​ឡើយ។

លោក​មេធាវី សំ សុគង់ ឱ្យ​ដឹង​ថា មាន​សកម្មជន​បក្ស​ប្រឆាំង​ចំនួន ៧៥​នាក់​ហើយ ត្រូវ​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន គិត​ត្រឹម​ថ្ងៃ​ទី​២០ វិច្ឆិកា​។ ប៉ុន្តែ​នៅសល់​សកម្មជន និង​អ្នក​គាំទ្រ​​បក្ស​ប្រឆាំង​ជាង​ ២០​នាក់​ទៀត មិនទាន់​ដោះលែង​ទេ ក្នុង​នោះ មាន​ ១៦​នាក់ ជា​​កូន​ក្ដី​​របស់​​ក្រុម​​មេធាវី​​លោក ហើយ​​ក្រៅ​​ពី​​នេះ ជា​​កូន​ក្ដី​របស់​មេធាវី​ផ្សេង​ទៀត។

លោក​ថា សកម្មជន និង​អ្នកគាំទ្រ​បក្ស​ប្រឆាំង​ជាង ២០​នាក់ ដែល​មិន​ទាន់​ទទួល​បាន​ការ​​ដោះ​លែង​​ឱ្យ​​នៅ​​ក្រៅ​​ឃុំ​​បណ្ដោះអាសន្ន​​នោះ មាន​​ខ្លះ រង​បទ​ចោទ​ញុះញង់ បទ​ជេរប្រមាថ និង​ខ្លះ​រង​បទ​ចោទ​រួមគំនិត​ក្បត់​។ លោក​ថា កូនក្ដី​របស់​ក្រុម​មេធាវី​លោក ទាំង​១៦​នាក់ ដែល​មិន​ទាន់​បាន​ដោះលែង ប្រហែល​ដោយសារ​ពួកគេ​ត្រូវ​បាន​កាត់ទោស​រួច និង​បន្ត​ប្ដឹង​ឡើង​ឧទ្ធរណ៍ និង​អ្នកខ្លះ សំណុំរឿង​ផុត​ពី​ដៃ​ចៅក្រម​ស៊ើបសួរ​។ ចំណែក​អ្នក​ផ្សេងទៀត អាច​នឹង​ត្រូវ​តុលាការ​គិត​ថា មិនមែន​ជា​សំណុំរឿង​នយោបាយ។ តែ​យ៉ាងណា លោក​មេធាវី មានបំណង​នឹង​ដាក់​ពាក្យ​ស្នើ​សុំ​ទៅ​សាលាឧទ្ធរណ៍ ឱ្យ​ពន្លឿន​ការ​កាត់​ក្ដី និង​ស្នើសុំ​លើកលែងទោស​ទៅ​ព្រះមហាក្សត្រ ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ទាំង​នោះ៖ «»

ផ្អែក​តាម​គណបក្ស​សង្គ្រោះ​ជាតិ បង្ហាញ​ថា អ្នក​ទោស​នយោបាយ​នៃ​គណបក្សប្រឆាំង ដែល​ត្រូវ​បាន​ចាប់ខ្លួន ក្នុង​ឆ្នាំ​២០១៩ មាន​ចំនួន​៨៨​នាក់ និង​មាន​អ្នក​​ទោស​នយោបាយ​ផ្សេងទៀត ត្រូវ​បាន​ចាប់ខ្លួន មុន​ឆ្នាំ​២០១៩ ដូចជា សកម្មជន​នៅ​ខេត្ត​ព្រះសីហនុ អ្នកស្រី សំ សុខា ត្រូវ​បាន​ចាប់ខ្លួន​ក្នុង​ខែ​កុម្ភៈ ឆ្នាំ​២០១៨ នៅ​ប្រទេស​ថៃ​ជាដើម​។

បើ​ទោះ​ជា​សកម្មជន​បក្ស​ប្រឆាំង​៧៥​នាក់ ត្រូវ​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ហើយក៏​ដោយ តុលាការ​នៃ​របប​ក្រុងភ្នំពេញ មិន​ទាន់​បាន​ទម្លាក់​បទ​ចោទ​ប្រឆាំង​លើ​ពួកគេ​ឡើយ​។ អ្នក​ទោស​នយោបាយ​ទាំងនោះ ត្រូវ​ជាប់​លក្ខខណ្ឌ និង​បម្រាម​របស់​តុលាការ​ជាច្រើន ដូចជា អ្នកខ្លះ តម្រូវ​ឱ្យ​បង្ហាញខ្លួន​នៅ​ប៉ុស្តិ៍​ប៉ូលិស​រៀងរាល់​សប្ដាហ៍ ឬ​រាល់​ខែ ឬ​តម្រូវ​ឱ្យ​បង្ហាញខ្លួន​រាល់​មានការ​កោះហៅ ហើយ​ត្រូវ​ឆ្លងកាត់​ការសម្រេច​ក្ដី នៅ​ពេល​ខាងមុខ ។ បម្រាម​ផ្លាស់ប្ដូរ​លំនៅឋាន ដោយ​គ្មាន​ការ​ជូនដំណឹង រឹតត្បិត​សិទ្ធិ​បញ្ចេញមតិ​ផ្នែក​នយោបាយ និង​ជាប់​បម្រាម​មិន​ឱ្យ​ចេញ​ក្រៅ​ប្រទេស​កម្ពុជា ជាដើម​។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ពេល​ថ្មីៗ​នេះ ក៏​ព្រមាន​ចាប់​សកម្មជន​បក្ស​ប្រឆាំង​ណា​ដែល​តុលាការ​ទើប​ដោះលែង​វិញ ប្រសិនបើ​ពួកគេ​ថា ការ​ដោះលែង​នោះ​ដោយសារតែ​សំពាធ​អន្តរជាតិ។

ភរិយា​របស់​សកម្មជន​បក្ស​ប្រឆាំង​ខេត្ត​ព្រះសីហនុ លោក ម៉ៃ ហុងស្រៀង គឺ​អ្នកស្រី គា ស៊ីសុគន្ធី ប្រាប់​ថា អ្នកស្រី បាន​ឡើង​មក​ភ្នំពេញ រង់ចាំ​ការ​ដោះលែង​ស្វាមី ចំនួន ៥​ថ្ងៃ​ហើយ តែ​មិនទាន់​ត្រូវ​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ឡើយ​ទេ។ អ្នកស្រី​ថា ពេល​នេះ លោក ម៉ៃ ហុងស្រៀង កំពុង​ជាប់​នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស​ដដែល។

អ្នកស្រី​បន្ត​ថា ក្នុង​ពេល​ជួប​ស្វាមី នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស កាលពី​ថ្ងៃ​ទី​១៩ វិច្ឆិកា លោក ម៉ៃ ហុងស្រៀង ប្រាប់​ថា អ្នក​ទោស​នយោបាយ ដែល​ឃុំ​រួមគ្នា​ក្នុង​បន្ទប់​តែមួយ​ចំនួន ១៧​នាក់ ត្រូវ​បាន​ដោះលែង​ចំនួន​៤​នាក់ ហើយ នៅសល់​ចំនួន​១៣​នាក់​ទៀត​។ ស្ត្រី​គ្រូបង្រៀន​រូប​នេះ ស្នើសុំ​ឱ្យ​មាន​ការ​ដោះលែង​ស្វាមី​ឱ្យ​បាន​លឿន ដើម្បី​ពួកគេ​រស់នៅ​ជួបជុំ​ក្រុម​គ្រួសារ​ឡើងវិញ៖ «»

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ប្រាប់​សារព័ត៌មាន​ក្នុងស្រុក (VOD) ថា អ្នក​ដែល​ត្រូវ​ឃុំខ្លួន​ពី​បទ​រួមគំនិត​ក្បត់ ត្រូវ​បាន​ដោះលែង​អស់ហើយ ដោយ​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ។ ចំណែក​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ប្រាប់​អាស៊ីសេរី ថា ក្រុម​អ្នក​ជាប់ឃុំ​ត្រូវ​បាន​ចែក​ជា​ ២​ប្រភេទ គឺ ១​ក្រុម​បាន​ធ្វើ​សកម្មភាព​ខ្លាំងក្លា មិន​ទទួល​បាន​ការ​សម្របសម្រួល​នយោបាយ​ឡើយ ឯ​ ១​ក្រុម​ទៀត មិនបាន​ធ្វើ​សកម្មភាព​ខ្លាំងក្លា​ទេ តែ​ជា​ក្រុម​ចាញ់បោក​ការ​បញ្ឆោត ដូច្នេះ​ក្រុម​នេះ ទទួល​បាន​ការ​ដាក់​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន៖ «»

សហភាព​អឺរ៉ុប បាន​ដាក់​លក្ខខណ្ឌ​ជាច្រើន ឱ្យ​របប​ក្រុងភ្នំពេញ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ ឱ្យ​បាន​មុន​ថ្ងៃ​ទី​១២ ខែ​ធ្នូ​ខាងមុខនេះ បើ​មិន​ដូច្នេះ​ទេ សហភាព​អឺរ៉ុប នឹង​សម្រេច​កាត់ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA​ ពី​កម្ពុជា​។ ក្នុងចំណោម​លក្ខខណ្ឌ​ជាច្រើន​របស់​សហភាព​អឺរ៉ុប ក៏បាន​ទាមទារ​ឱ្យ​ដោះលែង​ក្រុម​អ្នក​ទោស​នយោបាយ ឬ​អ្នកទោស​មនសិការ នៃ​គណបក្សប្រឆាំង ដែល​ត្រូវ​បាន​​របប​ក្រុងភ្នំពេញ​ចាប់ខ្លួន ដោយ​បំពាន និង​តាម​ទំនើងចិត្ត​ដែរ។

ពាក់ព័ន្ធ​ករណី​ការ​មិន​ទាន់​ដោះលែង​អ្នក​ទោស​នយោបាយ​ជាង ២០​នាក់​ផ្សេងទៀត​នេះ អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា យល់​​ថា រដ្ឋាភិបាល និង​គណបក្ស​ជំទាស់ គួរ​មាន​ការ​ជជែក​គ្នា រក​គន្លឹះ​ដោះលែង​អ្នក​កំពុង​ជាប់ឃុំ​ទាំងនោះ ទើប​ធ្វើ​ឱ្យ​ស្ថានភាព​នយោបាយ​មាន​ភាព​ប្រសើរ​។ លោក​ថា ការ​បន្ត​ឃុំ អ្នក​ទាំងនោះ ដោយ​ជាប់​ពាក់ព័ន្ធ​នឹង​វិវាទ​នយោបាយ​បែបនេះ មិនមែន​ជា​រឿង​ត្រឹមត្រូវ​ទេ ហើយ​អ្នក​ដែល​ត្រូវ​បាន​ដោះលែង កន្លង​មក ក៏​មិន​ទាន់​មាន​សេរីភាព​ពេញលេញ​ដែរ៖ «»

លោក​មេធាវី សំ សុគង់ ប្រាប់​ថា ប្រសិនបើ​មាន​ការ​បើកផ្លូវ​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្រុម​មេធាវី​របស់​លោក មានបំណង​ដាក់​លិខិត​តាមរយៈ​រដ្ឋាភិបាល ថ្វាយ​ព្រះមហាក្សត្រ ស្នើសុំ​ការ​លើកលែងទោស ឱ្យ​អ្នក​កំពុង​ជាប់ឃុំ​ទាំង​ជាង​ ២០​នាក់​នោះ​។ ទោះ​យ៉ាងណា អ្នក​ទោស​នយោបាយ ដែល​ទើប​ត្រូវ​បាន​ដោះលែង​វិញ អះអាង​ថា ការ​ចាប់ខ្លួន​ពួកគេ​កន្លង​មក ជា​ការ​បំពាន​ច្បាប់ ដោយ​ពួកគេ​មិន​បាន​ប្រព្រឹត្តិ​កំហុស​ឡើយ​។ ពួកគេ​ប្ដេជ្ញា​ថា នឹង​នៅតែ​គាំទ្រ​គណបក្សប្រឆាំង ប៉ុន្តែ​គ្រាន់តែ​មិន​អាច​ធ្វើ​សកម្មភាព និង​បញ្ចេញមតិ​បាន​ពេញលេញ​ដូច​មុន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

Leave a Reply

Submit Comment