យុវជន​មួយ​ចំនួន​ចាក់​សាក់​​រូប​ផែនទី និង​​ទំហំ​ផ្ទៃ​ក្រឡា​​ប្រទេស​កម្ពុជា​លើ​ដង​ខ្លួន ដៃ និង​ស្មា ដើម្បី​ការពារ​ទឹក​ដី

ដោយ សុជីវី
2019-11-20
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ក្រុម​យុវជន​នៅ​ខេត្ត​សៀមរាប សាក់​រូប​ផែនទី​ប្រទេស​កម្ពុជា និង​ទំហំ​ផ្ទៃក្រឡា ដោយសារ​បារម្ភ​ខ្លាច​បាត់​បង់​ទឹក​ដី។

ក្រុម​យុវជន​នៅ​ខេត្ត​សៀមរាប សាក់​រូប​ផែនទី​ប្រទេស​កម្ពុជា និង​ទំហំ​ផ្ទៃក្រឡា ដោយសារ​បារម្ភ​ខ្លាច​បាត់​បង់​ទឹក​ដី។

 រូប៖ យុវជន


ក្រុម​យុវជន​មួយចំនួន​ បាន​ចាក់​សាក់​រូប​ផែនទី​ បញ្ជាក់​ពី​ផ្ទៃដី​ប្រទេស​កម្ពុជា​មាន​ទំហំ​ ចំនួន​ ១៨១​.០៣៥​ គីឡូម៉ែត្រ​ការ៉េ​នៅលើ​ដង​ខ្លួន​ ដោយ​សារ​ពួក​គេ​មិន​ទុកចិត្ត​រដ្ឋាភិបាល​បោះបង្គោល​ព្រំដែន​កម្ពុជា​-វៀតណាម​ សម្រេច​បាន​ ៨៤ភាគរយ​នា​ពេល​កន្លងទៅ។ ពួកគេ​ថា​ រដ្ឋាភិបាល​បោះបង្គោល​ព្រំដែន​ ផ្អែក​តាម​សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​ឆ្នាំ​ ១៩៨៥​ និង​សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​ ២០០៥​។

យុវជន​រស់នៅ​​ខេត្តសៀមរាប​ លោក​ ប៉ក់​ ថូរ​ ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី២០​ វិច្ឆិកា​ថា មូលហេតុ​ដែល​លោក​​ចាក់​​សាក់​​នេះ​ ដើម្បី​ឆ្លុះ​បញ្ចាំង​​ពី​​ការ​​ស្រឡាញ់​ប្រទេស​កម្ពុជា​ និង​ចង់ឱ្យ​រដ្ឋាភិបាល​ប្រុងប្រយ័ត្ន​ខ្ពស់​ ក្នុង​ការ​បោះបង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​។ លោក​ថា រូបផែន​ទីដែល​លោក និង​យុវជន​មួយ​ចំនួន​ទៀតសាក់​​ នៅ​លើ​ស្នា​ ខ្នង​  ​និង​ដៃ នោះ​ គឺ​បញ្ជាក់ពី​ទំហំផ្ទៃ​ដី​ប្រទេស​កម្ពុជា​ ខ្នាត​ ១/១០០ពាន់​ ធ្វើ​នៅចន្លោះ​ឆ្នាំ១៩៣៣​ ដល់​ឆ្នាំ១៩៥៣​ ដែល​ទទួលស្គាល់​ជា​អន្តរជាតិ​នៅចន្លោះ​ឆ្នាំ១៩៦៣ ដល់​ឆ្នាំ១៩៦៩៖ «គោល​បំណង​នៃ​ការ​ចាក់​សាក់​ហ្នឹង ផ្តោត​ទៅ​លើ​ការ​ស្រឡាញ់​​ទឹក​ដី​ប្រទេស​កម្ពុជា​របស់​យើង ព្រោះ​ថ្មីៗ នេះ ព្រឹទ្ធសភា និង​រដ្ឋសភា​បាន​អនុម័ត​ច្បាប់​ស្តីពី​ស្តីពី​ការ​បោះ​បង្គោល​ព្រំដែន ដែល​យោង​ទៅ​តាម​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ ១៩៨៥ និង​ឆ្នាំ២០០៥ ជាមួយ និងប្រទេសវៀតណាម បង្គោលបោះប្រហែល ៨០ភាគ​រយ​ហ្នឹង​គឺ សម្រាប់​​ពួក​​ខ្ញុំ​​ជា​​យុវជន​​ខ្ញុំ​​ភ័យ​​ខ្លាច ការ​​បាត់​បង់​​បូរណភាព​​ទឹក​​ដី​​ទៅ។ ខ្ញុំ​ចាក់​សាក់​ហ្នឹង ដើម្បី​ចូលរួម​ការពារ»

បុរស​ដដែល​បន្ថែម​ថា​ ការ​ចាក់​សាក់​នេះ​ ក៏​ដើម្បី​ចូលរួម​ការពារ​បូរណភាព​ទឹក​ដី​ប្រទេស​កម្ពុជា និង​ពញ្ញាក់​ស្មារតី​កូន​ខ្មែរ​ទូទាំង​ប្រទេស​ ឱ្យ​ជ្រាប​ច្បាស់​ពី​ទំហំផ្ទៃ​ដី និង​ផែនទី​ប្រទេស​កម្ពុជា និង​ចូលរួម​ការពារ​ទាំងអស់គ្នា​។ លោក​មិន​ដឹងប្រាកដ​ទេ​ថា តើ​មាន​យុវជន​ប៉ុន្មាន​នាក់ដែល​បាន​ចាក់​សាក់​រូប​ផែនទី​ប្រទេស​កម្ពុជា​ ក៏ប៉ុន្តែ​លោក​ជឿ​ថា​ អាច​មាន​យុវជន​រាប់​សិប​នាក់៖ «គោល​ជំហរ​របស់​ខ្ញុំ​អំពាវនាវ​ឱ្យ រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ ការ​បោះ​បង្គោល​ព្រំដែន​មិន​អាច​ធ្វើ​ឡើង​ដោយ​ស្ងប់ស្ងាត់ មិន​មាន​ការ​ចូល​រួម​ពី​ពលរដ្ឋ អង្គការ​សង្គម​ស៊ីវិល អ្នក​ជំនាញ​កិច្ចការ​ព្រំដែន និង​សហគមន៍​អន្តរជាតិ ជា​ពិសេស​ប្រទេស​ដែល​នៅ​ជិត​ខាង​ហ្នឹង។ យើង​គួរ​តែ​ធ្វើ​ពហុភាគី មិន​គួរ​ធ្វើ​ទ្វេភាគី​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម​ហើយ​ក៏​អត់​មាន​ការ​ចួលរួម​អន្តរជាតិ​គេ​អត់​ទទួល​ស្គាល់​ប្រទេស​កម្ពុជា»

ទេសរ​ដ្ឋ​មន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស​កិច្ចការ​ព្រំដែន​ លោក វ៉ា គឹមហុង បដិសេធ​មិន​អធិប្បាយ​ ការ​ចាក់​សាក់​រូប​ផែនទី​ របស់​ក្រុម​យុវជន​នោះ​ទេ ដោយ​លោក​ថា នេះ​ជា​សិទ្ធិ​របស់​យុវជន។ លោក​ថា រដ្ឋាភិបាល​ មា​នកាព​ត្វ​កិច្ច​ទទួលខុសត្រូវ​ ចំពោះមុខ​ប្រវត្តិ​សា​ស្ដ្រ ​និង​ប្រទេសជាតិ​ ទាក់ទិន​ការកំណត់​ខណ្ឌសីមា​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម៖ «រដ្ឋាភិបាល​មាន​តួនាទី​ភារកិច្ច​ទទួល​ខុស​ត្រូវ​មុខ​ប្រវត្តិសាស្ត្រ និង​ប្រទេស​ជាតិ។ ដូច្នេះ​ក្រុម​យុវជន​គាត់​ទទួល​ខុស​ត្រូវ​លើ​មុខ​នរណាអ្វី​ស្រេច​តែ​គាត់ ខ្ញុំ​មិន​ហ៊ាន​អធិប្បាយ​អី​ទេ​បាទ»

កម្ពុជា​មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​វៀតណាម​ចំនួន ១.២៤៥គីឡូ​ម៉ែត្រ ដែល​ត្រូវ​បោះ​បង្គោល​ព្រំដែន​សរុប​ចំនួន ៣៧១បង្គោល។ បច្ចុប្បន្ន​ប្រទេស​ទាំង​ពីរ​បាន​បោះ​បង្គោល​រួចរាល់​ចំនួន ៣១៥បង្គោល​ ឬ​ស្មើ​និង​ ៨៤ភាគ​រយ​ហើយ​ នៅ​សល់​បង្គោល​ចំនួន​ ៥៦ទៀត ឋិតនៅ​ខេត្ត​រតនគិរី មណ្ឌលគិរី​ ត្បូង​ឃ្មុំ​ ស្វាយរៀង​ ខេត្ត​កណ្ដាល​ និង​ខេត្ត​តាកែវ​។

តំណាង​រាស្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន យល់ឃើញ​ថា ទង្វើ​របស់​យុវជន​បែប​នេះ​ មាន​ន័យ​ថា ពួក​គេ​ចាប់​អារម្មណ៍​រឿង​នយោបាយ និង​បញ្ហា​ប្រទេស​ជាតិ។ លោក​ថា​ ស្នាម​សាក់​រូប​ផែនទី​ និង​ផ្ទៃដី​ ជា​សញ្ញា​បញ្ជាក់​ថា​ ក្រុម​យុវជន​ព្រួយ​បារម្ភ​ ខ្លាច​កម្ពុជា​របូត​ទឹកដី​ទៅ​វៀតណាម​គ្រប់គ្រង​បន្ត​ទៀត ខណៈ​ដែល​ការ​បោះ​បង្គោល​ព្រំដែន​កន្លង​ទៅ​មាន​ភាព​មិន​ប្រក្រតី​ច្រើន​ នៅ​តំបន់​កន្ទុយ​នាគ​ក្នុង​ខេត្ត​រតនគិរី​ ទល់​និង​ខេត្ត​មណ្ឌលគិរី។ លោក​កោត​សរសើរ​ ចំពោះ​ស្មារតី​ក្រុម​យុវជន​ដែល​ឈឺ​ឆ្អាល​ពី​បញ្ហា​ប្រទេសជាតិ​ និង​ចូលរួម​ការពារ​ទឹក​ដី​ទាំង​អស់​គ្នា៖ «ការ​ចាក់​សាក់​​របស់​យុវជន​បង្ហាញ​ពី​ការ​ឈឺ​ឆ្អាល​របស់​យុវជន ចំពោះ​ប្រទេស​ជាតិ និង​បញ្ហា​ព្រំដែន​កុំ​ឱ្យ​រដ្ឋាភិបាល​ខ្មែរ​យើង​ហ្នឹង ចេះ​ធ្វើ​អី​ផ្តេសផ្តាស់​ចង់​កាត់​ដី​ឱ្យ​យួន ក៏​កាត់​ទៅ។ អ៊ីចឹង​គេ​បង្ហាញ​ពី​ការ​ជំទាស់​របស់​គេ ក្នុង​នាម​ជា​ពលរដ្ឋ​ខ្មែរ។ យុវជន​ចូល​រួម​ជំទាស់​អ៊ីចឹង​ឯង។ ដូច្នេះមានន័យថា វា​ជា​ការ​ចូលរួម​ចំណែក ដើម្បី​ការពារ​ទឹកដី កុំ​ឱ្យ​បាត់បង់»

កាល​ពី​ពេល​ថ្មីៗ នេះ រដ្ឋសភា​ និង​ព្រឹទ្ធសភា​ក្រុង​ភ្នំពេញ​បាន​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​អនុម័ត​យល់​ព្រម​លើ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ២០១៩​ ដែល​ច្របាច់​បញ្ចូល​គ្នា​រវាង​សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋ​រវាង​កម្ពុជា​ និង​វៀតណាម​ ឆ្នាំ១៩៨៥​ និង​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ២០០៥។ សេចក្ដី​ព្រាង​ច្បាប់​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​វៀត​ណាម​នៅ​ទីក្រុង​ហាណូយ ​លើ​សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ២០១៩ ស្តីពី​ការ​ទទួល​បង្គោល​ព្រំដែន ៨៤% ដែល​បាន​បោះ​រួច​រាល់​ជាមួយ​ភាគី​​វៀតណាម។ ក្រុម​យុវជន និង​អ្នក​ឃ្លាំមើល​បញ្ហា​ព្រំដែន​រិះគន់​ថា ការ​ផ្តល់​សច្ចាប័ន​លើ​សន្ធិសញ្ញាបំពេញ​បន្ថែម​ឆ្នាំ២០១៩ គឺ​ជា​ការ​កាត់​ទឹក​ដី​ខ្មែរ​ឱ្យ​វៀតណាម ព្រោះ​សន្ធិសញ្ញា​ថ្មីនេះធ្វើឡើង​ដោយ​យោង​​លើ​សន្ធិសញ្ញា​ឆ្នាំ១៩៨៥ ពេល​ដែល​វៀតណាម​គ្រប់គ្រង​កម្ពុជា និង​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ២០០៥ ដែល​របប​លោក ហ៊ុន សែន​ បាន​ព្រម​ព្រៀង​គ្នា​ជាមួយ​វៀតណាម៕


កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

Leave a Reply

Submit Comment