លោក ហ៊ុន សែន ប្រកាស​ថា បាន​ត្រៀមខ្លួន​បង់​ពន្ធ​សម្រាប់​ការ​នាំ​ចេញ​ទំនិញ​ទៅ​អឺរ៉ុប

ដោយ សេក បណ្ឌិត
2019-11-21
RFA

លោក ហ៊ុន សែន ថ្លែង​ក្នុង​ពិធី "ទិវា​ជាតិ​ទីក្រុង​ស្អាត" នៅ​រាជធានី​ភ្នំពេញ ព្រឹក​ថ្ងៃ​ទី២៥ កុម្ភៈ។

លោក ហ៊ុន សែន ថ្លែង​ក្នុង​ពិធី “ទិវា​ជាតិ​ទីក្រុង​ស្អាត” នៅ​រាជធានី​ភ្នំពេញ ព្រឹក​ថ្ងៃ​ទី២៥ កុម្ភៈ។ ហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister


លោក​ ហ៊ុន សែន ​ត្រៀម​ខ្លួន​បង់​ពន្ធ​​ការ​នាំ​ចេញ​ទៅ​អឺរ៉ុបដោយ​មិន​ស្តារ​ប្រជាធិបតេយ្យ


មេដឹកនាំ​របប​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន បាន​ប្រកាស​ថា របប​លោក​មាន​លទ្ធភាព​គ្រប់គ្រាន់ និង​បាន​ត្រៀម​ខ្លួន​យូរ​ហើយ សម្រាប់​ការ​បង់​ពន្ធ នៅ​ពេល​ដែល​សហភាព​អឺរ៉ុប ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នៅ​ពេល​ខាងមុខនេះ។ កម្មករ និង​អ្នកឃ្លាំមើល​វិស័យ​ការងារ​យល់​ថា លទ្ធភាព​នៃ​ការ​បង់​ពន្ធ​នេះ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​វិស័យ​ឯកជន និង​កម្មករ។

លោក ហ៊ុន សែន អះអាង​ថា ការ​ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នឹង​មិន​ប៉ះពាល់​ដល់​ការនាំចេញ​ទៅកាន់​សហភាព​អឺរ៉ុប​ទេ ហើយ​នៅតែ​ចំណេញ​បាន​ដដែល គឺ​គ្រាន់តែ​ចំណេញ​តិច​ជាមុន​ប៉ុណ្ណោះ​។ លោក ហ៊ុន សែន លើក​អំណះអំណាង​ថា ការ​នាំ​ចេញ​អង្ករ​ទៅ​កាន់​សហភាព​អឺរ៉ុប ដែល​ត្រូវ​បង់ពន្ធ តែ​នៅតែ​អាច​ធ្វើ​បាន និង​ទទួល​បាន​ផល​ចំណេញ ម្ល៉ោះហើយ​ការ​នាំ​ចេញ​ទំនិញ​ផ្សេងទៀត ក៏​នឹង​ចំណេញ​ដូច​អង្ករ​ដែរ។ មេដឹកនាំ​របប​ឯកបក្ស​រូប​នេះ យល់​ថា ការ​បង់​ពន្ធ​ឱ្យ​សហភាព​អឺរ៉ុប គឺ​បង្ហាញ​ពី​ភាព​ថ្លៃថ្នូរ​ដល់​របប​លោក ព្រោះ​អឺរ៉ុប នឹង​មិន​អាច​យក​បញ្ហា​នេះ​ទៅ​គំរាម​លោក​តទៅទៀត។

ការ​ថ្លែង​នេះ គឺ​ចំ​ពេល​កៀក​ថ្ងៃ​កំណត់​ឱសានវាទ​របស់​សហភាព​អឺរ៉ុប ដែល​បាន​ដាក់​កំហិត​ឱ្យ​របប​លោក ហ៊ុន សែន ស្ដារ​ស្ថានភាព​ការរំលោភ​សិទ្ធិមនុស្ស។ លោក ហ៊ុន សែន បញ្ជាក់​ថា របប​លោក នៅ​រក្សា​ជំហរ​មិន​ព្រម​ឱន​ក្បាល ដើម្បី​ជា​ថ្នូរ​នឹង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ឡើយ។ លោក​ចាត់​ទុក​ការ​ដាក់​កំហិត​របស់​សហភាព​អឺរ៉ុប ដែល​ឱ្យ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​នោះ​ថា ជា​ការ​យក​អធិបតេយ្យ ឯករាជ្យ​ទៅ​ប្ដូរ៖ «អ៊ីចឹង​សម្រាប់​យើង យើង​បាន​ត្រៀមខ្លួន​តាំងពី​ខែ​មីនា​ណោះ។ យើង​មិន​ចង់​ឱ្យ​បាត់​ទេ ប៉ុន្តែ​ធ្វើ​ម្ដេច បើ​គាត់​យក​អាហ្នឹង មក​ដោះដូរ ជាមួយ​នឹង​ច្បាប់ ជាមួយ​នឹង​ឯករាជ្យ​របស់​យើង​ហើយ យើង​ក៏​មិន​អាច​ទទួល​យក​បាន​ដែរ។ អ៊ីចឹង​បើ​គេ​ឱ្យ​បង់ពន្ធ យើង​បង់​ពន្ធ​ឱ្យ​គេ​ទៅ​។ គ្រាន់តែ​ពីមុន យើង​ចំណេញ​ច្រើន ឥឡូវ​វា​ចំណេញ​តិច​ជាង​តែ​ប៉ិន​ហ្នឹង តែ​វា​នៅតែ​ចំណេញ វា​នៅតែ​ចំណេញ ហើយក៏​វា​ថ្លៃថ្នូរ​ដែរ គេ​មិន​យក​អា​ហ្នឹង​មក​គំរាម​យើង​តទៅទៀត​បានទេ គំរាម​តទៅ​ទៀត​បាន​ទេ ព្រោះ​ឥឡូវ​គេ​យក​អាហ្នឹង មក​គំរាម​យើង​ថា អ្នកឯង​ត្រូវ​ធ្វើ​អានេះ អានេះ អានេះ នេះ នេះ នេះ នេះ​។ អ៊ីចឹង​បាន​យើង​ប្រាប់​ទៅវិញ ថា យើង​មិន​អាច​យក​អធិបតេយ្យ​របស់​យើង​ទៅ​ដោះដូរ​ជាមួយ​នឹង​ជំនួយ ឬ​ការ​អនុគ្រោះ​ណាមួយ​ទេ​។ អ្វី​ដែល​យើង​ខិតខំ​ធ្វើ យើង​ធ្វើ​បាន​យើង​ធ្វើ តែ​អ្វី​ដែល​យើង​ធ្វើ​មិន​បាន​អត់​ទេ ទីផ្សារ​នៅតែ​ទីផ្សារ គ្រាន់តែ​ពេល​មុន​អត់​បង់ពន្ធ ហើយ​ឥឡូវ​បង់ពន្ធ»។

លោក ហ៊ុន សែន ថ្លែង​បែបនេះ នៅ​ព្រឹក​ថ្ងៃ​ទី​២១ វិច្ឆិកា ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​អគារ​ឥន្ទ្រ​ទេវី នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា។

បើ​ទោះ​លោក ហ៊ុន សែន អះអាង​ថា ការ​នាំ​ចេញ​អង្ករ​ទៅ​អឺរ៉ុប​នៅតែ​អាច​ធ្វើ​បាន ប៉ុន្តែ​សម្រាប់​កសិករ​មួយ​ចំនួន​វិញ បាន​ត្អូញត្អែរ​ថា តម្លៃ​ស្រូវ​ធ្លាក់​ចុះ​រាល់​ឆ្នាំ ធ្វើ​ឱ្យ​កសិករ​មួយ​ចំនួន បោះបង់​របរ​ធ្វើ​ស្រែ ហើយ​ធ្វើ​ចំណាកស្រុក​ទៅ​ធ្វើជា​ពលករ​ជំនួស​វិញ។ ចំណែក​ការនាំចេញ​អង្ករ​ទៅកាន់​សហភាព​អឺរ៉ុប​វិញ គឺ​ចាប់ផ្ដើម​ពី​អឺរ៉ុប​យកពន្ធ​មក ក្នុង​រយៈពេល ៣​ខែ​ដើម​ឆ្នាំ​២០១៩ កម្ពុជា​បាន​នាំ​អង្ករ​ចេញទៅ​កាន់​ទីផ្សារ​ក្នុង​សហគមន៍​អឺរ៉ុប បាន​ជាង​ប្រាំ​ម៉ឺន (៥១.៥៥២) តោន គឺ​ថយ​ចុះ ៣៣% បើ​ប្រៀបធៀប​ទៅ​នឹង​ការនាំចេញ​អង្ករ​រយៈពេល​ដូចគ្នា​នេះ កាល​ពី​ពេល​នៅ​មាន​ការ​អនុគ្រោះ​ពន្ធ ក្នុង​ឆ្នាំ​២០១៨។

រីឯ​វិស័យ​រោងចក្រ និង​ឧស្សាហកម្ម​វិញ កម្មករ​ក្នុង​វិស័យ​ត្អូញត្អែរ​ថា ត្រឹម​មិន​ទាន់​មាន​ការ​បង់ពន្ធ ជា​ផ្លូវការ​ផង រដ្ឋាភិបាល​បាន​កាត់​ថ្ងៃ​ឈប់សម្រាក​របស់​ពួកគេ​អស់ ៦​ថ្ងៃ​រួច​ទៅ​ហើយ ខណៈ​ក្រុមហ៊ុន​បញ្ជា​ទិញ​នៅ​អឺរ៉ុប​មួយ​ចំនួន ក៏បាន​បញ្ឈប់​ការ​កុម្ម៉ង់​ទិញ​ដែរ។

កម្មករ​រោងចក្រ ប៊ូវឃ័​រ (Bowker) នៅ​ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល​ម្នាក់ លោក ឡឹក សុភ័គ យល់ថា រដ្ឋាភិបាល មាន​លទ្ធភាព​ក្នុង​ការ​បង់ពន្ធ តែ​កម្មករ​ជា​អ្នក​ខាត​ប្រយោជន៍​។ លោក​ឱ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ស្ថានភាព​រោងចក្រ​មួយ​ចំនួន​ខ្វះ​ខាត​អីវ៉ាន់ ឱ្យ​កម្មករ​កាត់ដេរ ឯ​រោងចក្រ​ដែល​លោក​ធ្វើការ​កំពុង​ធ្វើការ ក៏​ស្ងាត់​សកម្មភាព​កាត់ដេរ​បណ្ដើរៗ​ហើយ៖ «ធម្មតា​តែ​គេ​បិទ​ទៅ វា​មាន​បញ្ហា​ហើយ ប្រជាពលរដ្ឋ​នោះ​។ រោងចក្រ​ខ្ញុំ ឥឡូវ​អត់​មាន​អីវ៉ាន់​ធ្វើ​ផង​ហ្នឹង វា​ពិបាក​អ៊ីចឹង​ត្រង់​ហ្នឹង ហ្នឹង​មិន​ទាន់​ពិត​ប្រាកដ​ផង ចុះ​ទម្រាំ​ពិតប្រាកដ​ទៀត​។ បើ​គាត់​និយាយ​ថា ស្រោចស្រង់​រឿង​ហ្នឹង​បាន​វា​ល្អ​ហើយ តែ​គ្រាន់​ថា ក្រែង​វា​មិន​អាច​ទៅ​រួច»។

បើ​ទោះ​មេដឹកនាំ​របប​ក្រុងភ្នំពេញ អះអាង​ថា ខ្លួន​បាន​ត្រៀមខ្លួន​បង់ពន្ធ​ឱ្យ​សហភាព​អឺរ៉ុប តាំងពី​ខែ​មីនា​កន្លង​មក​ក៏​ដោយ​ចុះ ប៉ុន្តែ​កាលពី​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា គណៈកម្មការ​អឺរ៉ុប​ដាក់​របាយការណ៍​បឋម​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ជា​ផ្លូវការ​រួចហើយ ដើម្បី​ឱ្យ​កម្ពុជា​បកស្រាយ មុននឹង​សហភាព​អឺរ៉ុប​សម្រេច​ឈាន​ទៅ​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA។

ក្នុង​របាយការណ៍ កម្រាស់ ៧០​ទំព័រ ដែល​អាស៊ីសេរី​ទទួល​បាន​នោះ បង្ហាញ​ថា វិស័យ​មួយ​ចំនួន តម្រូវ​ឱ្យ​រដ្ឋាភិបាល​កែប្រែ​ឱ្យ​មាន​ភាព​ប្រសើរ និង​ស្ដារ​លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស​នៅ​កម្ពុជា​។

​គិត​ត្រឹម​ថ្ងៃ​ទី​២១ វិច្ឆិកា គឺ​មាន​រយៈពេល​ជាង ១​សប្ដាហ៍​ហើយ ដែល​កម្ពុជា​ទទួល​បាន​របាយការណ៍ ប៉ុន្តែ​អ្នកឃ្លាំមើល​សង្កេត​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា​មិន​ទាន់​បាន​ចាត់​វិធានការណ៍​ជាក់លាក់​ណាមួយ​នៅឡើយ​ទេ ក្នុង​ការ​កែ​លម្អ​គួរ​ឱ្យ​ទុក​ចិត្ត​បាន ទៅលើ​ភាព​អវិជ្ជមាន និង​បញ្ហា​ប្រឈម​នានា ដែល​កំពុង​ប៉ះពាល់​ដល់​សិទ្ធិ​ទាំងឡាយ​ឱ្យ​ស្របតាម​បទដ្ឋាន​អន្តរជាតិ​។ របប​លោក ហ៊ុន សែន មាន​ពេល​យ៉ាង​យូរ​ត្រឹម​ថ្ងៃ​ទី​១២ ធ្នូ ត្រូវ​ឆ្លើយតប​ចំពោះ​របាយការណ៍​បឋម​នេះ ហើយ​រយៈពេល​បន្ត​ទៅ​ទៀត គឺ​សហភាព​អឺរ៉ុប​នឹង​សម្រេច​ថា តើ​គួរ​បន្ត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នោះ ឬ​កាត់ផ្ដាច់​ទាំងស្រុង ឬ​កាត់​ដោយ​ផ្នែក។

អ្នកគ្រប់គ្រង​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ពន្ធភាព​សិទ្ធិមនុស្ស និង​ការងារ ហៅ​កាត់​អង្គការ​សង់ត្រាល់ (Central) លោក ឃុន ថារ៉ូ យល់​ថា ការ​ថ្លែង​ពី​លទ្ធភាព​បង់ពន្ធ​ឱ្យ​សហភាព​អឺរ៉ុប ជា​សារ​នយោបាយ​មួយ បង្ហាញ​ប្រាប់​ទៅ​កម្មករ។ ប៉ុន្តែ​លោក​យល់ថា គ្មាន​នរណា​ដឹង​ច្បាស់​ជាង​រដ្ឋាភិបាល​ទេ​ថា នឹង​ត្រូវ​ប្រឈម​បញ្ហា​អ្វីខ្លះ នៅ​ពេល​ដែល​រង​ការ​ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នោះ​។ លោក ឃុន ថារ៉ូ បន្ត​ថា លទ្ធភាព​បង់ពន្ធ​នាំចូល​ទំនិញ​ទៅ​សហគមន៍​អឺរ៉ុប មិនមែន​រដ្ឋាភិបាល​ម្នាក់ឯង​ធ្វើ​បានទេ តែ​ការ​ធ្វើ​បែបនេះ នឹង​ប៉ះពាល់​ដល់​វិស័យ​ឯកជន រួមមាន​វិស័យ​រោងចក្រ ឧស្សាហកម្ម និង​វិស័យ​កសិកម្ម ហើយ​អ្នក​រង​ផល​ប៉ះពាល់​ធ្ងន់​ជាងគេ គឺ​កម្មករ​ក្នុង​វិស័យ​ទាំងនេះ។ លោក​បន្ត​ថា ផល​ប៉ះពាល់​ទៅ​ដល់​ការ​ប្រមូល​ពន្ធដារ ក៏​កើតមាន​ដែរ ប្រសិនបើ​មានការ​ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​មែន​នោះ៖ «អ៊ីចឹង នៅ​ក្នុង​លទ្ធភាព​នៃ​ការ​បង់ពន្ធ​ចូល​សហភាព​អឺរ៉ុប​ហ្នឹង មិនមែន​តែ​រាជរដ្ឋាភិបាល​ហ្នឹង គាត់​អាច​ធ្វើ​ទៅ​បានទេ ព្រោះថា វា​ពាក់ព័ន្ធ​ទៅ​ហ្នឹង​វិស័យ​ឯកជន​ដែរ។ បើសិនជា​វិស័យ​ឯកជន​ហ្នឹង ប៉ះពាល់​ដល់​ផល​ចំណេញ ការ​ធ្វើ​វិនិយោគ​របស់​គេ អ៊ីចឹង​លទ្ធភាព ដែល​នឹង​អាច​ប៉ះពាល់​ទៅដល់​រាជរដ្ឋាភិបាល​នៅ​ក្នុង​ការ​ប្រមូល​ពន្ធ នៅ​ក្នុង​វិស័យ​ទាំងអស់​ហ្នឹង​។ អ៊ីចឹង ទី​១​លទ្ធភាព ដែល​វា​ជះឥទ្ធិពល ទៅដល់​ការ​ប្រមូល​ពន្ធ ហើយ​​នឹង​ប្រាក់ចំណូល​ពន្ធ​របស់​រដ្ឋ ហើយ​ទី​២ វា​ប៉ះពាល់​ទៅដល់​វិស័យ​ឯកជន​។ អាហ្នឹង ដែល​ជា​ចំណុច​បញ្ហា​ប្រឈម ដែល​យើង​មើល​ឃើញ»។

ប្រសិនបើ​សហភាព​អឺរ៉ុប សម្រេច​ដកហូត​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០២០​មែន​នោះ ការ​គិត​ពន្ធ​ជា​ផ្លូវការ​ពី​កម្ពុជា នឹង​ចាប់ផ្ដើម​ពី​ពាក់កណ្ដាល​ខែ​សីហា ឆ្នាំ​២០២០ តទៅ​។ កម្ពុជា​អាច​នឹង​ខាតបង់​ជិត ៧០០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំៗ ពី​ការសម្រេច​យកពន្ធ​លើ​រាល់​មុខ​ទំនិញ​ទាំងអស់​នាំចូល​អឺរ៉ុប​។ ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ​ធំៗ រួមមាន ធនាគារ​ពិភពលោក (World Bank) ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) សុទ្ធតែ​បាន​ព្រមាន​ដូចគ្នា​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា ប្រឈម​នឹង​ការ​ធ្លាក់​ចុះ​ពី ៧​ភាគរយ​នៅ​ឆ្នាំ​២០១៩ មក​នៅ​ត្រឹម ៦,៨​ភាគរយ នៅ​ឆ្នាំ​២០២០ ដោយសារតែ​ភាព​មិន​ប្រាកដ​ប្រជា នៃ​ការ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

3 Responses to "លោក ហ៊ុន សែន ប្រកាស​ថា បាន​ត្រៀមខ្លួន​បង់​ពន្ធ​សម្រាប់​ការ​នាំ​ចេញ​ទំនិញ​ទៅ​អឺរ៉ុប"

  1. Anonymous says:

    I wonder if this one eye guy realized that some European countries will ban import products from Cambodia because of human rights abuses, then where is he going to find the market to replace those countries? In Africa? That is not included US who is closely watching the progress of democracy in Cambodia. Just EBA alone, Vietnam ( Hun Sen boss) will gain hundreds of millions of dollars that will be hundreds of millions of dollars that Cambodia lost. Regardless how soon EU extends EBA, 1 or 3 or 5 years, the smart people would take advantage of that. Another way to look at this drama creates by Hun Sen is just to serve his boss Vietnam and destroy Cambodia economically and geographically because when Cambodia people can’t survive, they will leave the country to work for survival then Vietnamese keep moving into Cambodia with full protection from Hun Sen as we all know all along. Kill 2 birds with 1 rock style.

  2. Anonymous says:

    I wonder if this one eye guy realized that some European countries will ban import products from Cambodia because of human rights abuses, then where is he going to find the market to replace those countries? In Africa? That is not included US who is closely watching the progress of democracy in Cambodia. Just EBA alone, Vietnam ( Hun Sen boss) will gain hundreds of millions of dollars that will be hundreds of millions of dollars that Cambodia lost. Regardless how soon EU extends EBA, 1 or 3 or 5 years, the smart people would take advantage of that. Another way to look at this drama creates by Hun Sen is just to serve his boss Vietnam and destroy Cambodia economically and geographically because when Cambodia people can’t survive, they will leave the country to work for survival then Vietnamese keep moving into Cambodia with full protection from Hun Sen as we all know all along. Kill 2 birds with 1 rock style. Hun Sen recently warned that he would ban people from leaving the country, I truly believe that his vietnam boss will not allow him to do that.

  3. Anonymous says:

    well…..well.. well. talking about this pagoda kid he is a smart ass of all human kind . this guy was graduated be for he have born that made no one can be smarter then him. but my only question is if>> EU turn those market to another nation how can this evil paying their tax?? yes the word seem to be dumb as the guy spoken in front of people. HAS…HA this dumb evil not just only telling every one I’m a dumb Cambodian of all. please take him to a metal facility it call PREK TNOTH in Cambodia. please do not take him here there is no doctor can fixing him like in Cambodia. kick this guy out of powers that the only way Cambodian can save themselves . GOD bless Cambodia and it’s people

Leave a Reply

Submit Comment